ភ្នំពេញៈ កម្ពុជា​បាន​ធ្លាក់​ចុះ​ចំនួន​ ១០ ​ចំណាត់ថ្នាក់​នៅក្នុង​សន្ទស្សន៍​សេរីភាព​សារព័ត៌មាន​ពិភពលោក និង​មាន​ហានិភ័យ​ធ្លាក់​ដល់​ស្ថានភាព​បំបិទ​សំឡេង​រិះគន់​ប្រកប​ដោយ​គ្រោះថ្នាក់​ដូច​នៅ​ប្រទេស​ចិន​។ នេះ​បើ​តាម​ទិន្នន័យ​ថ្មី​ពី​អ្នកកាសែត​គ្មាន​ព្រំដែន​។ ការដាក់​ចំណាត់ថ្នាក់​នេះ​ដែល​ចេញ​កាលពី​ថ្ងៃ​ពុធ​ម្សិលមិញ​បង្ហាញ​ថា កម្ពុជា​ឥឡូវ​នេះ​ត្រូវ​បាន​ដាក់​ចំណាត់ថ្នាក់​ទី​ ១៤២ ​ក្នុង​ចំណោម​ប្រទេស​ ១៨០ ​ដែល​ធ្លាក់​ចុះ​ពី​ចំណាត់ថ្នាក់ ១៣២ កាលពី​ឆ្នាំ​មុន​។

ក្រុម​សេរីភាព​សារព័ត៌មាន​បាន​ថ្លែង​ថា​កម្ពុជា​ «​ហាក់បី​ដូចជា​ចុះ​ទៅ​រក​ផ្លូវ​ដូច​ចិត្ត​ដែល​មាន​លក្ខណៈ​គួរ​ឲ្យ​គ្រោះថ្នាក់ ខណៈ​ចិន​បាន​បិទ​សារព័ត៌មាន​ឯករាជ្យ​ជាច្រើន និង​បាន​ធ្លាក់​ចុះ​ចំនួន​ ១០ ចំណាត់ថ្នាក់​ដែល​ជា​ការធ្លាក់​ចុះ​មួយ​ក្នុង​ចំណោម​ការធ្លាក់​ចុះ​ធំ​បំផុត​ក្នុង​តំបន់​»​។

ការ​ដាក់​ចំណាត់ថ្នាក់​នេះ​បាន​លើកឡើង​ថា​៖ «​របប​របស់​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ចាប់ផ្តើម​ការ​វាយប្រហារ​មួយ​ដោយ​គ្មាន​ការ​ញញើត​ទៅ​លើ​សេរីភាព​សារព័ត៌មាន​ក្នុង​ឆ្នាំ ២០១៧»​។ សន្ទស្សន៍​នេះ​បាន​បន្ត​ថា​៖ «​ការបង្ក្រាប​របស់​គាត់​ទៅ​លើ​សំឡេង​ឯករាជ្យ ការ​បង្កើន​ឥទ្ធិពល​កាន់តែ​ខ្លាំង​ឡើង​ទៅ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​ការគ្រប់គ្រង​ដោយ​យក​ចិត្ត​ទុកដាក់​ទៅ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​គឺជា​វិធីសាស្ត្រ​មួយ​ក្នុង​ចំណោម​វិធីសាស្ត្រ​ដែល​គួរ​ឲ្យ​បារម្ភ ដែល​ប្រើ​ក្នុង​ប្រទេស​ចិន​ដែល​មាន​ការវិនិយោគ​រាប់​លាន​អឺរ៉ូ​នៅក្នុង​ប្រព័ន្ធ​ផ្សព្វផ្សាយ​គាំទ្រ​​រដ្ឋាភិបាល​របស់​កម្ពុជា​»​។

