The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - កម្ពុជា​ទទួល​បាន​ការកោតសរសើរ​ចំពោះ​​ការអនុញ្ញាត​ឲ្យ​នាវា​ Westerdam ចូល​ចត




កម្ពុជា​ទទួល​បាន​ការកោតសរសើរ​ចំពោះ​​ការអនុញ្ញាត​ឲ្យ​នាវា​ Westerdam ចូល​ចត

Content image - Phnom Penh Post
នាវា​ទេសចរណ៍​របស់​អាមេរិក Westerdam ដែល​បាន​ចូល​ចត​នៅ​កំពង់ផែ​ក្រុងព្រះសីហនុ​កាលពី​ថ្ងៃ​ម្សិលមិញ​។ រូបថត AFP

កម្ពុជា​ទទួល​បាន​ការកោតសរសើរ​ចំពោះ​​ការអនុញ្ញាត​ឲ្យ​នាវា​ Westerdam ចូល​ចត

ភ្នំពេញៈ ​កម្ពុជា​ទទួល​បាន​ការកោតសរសើរ​យ៉ាងខ្លាំង​ចំពោះ​ការអនុញ្ញាត​ឲ្យ​នាវា​ទេសចរណ៍ Westerdam ដែល​ផ្ទុក​អ្នកដំណើរ​ជាង​ ១ ៤០០ ​នាក់​ចូល​ចត​នៅ​កំពង់ផែ​ក្រុង​ព្រះសីហនុ​កាលពី​ម្សិលមិញ​ជា​អ្វីដែល​ថ្នាក់ដឹកនាំ​កម្ពុជា​ថា ជា​ស្មារតី​មនុស្សធម៌ បន្ទាប់ពី​ប្រទេស​ចំនួន​ ៥ ​បាន​បដិសេធ ខណៈ​ពេល​មានការ​ភ័យខ្លាច​ចំពោះ​ជំងឺ​កូរ៉ូណា​ដែល​កំពុង​​រីក​រាលដាល​ដល់​ប្រទេសមួយ​ចំនួន​ក្នុង​ពិភពលោក​។

នាវា​ទេសចរណ៍ Westerdam របស់​ក្រុមហ៊ុន​ទេសចរណ៍ Holland America Line ត្រូវបាន​កម្ពុជា​អនុញ្ញាត​ឲ្យ​ចូល​ចត​នៅ​កំពង់ផែ​ខេត្ត​ព្រះសីហនុ បន្ទាប់ពី​ប្រទេស​ចំនួន​ ៥ ​ដែល​រួមមាន ជប៉ុន កោះតៃវ៉ាន់ កោះគាំ​របស់​សហរដ្ឋអាមេរិក ហ្វីលីពីន និង​ថៃ​បាន​បដិសេធ​មិន​ឲ្យ​នាវា​នេះ​ចូល​នៅ​កំពង់ផែ​របស់​ពួកគេ​។ បន្ទាប់ពី​បានមក​ដល់​ឆ្នេរសមុទ្រ​ខេត្ត​ព្រះសីហនុ​កាលពី​ម្សិលមិញ​នាវា​នេះ​នឹង​បន្ត​នៅ​ទីនោះ​ប្រមាណ​ ៣ ​ថ្ងៃ ដើម្បី​ឲ្យ​អ្នកដំណើរ​ចុះចេញ​ពី​នាវា​។

នេះ​បើ​យោងតាម​ការប្រកាស​របស់​ក្រុមហ៊ុន Holland America Line ។

ក្រុមហ៊ុន​នេះ​បញ្ជាក់ថា នាវា Westerdam កំពុង​ស្ថិត​នៅលើ​ដំណើរ​កម្សាន្ត​សម្រាប់​រយៈពេល​ ១៤ ​ថ្ងៃ​ ដោយ​បាន​ចាកចេញ​ពី​ទីក្រុង​ហុងកុង​កាលពី​ថ្ងៃទី​ ១ ​កុម្ភៈ​ ហើយ​គ្រោង​នឹង​ទៅដល់​កំពង់ផែ​នៃ​ទីក្រុង​យូហ្គោហាម៉ា​នៃ​ប្រទេស​ជប៉ុន​នៅ​ថ្ងៃទី​ ១៥ ខែកុម្ភៈ​។ នាវា​នេះ​ផ្ទុក​ភ្ញៀវទេសចរ​ចំនួន​ ៤១ ​សញ្ជាតិ ​ដែល​សរុប​ទាំងអស់​មាន​ចំនួន​ ១ ៤៥៥ នាក់​។

