ភ្នំពេញៈ ​ក្រសួងសុខាភិបាល​បាន​ដាក់​ការរឹតបន្តឹង​ក្នុង​ការត្រួតពិនិត្យ​ជើងហោះហើរ​ផ្ទាល់​ពី​ទីក្រុង​វូហាន​ ប្រទេស ​ចិន ដែល​ជា​កន្លែង​ផ្ទុះ​ជំងឺ​រលាក​សួត​បង្ក​ដោយ​វីរុស​កូរ៉ូណា​ប្រភេទ​ថ្មី (nCoV2019) ដំបូង​បំផុត ដើម្បី​ទប់ស្កាត់​ការចម្លង​ជំងឺ​នេះ​មក​កម្ពុជា ស្របពេល​កម្ពុជា​នៅតែ​មិនទាន់​មាន​តម្រុយ​នៃ​ការឆ្លង​ជំងឺ​នេះ​នៅឡើយ​។

ខណៈ​ដែល​ប្រទេស​នៅក្នុង​តំបន់​មួយ​ចំនួន​រួមទាំង​សហរដ្ឋអាមេរិក​ផង​នោះ បាន​ទទួល​ស្គាល់​ថា ជំងឺ​រលាក​សួត​បង្កដោយ​វីរុស​កូរ៉ូណា​ប្រភេទ​ថ្មី (nCoV2019) បាន​ចម្លង​មកដល់​ប្រទេស​ពួកគេ អង្គភាព​អ្នក​នាំពាក្យ​រាជរដ្ឋាភិបាល​កាលពី​ម្សិលមិញ​បាន​រៀបចំ​ធ្វើ​សន្និសីទ​សារព័ត៌មាន​លើ​ប្រធានបទ​ស្តីពី​ «​វឌ្ឍនភាព​របស់​ក្រសួង​សុខាភិបាល និង​បច្ចុប្បន្នភាព​ជំងឺ​រលាក​សួត បង្ក​ដោយ​វីរុស​កូរ៉ូណា ប្រភេទ​ថ្មី​»​។

លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួង​សុខាភិបាល​ដែលជា​វាគ្មិន​ចូលរួម​នៅក្នុង​សន្និសីទ​នេះ​បាន​លើក​ឡើង​ថា កម្ពុជា​នៅ​តែ​ពុំទាន់​រកឃើញ​ករណី​ជំងឺ​រលាក​សួត បង្ក​ដោយ​វីរុស​កូរ៉ូណា​ប្រភេទ​ថ្មី​នេះ​ទេ​។

លោកស្រី​បន្តថា តាមរយៈ​កិច្ចប្រជុំ​របស់​អង្គការ​សុខភាព​ពិភពលោក និង​ប្រទេស​ជា​ដៃគូ​ក្នុង​នោះ​ក៏​មាន​កម្ពុជា​ផងដែរ​បាន​ប្រកាស​ថា ជំងឺ​នេះ​ពិតជា​មានការ​ចម្លង​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់ ប៉ុន្តែ​មិនទាន់មាន​ការសិក្សា​ផ្លូវការ​ណាមួយ​ថា វា​មាន​លក្ខណៈ​ចម្លង​ខ្លាំងក្លា​រហូត​ដល់​ប្រកាសអាសន្ន​នោះទេ​។

លោកស្រី​ថ្លែងថា​៖ «​យើង​បាន​រឹតបន្តឹង​តាម​ច្រក​អន្តរជាតិ​ទាំង​ ៣ ​មាន​អន្តរជាតិ​ភ្នំពេញ សៀមរាប និង​ព្រះសីហនុ​គឺ​ដាក់​ម៉ាស៊ីន​ត្រួតពិនិត្យ និង​មាន​មន្ត្រី​ប្រចាំការ​ក្នុង​ការត្រួតពិនិត្យ​អ្នកដំណើរ​ដែល​មាន​ជើងហោះហើរ ជាពិសេស​គឺ​សំដៅ​ជើងហោះហើរ​ដែល​មកពី​ក្រុង​វូហាន​»​។

