ភ្នំពេញៈ កម្ពុជា​បាន​រៀបចំ​រួច​ជាស្រេច​ហើយ​នូវ​អនុគណៈកម្មការ​សន្តិសុខ សណ្តាប់ធ្នាប់ និង​សង្គ្រោះ​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​កិច្ចប្រជុំ​កំពូល អាស៊ី-អឺរ៉ុប (ASEM) លើក​ទី​ ១៣ ដែល​គ្រោង​ធ្វើ​ចាប់ពី​ថ្ងៃទី​ ១៦-១៧ ខែវិច្ឆិកា​ខាងមុខ ដោយ​បាន​ត្រៀម​កងកម្លាំង​ជាង ១ ​ម៉ឺន​នាក់ ខណៈ​ដែល​កិច្ចប្រជុំ​អន្តរជាតិ​មួយ​នេះ​នឹងមាន​ថ្នាក់ដឹកនាំ​មកពី​ជាង​ ៥០ ​ប្រទេស​ចូលរួម​។

នេះ​បើតាម​របាយការណ៍​បង្ហាញ​ក្នុង​កិច្ចប្រជុំ​រៀបចំ​ផែនការ​ការពារ សន្ដិសុខ សណ្ដាប់ធ្នាប់​សម្រាប់​កិច្ចប្រជុំ​អាស៊ី​អឺរ៉ុប​កាលពី​ថ្ងៃទី​ ៦ ខែ​មីនា ដឹកនាំ​ដោយ លោក នេត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ និង​ជា​ប្រធាន​អនុគណៈកម្មការ​សន្តិសុខ សណ្តាប់ធ្នាប់ និង​សង្គ្រោះ​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​កិច្ចប្រជុំ​កំពូល​អាស៊ីអឺរ៉ុប​លើក​ទី​ ១៣ ឆ្នាំ​ ២០២០ និង​លោក ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរង និង​ជា​មេបញ្ជាការ​នៃ​បញ្ជាការដ្ឋាន​អង្គរក្ស​។

លោក ខៀវ សុភ័គ អ្នក​នាំពាក្យ​ក្រសួងមហាផ្ទៃ​បាន​ថ្លែង​កាលពី​ម្សិលមិញ​ថា កម្លាំង​សមត្ថកិច្ច​ជាង ១ ​ម៉ឺន​នាក់​ដែល​នឹង​ការពារ​ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ីអឺរ៉ុប លើក​ទី ១៣ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​គឺជា​កងកម្លាំង​រួម​របស់​កម្ពុជា​តែម្ដង​។

នៅពេល​ដែល​សាកសួរ​ទាក់ទង​នឹង​ករណី​ការរីក​រាលដាល​នៃ​វីរុស​កូវីដ​ ១៩ នៅ​ទូទាំង​ពិភពលោក​ក្នុង​នោះ​កម្ពុជា​ទើបតែ​រកឃើញ​ករណី​ថ្មី​កើតឡើង​លើ​បុរស​វ័យ ៣៨ ​ឆ្នាំ​ម្នាក់​នៅ​ខេត្ដ​សៀមរាប និង​បាន​បិទទ្វារ​សាលារៀន​នៅក្នុង​ក្រុង​សៀមរាប ថា​តើ​អាច​ឈានដល់​ការលើក​ពេល​កិច្ចប្រជុំ​អាស៊ី-អឺរ៉ុប​នេះ​ដែរ​ឬ​យ៉ាងណា​លោក សុភ័គ ថ្លែងថា​៖ «​ខ្ញុំ​មិនទាន់​ទទួលបាន​ព័ត៌មាន​ពី​រឿងនេះ​នៅឡើយ​ទេ​»​។

របាយការណ៍​កិច្ចប្រជុំ​ផែនការ​ការពារ​សន្ដិសុខ​សណ្ដាប់ធ្នាប់​សម្រាប់​កិច្ចប្រជុំ​អាស៊ី-អឺរ៉ុប បញ្ជាក់​ថា​៖ «​កម្លាំង​ចូលរួម​ប្រតិបត្តិការ​ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ី-អឺរ៉ុប​លើក​ទី​ ១៣ ឆ្នាំ​ ២០២០ ​មាន​ចំនួន​សរុប ១២៧២៦ ​នាក់​»​។