លើសពី​នេះ​មាន​បុគ្គលិក​បម្រើការ​នៅលើ​នាវា​ចំនួន​ ៨០២ ​នាក់​ផ្សេងទៀត​។ ​ប្រទេស​ដែលមាន​ប្រជាជន​របស់​ខ្លួន​ច្រើន​នៅលើ​នាវា​នេះ​រួមមាន សហរដ្ឋអាមេរិក​ចំនួន​ ៦៥១ ​នាក់ កាណាដា ចំនួន​ ១៧១ ​នាក់ ចក្រភព​អង់គ្លេស​ចំនួន​ ១២៧ ​នាក់ និង​ហូឡង់​ចំនួន​ ៩១ ​នាក់​។

Content image - Phnom Penh Post
នាវា Westerdam ដែល​ត្រូវ​បាន​កម្ពុជា​អនុញ្ញាត​ឲ្យ​ចូល​ចត​នៅ​កំពង់ផែ​ព្រះសីហនុ​។ រូបថត SPM

អ្នកដំណើរ​ម្នាក់​ឈ្មោះ Christina Kerby ជា​ជនជាតិ​អាមេរិក​ដែល​កំពុង​ស្ថិតនៅលើ​នាវា​នោះ​បាន​សរសេរ​នៅ​ទំព័រ​ធ្វីធើរ​កាលពី​ម្សិលមិញ​ថា អ្នកដំណើរ​ទាំងអស់​មាន​ក្ដី​រីករាយ ហើយ​បន្ត​នៅលើ​នាវា​នោះ​សិន​។ ប៉ុន្តែ​មន្ត្រី​កម្ពុជា​បាន​ឡើង​ទៅលើ​នាវា​ដើម្បី​ប្រមូល​លិខិត​ឆ្លងដែន​ដើម្បី​ចេញ​ទិដ្ឋាការ​សម្រាប់​ឲ្យ​អ្នកដំណើរ​ណា​ដែល​ទទួល​បាន​សំបុត្រ​យន្តហោះ​ដើម្បី​ហោះ​ចេញពី​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ​។

Christina Kerby និយាយថា​៖ «​ភ្ញៀវ​ជាច្រើន​នៅលើ​នាវា​នៅ​មាន​សុវត្ថិភាព និង​ទទួល​បាន​ការថែទាំ​បាន​យ៉ាង​ល្អ​។ នាវា​នេះ​មិន​ស្ថិតក្រោម​ការដាក់​ឲ្យ​នៅ​ដាច់ដោយឡែក​ទេ ហើយ​យើង​ក៏​គ្មាន​ហេតុផល​អ្វីដែល​ត្រូវ​ជឿថា មាន​ករណី​មេរោគ​កូរ៉ូណា​នៅលើ​នាវា​នេះដែរ បើទោះ​ជា​មាន​ការរាយការណ៍​ពី​សារព័ត៌មាន​ក៏ដោយ​។ ​ភ្ញៀវ​នឹង​ឡើងគោក​។ ​ការយល់ព្រម​ត្រូវ​បាន​ទទួល​រួចហើយ ហើយ​យើង​ពិតជា​មានការ​ដឹងគុណ​យ៉ាងជ្រាលជ្រៅ​ចំពោះ​អាជ្ញាធរ​កម្ពុជា​សម្រាប់​ការគាំទ្រ​របស់​ពួកគេ​» ។

ក្រុមហ៊ុន Holland America Line បញ្ជាក់ថា បន្ទាប់ពី​ភ្ញៀវទេសចរ​ឡើងគោក ពួកគេ​នឹង​ត្រូវ​បញ្ជូនទៅ​ទីក្រុង​ភ្នំពេញ​ដោយ​យន្តហោះ​ឯកជន ហើយ​នឹង​បន្តដំណើរ​ត្រឡប់​ទៅផ្ទះ​របស់​ពួកគេ​វិញ​។ ក្រុមហ៊ុន​នឹង​ចេញ​សំណង​ពេញ​ទាំងស្រុង​សម្រាប់​ការធ្វើដំណើរ​មួយ​នេះ​។