ជាមួយ​នឹង​ប្រភពព័ត៌មាន​ដែល​ក្រសួង​សុខាភិបាល​ប្រើប្រាស់​ជា​ផ្លូវការ​ពី​អង្គការ​សុខភាព​ពិភពលោក និង​លេខាធិការ​អាស៊ាន​ក្នុង​វិស័យ​សុខាភិបាល លោកស្រី ឱ វណ្ណឌីន ​បញ្ជាក់ថា ករណី​ដែល​បាត់បង់​ជីវិត​ដោយសារ​ជំងឺ​នេះ មិនមែន​កើតឡើង​ដោយសារ​តែ​ជំងឺ​រលាក​សួត​មួយ​មុខ​ទេ​។

ការសិក្សា​បាន​រកឃើញថា ជំងឺ​រលាក​សួត​នេះ​កើតឡើង​ដោយសារ​តែ​កត្តា​អ្នកជំងឺ មាន​ជំងឺ​ផ្សេងៗ​ទៀត​នៅក្នុង​ខ្លួន​ស្រាប់​ដែល​បង្ក​ឲ្យ​ប្រព័ន្ធ​ការពារ​ចុះខ្សោយ​ងាយ​រងគ្រោះថ្នាក់ ហើយ​អ្នក​ដែល​បាត់បង់​ជីវិត​ទាំងនោះ​គឺ​សុទ្ធតែ​មាន​ប្រវត្តិ​ពាក់ព័ន្ធ​នឹង​ការធ្វើ​ដំណើរ​ទៅកាន់​ទីក្រុង​វូហាន​។

លោកស្រី ឱ វណ្ណឌីន បាន​សង្កត់ធ្ងន់​ថា បើទោះ​ជា​មិនទាន់​មាន​ការប្រកាសអាសន្ន​ក៏​ក្រសួង​សុខាភិបាល​បានរៀបចំ​វិធានការ​ទប់ស្កាត់ និង​បន្ត​តាមដាន​បន្តទៀត ចំពោះ​បច្ចុប្បន្នភាព​នៃ​ជំងឺ​រលាក​សួត​ប្រភេទ​ថ្មី​នេះ ខណៈ​អង្គការ​សុខភាព​ពិភពលោក​បាន​ប្រកាស​ចូលរួម​ជួយ​ដល់​កម្ពុជា​ផងដែរ​។

លោកស្រី​បន្ថែមថា​៖ «​ប្រសិន​បើ​មាន​ការសង្ស័យ​ណាមួយ​កើតឡើង​នៅ​កម្ពុជា គឺ​អង្គការ​សុខភាព​ពិភពលោក គេ​នឹង​ចូលរួម​ជាមួយ​យើង​ដោយ​មាន​ការ​ឯកភាព​គ្នា​ហើយ​មាន​ការបញ្ជាក់ថា បើ​ក្នុងករណី​ណា​មាន​ការសង្ស័យ គាត់​នឹង​មក​ចូលរួម​ជាមួយ​យើង ជួយ​យើង​ក្នុង​ការពិនិត្យពិច័យ និង​វាយតម្លៃ​ឲ្យ​បាន​ត្រឹមត្រូវ ចៀសវាង​ការខ្វះចន្លោះ​»​។

លោក​ ស៊ីន ចាន់សិរីវុត្ថា អ្នកនាំពាក្យ​អាកាសចរ​ស៊ីវិល​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​ម្សិលមិញ​ថា ក្នុង​ ១ ​សប្តាហ៍​ មាន​ជើងហោះហើរ​ជាង ២០០ ​ជើង​ ដែល​បាន​ចុះចត​នៅ​ព្រលានយន្តហោះ​កម្ពុជា ហើយ​ក្នុងនោះ​មាន​ក្រុមហ៊ុន​ចិន​ចំនួន ២ ដែល​បាន​ហោះហើរ​ផ្ទាល់​ពី​ទីក្រុង​វូហាន​មកកាន់​កម្ពុជា​។

