ភ្នំពេញៈកម្ពុជា ត្រូវការថវិកាចំនួន ៣,៥ លានដុល្លារបន្ថែមទៀត ដើម្បីធ្វើជំរឿនប្រជាជនឆ្នាំ ២០១៩ ខណៈបច្ចុប្បន្នកំពុងព្យាយាមស្វែងរកការគាំទ្រថវិកា។ នេះបើតាមមន្រ្តីម្នាក់ ដែលបានថ្លែងកាលពីថ្ងៃអង្គារ។
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបែងចែកថវិកាចំនួន ៨,៥ លានដុល្លារ សម្រាប់ការធ្វើជំរឿន ប៉ុន្តែថវិកាដែលតម្រូវគឺ ១២ លានដុល្លារ ខណៈមិនមានការប្តេជ្ញាផ្តល់ថវិកា ពីដៃគូអភិវឌ្ឍន៍។ នេះបើតាមលោក សុខ កុសល អគ្គនាយករង នៅវិទ្យាស្ថានជាតិស្ថិតិ។ លោកបានថ្លែងថា៖ «យើងខ្វះថវិកាជិត ៤ លានដុល្លារ»។
លោកបន្តថា ដៃគូអភិវឌ្ឍន៍ បានផ្តល់ថវិកា លើការចំណាយភាគច្រើនបំផុត សម្រាប់ជំរឿនចំនួនពីរ កាលពីពេលមុន ខណៈ ជំរឿនកាលពីលើកចុងក្រោយក្នុងឆ្នាំ ២០០៨ ចំណាយប្រហែល ៨ លានដុល្លារ។ លោក កុសល បានថ្លែងបន្តថា ប្រសិនបើរដ្ឋាភិបាល មិនអាចទទួលបានថវិកាបន្ថែម រដ្ឋាភិបាល នឹងនៅតែព្យាយាមធ្វើជំរឿនជាមួយនឹងថវិកាដែលមាន។
អង្គការមូលនិធិប្រជាជន នៃអង្គការសហប្រជាជាតិ និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ របស់ជប៉ុន គឺស្ថិតនៅក្នុងចំណោមដៃគូអភិវឌ្ឍន៍ ដែលបានផ្តល់ការគាំទ្រហិរញ្ញវត្ថុ និងបច្ចេកទេស សម្រាប់ជំរឿនឆ្នាំ ២០០៨។ នេះបើតាមរបាយការណ៍ជំរឿនចុងក្រោយឆ្នាំ ២០០៩។
ទីភ្នាក់ងារទាំងពីរ មិនបានឆ្លើយតប នឹងសំណើសុំអត្ថាធិប្បាយ កាលពីថ្ងៃអង្គារម្សិលមិញទេ។
ជំរឿន ត្រូវធ្វើឡើងជារៀងរាល់ ១០ ឆ្នាំ ដែលលើកទីមួយ ធ្វើឡើងនៅក្នុងឆ្នាំ ១៩៩៨ និងលើកទីពីរ ធ្វើឡើងនៅក្នុងឆ្នាំ ២០០៨។ ជំរឿន ត្រូវបានគ្រោងធ្វើឡើងនាឆ្នាំនេះ ប៉ុន្តែត្រូវបានផ្អាករហូតដល់ថ្ងៃទី ៣ ខែមីនា ឆ្នាំ ២០១៩ ដោយសារការបោះឆ្នោតជាតិ នាខែកក្កដា ខាងមុខ។
លោក កុសល បញ្ជាក់ថា បុគ្គលិកជំរឿនប្រមាណ ៣៧.០០០ នាក់ និងអ្នកគ្រប់គ្រងប្រមាណ ៩០០០ នឹងត្រូវចុះទៅប្រមូលទិន្នន័យ។
លោកបានថ្លែងថា៖ «យើងកំពុងធ្វើវា ទៅតាមនីតិវិធីស្តង់ដារ ដែលផ្តល់អនុសាសន៍ដោយអង្គការសហប្រជាជាតិ»។ «ដៃគូអភិវឌ្ឍន៍ទាំងអស់ នឹងសង្កេតការណ៍ ចំពោះការប្រមូលទិន្នន័យនៅមូលដ្ឋាន»។
លោក កុសល បន្ថែមថា ឥឡូវនេះ ក្រុមមន្រ្តី កំពុងរៀបចំបញ្ចប់កម្រងសំណួរជំរឿនដើម្បីប្រមូលស្ថិតិប្រជាសាស្រ្ត សង្គម និងសេដ្ឋកិច្ច។ ចំពោះផ្នែកប្រជាសាស្រ្ត ទិន្នន័យ ដែលប្រមូល រួមមានចំនួនកើត ស្លាប់ និងចំណាកស្រុក ខណៈផ្នែកសង្គម នឹងប្រមូលទិន្នន័យ ដូចជាសញ្ញាបត្រអប់រំ ចំណែកផ្នែកសេដ្ឋកិច្ច នឹងប្រមូលទិន្នន័យ អំពីស្ថានភាពការងារ របស់ប្រជាពលរដ្ឋ។
លោក កុសល បានថ្លែងថា៖ «ទិន្នន័យជំរឿនគឺ ដើម្បីជម្រាបអ្នកធ្វើគោលនយោបាយ ហើយសំណួរភាគច្រើនបំផុត គឺពាក់ព័ន្ធនឹងគោលដៅអភិវឌ្ឍប្រកបដោយចីរភាព»។
លោកបានថ្លែងថា ជំរឿនសាកល្បង នឹងធ្វើឡើង បន្ទាប់ពីចូលឆ្នាំខ្មែររួច ហើយបន្ទាប់មក នឹងមានយុទ្ធនាការជំរឿន។ បន្ទាប់មក បុគ្គលិកជំរឿននៅថ្នាក់កណ្តាល នឹងត្រូវបណ្តុះបណ្តាល ហើយបន្ទាប់មក នឹងត្រូវបញ្ជូនទៅបណ្តុះបណ្តាលបុគ្គលិកនៅថ្នាក់ក្រោម។
របាយការណ៍បឋម ជាមួយតែទិន្នន័យប្រជាសាស្រ្ត នឹងត្រូវចេញក្នុងរយៈពេលបីខែ បន្ទាប់ពីធ្វើជំរឿនរួច ខណៈរបាយការណ៍ចុងក្រោយ ត្រូវបានរំពឹងថា នឹងចេញផ្សាយរយៈពេល ៨ ខែបន្ទាប់៕ PS