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែងប្រាប់​សារព័ត៌​មាន ហ្វ្រេសញូវ កាលពី​យប់​ថ្ងៃ​ពុធ​ថា ការអនុញ្ញាត​ឲ្យ​នាវា Westerdam ចូល​ចត​នៅ​​កំពង់ផែ​ខេត្ត​ព្រះសីហនុ​នេះ​​ធ្វើឡើង​ដោយ​ផ្អែកលើ​ស្មារតី​មនុស្សធម៌​។ ​លោក​បាន​បញ្ជាក់​សាជាថ្មី​ថា ជំងឺ​ពិតប្រាកដ​គឺ​ភាពភ័យខ្លាច មិនមែន​ជា​ជំងឺ​កូរ៉ូណា​នោះទេ​។

លោក​ថ្លែង​ក្នុង​ប្រសាសន៍​ដើម​ថា​៖ «​ការអនុញ្ញាត​ឲ្យ​ចូល​នេះ​បង្ហាញ​ពី​ការលុបបំបាត់​នូវ​ជំងឺ​ភ័យខ្លាច​ដែល​កំពុង​កើតមាន​នៅលើ​ពិភពលោក​យើង​នេះហើយ​​កម្ពុជា​គ្មាន​ឡើយ ការរើសអើង​ពូជសាសន៍​ត្រូវតែ​ចូលរួម​សង្គ្រោះ​​ក្នុង​កិច្ចការ​មនុស្សធម៌ ខណៈ​ពួកគេ​កំពុង​ជួប​គ្រោះអាសន្ន​»​។

នៅ​ខណៈពេល​ដែល​កិច្ចការ​នាំយក​ភ្ញៀវទេសចរ​ទាំងនេះ​ត្រឡប់​ទៅផ្ទះ​វិញ​នោះ កម្ពុជា​ក៏បាន​ទទួល​នូវ​ការកោតសរសើរ​ជាច្រើន​ពី​សំណាក់​មន្ត្រី​អង្គទូត និង​អគ្គលេខាធិការ​អង្គការ​សុខភាព​ពិភពលោក​ផងដែរ​។

លោក Tedros Adhanom Ghebreyesu អគ្គលេខាធិការ​នៃ​អង្គការ​សុខភាព​ពិភពលោក​បាន​សរសេរ​នៅលើ​ធ្វីធើរ​របស់​លោក​កាលពី​ថ្ងៃ​ពុធ​ដោយ​លោក​បាន​ថ្លែង​អំណរគុណ​ដល់​រដ្ឋាភិបាល​កម្ពុជា និង​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន សម្រាប់​ការបើកផ្លូវ​ឲ្យ​នាវា​នេះ​ចូល​ចត​។

លោក​បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា​៖ «​នេះ​ជា​ទង្វើ​នៃ​សាមគ្គីភាព​គួរ​ឲ្យ​ស្វាគមន៍​នៅ​ខណៈពេល​ដែល​ពិភពលោក​មាន​ឱកាស​ក្នុង​ការបញ្ឈប់​ជំងឺ Covid19 និង​ចៀសវាង​ស្លាកស្នាម​ទុរយស និង​ការភ័យខ្លាច​»​។

ស្ថានទូត​សហរដ្ឋអាមេរិក​បាន​និយាយ​ថា ខ្លួន​កំពុង​ធ្វើការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​រដ្ឋាភិបាល​កម្ពុជា​ដើម្បី​ជួយ​សម្រួល​ដល់​ការចូល​ចត និង​ការចុះ​ពី​នាវា​ដោយ​សុវត្ថិភាព​។

អ្នកស្រី Emily Zeeberg អ្នកនាំពាក្យ​ស្ថានទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា​បាន​ថ្លែងថា​៖ «​យើង​សូម​អរគុណ​យ៉ាងជ្រាលជ្រៅ​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​របស់​កម្ពុជា និង​ជំនួយ​ព្រមទាំង​ការទទួល​បដិសណ្ឋារកិច្ច​ក្នុង​ពេលវេលា​ដ៏លំបាក​នេះ​។ នាវា​នេះ​បាន​ប្រាប់ថា មិនមាន​ករណី​ជំងឺ​កូរ៉ូណា​នៅលើ​នាវា​នេះ​ទេ ហើយ​ក្រុមគ្រូពេទ្យ​នៅលើ​នាវា​កំពុង​ពិនិត្យ​តាមដាន​ស្ថានការណ៍​នេះ​យ៉ាង​ដិតដល់​»​។

