ភ្នំពេញៈ ថវិកាថ្មីរបស់កម្ពុជាសម្រាប់ឆ្នាំសារពើពន្ធខាងមុខគឺមានចំនួនប្រមាណ ៤,២ ពាន់លានដុល្លារ ដែលកើនឡើងប្រហែល ១១ ភាគរយពីឆ្នាំ ២០១៥ ។ នេះបើតាមមន្រ្តីរដ្ឋាភិបាលជាន់ខ្ពស់។
លោក វង្ស៊ី វិសុទ្ធ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុថ្លែងថា៖ «យើងនឹងត្រូវការប្រហែល ៤២០០ លានដុល្លារ ដែលកើនឡើងប្រហែល ១១ ភាគរយពីឆ្នាំមុន»។
សិក្ខាសាលាតំណាងរាស្រ្តស្តីពីការយល់ដឹងនៃក្របខ័ណ្ឌម៉ាក្រូសេដ្ឋកិច្ច និងគោលនយោបាយហិរញ្ញវត្ថុសាធារណៈសម្រាប់ការរៀបចំសេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងថវិកាជាតិឆ្នាំ ២០១៦ បានធ្វើឡើងនៅរដ្ឋសភាកាលពីថ្ងៃអង្គារ ដោយមានតំណាងរាស្រ្ត ព្រឹទ្ធសមាជិក និងតំណាងរដ្ឋាភិបាល តំណាងធនាគារអភិវឌ្ឍន៍អាស៊ី និងតំណាងក្រុមការងារថវិកាពីសង្គមស៊ីវិលប្រមាណ ៣០០ នាក់បានចូលរួម។
លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានថ្លែងថា គឺជាការរៀបចំជាមុនសម្រាប់រដ្ឋាភិបាលក្នុងការតាក់តែងថវិកាជាតិឆ្នាំ ២០១៦ ខាងមុខ ដែលចាប់ផ្តើមជាមួយផែនការយុទ្ធសាស្រ្តថវិកាឆ្នាំ ២០១៦ ក្នុងខែឧសភា។
រដ្ឋមន្រ្តីបានថ្លែងនៅក្នុងសុន្ទរកថា៖ «ហើយសារាចរព្រាងស្តីពីចំនួនប៉ាន់ប្រមាណថវិកាសម្រាប់ច្បាប់ហិរញ្ញវត្ថុឆ្នាំ ២០១៦ ដែលត្រូវដាក់ឲ្យប្រើប្រាស់នៅក្នុងសប្តាហ៍ទីមួយនៃខែមិថុនា»។
លោកបានថ្លែងថា សិក្ខាសាលានេះមានគោលបំណងជំរុញការសន្ទនារវាងស្ថាប័ននីតិប្បញ្ញត្តិ និងស្ថាប័ននីតិប្រតិបត្តិព្រមទាំងភាគីពាក់ព័ន្ធដទៃៗទៀតសម្រាប់ការបង្កើតគោលនយោបាយជាតិ យុទ្ធសាស្រ្ត និងផែនការអភិវឌ្ឍដែលមានតម្លាភាព និងគណនេយ្យភាព។
លោករដ្ឋមន្រ្តីបានថ្លែងថា មួយក្នុងចំណោមគោលនយោបាយផ្តោតដទៃទៀតរដ្ឋាភិបាលនឹងលើកកម្ពស់ស្តង់ដាររស់នៅរបស់មន្រ្តីរដ្ឋាភិបាល និងកម្លាំងប្រដាប់អាវុធដោយដំឡើងប្រាក់ខែអប្បបរមាឲ្យបានច្រើនជាងមួយលានរៀលក្នុងឆ្នាំ ២០១៨ ស្របទៅតាមរបៀបវារៈរបស់រដ្ឋាភិបាល។
លោកថា៖ «ឥឡូវនេះ វាសំខាន់ជាងពេលណាៗទៀត យើងត្រូវការធ្វើការជាមួយគ្នាក្រោមវប្បធម៌សុន្ទនានៅក្នុងលក្ខណៈស្ថាបនាជាមួយស្មារតីស្ថាបនា និងយោគយល់ដើម្បីអត្ថប្រយោជន៍សន្តិភាព ស្ថិរភាព អភិវឌ្ឍន៍ និងវិបុលភាពកម្ពុជា និងប្រជាជនកម្ពុជា»។
ទោះយ៉ាងណាក្តី ក្នុងអំឡុងបទបង្ហាញអំពីម៉ាក្រូសេដ្ឋកិច្ច និងថវិកាជាតិឆ្នាំ ២០១៦ លោក វិសុទ្ធ បានថ្លែងថា ការដំឡើងប្រាក់ខែអប្បបរមាត្រូវតែធ្វើទៅតាមគោលដៅ ប៉ុន្តែនៅពេលជាមួយគ្នាក៏ត្រូវមានកំណែទម្រង់រដ្ឋបាលសាធារណៈផងដែរ ដូចជា ទប់ស្កាត់មិនឲ្យមានមន្រ្តីខ្មោច មន្រ្តីជ្រើសរើសថ្មី និងមន្រ្តីដែលមិនមកធ្វើការងារទៀងទាត់។
លោកថ្លែងថា៖ «ប្រាក់ឈ្នួលអប្បបរមាឆ្នាំ ២០១៨ ត្រូវតែ ត្រូវទៅតាមគោលដៅ ប៉ុន្តែវាជាកន្លែងភ្លើងក្រហម ដែលយើងកំពុងបារម្ភ ហេតុដូច្នេះ យើងត្រូវការកំណែទម្រង់រដ្ឋបាលសាធារណៈឲ្យបានសមស្រប»។ «ថវិកាឆ្នាំ ២០១៦ គឺជាអាទិភាពទីមួយសម្រាប់កិច្ចការសង្គម»។
លោក យ៉ែម បុញ្ញឫទិ្ធ និងលោក សុន ឆ័យ តំណាងរាស្រ្តមកពីគណបក្សសង្គ្រោះជាតិ យល់ស្របថាសិក្ខាសាលានេះល្អដើម្បីយល់អំពីស្ថានភាពម៉ាក្រូសេដ្ឋកិច្ច ប៉ុន្តែសេចក្តីលម្អិតនៃថវិកាជាតិ និងការចំណាយនៅតែមិនបានបង្ហាញទៅដល់តំណាងរាស្រ្ត។
លោកថា៖ «ម្តងហើយម្តងទៀត យើងចង់ឲ្យរដ្ឋាភិបាលផ្តល់សេចក្តីលម្អិតអំពីចំណូល និងការចំណាយ ដូចជា សេចក្តីលម្អិតអំពីចំណូលពីកាស៊ីណូ សម្បទានដី ព្រៃឈើ ប៉ុន្តែតួលេខទាំងនោះនៅតែមិនលម្អិត»។
លោកស្រី គីម ណាតាចា តំណាងនៃក្រុមការងារថវិកាស៊ីវិល បានថ្លែងក្នុងអំឡុងបទបង្ហាញរបស់លោកស្រីថា ថវិកាជាតិ និងឯកសារពាក់ព័ន្ធនៅតែមិនទាន់បើកចំហដោយសេរីសម្រាប់សាធារណៈ។ លោកស្រីបានបញ្ជាក់ថា៖ «យើងចង់ឃើញថវិកាមួយដែលមានតម្លាភាព និងគណនេយ្យភាព»៕ PS