ភ្នំពេញៈ កម្ពុជា​បានដាក់របាយកា​រណ៍​​ទី​៥ ​អំពី​ការ​អនុវត្ត​កតិកា​សញ្ញា​អន្ត​រជាតិ​ស្តី​ពី​សិទ្ធិ​ពលរដ្ឋ​និង​សិទ្ធិ​នយោ​បាយ​ជូន​គណៈ​កម្មាធិការ​សិទ្ធិ​មនុស្ស​អង្គ​ការ​សហ​ប្រជា​ជាតិ​ (UNHRC) ស្រប​ពេល​ដែល​មន្ត្រី​អនុវត្ត​ច្បាប់​​និង​ពល​រដ្ឋ​ខ្លះ​ត្រូវ​បាន​អះ​អាង​ថា​ មិន​ទាន់​យល់ដឹង​ពេញ​លេញ​លើ​កតិ​កា​សញ្ញា​នេះ​ធ្វើ​ឲ្យ​មាន​ការ​អនុវត្ត​ជ្រុល​ជ្រួស។

គណៈ​កម្មាធិ​ការ​សិទ្ធិ​មនុស្ស​កម្ពុជា (CHRC) បាន​​បញ្ជាក់​នៅក្នុង​សេច​ក្តី​ប្រកាស​ព័ត៌​មានកាល​ពី​ម្សិល​មិញ​​ថា​ កម្ពុជា​​ដាក់​របាយការណ៍​លើក​ទី៥ ទៅ​ UNHRC ​កាល​ពី​ថ្ងៃទី ​១ ខែ​ មីនា ​តាម​រយៈ​ក្រសួង​ការបរទេស។

កម្ពុជា​បាន​ក្លាយ​ជា​រដ្ឋ​ភាគី​នៃ​កតិកា​សញ្ញា​នេះ​កាល​ពី​ឆ្នាំ​ ១៩៩២។ ​របាយ​ការណ៍​ចុង​ក្រោយ​ត្រូវ​បាន​ដាក់​ក្នុង​ឆ្នាំ​ ២០១៥​ ដោយ​ទទួល​បាន​អនុសាសន៍​ចំនួន ​៣១​ ពី​គណៈ​កម្មាធិការ​សិទ្ធិ​មនុស្ស​ UN ដែល​ស្នើ​ឲ្យ​កម្ពុជា​អនុវត្ត។

លោក​ ជិន​ ម៉ាលីន​ អ្នក​នាំពាក្យ ​(CHRC)​ បាន​ថ្លែង​កាល​ពី​ម្សិល​មិញ​ថា៖ «របាយ​ការណ៍​នេះ​គឺ​ជា​ការ​បង្ហាញ​នូវ​វឌ្ឍន​ភាព​នៃ​ការ​អនុវត្ត​សិទ្ធិ​សេរី​ភាព​ពាក់​ព័ន្ធ​ទៅ​នឹង​វិស័យ​នីមួយៗ ក្នុង​នោះ ​មាន​ការ​ឆ្លើយ​តប​ បក​ស្រាយ​បំភ្លឺ ពន្យល់​ទៅ​នឹង​ការ​ចោទ​ប្រកាន់​មួយ​ចំនួន​ដែល​មិន​ស្រប​ទៅ​នឹង​ស្ថាន​ភាព​ជាក់​ស្ដែង។​ របាយ​ការណ៍​បង្ហាញ​ពី​បញ្ហា​ប្រឈម ​និង​យន្តការ​នៃ​ការ​អនុវត្ត​បន្ត​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​ប្រឈម​ទាំង​អស់​នោះ»។

លោក​បានបន្ត​ថា ខ្លឹម​សារ​នៃ​របាយ​ការណ៍​នោះ​ឆ្លើយ​តប​នឹង​អនុសា​សន៍​ទាំង ​៣១​ ដែល​កម្ពុជា​ទទួល​បាន​ពី UNHRC ដែល​គ្រប​ដណ្ដប់​លើទិដ្ឋភាព​​សិទ្ធិ​ទាំង​អស់​ រួម​មាន​ សិទ្ធិ​ក្នុង​ការ​ទទួល​បាន​យុត្តិ​ធម៌ ​សិទ្ធិ​ក្នុង​ការ​ជួប​ជុំ​គ្នា ការ​ប្រមូល​ផ្ដុំ​ ការ​បញ្ចេញ​មតិ​ និង​ការ​ធ្វើ​​បាតុកម្ម​ ជាដើម។