ទន្ទឹមនឹង​នេះ​លោក​ Patrick Murphy ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​កម្ពុជា​បាន​ថ្លែង​លើ​ទំព័រ​ធ្វីធើរ​របស់​លោក​ពី​ម្សិលមិញ​ដែរ​ថា ស្ថានទូត និង​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​រួមជាមួយ​នឹង​កម្ពុជា​បាន​ធ្វើការ​ជាមួយគ្នា​ដើម្បី​សម្រួល​ដល់​ការចូល​ចត​នៅ​ខេត្ត​ព្រះសីហនុ​។

លោក​បាន​បញ្ជាក់ថា​៖ «​យើង​ពិតជា​កោតសរសើរ​យ៉ាងខ្លាំង​ដល់​កម្ពុជា​ចំពោះ​ការផ្ដល់​ការគាំទ្រ​ដល់ Westerdam​។ សុវត្ថិភាព​របស់​ពលរដ្ឋ អាមេរិចកាំង គឺជា​អាទិភាព​ខ្ពស់បំផុត​របស់ខ្ញុំ​»​។

លោក​បន្តថា ក្រុម​ការងារ​ស្ថានទូត​កំពុង​ស្ថិត​នៅ​ខេត្ត​ព្រះសីហនុ​ដើម្បី​គាំទ្រ​ដល់​ការចុះ​ពី​នាវា និង​ការផ្ទេរ​ទៅ​កាន់​គោលដៅ​បន្ទាប់​។

លោក​ថា អាជ្ញាធរ​កម្ពុជា​កំពុង​ធ្វើការ​ពិនិត្យ​អ្នកដំណើរ ហើយ​ការងារ​នេះ​ត្រូវ​ស៊ីពេល​ខ្លះ​។

លោក​ស្នើ​ឲ្យ​មាន​ការអត់ទ្រាំ​បន្តិច​រហូត​ដល់​កិច្ចការ​នេះ​បញ្ចប់​នាពេល​ឆាប់ៗ​នេះ​។

លោក​ថ្លែងថា​៖ «​ពី​ស្ថានទូត​សហរដ្ឋអាមេរិក​នៅ​ភ្នំពេញ​យើង​ស្ថិតនៅ​ជាមួយ​លោកអ្នក​រហូត​ដល់​ការងារ​នេះ​បានបញ្ចប់​»​។

ការចូល​ចត​នៃ​នាវា​នេះ​ក៏មាន​ការស្វាគមន៍ និង​ពិនិត្យ​ពី​​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​លោក​ ស៊ុន ចាន់ថុល រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍​លោក​ ថោងខុន អភិបាលខេត្ត​ព្រះសីហនុ​លោក គួច ចំរើន និង​មន្ត្រី​ពាក់ព័ន្ធ​ជាច្រើន​ទៀតផង​ដែរ​។

លោក​អភិបាលខេត្ត គួច ចំរើន បាន​ថ្លែងប្រាប់​បណ្ដាញ​ព័ត៌មាន​កាលពី​ម្សិលមិញ​ថា ក្រុម​បុគ្គលិក​សុខាភិបាល​កំពុង​ពិនិត្យ​សុខភាព​អ្នកដំណើរ​នៅលើ​នាវា ហើយ​ថា​មិនមែន​អ្នកដំណើរ​ទាំងអស់​ត្រូវ​ចុះ​ពី​នាវា​ទេ​។ លោក​បញ្ជាក់ថា មាន​តែ​អ្នក​ដំណើរ​ដែលមាន​សំបុត្រ​យន្តហោះ​សម្រាប់​ចាកចេញ​ពី​កម្ពុជា​​ទេ​ដែល​នឹង​ត្រូវ​ចុះ​ពី​នាវា​។

