ភ្នំពេញៈ កម្ពុជាកំពុងតាមដានយ៉ាងជិតដិតនូវស្ថានការណ៍ក្នុងប្រទេសមីយ៉ាន់ម៉ា និងមានការសោកសៅ ចំពោះការកើនឡើងនៃអំពើហិង្សា ប៉ុន្តែត្រៀមខ្លួនចូលរួមជាមួយរដ្ឋសមាជិកអាស៊ានផ្សេងទៀត ដើម្បីជួយមីយ៉ាន់ម៉ាក្នុងការដើរវិលទៅរកភាពប្រក្រតីឡើងវិញស្របតាមមាគ៌ាអាស៊ាន។
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកាលពីយប់ថ្ងៃទី ៩ ខែមីនា បានចេញសេចក្ដីថ្លែងការណ៍ទាក់ទងនឹងការវិវឌ្ឍនៅប្រទេសមីយ៉ាន់ម៉ា និងបានបញ្ជាក់ពីជំហររបស់ខ្លួនក្នុងការចូលរួមរកដំណោះស្រាយដោយឈរលើមាគ៌ារបស់អាស៊ាន។
ក្រសួងការបទេសបញ្ជាក់ថា ក្នុងនាមជាមិត្ត និងជាសមាជិកសហគមន៍អាស៊ាន កម្ពុជាក៏ដូចជាគ្រប់រដ្ឋសមាជិកអាស៊ានឯទៀត និងសហគមន៍អាស៊ានទាំងមូលកំពុងតាមដានយ៉ាងជិតដិតនូវស្ថានការណ៍ក្នុងប្រទេសមីយ៉ាន់ម៉ា ហើយមានការសោកសៅដោយបានឃើញនូវការកើនឡើងនៃអំពើហិង្សាដែលបណ្តាលឱ្យមានការបាត់បង់ជីវិតមនុស្ស។
ក្រសួងការបរទេសថ្លែងដូច្នេះថា៖ «កម្ពុជាត្រៀមខ្លួនជានិច្ចក្នុងការចូលរួមជាមួយរដ្ឋសមាជិកអាស៊ានផ្សេងទៀត ដើម្បីជួយមីយ៉ាន់ម៉ាក្នុងការដើរវិលទៅរកភាពប្រក្រតីឡើងវិញ ទោះជាតាមរយៈតួនាទី និងទម្រង់ណាមួយកី្ត ដែលស្របតាមគោលការណ៍អាស៊ានពោលគឺតាមមាគ៌ាអាស៊ានរបស់យើងដែលគ្រប់ភាគីទាំងអស់អាចទទួលយកបាន។
ក្រសួងបន្តថា៖ «ក្នុងស្មារតីនេះកម្ពុជាក៏គាំទ្រផងដែរដល់ការជួយសម្របសម្រួលរបស់ប្រធានអាស៊ានក៏ដូចជាអគ្គលេខាធិការអាស៊ាន ប្រកបដោយលក្ខណៈវិជ្ជមាន សន្តិភាព និងស្ថាបនា»។
កម្ពុជាគោរពគោលការណ៍ស្នូលនៃការមិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់ប្រទេសជាសមាជិកអាស៊ាន ប៉ុន្តែកម្ពុជាគាំទ្រ «សេចក្តីថ្លែងការណ៍របស់ប្រធានអាស៊ានស្តីពីការវិវឌ្ឍនៅសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា» ចេញនៅថ្ងៃទី ១ ខែកុម្ភៈ និង «សេចក្តីថ្លែងការណ៍របស់ប្រធានអាស៊ានស្តីពីកិច្ចប្រជុំក្រៅផ្លូវការនៃរដ្ឋមន្ត្រីការបរទេសអាស៊ាន» ចេញនៅថ្ងៃទី ២ ខែមីនា។ សេចក្ដីថ្លែងការណ៍ទាំង ២ ធ្វើឡើងក្នុងបំណងដ៏ស្មោះត្រង់ដើម្បីគាំទ្រដំណោះស្រាយដោយសន្តិវិធីចំពោះវិបត្តិបច្ចុប្បន្ននៅមីយ៉ាន់ម៉ា។ នេះបើតាមក្រសួងការបរទេស។
កាលពីថ្ងៃទី ១ កុម្ភៈ ប្រធានអាស៊ានបានចេញសេចក្ដីថ្លែងការណ៍មួយលើកទឹកចិត្តឱ្យមានកិច្ចសន្ទនា ការផ្សះផ្សា និងការវិលត្រឡប់ទៅរកភាពប្រក្រតីវិញស្របទៅតាមឆន្ទៈ និងផលប្រយោជន៍របស់ប្រជាជនមីយ៉ាន់ម៉ា។