លោក​បន្តថា ជាមួយ​នឹង​ការរឹតបន្ដឹង​នេះ​អាកាសចរ​ស៊ីវិល​បាន​យកចិត្ត​ទុកដាក់​ត្រួតពិនិត្យ​ទាំងអស់​មិន​ថា​តែ​ជើង​ហោះហើរ​ពី​វូហាន​នោះទេ​ដើម្បី​ធានាថា ភ្ញៀវ​ដែល​បាន​មកដល់​កម្ពុជា​គឺ​មិនមាន​រោគសញ្ញា​ជំងឺ​រលាក​សួត​ប្រភេទ​ថ្មី​នេះ​។

លោក​បន្ថែម​ថា​៖ «​យើង​មាន​មិន​ច្រើន​ទេ​ពី​វូហាន​នេះ​ដោយ​ក្នុង​ ១ ​សប្តាហ៍​មាន​ចន្លោះ​ពី​ ៥ ទៅ ៦ ​ជើងហោះហើរ​។ ដូច្នេះ​មិនមាន​ការលំបាក​នោះ​ទេ ក្នុងការ​ត្រួតពិនិត្យ​។ ព្រោះ​យើង​ដឹងថា វូហាន ជា​ចំណុចក្តៅ យើង​ប្រយ័ត្ន​ខ្លាំង ហើយ​យើង​ប្រយ័ត្ន​លើ​ជើងហោះហើរ​ទាំងអស់​មិន​ចាំបាច់​តែ​វូហាន​ទេ​។ យើង​បានដាក់​ឧបករណ៍​វាស់​សីតុណ្ហភាព​នៅតាម​ព្រលាន​យន្តហោះ​ជាក់លាក់​ហើយ​ចាប់​តាំងពី​ភ្ញៀវ​ដើរ​ចេញ​ពី​យន្តហោះ​មក ហើយ​បាន​ត្រៀម​បន្ទប់​ដាច់​ដោយឡែក ដោយ​មិន​ឲ្យ​មាន​ការធ្វេសប្រហែស​នោះទេ​»​។

តាម​របាយការណ៍​របស់​អង្គការ​សុខភាព​ពិភពលោក​ដែល​ក្រសួង​សុខាភិបាល​បានទទួល​ជា​ផ្លូវការ​បាន​ឲ្យ​ដឹងថា គិត​ត្រឹម​ព្រឹក​ថ្ងៃទី​ ២៣ មករា​ម្សិលមិញ នៅក្នុង​ប្រទេស​ចិន​មាន​ករណី​ឈឺ​ដោយសារ​ជំងឺ​រលាក​សួត​ប្រភេទ​ថ្មី​សរុប​ចំនួន ៥៧១ ​ករណី ដែល ៩៥ ​ករណី​ស្ថិតក្នុង​សភាព​ធ្ងន់ធ្ងរ​ដែល​ក្នុង​ចំណោម​នោះ​មាន​ចំនួន ១៧ ករណី​បាន​ស្លាប់ ដោយ​សភាព​ធ្ងន់ធ្ងរ​នៃ​ជំងឺ​។

យ៉ាងណា​ក៏ដោយ​កាលពី​ថ្ងៃ​ម្សិលមិញ​មាន​ការចុះផ្សាយ​នៅក្នុង​គេហទំព័រ Newscientist ដោយបាន​ដកស្រង់​សម្តី​លោក Haitao Guo ដែលជា​អ្នកសិក្សា​នៅ​សាកលវិទ្យាល័យ Pittsburgh ក្នុង​រដ្ឋ Pennsylvania សហរដ្ឋអាមេរិក ដោយបាន​អះអាង​ថា ជំងឺ​រលាក​សួត​នេះ​ត្រូវ​បាន​សង្ស័យ​ថា មាន​ប្រភព​ចម្លង​មកកាន់​មនុស្ស​តាមរយៈ​សត្វ​ពស់​។

ប៉ុន្តែ​លោកស្រី ឱ វណ្ណឌីន បាន​បញ្ជាក់ថា ចំពោះ​ព័ត៌មាន​ទាំងនេះ​ក្រសួង​សុខាភិបាល​នៅ​រង់ចាំ​ការទទួលស្គាល់​ពី​អង្គការ​សុខភាព​ពិភពលោក​ជាមុនសិន ដើម្បី​អាចមាន​វិធានការ​ជា​បន្តទៀត​ក្នុង​ការ​ធ្វើការ​ទប់ស្កាត់​៕