លោក​បាន​លើក​ជា​ឧទាហរ​ណ៍​​ថា៖ «ទាក់​ទង​នឹង​ការ​ជួប​ជុំ​គ្នា ការ​ធ្វើ​បាតុ​កម្ម ​ការ​បញ្ចេញមតិ​នោះ​គឺ​ក្រសួង​មហា​ផ្ទៃ​គេ​បាន​បង្ហាញ​ពី​យន្តការ​នៃ​ការ​អនុវត្ត​ច្បាប់។ ក្រសួង​ថា​ មិនមែន​ជា​ការ​រឹតត្បិត​ទេ ក៏​ប៉ុន្តែ​ជា​ការ​អនុវត្ត​ច្បាប់​ ក្នុង​ន័យ​ដើម្បី​ថែ​រក្សា​សន្តិ​សុខ និង​សណ្ដាប់​ធ្នាប់​សាធារណៈ»។

លោក​ថ្លែង​ថា កម្ពុជា​មាន​​ច្បាប់​ មាន​គោលនយោបាយ​​​ច្រើន​រួច​ហើយ​ ប៉ុន្តែ​​នៅ​ខ្វះ​មួយ​ចំនួន​ទៀត​ដែល​ទាម​ទារ​ឲ្យ​មាន​ការ​​រៀប​ចំ​ច្បាប់​ គោល​នយោបាយ​បន្ថែម​និង​ត្រួត​ពិនិត្យលើ​ច្បាប់​ចំនួន​ដែល​មិន​ស្រប​នឹង​គោល​ការណ៍​សិទ្ធិ​សេរី​ភាព​ជា​អន្តរជាតិ។

លោក​ថ្លែង​ថា៖ «បញ្ហា​ប្រឈម​មួយ​ទៀត​នោះ​គឺ​បញ្ហា​ធន​ធាន​មនុស្ស​ជា​ពិសេស​មន្ត្រី​អនុវត្ត​ច្បាប់​របស់​យើងគឺ​ថា​ ការ​យល់​ដឹង​ពី​កតិកា​សញ្ញាអនុសញ្ញា​អន្តរជាតិ​ សិទ្ធិ​សេរីភាព​ជា​មូល​ដ្ឋានដែល​ជា​យន្តការ​អន្តរជាតិ​ហ្នឹង​ក៏​មិន​ទាន់​បាន​យល់​ច្បាស់​នៅ​ឡើយ ធ្វើ​ឲ្យ​ការ​អនុវត្ត​របស់​គាត់​មួយ​ចំនួន​មាន​ការ​ជ្រុល​ជ្រួស»។

លើស​ពី​នេះ​ទៀត​ លោក​ ជិន ម៉ាលីន ក៏បានថ្លែង​ដែរថា ​បញ្ហា​ប្រឈម​មួយ​ទៀតគឺ​​​ការ​ផ្សព្វផ្សាយ​អប់​រំ​ច្បាប់ ដល់​ពលរដ្ឋ ដោយ​សារ​ពលរដ្ឋ​មួយ​ចំនួនមិន​ទាន់​យល់​ដឹង​ពី​ច្បាប់ និង​សិទ្ធិ​ជា​មូល​ដ្ឋាន​របស់​ខ្លួន ដែល​ធ្វើ​ឲ្យ​​ការ​អនុវត្ត​សិទ្ធិ​សេរីភាព​ខុស​ទៅ​នឹង​គោល​ការណ៍​គ្រឹះ​នៃ​សិទ្ធិ​សេរី​ភាព និង​បំពាន​លើ​ច្បាប់​ ហើយ​ធ្វើ​ឲ្យ​ពួក​គេ​ប្រឈម​នឹង​ច្បាប់។

បើតាមលោក ម៉ាលីន ដើម្បី​ដោះ​ស្រាយ​បញ្ហា​ប្រឈម​ទាំង​នេះ កម្ពុជា​នឹង​រៀប​ចំ​គោលនយោបាយ​ដើម្បី​ឆ្លើយ​តប​រួម​មាន​ ការ​រៀប​ចំ​ច្បាប់ គោល​នយោ​បាយ និង​កំណែ​ទម្រង់​ប្រព័ន្ធ​យុត្តិ​ធម៌​ដែល​បាន​ធ្វើ​ខ្លះ​ហើយ។លើស​ពី​នេះ​ក៏​នឹង​មាន​ការ​អប់​រំ​ដល់​សមត្ថ​កិច្ចឲ្យ​យល់​ដឹង​អំពី​ការ​អនុវត្ត​ច្បាប់​ និង​សិទ្ធិ​សេរី​ភាព និង​អប់រំ​ច្បាប់​ដល់​ពលរដ្ឋ។

