
លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ថ្លែងនាពេលកន្លងមក។ រូបថត FN
ភ្នំពេញៈ រដ្ឋាភិបាលកម្ពុជាបានអះអាងកាលពីម្សិលមិញថា ការដែលសហរដ្ឋអាមេរិកបានសម្រេចលុបចោលការបើកកិច្ចប្រជុំកំពូលជាមួយមេដឹកនាំអាស៊ាន ដោយសារតែបញ្ហាការផ្ទុះឡើងនៃវីរុស Covid-19 នឹងមិនធ្វើឲ្យប៉ះពាល់ទំនាក់ទំនងរវាងអាស៊ាន និងសហរដ្ឋអាមេរិកនោះទេ។ ទោះយ៉ាងណាមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជាបានឲ្យដឹងថា ក្រសួងមិនទាន់ទទួលបានការបញ្ជាក់ជាផ្លូវការពីក្រសួងការបរទេសសហរដ្ឋអាមេរិកនៅឡើយទេ។
លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជាបានប្រាប់ភ្នំពេញប៉ុស្ដិ៍ម្សិលមិញថា ក្រសួងការបរទេសបានទទួលដំណឹងពីការលុបចោលកិច្ចប្រជុំកំពូលនេះពីស្ថានទូតកម្ពុជាដែលប្រចាំនៅរដ្ឋធានីវ៉ាស៊ីនតោន។
លោកថា៖ «ខ្ញុំបានទទួលដំណឹងនេះកាលពីម្សិលមិញតាមរយៈស្ថានទូតកម្ពុជានៅរដ្ឋធានីវ៉ាស៊ីនតោន។ រីឯលិខិតដោយឡែកផ្សេងទៀតពីខាងភាគីអាមេរិកនោះ ខ្ញុំមិនទាន់មានដំណឹងទេ។ សម្រាប់កម្ពុជា ខ្ញុំគិតថា ការពន្យារពេល ឬការលើកពេលនៃកិច្ចប្រជុំកំពូលនេះជាសិទ្ធិរបស់ប្រទេសម្ចាស់ផ្ទះប៉ុណ្ណោះមិនបានប៉ះពាល់ដល់ទំនាក់ទំនងរវាងអាស៊ាន និងអាមេរិក ឬក៏ប្រទេសសមាជិកអាស៊ាននីមួយៗជាមួយអាមេរិកនោះក៏ទេដែរ»។
សារព័ត៌មានសហរដ្ឋអាមេរិក NBC News បានចុះផ្សាយនៅថ្ងៃទី ២៨ ខែកុម្ភៈថា រដ្ឋបាលរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ បានសម្រេចលុបចោលការបើកកិច្ចប្រជុំកំពូលពិសេសជាមួយមេដឹកនាំអាស៊ាននៅថ្ងៃទី ១៤ ខែមីនាខាងមុខដែលសហរដ្ឋអាមេរិកគ្រោងធ្វើជាម្ចាស់ផ្ទះរៀបចំនៅទីក្រុងឡាសវេហ្គាស (Las Vegas) ដោយសារកំពុងមានការព្រួយបារម្ភអំពីវីរុសកូរ៉ូណាថ្មី ឬ Covid-19។
សារព័ត៌មានដដែលនេះបានឲ្យដឹងដោយបានស្រង់សម្ដីមន្ត្រីជាន់ខ្ពស់របស់រដ្ឋបាលសហរដ្ឋអាមេរិកម្នាក់បានផ្សាយថា៖ «ខណៈពេលសហគមន៍អន្តរជាតិ កំពុងធ្វើការរួមគ្នាដើម្បីកម្ចាត់មេរោគឆ្លងវីរុសកូរ៉ូណា។ សហរដ្ឋអាមេរិកដោយពិគ្រោះយោបល់ជាមួយដៃគូអាស៊ានបានធ្វើការសម្រេចចិត្តដ៏លំបាកក្នុងការពន្យារពេលកិច្ចប្រជុំមេដឹកនាំអាស៊ានដែលគ្រោងធ្វើនៅពាក់កណ្តាលខែមីនា។
សហរដ្ឋអាមេរិកឱ្យតម្លៃទៅលើទំនាក់ទំនងរបស់យើងជាមួយប្រជាជាតិនានាក្នុងតំបន់ដ៏សំខាន់នេះ ហើយទន្ទឹងរង់ចាំកិច្ចប្រជុំនាពេលខាងមុខ»។ សារព័ត៌មានដដែលនេះបន្តថាទោះជាយ៉ាងណាសេតវិមានមិនបានប្រកាសថា តើលោក ដូណាល់ ត្រាំ នឹងចូលរួមកិច្ចប្រជុំកំពូលអាស៊ានសហរដ្ឋអាមេរិកនៅទីក្រុងឡាសវេហ្គាសដោយផ្ទាល់ ឬយ៉ាងណាឡើយ ប៉ុន្តែរាល់ឆ្នាំប្រធានាធិបតីរបស់ប្រទេសមហាអំណាចមួយនេះតែងតែចូលរួមក្នុងកិច្ចប្រជុំកំពូលប្រចាំឆ្នាំរបស់អាស៊ាន។
