ភ្នំពេញៈ របាយការណ៍សកលមួយបានចាត់ចំណាត់ថ្នាក់កម្ពុជាក្នុងកម្រិតពិន្ទុទាបជាងគេគឺត្រឹមតែ ៨ ក្នុងចំណោម ១០០ ពិន្ទុសម្រាប់តម្លាភាពថវិកាជាតិដោយសារពលរដ្ឋនៅមានលទ្ធភាពតិចតួច ឬគ្មានលទ្ធភាពក្នុងការទទួលបានព័ត៌មានស្តីពីថវិកាជាតិដែលពួកគេត្រូវការដើម្បីយល់ពីថវិកា និងតម្រូវឲ្យរដ្ឋាភិបាលមានគណនេយ្យភាព។
របាយការណ៍ស្តីពីការអង្កេតលើការផ្សព្វផ្សាយព័ត៌មានថវិកាជាតិសម្រាប់ឆ្នាំ ២០១៥ នៃអង្គការភាពជាដៃគូថវិកាជាតិដែលចេញផ្សាយក្នុងសិក្ខាសាលាមួយកាលពីម្សិលមិញដោយបានវាយតម្លៃប្រទេសចំនួន ១០២ ជុំវិញពិភពលោកលើទិដ្ឋភាព ៣ នៃការគ្រប់គ្រងរបស់រដ្ឋាភិបាលទៅលើហិរញ្ញវត្ថុសាធារណៈ និងរកឃើញថាប្រទេសកម្ពុជាស្ថិតក្នុងចំណោម ៣២ ប្រទេសដែលមានពិន្ទុទាបជាងគេនៅលើសន្ទស្សន៍តម្លាភាពថវិកា (Open Budget Index) ដែលប្រើប្រាស់លក្ខណៈវិនិច្ឆ័យត្រូវបានទទួលស្គាល់ជាអន្តរជាតិដើម្បីផ្តល់ឲ្យប្រទេសនីមួយៗនូវពិន្ទុតម្លាភាពមួយលើកម្រិត ១០០ ពិន្ទុ។
តាមរបាយការណ៍នេះសន្ទស្សន៍តម្លាភាពថវិកាចំនួន ៨ ពិន្ទុរបស់កម្ពុជាគឺបង្ហាញថាពលរដ្ឋនៅមានលទ្ធភាពតិចតួច ឬគ្មានលទ្ធភាពក្នុងការទទួលបានព័ត៌មានថវិកាឡើយហើយប្រការនេះមានសារៈសំខាន់ដោយសារថវិកាគឺជាឧបករណ៍ចម្បងមួយដែលរដ្ឋាភិបាលប្រើដើម្បីកំណត់គោលនយោបាយសម្រាប់ប្រមូល និងចាយវាយមូលនិធិសាធារណៈក្នុងការជំរុញការអភិវឌ្ឍ និងបំពេញសេចក្តីត្រូវការរបស់ប្រជាជនក្នុងប្រទេស។
របាយការណ៍នេះឲ្យដឹងថា ចាប់តាំងពីឆ្នាំ ២០១២ រាជរដ្ឋាភិបាលកម្ពុជាមានការថយចុះក្នុងការផ្តល់ព័ត៌មានថវិកាមិនបានផ្សព្វផ្សាយរបាយការណ៍ប្រចាំឆ្នាំឲ្យទាន់ពេលវេលា និងមិនបានផ្សព្វផ្សាយជាសាធារណៈនូវឯកសារសំខាន់ៗមួយចំនួនដូចជាសេចក្តីព្រាងច្បាប់ថវិកាប្រចាំឆ្នាំរបស់រាជរដ្ឋាភិបាលជាសាធារណៈរបាយការណ៍ពាក់កណ្តាលឆ្នាំជាសាធារណៈគួបផ្សំនឹងឯកសារស្តីពីថវិកាសម្រាប់ប្រជាពលរដ្ឋដែលផ្សព្វផ្សាយមិនទាន់ពេលវេលា។
តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអនុប្រធាននាយកដ្ឋានថវិកានីយកម្មលោក ឡាយ សុខឃៀង បានទទួលស្គាល់នូវភាពខ្វះចន្លោះនៃការផ្សព្វផ្សាយពីថវិកាជាតិជាសាធារណៈដោយបានអះអាងថាមន្ត្រីរដ្ឋាភិបាលបានធ្វើការងារច្រើនតែដោយសារកង្វះនូវសមត្ថភាពក្នុងការធ្វើរបាយការណ៍ទើបនាំឲ្យខកខានក្នុងការផ្សព្វផ្សាយនូវព័ត៌មានទាំងនេះ។
លោកថា៖ «ចន្លោះឆ្នាំ ២០១៤ មកទល់ពេលនេះក្រសួងសេដ្ឋកិច្ច និងរាជរដ្ឋាភិបាលបានកែទម្រង់ច្រើនក្នុងដំណាក់កាលរៀបចំ និងការអនុវត្តគឺយើងបានព្យាយាមរៀបចំថវិកាដោយផ្អែកតាមប្រតិទិនក្នុងច្បាប់ ហិរញ្ញវត្ថុសាធារណៈ និងបានរឹតត្បិតការចំណាយមិនចំគោលដៅផងដែរ»។
