ភ្នំពេញៈ កម្ពុជា​ត្រូវ​ធ្វើ​ជា​ម្ចាស់ផ្ទះ​ដោយ​សហការ​ជាមួយ​អង្គការ​សហព័ន្ធ​សន្ដិភាព​សកល​ (UPF) ​ដើម្បី​រៀបចំ​កិច្ចប្រជុំ​កំពូល​អាស៊ី​ប៉ាស៊ីហ្វិក​លើក​ទី​ ២ ដែល​នឹងត្រូវ​ប្រារព្ធ​ឡើង​នៅ​ថ្ងៃទី​ ១៩ ខែ​វិច្ឆិកា ក្រោយ​នេះ​នៅ​វិមាន​សន្ដិភាព​។ មន្ត្រី​បាន​អះអាង​ថា រដ្ឋាភិបាល​បរទេស​ចំនួន​ ១៤៦ ​ប្រទេស​​ នឹង​ត្រូវ​អញ្ជើញ​មក​ចូលរួម​កិច្ចប្រជុំ​កំពូល​នេះ​។

ក្នុង​ចំណោម​ក្រុម​អ្នកចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ី​ប៉ាស៊ីហ្វិក ក្រៅពី​មាន​មេដឹកនាំ និង​អតីតមេដឹកនាំ​ប្រទេស​មួយចំនួន​ក្នុងនោះ​ក៏​មាន​ក្រុម​ប្រធាន​រដ្ឋសភា សមាជិក​រដ្ឋសភា មេដឹកនាំ​សាសនា​ធំៗ​ក្នុង​ពិភពលោក មេដឹកនាំ​ស្ដ្រី និង​អ្នកតំណាង​មកពី​ស្ថាប័ន​សារព័ត៌មាន អ្នកសិក្សា ពាណិជ្ជករ សិល្បករ យុវជន និង​អង្គការ​សង្គម​ស៊ីវិល​ចូលរួម​ផងដែរ​។

កិច្ចប្រជុំ​កំពូល​នេះ​នឹង​បង្ហាញ​អំពី​ផលវិជ្ជមាន​អំពី​កិច្ចសហប្រតិបត្តិការ​រវាង​អង្គការ​សង្គមស៊ីវិល​ក្នុង​ការកសាង​សន្ដិភាព និង​ការផ្សះផ្សា​ជម្លោះ​នានា ការនាំមក​នូវ​ការអភិវឌ្ឍ ភាពរុងរឿង និង​ការនាំមក​នូវ​ដំណោះស្រាយ​សម្រាប់​បញ្ហា​ផ្សេងៗ​នៅក្នុង​សង្គម​។

ប្រសិន​បើ​គ្មានអ្វី​ប្រែប្រួល​ទេ មេដឹកនាំ​បច្ចុប្បន្ន និង​អតីត​មេដឹកនាំ​ប្រទេស​មួយចំនួន​ដែល​ត្រូវ​អញ្ជើញ​មក​ចូលរួម​ធ្វើជា​វាគ្មិន​ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ី​ប៉ាស៊ីហ្វិក​នេះ​រួមមាន ប្រធានាធិបតី​ណូរូ លោក BARON DIVAVESI WAQA និង​ប្រមុខរដ្ឋ Samoa លោក TUIMAIEALIFANO VAALETO''A SUALAUVI II​។ លោក GEORGE SOKOMANU អតីត​ប្រធានាធិបតី​សាធារណរដ្ឋ​វ៉ានូទូ លោក​ MADHAV KUMAR NEPAL អតីត​ប្រធានាធិបតី​ប្រទេស​​នេប៉ាល់​។ លោក DAV GOWDA អតីត​នាយករដ្ឋមន្ត្រី​ឥណ្ឌា លោក SYED YUSUF RAZA GILANI អតីត​នាយករដ្ឋមន្ត្រី​ប៉ាគីស្ថាន និង​រួមទាំង​អតីត​អនុប្រធានាធិបតី​អ៊ីរ៉ង់ អតីត​ប្រធានាធិបតី​កូឡុំប៊ី​។ ខណៈនោះ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏​គ្រោង​នឹង​មាន​ជំនួប​ទ្វេភាគី​ជាមួយ​ប្រមុខរដ្ឋ និង​រដ្ឋាភិបាល​មួយចំនួន​ផងដែរ​។

