ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួងការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ លោក អ៊ិត សំហេង ដឹកនាំគណៈប្រតិភូទៅចូលរួមក្នុងកិច្ចប្រជុំជាន់ខ្ពស់ស្តីពីកិច្ចសន្ទនាសង្គមសម្រាប់ការងារនាពេលអនាគតកាន់តែប្រសើរនៅទីក្រុងប៉ារីសកាលពីចុងសប្តាហ៍មុន ដែលរៀបចំដោយដៃគូកិច្ចព្រមព្រៀងសកលប្រទេសបារាំង ដោយមានអ្នកចូលរួមមកពីបណ្តាប្រទេសជាច្រើននៅលើពិភពលោក។
ការដឹកនាំគណៈប្រតិភូទៅចូលរួមកិច្ចប្រជុំរយៈពេល ១ សប្តាហ៍នេះ ដោយសារតែកម្ពុជាកំពុងប្រើប្រាស់យន្តការកិច្ចសន្ទនាសង្គមក្នុងការជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គមតាមរយៈការបង្កើតឲ្យមានយន្តការកិច្ចសន្ទនាសង្គមត្រីភាគី និងត្រីភាគីបូកជាច្រើនសម្រាប់ដោះស្រាយបញ្ហាក៏ដូចជាកង្វល់នានាដែលកើតមានឡើងនៅក្នុងប្រទេស។
តាមទំព័រហ្វេសប៊ុករបស់ក្រសួងការងារបានឲ្យដឹងកាលពីថ្ងៃអង្គារថា សន្និសីទនេះគឺជាវេទិកាមួយសម្រាប់ដៃគូនៃកិច្ចព្រមព្រៀងសកលដើម្បីចែករំលែកគំនិត បញ្ហាប្រឈម ដំណោះស្រាយ និងបទពិសោធល្អៗក៏ដូចជាគោលនយោបាយនានាពាក់ព័ន្ធនឹងការអនុវត្តកិច្ចសន្ទនាសង្គម ដើម្បីលើកកម្ពស់ការងារសមរម្យ និងកំណើនប្រកបដោយបរិយាប័ន្ន និងដើម្បីចូលរួមដោះស្រាយនូវរាល់បញ្ហាប្រឈមថ្មីៗក្នុងទីផ្សារការងារនាពេលអនាគត។
តាមទំព័រហ្វេសប៊ុកដដែលបន្តថា៖ «កិច្ចប្រជុំជាន់ខ្ពស់នៅទីក្រុងប៉ារីស មានការអញ្ជើញចូលរួមបើកពីសំណាក់លោក ស្តេហ្វាន ទ្បហ្វវិន (Stefan Lofven) នាយករដ្ឋមន្ត្រីនៃប្រទេស ស៊ុយអែត និងមានការថ្លែងសុន្ទរកថាដោយលោកស្រី អាន់ណា ហាល់ប៊ឺក (Anna Hallberg) រដ្ឋមន្ត្រីពាណិជ្ជកម្មបរទេសនៃប្រទេសស៊ុយអែត លោក ហ្គាយ រ៉ាយឌឺរ (Guy Ryder) អគ្គនាយកអង្គការអន្តរជាតិខាងការងារ និងលោក អែនជែល ហ្គូរៀ (Angel Gurria) អគ្គលេខាធិការនៃអង្គការសហប្រតិបត្តិការសេដ្ឋកិច្ច និងការអភិវឌ្ឍ (OECD)»។
ថ្លែងក្នុងបទអន្តរាគមន៍នៅក្នុងកិច្ចប្រជុំកាលពីថ្ងៃទី ៤ ខែកុម្ភៈនៅទីស្នាក់ការអង្គការ OECD ទីក្រុងប៉ារីស ប្រទេសបារាំងលោករដ្ឋមន្ត្រីក្រសួងការងារបញ្ជាក់ថា កម្ពុជាបានចាត់ទុកយន្តការកិច្ចសន្ទនាសង្គមនៃកិច្ចព្រមព្រៀងសកលមានសារៈសំខាន់ខ្លាំងក្នុងការដោះស្រាយរួមគ្នានូវបញ្ហាប្រឈមនានានៅក្នុងទីផ្សារការងារ។
