ភ្នំពេញៈ កម្ពុជា​ត្រូវបាន​ដាក់បញ្ចូល​ក្នុង​បញ្ជី​នៃ​ប្រទេស​ជយលាភី​ក្នុង​ការអនុវត្ត​កតិកាសញ្ញា​ពិភពលោក​ស្តីពី​ទេសន្តរប្រវេសន៍​ដោយ​សុវត្ថិភាព រៀបរយ និង​ស្របច្បាប់ ដោយ​អង្គការ​សហប្រជាជាតិ​ស្តីពី​ទេសន្តរប្រវេសន៍​ក្នុងចំណោម​ប្រទេស​សរុប​ចំនួន​ ១៨ លើ​សកលលោក បន្ទាប់ពី​កម្ពុជា​បាន​ប្តេជ្ញាចិត្ត និង​បង្ហាញ​ឆន្ទៈ​ខ្ពស់​ចំពោះ​ការ​អនុវត្តបាន​យ៉ាង​ខ្ជាប់ខ្ជួន​។

លោកស្រី​ ជូ ប៊ុនអេង រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ និង​ជា​អនុប្រធាន​អចិន្រៃ្តយ៍​នៃ​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស គ.ជ.ប.ជ ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ ពី​ម្សិលមិញ​ថា ការសម្រេច​នេះ​ជា​កិត្តិយស និង​ជា​មោទនភាព​របស់​កម្ពុជា ក្រោម​ការដឹកនាំ​របស់​លោក​ ហ៊ុន សែន ដែល​បាន​ពុះពារ​គ្រប់បែបយ៉ាង ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​នៃ​ការធ្វើ​ចំណាកស្រុក​ ឬ​ទេសន្តរប្រវេសន៍​របស់​ពលរដ្ឋ​។

លោកស្រី​ថ្លែងថា បញ្ហា​ចំណាកស្រុក ឬ​ទេសន្តរប្រវេសន៍​របស់​ពលរដ្ឋ​នាពេល​បច្ចុប្បន្ននេះ​បាន​ក្លាយ​ជា​ប្រធានបទ​ដ៏ក្តៅ​គគុក​មួយ​សម្រាប់​ពិភពលោក​ដែល​ត្រូវ​ប្រឈម​ដោះស្រាយ​ដោយសារ​តែ​ការកើនឡើង​នូវ​បរិមាណ​នៃ​ជន​ធ្វើ​ទេសន្តរប្រវេសន៍​ទាំង​ស្របច្បាប់ និង​មិន​ស្របច្បាប់​ដែល​បាន​ប្រឈម​នឹង​ភាពរងគ្រោះ​កាន់តែ​ច្រើនឡើង​ និង​ត្រូវ​ក្លាយជា​បន្ទុក​ប្រទេស​ប្រភព​ និង​ប្រទេស​គោលដៅ​លើ​ការងារ​គ្រប់គ្រង ការរ៉ាប់រង​នូវ​សេវា​សន្តិសុខ​សង្គម​ការដោះស្រាយ​វិបត្តិ​សេដ្ឋកិច្ច ការដោះស្រាយ​វិបត្តិ​នៃ​ការរំលោភបំពាន​អំពើ​ជួញដូរ​មនុស្ស និង​ការកេងប្រវ័ញ្ច​លើ​មនុស្ស​រហូត​ក្លាយ​ជា​ទាសភាព ការកើនឡើង​នូវ​ឧក្រិដ្ឋកម្ម​ឆ្លងដែន​គ្រប់​រូបភាព​។

លោកស្រី​បញ្ជាក់ថា​៖ «​ការប្តេជ្ញា​ចិត្ត​របស់​ព្រះរាជាណាចក្រ​កម្ពុជា​ក្នុង​ការអនុវត្ត​កតិកាសញ្ញា​ពិភពលោក​នេះ​មាន​សារៈសំខាន់​ក្នុង​ការដោះស្រាយ​បញ្ហា​នានា​ឆ្លើយតប​ទៅនឹង​បញ្ហា​ប្រឈម​របស់ខ្លួន​តាមរយៈ​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​ដើម្បី​ទាញយក​ឱកាស​ពី​ការធ្វើ​ចំណាកស្រុក ឱ្យ​ក្លាយជា​កាលានុវត្តភាព​សម្រាប់​ប្រជាជន និង​ប្រទេសជាតិ​»​។

បើតាម​លោកស្រី ជូ ប៊ុនអេង ដោយ​មាន​ការលើក​ទឹកចិត្ត​ពី​អង្គការ​ទេសន្តរប្រវេសន៍​អន្តរជាតិ (IOM) ថា​ប្រទេស​កម្ពុជា​គួរតែ​ត្រូវ​បាន​ស្នើសុំ​ដាក់បញ្ចូល​ជា​ប្រទេស​ជយលាភី​ស្តីពី​ទេសន្តរប្រវេសន៍ ដោយសារ​តែ​កម្ពុជា​បាន​ធ្វើ​កិច្ចការងារ​ច្រើន​ និង​បាន​ខិតខំ​ប្រឹងប្រែង​ធ្វើ និង​ដោះស្រាយ​បញ្ហា​ទេសន្តរប្រវេសន៍​បាន​ល្អ​ប្រសើរ​។ ដូច្នេះ​បាន​ជា​លោក ហ៊ុន សែន បានធ្វើ​លិខិតស្នើ​សុំ​ទៅ​អង្គការ​សហប្រជាជាតិ​បង្ហាញ​ពី​ឆន្ទៈ​ក៏​ដូចជា​ការប្តេជ្ញាចិត្ត​របស់ខ្លួន​ថា កម្ពុជា​ពិតជា​អាចធ្វើ​បាន​លើ​បញ្ហា​ទេសន្តរប្រវេសន៍​ដោយ​សុវត្ថិភាព រៀបរយ និង​ស្របច្បាប់​។