ក្រៅពី​កិច្ចប្រជុំ​នៅ​វិមាន​សន្ដិភាព​នៅ​ថ្ងៃទី​ ១៩ វិច្ឆិកា​ក្នុង​នោះ​ក៏មាន​ការរៀបចំ​មហោស្រព​ស្ដីពី​ការកសាង​ជាតិ និង​សន្ដិភាព និង​មហោស្រព​ស្ដីពី​វប្បធម៌​អាស៊ី​សម្រាប់​សន្ដិភាព​ និង​ការអភិវឌ្ឍ​ដែល​ត្រូវ​រៀបចំ​ឡើង​នៅ​ថ្ងៃទី​ ២០ វិច្ឆិកា នៅ​មជ្ឈមណ្ឌល​កោះពេជ្រ​។

លោក​ ឯក ថា អនុប្រធាន​អង្គភាព​អ្នកនាំពាក្យ​រដ្ឋាភិបាល​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​កាលពី​ថ្ងៃទី​ ២៨ តុលា ថា​រហូត​មក​ដល់​ពេល​នេះ​មាន​ភ្ញៀវ​បរទេស​ប្រហែល​ ៦០០ ​នាក់​ហើយ​ត្រូវ​បាន​អញ្ជើញ​។ ភ្ញៀវ​ជិត​ ៤០០ ​នាក់​មកពី​ប្រទេស​ប្រហែល​ចំនួន​ ៤០ បាន​ឆ្លើយតប​ដោយ​អះអាង​អំពី​ការចូលរួម​កិច្ចប្រជុំ​កំពូល​នេះ ខណៈ​មេដឹកនាំ​រដ្ឋាភិបាល​បរទេស​ដែល​ត្រូវ​អញ្ជើញ​ទាំងអស់​គឺ​មាន​ចំនួន​ ១៤៦ ​ប្រទេស​។ សមាជិក​សភា​បរទេស​ចំនួន​ ៩៩ ​នាក់ ស្ថាប័ន​សារព័ត៌មាន​បរទេស​ចំនួន​ ៣៣ សាកលវិទ្យាល័យ​ចំនួន​ ២២ អង្គការ​ក្រៅ​រដ្ឋាភិបាល​បរទេស​ចំនួន​ ៥០ និង​តំណាង​ចំនួន​ ២២ ​នាក់​មកពី​វិស័យ​ជំនួញ​។

លោក​បន្តថា កាលពី​ឆ្នាំ​ ២០១៨ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ដឹកនាំ​គណៈប្រតិភូ​ដ៏ធំ​បំផុត​ដើម្បី​ទៅ​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ី​ប៉ាស៊ីហ្វិក​លើកដំបូង​ដែល​បានរៀបចំ​នៅក្នុង​ប្រទេស​នេប៉ាល់ ដើម្បី​បង្ហាញ​អំពី​ការប្ដេជ្ញាចិត្ត​ដ៏ខ្លាំងក្លា​របស់​កម្ពុជា​ចំពោះ​គំនិត​ផ្ដួចផ្ដើម​បង្កើត​កិច្ចប្រជុំ​កំពូល​នេះ​។ អ្នករៀបចំ​កិច្ចប្រជុំ​បាន​ជួបពិភាក្សា​ជាមួយ​លោក ហ៊ុន សែន ស្ដីពី​លទ្ធភាព​ដែល​កម្ពុជា​អាច​ធ្វើ​ជា​ម្ចាស់ផ្ទះ​សម្រាប់​កិច្ចប្រជុំ​សម្រាប់​ឆ្នាំ​ ២០១៩​។

លោក​បន្ថែមថា អង្គការ​សហព័ន្ធ​សន្ដិភាព​សកល​រកឃើញ​ថា​កម្ពុជា​គឺជា​ប្រទេស​គំរូ​មួយ​ដែល​បាន​រួច​ផុត​ពី​អតីតកាល​ដ៏ខ្លោចផ្សា​តាមរយៈ​មធ្យោបាយ​សន្ដិភាព​ដូចជា​ការផ្សះផ្សា​ជាតិ​តាមរយៈ​ការដាក់ចេញ​គោលនយោបាយ​ឈ្នះ ឈ្នះ របស់​លោក ហ៊ុន សែន កាលពី​ឆ្នាំ​ ១៩៩៨ ដើម្បី​បញ្ឈប់​សង្គ្រាមស៊ីវិល​។ លើសពី​នេះ​នយោបាយ​ឈ្នះ ឈ្នះ​នេះ​ក៏​បាន​នាំឱ្យ​មាន​នូវ​ការគោរព​តាម​បែប​សាសនា និង​ជំនឿ​ផ្សេងៗ ស្រ​ច្បាប់​ជាតិ និង​អន្តរជាតិ ការកសាង​សន្ដិភាព និង​ការអភិវឌ្ឍ​ប្រកប​ដោយ​និរន្តរភាព សម្រាប់​ផលប្រយោជន៍​ទូទៅ​។