សារព័ត៌មាន CNN បានចុះផ្សាយដែរថា កាលពីថ្ងៃសៅរ៍រដ្ឋាភិបាលសហរដ្ឋអាមេរិកបានប្រកាសពីករណីអ្នកស្លាប់ដំបូងដោយសារវីរុសកូរ៉ូណាថ្មីនៅលើទឹកដីរបស់ខ្លួន។ គិតត្រឹមថ្ងៃសៅរ៍ដដែល សហរដ្ឋអាមេរិកមានករណីឆ្លងវីរុសកូរ៉ូណាកើនឡើងចំនួន ២២ នាក់ដែលមិនរាប់បញ្ចូលពលរដ្ឋអាមេរិកផ្សេងទៀតដែលជម្លៀសចេញពីទីក្រុងវូហានប្រទេសចិន និងពីនាវាទេសចរណ៍ Diamond Princess ក្នុងប្រទេសជប៉ុន។
លោក គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជាបានឲ្យដឹងថា ការប្រកាសលុបចោលកិច្ចប្រជុំកំពូលជាមួយមេដឹកនាំអាស៊ានពីសហរដ្ឋអាមេរិក ដោយសារការផ្ទុះឡើងនៃវីរុស Covid-19 នេះគឺជាហេតុផលមួយដែលអាចទទួលយកបាន ខណៈវីរុសនេះត្រូវបានប្រកាសអាសន្នឱ្យប្រុងប្រយ័ត្ននៅទូទាំងពិភពលោក។
ទោះជាយ៉ាងណាលោកបន្តថា ថ្វីដ្បិតកិច្ចប្រជុំកំពូលអាស៊ានសហរដ្ឋអាមេរិកអាចធ្វើឡើងតាមការគ្រោងទុកក៏ប្រហែលមានមេដឹកនាំអាស៊ានមួយចំនួនមិនបានចូលរួមដែរ រួមមានមេដឹកនាំប្រទេសហ្វីលីពីន មីយ៉ាន់ម៉ា និងប្រទេសម៉ាឡេស៊ីជាដើម។
លោកថា៖ «ប៉ុន្តែអ្វីដែលនៅខាងក្រោយតាមខ្ញុំមើលឃើញ ដូចជាប្រធានាធិបតីហ្វីលីពីនដែលគាត់និយាយថានឹងមិនទៅចូលរួម ហើយភូមា (មីយ៉ាន់ម៉ា) ដែលជាប់បម្រាមហូរហែក៏ទំនងមិនមានប្រធានាធិបតី ឬលោកស្រី អ៊ុងសាន ស៊ូជី ចូលរួមបានឬយ៉ាងណាទេ ហើយភាពមិនប្រាកដប្រជានយោបាយនៅប្រទេសម៉ាឡេស៊ីក៏អាចអវត្តមាននាយករដ្ឋមន្ត្រីម៉ាឡេស៊ីដែរ»។
លោកបន្តថា៖ «អ៊ីចឹង! បើកិច្ចប្រជុំកំពូលអវត្តមានមេដឹកនាំអាស៊ានច្រើនបែបនេះ វាមិនមានលក្ខណៈស្ដង់ដាមួយទេ។ សហរដ្ឋអាមេរិកជាប្រទេសមហាអំណាច ហើយនៅពេលប្រទេសតូចៗធ្វើពហិការចូលរួម អ៊ីចឹង! សហរដ្ឋអាមេរិកមិនអាចទទួលយកបានទេ ហើយធ្វើវាឱ្យខូចមុខមាត់សហរដ្ឋអាមេរិក»។
លោក គិន ភា បន្ថែមថា ការរៀបចំកិច្ចប្រជុំកំពូលអាស៊ាន-សហរដ្ឋអាមេរិកនៅលើទឹកដីសហរដ្ឋអាមេរិក គឺគ្រាន់តែកិច្ចប្រជុំមួយធ្វើឡើងដើម្បីប៉ះប៉ូវចំពោះអវត្តមានរបស់លោក ដូណាល់ ត្រាំ ដែលមិនបានមកចូលកិច្ចប្រជុំកំពូលអាស៊ាន-សហរដ្ឋអាមេរិក ដែលរៀបចំឡើងកាលពីខែតុលា ឆ្នាំ ២០១៩ ក្នុងប្រទេសថៃប៉ុណ្ណោះ។
ទោះជាយ៉ាងណាក៏ដោយកាលពីថ្ងៃម្សិលមិញ កាសែតភ្នំពេញប៉ុស្ដិ៍មិនទាន់ទទួលបានការឆ្លើយតបការសុំអត្ថាធិប្បាយបញ្ជាក់តាមអ៊ីមែលពីស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅក្នុងព្រះរាជាណាចក្រកម្ពុជានៅឡើយទេ៕