យ៉ាងនេះក្តីលោក សុខឃៀង ថាលទ្ធផលនៃសន្ទស្សន៍នេះគឺមិនអាក្រក់ខ្លាំងនោះទេបើធៀបនឹងប្រទេសជិតខាងដូចជាប្រទេសម៉ាឡេស៊ី និងប្រទេសចិនដែលមានទឹកដីធំតែទទួលបានពិន្ទុតិចហើយលោកមានសុទិដ្ឋិនិយមថានៅថ្ងៃអនាគតកម្ពុជានឹងទទួលបានពិន្ទុខ្ពស់ជាងនេះតាមរយៈកំណែទម្រង់ក្នុងរយៈកាលចុងក្រោយនេះ។
អនុប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្មនៃរដ្ឋសភា និងជាតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិលោក សុន ឆ័យ ក៏បានរិះគន់ពីភាពចង្អៀតចង្អល់របស់រដ្ឋាភិបាលក្នុងការបង្ហាញនូវរបាយការណ៍ថវិកាជាតិទាំងចំណូល និងចំណាយលើសេវាសាធារណៈនានា។
លោកថា៖ «បើយើងមើលទៅការផ្តល់ឯកសារ និងការសម្រេចចិត្តស្របតាមលទ្ធិប្រជាធិបតេយ្យគឺមិនទាន់បានទូលំទូលាយទេអ៊ីចឹងហើយបន្ទាប់មកទៀតនេះគណៈកម្មការទី ២ នៃរដ្ឋសភាយើងបានសម្រេចថាឲ្យមានការសហការចូលរួមពីអ្នកពាក់ព័ន្ធសង្គមស៊ីវិលដើម្បីធ្វើកំណែទម្រង់ក្នុងកិច្ចការងារនេះ»។
លោកបណ្ឌិត តឹក វណ្ណារ៉ា នាយកប្រតិបត្តិនៃវេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជាដែលបានធ្វើការស្រាវជ្រាវសម្រាប់ប្រទេសកម្ពុជាបានឲ្យដឹងថា៖ «តម្លាភាពថវិកាមានសារៈសំខាន់ក្រៃលែងសម្រាប់ប្រជាជនកម្ពុជាដែលជាម្ចាស់ប្រទេស និងបង់ពន្ធជូនដល់រាជរដ្ឋាភិបាលហេតុដូចនេះរាជរដ្ឋាភិបាលគប្បីផ្តល់លទ្ធភាពថែមទៀតឲ្យប្រជាជន និងអង្គការសង្គមស៊ីវិលបានពាក់ព័ន្ធ និងបានចូលរួមក្នុងកិច្ចដំណើរការទាំងស្រុងនៃការរៀបចំថវិកាសេចក្តីព្រាងច្បាប់ថវិកាជាតិនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ»។
បើតាមរបាយការណ៍នេះប្រទេសនូវែលសេឡង់គឺទទួលបានពិន្ទុ ៨៨ ខ្ពស់ជាងគេនៃសន្ទស្សន៍ផ្សព្វផ្សាយព័ត៌មានស្តីពីថវិកា។ សម្រាប់ប្រទេសក្នុងតំបន់ធៀបនឹងកម្ពុជានោះគឺចិនទទួលបាន ១៤ ពិន្ទុ ថៃ បាន ៤២ ពិន្ទុ វៀតណាម បាន ១៨ ពិន្ទុ ម៉ាឡេស៊ី បាន ៤៦ ពិន្ទុ និងមីយ៉ាន់ម៉ា បាន ២ ពិន្ទុទាបជាងគេ។ សម្រាប់កម្ពុជានេះគឺជាការសិក្សាលើកទី ៤ ដែលបានចាប់ផ្តើមតាំងពីឆ្នាំ ២០០៨ ក្នុងពិន្ទុ ១១ ហើយឆ្នាំ ២០១០ និងឆ្នាំ ២០១២ គឺមាន ១៥ ពិន្ទុចំណែកឆ្នាំ ២០១៥ មាន ៨ ពិន្ទុនៃតម្លាភាពសន្ទស្សន៍ក្នុងកម្រិតខ្វះខាត ឬគ្មានការផ្សព្វផ្សាយព័ត៌មានថវិកា។
របាយការណ៍កម្រាស់ ១២ ទំព័រនេះបានផ្តល់អនុសាសន៍ដល់រាជរដ្ឋាភិបាលកម្ពុជាគួរតែផ្សព្វផ្សាយឯកសារថវិកាសំខាន់ៗចំនួន ៨ ឲ្យបានទាន់ពេលវេលាក្នុងនោះរួមមានរបាយការណ៍បុរេថវិកា សេចក្តីព្រាងច្បាប់ថវិកាប្រចាំឆ្នាំ ថវិកាដែលបានអនុម័តឯកសារថវិកាសម្រាប់ប្រជាពលរដ្ឋ របាយការណ៍ក្នុង ១ ឆ្នាំ របាយការណ៍ពាក់កណ្តាលឆ្នាំ របាយការណ៍ដំណាច់ឆ្នាំ និងរបាយការណ៍សវនកម្មជាតិ។
បើតាមសេចក្តីព្រាងច្បាប់ថវិកាជាតិឆ្នាំ ២០១៦ រដ្ឋាភិបាលកម្ពុជាគ្រោងចំណាយថវិកាជាង ៤២៧៣ លានដុល្លារកើនឡើងជាង ១៦% លើសឆ្នាំ ២០១៥ ដែលរដ្ឋាភិបាលបានចំណាយថវិកាសរុបប្រហែល ៣៨០០ លានដុល្លារលើសឆ្នាំ ២០១៤ ចំនួន ១០,៨%៕