ស្រដៀងគ្នានេះកាលពីថ្ងៃទី ២ មីនា ប្រធានអាស៊ានបានចេញសេចក្ដីថ្លែងការណ៍មួយបន្ទាប់ពីកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី ដោយអំពាវនាវឱ្យគ្រប់ភាគីបញ្ឈប់ការបញ្ឆេះអំពើហិង្សា និងឱ្យគ្រប់ភាគីអត់ធ្មត់ខ្ពស់បំផុត និងប្រកបដោយភាពបត់បែន។ គិតត្រឹមថ្ងៃទី ៨ មីនា មនុស្សយ៉ាងហោចណាស់ ៥៤ នាក់បានស្លាប់ និងជាង ១ ៧០០ នាក់ផ្សេងទៀតត្រូវបានចាប់ និងឃុំខ្លួន ដែលក្នុងនោះរួមមានទាំងក្មេងៗផងដែរ គិតចាប់តាំងពីការចាប់ខ្លួនលោកស្រី អ៊ុងសាន ស៊ូជី ដោយយោធាកាលពីថ្ងៃទី ១ កុម្ភៈ។ នេះបើតាមឧត្តមស្នងការសិទ្ធិមនុស្សអង្គការសហប្រជាជាតិ។
លោក តាន់ ហ្សង់ហ្វ្រង់ស័រ អ្នកវិភាគបញ្ហាភូមិសាស្ត្រនយោបាយថ្លែងថា តែបញ្ហាផ្ទៃក្នុងមីយ៉ាន់ម៉ាលើកនេះមានសភាពធ្ងន់ធ្ងរដែលអាចនឹងបណ្ដាលឱ្យមានអស្ថិរភាពរាលដាលដល់ឆាកក្នុងតំបន់អាស៊ីអាគ្នេយ៍ ដោយសារតែសង្គ្រាមស៊ីវិលមួយអាចនឹងកើតឡើងនៅមីយ៉ាន់ម៉ានឹងអាចឈានដល់ការប្រកាសបំបែករដ្ឋនានាពីសំណាក់ក្រុមជនជាតិភាគតិចដែលចង់ផ្ដាច់ទឹកដី ដែលទីបំផុតអាចធ្វើឱ្យមីយ៉ាន់ម៉ាក្លាយជាប្រទេសមួយបាក់បែកខ្ទេចខ្ទីដូចអតីតយូហ្គោស្លាវី។
លោកថ្លែងថា៖ «ដូច្នេះហើយបញ្ហាមីយ៉ាន់ម៉ា ចង់ឬមិនចង់វាក្លាយជាកង្វល់របស់អាស៊ានទាំងមូល ហើយគោលដៅគឺធ្វើយ៉ាងណាចៀសវាងកុំឱ្យសង្គ្រាមស៊ីវិលដែលមានលក្ខណៈទាំងស្រុងកើតឡើងនៅមីយ៉ាន់ម៉ា។
ដូច្នេះហើយបានជាអាស៊ានគួរតែសាកល្បងធ្វើអន្តរាគមន៍បែបស្ងប់ស្ងាត់ជាទីបំផុតក្នុងគោលដៅបញ្ចុះបញ្ចូលឱ្យពួកយោធាបញ្ឈប់ការវាយបង្ក្រាប ហើយព្រមចរចាជាមួយភាគីខាង អ៊ុងសាន ស៊ូជី រកដំណោះស្រាយឈ្នះឈ្នះ ដោយតម្កល់ប្រយោជន៍ជាតិជាធំ។ ធ្វើយ៉ាងណា បញ្ចៀសប្រទេសមីយ៉ាន់ម៉ាកុំឱ្យធ្លាក់ក្នុងវិនាសកម្មធំធេង រ៉ាំរ៉ៃ យូរអង្វែង និងទាល់ច្រក»។
លោក គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជាថ្លែងថា កម្ពុជាចង់បាននូវគោលការណ៍មួយគឺការមិនជ្រៀតជ្រែកចូលផ្ទៃក្នុងរបស់ខ្លួនពីសំណាក់ប្រទេសដទៃ។
លោកបានថ្លែងថា៖ «ជាកាតព្វកិច្ច កម្ពុជាក៏មិនចង់មានការពាក់ព័ន្ធកិច្ចការផ្ទៃក្នុងរបស់ប្រទេសដទៃ ដើម្បីបញ្ចៀសហានិភ័យទៅថ្ងៃក្រោយ ព្រោះយើងដឹងថាក្រោមហេតុផលប្រជាធិបតេយ្យក្រោមហេតុផលនៃសិទ្ធិមនុស្ស គឺប្រទេសតូចៗងាយនឹងធ្លាក់ក្នុងអ្វីដែលគេហៅថាល្បែង ឬអន្ទាក់សិទ្ធិមនុស្ស ប្រជាធិបតេយ្យដែលធ្វើឱ្យមានការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងពីសំណាក់ប្រទេសដទៃ»៕