លោក​ថ្លែងថា​៖«UPF បាន​ពិនិត្យ​ឃើញថា កម្ពុជា​គឺជា​បេក្ខភាព​ដ៏មាន​សក្តានុពល​ដើម្បី​ធ្វើ​ជា​ម្ចាស់ផ្ទះ​កិច្ចប្រជុំ​កំពូល​អាស៊ី​ប៉ាស៊ីហ្វិក​។ ដោយហេតុ​ថា ព្រះរាជាណាចក្រ​អច្ឆរិយ​នេះ​ពោរពេញ​ដោយ​សន្ដិភាព ស្ថិរភាព​នយោបាយ ជាមួយ​នឹង​ការអភិវឌ្ឍ​សង្គម​ និង​សេដ្ឋកិច្ច​គួរឱ្យ​កត់សម្គាល់​ក្នុង​រយៈ​ប្រហែល​ ២០ ​ឆ្នាំ​ចុងក្រោយ​នេះ​»​។

លោក​ ស៊ឹង សែនករុណា អ្នកនាំពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​ (​អាដហុក​) ​បាន​លើក​ឡើង​ថា អង្គការ​លោក​មិនទាន់​ទទួល​បាន​ការអញ្ជើញ​ឱ្យ​ចូលរួម​ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ី​ប៉ាស៊ីហ្វិក​នេះ​ទេ ហើយ​លោក​ក៏​មិនទាន់​ដឹងថា តើ​អង្គការ​សង្គម​ស៊ីវិល​នានា​នៅក្នុង​ស្រុក​នឹង​ត្រូវ​អញ្ជើញ​ឱ្យ​ចូលរួម​ក្នុង​កិច្ចប្រជុំ​នោះ ឬ​យ៉ាងណា​ឡើយ​។

លោក​បាន​បញ្ជាក់​ថា​៖ «​យើង​មិនទាន់​ដឹងថា​យ៉ាងម៉េច​ទេ ឬ​ដោយសារ​គេ​មិនទាន់​អញ្ជើញ​យើង ក៏​មិនដឹង​»​។

ជាមួយ​គ្នា​នេះ​លោក​ អំ សំអាត មន្ត្រី​អង្គការ​ការពារ​សិទ្ធិមនុស្ស​ (​លីកាដូ​) ​និង​លោក​ សន ជ័យ នាយក​ប្រតិបត្តិ​អង្គការ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុជា ក៏បាន​លើកឡើង​ថា ខាង​អង្គការ​របស់​ពួកលោក​ក៏​មិនទាន់​ទទួល​បាន​លិខិត​អញ្ជើញ​ដែរ​។ ប៉ុន្តែ​ពួកគេ​ថា​នឹង​ស្វាគមន៍ ប្រសិនបើ​មាន​ការអញ្ជើញ​ឱ្យ​ចូលរួម​កិច្ចប្រជុំ​កំពូល​នេះ​ពី​រដ្ឋាភិបាល​។

បើ​តាម​លោក ឯក ថា គឺ​លោក ហ៊ុន សែន នឹង​ថ្លែង​សុន្ទរកថា​បើក​កិច្ចប្រជុំ​កំពូល​អាស៊ី​ប៉ាស៊ីហ្វិក​លើក​ទី​ ២ នៅ​វេលា​ម៉ោង​​ ៩:៣០ ​នាទី​ព្រឹក​ថ្ងៃទី​ ១៩ វិច្ឆិកា និង​ថ្លែង​សុន្ទរកថា​ក្នុង​ព្រឹត្តិការណ៍ យុវជន និង​គ្រួសារ​ដែល​រៀបចំ​នៅ​មជ្ឈមណ្ឌល​កោះពេជ្រ​នៅ​ម៉ោង​​ ១០ ​ព្រឹក​ថ្ងៃ​ទី​ ៣០ ​វិច្ចិកា​៕