របាយការណ៍​នេះ​បញ្ជាក់ថា​៖ «​គណៈ​ដឹកនាំ​កិច្ចប្រជុំ​បាន​ទាមទារ​ឱ្យប្រើ​ប្រាស់​វិធាន​ការសរុប​កម្លាំង​សរុប មធ្យោបាយ​សរុប សំដៅ​ធានា​ដល់​កិច្ចប្រតិបត្តិ​ការការពារ​កិច្ចប្រជុំ​កំពូល​អាស៊ី-អឺរ៉ុប​លើក​ទី​ ១៣ ឆ្នាំ​ ២០២០​។ ពង្រឹង​ការងារ​ប្រមូល ក្ដាប់​ព័ត៌មាន សភាពការណ៍​សន្ដិសុខ​ពាក់ព័ន្ធ​ដល់​កិច្ចប្រជុំ និង​ម្ចាស់ការ​ចាត់វិធានការ​ដោះស្រាយ សភាពការណ៍ និង​មាន​ផែនការ​ពង្រឹង​ស្ថានការណ៍​សន្ដិសុខ​ទូទាំងប្រទេស​»​។

កិច្ចប្រជុំ​កំពូល អាស៊ី-អឺរ៉ុប​លើក​ទី​ ១៣ ​នេះ​ត្រូវបាន​រាជរដ្ឋាភិបាល​កម្ពុជា ប្រកាស​ជា​ផ្លូវការ​ធ្វើ​ជា​ម្ចាស់ផ្ទះ​កាលពី​ថ្ងៃទី​ ៣១ ខែមករា ឆ្នាំ​ ២០២០ ដោយ​សម្រេច​យក​អគារ​ពិព័រណ៍​អន្ដរជាតិ​ថ្មី​របស់​ក្រុមហ៊ុន OCIC នៅ​តំបន់​អភិវឌ្ឍន៍​ជ្រោយចង្វារ​ធ្វើ​ជា​ទីកន្លែង​រៀបចំ​កិច្ចប្រជុំ និង​កំណត់​យក​ថ្ងៃទី​ ១៦-១៧ ខែវិច្ឆិកា ខាង​មុខជា​កាលបរិច្ឆេទ​នៃ​កិច្ចប្រជុំ​។

កិច្ចប្រជុំ​អាស៊ី-អឺរ៉ុប (Asem) លើក​ទី​ ១៣ នេះ​នឹងមាន​ការចូលរួម​ពី​មេដឹកនាំ​ជាង ៥០ ​នាក់​មកពី​បណ្តា​ប្រទេស​នានា​នៅលើ​ពិភពលោក និង​សមាជិក​ពាណិជ្ជករ និង​ក្រុម​វិនិយោគិន​របស់​ពួកគេ​ដែល​ធ្វើឡើង​ក្រោម​ប្រធានបទ «​ការពង្រឹង​ពហុភាគី​និយម​សម្រាប់​កំណើន​រួម​»​។

បើ​យោងតាម​ក្រសួង​ការបរទេស និង​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​ក្នុង​កិច្ចប្រជុំ​កំពូល​នេះ​កម្ពុជា​នឹង​រៀបចំ​ព្រឹត្តិការណ៍​ចំនួន​ ៧ នៅក្រៅ​ជំនួប​នេះ​គឺ​កិច្ចប្រជុំ​ភាពជា​ដៃគូ​សភា​អាស៊ី-អឺរ៉ុប​វេទិកា​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​អាស៊ី-អឺរ៉ុប កិច្ចប្រជុំ​កំពូល​មេដឹកនាំ​វ័យក្មេង Asef និង អ្នកសម្របសម្រួល​តុមូល Asef​។ ក្រៅពីនេះ​ក៏​នឹង​រៀបចំ​វេទិកា​ការងារ​អាស៊ី-អឺរ៉ុប​វេទិកា​ប្រជាជន​អាស៊ី-អឺរ៉ុប និង​ពិធីបុណ្យ​វប្បធម៌ Asem ផងដែរ​។

លោក កុយ គួង ​អ្នកនាំពាក្យ​ក្រសួងការបរទេស​មិនអាច​សុំ​ការបកស្រាយ​បន្ថែម​ជុំវិញ​គម្រោង​នៃ​ការរៀបចំ​កិច្ចប្រជុំ​អាស៊ី-អឺរ៉ុប​នេះ​បានទេ​កាលពី​ម្សិលមិញ​ដោយ​ទូរស័ព្ទ​របស់លោក​ពុំមាន​អ្នកទទួល និង​ការផ្ញើ​សារ​តាម​បណ្ដាញ​តេឡេក្រាម​មិនទាន់​ឆ្លើយតប​៕