លោក​ពន្យល់ថា អ្នកដំណើរ​ទាំងនោះ​នឹងត្រូវ​ដឹក​ជញ្ចូន​ដោយ​រថយន្តក្រុង​ពី​កំពង់ផែ​ឆ្ពោះទៅ​​ព្រលានយន្តហោះ​ខេត្ត បន្ទាប់មក​នឹង​ត្រូវ​ដឹកជញ្ជូន​បន្ត​ទៅ​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ​ដើម្បី​បន្តដំណើរ​ទៅ​កាន់​ប្រទេស​របស់​ពួកគេ​វិញ​។

លោក​អភិបាល​ខេត្ត​បានបញ្ជាក់​​ទៀតថា អ្នកបើកបរ​នាវា​បាន​បញ្ជាក់​ប្រាប់ថា មាន​ភ្ញៀវ​ចំនួន​ ២០ ​នាក់​ដែលមាន​បញ្ហា​សុខភាព ដូចជា ក្រពះ និង​រាករូស​។

លោក គួច ចំរើន ថ្លែងថា​៖ «​បើ​តាម​ព័ត៌មាន​ដែល​អ្នក​នៅលើ​កប៉ាល់ ពិសេស​កាពីតែន​គាត់​ផ្ដល់​មក​ឲ្យ​យើង​ថា មាន​ជំងឺ​ផ្សេងៗ​មាន​ច្បាស់​គឺ​ ៤ ​នាក់ ហើយ​ ៦ ​នាក់​មាន​ជំងឺ​រាករូស​»​។

លោក​បន្តថា​៖ «​យើងខ្ញុំ​ដែល​​មាន​ភារកិច្ច​នៅទីនេះ​ចាំបាច់​ត្រូវតែ​យក​បញ្ហា​ទាំងអស់​នោះ​មក​ធ្វើការ​បញ្ជាក់​ឲ្យ​ច្បាស់លាស់​ជូនទៅ​សាធារណជន​របស់​យើង​។

ការពាក់ព័ន្ធ​នឹង​បងប្អូន​ទាំង​ ២០ ​នាក់ ​ចាំបាច់​ត្រូវតែមាន​ការបញ្ជាក់​អះអាង​ឲ្យ​ច្បាស់​ថា ២០ ​នាក់​នេះ​ស្ថានភាព​បែប​ម៉េច​? មាន​ឬ​គ្មាន​អាស្រ័យ​ទៅនឹង​ការពិនិត្យ និង​វិភាគ​របស់​ក្រុមគ្រូពេទ្យ​។ មកដល់​ពេល​នេះ​យើង​មិន​ទាន់​បញ្ជាក់​ថា មាន​ ឬ​គ្មានទេ ប៉ុន្តែ​សំណាក​ពួកគាត់​ទាំង​ ២០ ​នាក់​គឺ​យើង​បាន​ទទួល​យកមក​ហើយ​កំពុង​តែ​បញ្ជូន​ទៅកាន់​ក្រុមគ្រូពេទ្យ​បច្ចេកទេស​»​។

លោក ស៊ីន ចាន់សេរីវុត្ថា អ្នកនាំពាក្យ​នៃ​រដ្ឋលេខាធិការដ្ឋាន​អាកាសចរ​ស៊ីវិល​បាន​ថ្លែង​កាលពី​ម្សិលមិញ​ថា ក្រុមហ៊ុន​យន្តហោះ​ឯកជន​ក្នុង​ស្រុក​បាន​ដេញថ្លៃ​ដឹក​អ្នកដំណើរ​ទាំងនោះ​ពី​ខេត្ត​ព្រះសីហនុ​មក​ភ្នំពេញ​។

លោក​ថា លោក​មិនទាន់​មាន​ព័ត៌មាន​ថា មាន​មនុស្ស​ប៉ុន្មាន​នាក់​ត្រូវបាន​ដឹក​មក​ទេ​កាលពី​ម្សិលមិញ ប៉ុន្តែ​ក្រុមការងារ​បាន​ត្រៀម​ដឹកជញ្ជូន​ពី ៥ ​ទៅ​ ៦ ​លើក​ក្នុង​ ១ ​ថ្ងៃ​ ដោយ​យន្តហោះ​មួយ​អាច​ផ្ទុក​មនុស្ស​បាន​ប្រមាណ​ ១៨០ ​នាក់​៕

អត្ថបទគួរចាប់អារម្មណ៍