អង្គការ​សហប្រជាជាតិ​បាន​ផ្ញើលិខិត​ឆ្លើយតប​មក​កម្ពុជា​កាលពី​ខែកុម្ភៈ ឆ្នាំ​ ២០២១ ដោយ​បាន​សម្តែង​ការអបអរសាទរ ចំពោះ​កម្ពុជា​ដែល​បានបង្ហាញ​នូវ​សមិទ្ធផល​ជាច្រើន និង​ឆន្ទៈ​នៅក្នុង​ការធ្វើ​ឱ្យ​បញ្ហា​ទេសន្តប្រវេសន៍​ត្រូវ​បាន​ដោះស្រាយ​បណ្តើរៗ​បើទោះបី​កម្ពុជា​ជួប​បញ្ហា​ប្រឈម​ទៅនឹង​ជំងឺ​កូវីដ​១៩ ក៏ដោយ​ទើប​គេ​ដាក់ឱ្យ​កម្ពុជា​ជា​ប្រទេស​ជយលាភី ក្នុង​ចំណោម​ប្រទេស​ទាំង ១៨ នៅលើ​ពិភពលោក​។

យ៉ាងណា​ក៏ដោយ លោកស្រី​ ប៊ុនអេង ពន្យល់​ថា ប្រទេស​ជា​ជយលាភី​ដែល​ទទួលបាន​នេះ​មិនមែន​គេ​ប្រគល់​ពានរង្វាន់ ឬ​បណ្ណ​សរសើរ​ទេ​។ ប៉ុន្តែ​គេ​គ្រាន់តែ​ចង់ឃើញ​ប្រទេស​នីមួយៗ​បង្ហាញ​ពី​ឆន្ទៈ​ និង​ការប្តេជ្ញាចិត្ត​របស់​​ខ្លួន ទៅ​តាម​គោលដៅ​ដែល​ខ្លួន​បានជ្រើសរើស​ហើយ​កម្ពុជា​នឹង​ក្លាយជា​ប្រទេស​គំរូ​ដល់​បណ្តា​ប្រទេស​ដទៃទៀត​ក្នុង​ការអនុវត្ត និង​ការប្តេជ្ញាចិត្ត​ចំពោះ​ការអនុវត្ត​បញ្ហា​ទេសន្តរប្រវេសន៍​នេះ​បាន​យ៉ាង​ល្អ​។

លោកនាយក​រដ្ឋមន្ត្រី​កាលពី​ខែមករា​ដើមឆ្នាំ​នេះ​បាន​សរសេរ​លិខិត​ ១ ​ច្បាប់​ជូន​លោក​ Antonio Vitorino អគ្គលេខាធិការ​អង្គការ​អន្តរជាតិ​សម្រាប់​ទេសន្តរប្រវេសន៍​ប្រចាំ​នៅ​ទីក្រុង​ហ្ស៊ឺណែវ​ថា រាជដ្ឋាភិបាល​កម្ពុជា​បាន​ចាប់អារម្មណ៍​ក្នុង​ការដាក់បញ្ចូល​ប្រទេស​ជា​ជយលាភី ដែល​ជា​ការឆ្លើយតប​ទៅនឹង​ការរីកចម្រើន ការប្តេជ្ញាចិត្ត​របស់ខ្លួន​ចំពោះ​ការអនុវត្ត​កតិកាសញ្ញា​ពិភពលោក​ស្តីពី​ទេសន្តរប្រវេសន៍​ដោយ​សុវត្ថិភាព រៀបរយ និង​ស្របច្បាប់​។

លិខិត​របស់​លោក​នាយករដ្ឋមន្ត្រី​បាន​សរសេរ​ថា រាជរដ្ឋាភិបាល​កម្ពុជា​ស្វាគមន៍​ពោះ​គំនិត​ផ្តួចផ្តើម​ដាក់​ឱ្យ​ដំណើរការ​បណ្តាញ​អង្គការ​សហប្រជាជាតិ​ស្តីអំពី​ទេសន្តរប្រវេសន៍​ (UNNM) ​ដើម្បី​គាំទ្រ​ជា​អាទិភាព​​ទេសន្តរប្រវេសន៍​ជាតិ ចំពោះ​កិច្ចប្រជុំ អនុវត្ត​កតិកាសញ្ញា​ពិភពលោក​ស្តីពី​ទេសន្តរប្រវេសន៍ ដោយ​សុវត្ថិភាព រៀបរយ​ និង​ស្របច្បាប់ (GCM) តាមរយៈ​ការអនុវត្ត​យ៉ាងសកម្ម​របស់​ខ្លួន​នៃ​ការចូលរួម​ស្ថាបនា​ និង​ផ្តល់​ជា​អាទិភាព​ជាតិ​អនុសញ្ញា Colombo Process ជាមួយ​នឹង​ការផ្តោត​សំខាន់​លើ​ទេសន្តរប្រវេសន៍​ក្នុង​ក្របខ័ណ្ឌ​កិច្ចសហការ​ពហុភាគី និង​តំបន់​៕