លោកថា CHRC នឹង​ដឹក​នាំ​ក្រុម​ការងារ​អន្តរ​ក្រសួង​ទៅ​ការពារ​របាយការណ៍​នេះ​នៅ​ចំពោះ​មុខ ​UNHRC នៅ​ពេល​សម័យ​ប្រជុំ​ដើម្បី​ពិនិត្យ​របាយ​ការណ៍​នេះ​មក​ដល់។

អ្នក​វិភាគ​នយោបាយ​ លោក ឡៅ ម៉ុងហៃ បាន​ថ្លែង​ថា មាន​ការ​រំលោភ​សិទ្ធិ​មនុស្ស​បានកើត​មាននៅ​ប្រទេស កម្ពុជា។ លោក​ថា​ បរាជ័យ​នៃ​ការ​ទប់ស្កាត់​ការ​រំលោភ​ទាំង​នោះគឺ​ដោយ​សារ​តែ​បរាជ័យ​ក្នុង​ការ​បង្កើត​នូវ​ប្រព័ន្ធ​យុត្តិធម៌​ឯករាជ្យមួយ​ដែល​មាន​កាតព្វកិច្ច​ច្បាស់​លាស់​ដូច​មាន​ចែង​ក្នុង​កិច្ច​ព្រម​ព្រៀង​ទីក្រុង​ប៉ារីសនោះ​គឺ​ «ការ​ធានា​សិទ្ធិ​ដែល​មាន​ចែង​ក្នុង​រដ្ឋ​ធម្មនុញ្ញ»។

លោក​បានថ្លែង​ថា៖ «ដូច្នេះ​ ដើម្បី​ធ្វើ​ឲ្យ​ស្ថានការណ៍​សិទ្ធិមនុស្ស​កាន់​តែ​ប្រសើរ ចំណុច​អាទិភាព​គឺ​ត្រូវ​បង្កើត​នូវ​ប្រព័ន្ធ​យុត្តិធម៌​មួយ​ឯក​រាជ្យ ដោយ​ចាប់​ផ្ដើម​ពី​ការ​ហាម​ចៅក្រមនិង​ព្រះ​រាជអាជ្ញា​ទាំង​អស់​មិន​ឲ្យ​ធ្វើ​ជា​សមាជិក​គណបក្ស​នយោបាយ​ណា​មួយនិង​មិន​ឲ្យ​ចូលរួម​ក្នុង​សកម្មភាព​នយោបាយ»។

លោក Simon Walker តំណាង​ការិយា​ល័យ​​ឧត្តម​ស្នងការ​អង្គការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ បាន​ថ្លែង​កាល​ពី​ម្សិល​មិញ​ថា របាយការណ៍​ដែល​ដាក់​ជូន​ដោយ CHRC នឹង​ត្រូវ​ត្រួត​ពិនិត្យ​ដោយ UNHRC នៅ​ក្នុងទីក្រុង​ហ្សឺណែវ​ប្រទេស​ស្វ៊ីស​ឆ្នាំ ២០២០។

គណៈ​កម្មាធិការ​នេះ​ មាន​អ្នក​ជំនាញ​ ១៨ ​រូប​ផ្នែក​សិទ្ធិ​ពលរដ្ឋ​និង​សិទ្ធិនយោបាយ​ដែល​បោះ​ឆ្នោត​ដោយ​រដ្ឋាភិបាល​ ប៉ុន្តែ​ធ្វើ​សកម្មភាព​ដោយ​ឯក​រាជ្យ​ពី​រដ្ឋាភិបាល​របស់​ពួកគេ។

លោក​ថា ​ការ​សន្និដ្ឋានឬ​ផ្ដល់​ជា​អនុ​សា​សន៍​យ៉ាង​ណា​នោះ គឺ​អាស្រ័យ​លើ​គណៈ​កម្មាធិ​ការ​នេះ​ ដោយ​ផ្អែក​លើ​ការ​អនុវត្ត​របស់​រដ្ឋាភិបាល​។គណៈ​កម្មាធិការ​នេះ​ក៏​ទទួល​បាន​ព័ត៌​មាន​ពី​ UN ដែល​រួម​មាន​ទាំង​ OHCHR ក៏​ដូច​ជា ​របាយ​ការណ៍​ដែល​ដាក់​ជូន​ដោយ​អង្គការ​សង្គម​ស៊ីវិល​​ផងដែរ៕