លោកបន្ថែមថា កិច្ចសន្ទនាសង្គមនេះក៏ជាកត្តាជំរុញឱ្យមនុស្សគ្រប់រូបអាចទទួលបានផលពីសកលភាវូបនីយកម្ម។ កិច្ចសន្ទនាក៏បាននិងកំពុងរួមចំណែកធ្វើឱ្យដៃគូរបស់ខ្លួនសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ ប្រកបដោយចីរភាពនៃរបៀបវារៈ ឆ្នាំ ២០៣០ របស់អង្គការសហប្រជាជាតិ។ នេះជាហេតុនាំឲ្យកម្ពុជាក្លាយជាដៃគូដំបូងគេនៃសមាជិកអាស៊ានដែលបានផ្តល់ការគាំទ្រកិច្ចព្រមព្រៀងនេះ។
លោកបញ្ជាក់ថា៖ «ចាប់តាំងពីពេលនោះកម្ពុជាបានបង្កើតគណៈកម្មការអន្តរក្រសួងសម្រាប់គាំទ្រគំនិតផ្តួចផ្តើមកិច្ចព្រមព្រៀងសកល។ កម្ពុជាបានដាក់ចេញនូវការប្តេជ្ញាចិត្តដោយផោ្តតសំខាន់ទៅលើការធានាសិទ្ធិ និងលក្ខខណ្ឌ ការងារកាន់តែល្អប្រសើរ»។
លោកបន្តថា៖ «លើកកម្ពស់ភាពសុខដុមរមនាក្នុងទំនាក់ទំនងវិជ្ជាជីវៈ និងកិច្ចគាំពារសង្គមតាមរយៈការអនុម័ត និងពង្រឹងការអនុវត្តច្បាប់ និងបទប្បញ្ញត្តិនានាដែលឆ្លើយតបទៅនឹងគោលដៅរបស់កិច្ចព្រមព្រៀងសកលដូចដែលបានរំលេចនៅក្នុងរបាយការណ៍របស់កិច្ចព្រមព្រៀងសកលស្តីពី “ការកសាងទំនុកចិត្តក្នុងពិភពការងារដែលកំពុងតែប្រែប្រួលឆ្នាំ ២០១៨»។
លោករដ្ឋមន្ត្រីបន្ថែមថាក្នុងឱកាសជាប្រវត្តិសាស្ត្រនេះ រាជរដ្ឋាភិបាលកម្ពុជាសម្តែងនូវការសាទរចំពោះសមិទ្ធផលសម្រេចបានក្រោមគំនិតផ្តួចផ្តើមកិច្ចព្រមព្រៀងសកល។ រាជរដ្ឋាភិបាលប្តេជ្ញាចិត្តបន្តកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយភាគីពាក់ព័ន្ធក្នុងការលើកកម្ពស់កិច្ចសន្ទនាសង្គមដើម្បីការងារសមរម្យ និងកំណើនប្រកបដោយបរិយាប័ន្នដែលនោះជាចក្ខុវិស័យរបស់កិច្ចព្រមព្រៀងសកលឆ្ពោះទៅរកការសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពនៃរបៀបវារៈឆ្នាំ ២០៣០ របស់អង្គការសហប្រជាជាតិ។
ក្រសួងការងារបណ្តុះបណ្តាល វិជ្ជាជីវៈ បានឲ្យដឹងថាកម្ពុជាបានផ្តល់សច្ចាប័នលើអនុសញ្ញាអន្តរជាតិខាងការងារចំនួន ១៣ រួមទាំងអនុសញ្ញាស្នូលទាំង ៨ ដែលធ្វើឲ្យកម្ពុជាទទួលបានសមិទ្ធផលជាច្រើនក្នុងការអភិវឌ្ឍវិស័យការងារ។ ជាពិសេសតាមរយៈកិច្ចសហប្រតិបត្តិការយ៉ាងល្អរវាងរាជរដ្ឋាភិបាលកម្ពុជា និងគម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា (ILO-BFC)៕