ប្រេកង់​វិទ្យុ​ឯករាជ្យ​ជាង ៣០ ត្រូវ​បាន​បិទ​កាលពី​ឆ្នាំ​មុន ហើយ​បំណុល​ពន្ធ​ប្រមាណ​ ៦,៣ ​លាន​ដុល្លារ​ដែល​គេ​ជឿ​ថា ជា​ហេតុផល​នយោបាយ​បាន​បង្ខំ​ឲ្យ​មាន​ការបិទ​កាសែត​ឌឹខេមបូឌាដេលី ដែល​ជា​កាសែត​ភាសា​អង់គ្លេស​ឯករាជ្យ កាលពី​ខែ​កញ្ញា​។ វិទ្យុ​អាស៊ីសេរី និង​វិទ្យុ​សំឡេង​អាមេរិក​ក៏​បាន​បិទ​ប្រតិបត្តិការ​ក្នុង​ប្រទេស​របស់​ខ្លួន​ផង​ដែរ​ក្នុង​អំឡុង​ការបង្ក្រាប​យ៉ាង​ទូលំទូលាយ​ក្នុង​ប្រទេស​កម្ពុជា ហើយ​អ្នក​កាសែត​ ៣ ​នាក់​ត្រូវ​បាន​ចាប់​ដាក់​ពន្ធនាគារ​ពី​បទ​ចោទប្រកាន់​ពាក់ព័ន្ធ​នឹង​សន្តិសុខ​ជាតិ​។

អ្នក​កាសែត​គ្មាន​ព្រំដែន​បាន​ថ្លែង​ថា​នេះ​រួម​បញ្ចូល​ជាមួយ​នឹង​អំពើ​ឃាតកម្ម​កាលពី​ឆ្នាំ ២០១៦ ទៅ​លើ​លោក កែម ឡី ដែល​ជា​អ្នក​វិភាគ និង​អ្នក​អត្ថាធិប្បាយ​នៅក្នុង​ប្រព័ន្ធ​ផ្សព្វផ្សាយ «​បាន​បណ្តាល​ឲ្យ​មាន​បរិយាកាស​ភ័យខ្លាច​មួយ​ដែល​បាន​រារាំង​សេរីភាព​សារព័ត៌មាន​»​។

ខណៈ​ធ្លាប់​ត្រូវ​បាន​ចាត់ទុក​ថា​ជា​ប្រទេស​នាំ​មុខ​គេ​នៅ​អាស៊ីអាគ្នេយ៍​ចំពោះ​សេរីភាព​សារព័ត៌មាន​កម្ពុជា​ឥឡូវ​នេះ​ត្រូវ​បាន​ដាក់​ចំណាត់ថ្នាក់​ក្រោម​ប្រទេស​ថៃ និង​ប្រទេស​មីយ៉ាន់ម៉ា ប៉ុន្តែ​នៅ​ស្ថិត​នៅ​លើ​ប្រទេស​ឡាវ វៀតណាម និង​ប្រទេស​សិង្ហបុរី​ដែល​សារព័ត៌មាន​ត្រូវ​បាន​គ្រប់គ្រង​ដោយ​រដ្ឋ​យ៉ាង​ខ្លាំង​។ ជា​លក្ខណៈ​ទូទាំង​ពិភពលោក ប្រទេស​កម្ពុជា​ត្រូវ​បាន​ដាក់​ចំណាត់​ថ្នាក់​ក្រោម​ប្រទេស​ហុងឌូរ៉ាស (Honduras) និង​លើ​ប្រទេស​វេណេស៊ុយអេឡា (Venezuela) និង​ប្រទេស​ស៊ូដង់​ខាង​ត្បូង​ដែល​ជា​ប្រទេស​មាន​ភាព​ចលាចល​។

លោក មឿន ឈានណារិទ្ធិ នាយក​វិទ្យាស្ថាន​កម្ពុជា​សម្រាប់​ការសិក្សា​ផ្នែក​សារព័ត៌មាន​បាន​ថ្លែង​ថា​លោក​មាន​ការ​ខកចិត្ត​ចំពោះ​ការបិទ​សារព័ត៌មាន​ឯករាជ្យ​។ លោក​បាន​ថ្លែង​បន្ត​​ថា​៖ «​អំពី​ខាង​សារព័ត៌មាន យើង​មាន​អារម្មណ៍​ក្រៀមក្រំ និង​ខកចិត្ត​ដែល​ស្ថានភាព​នេះ​បាន​កើតឡើង ហើយ​យើង​សង្ឃឹម​ថា និន្នាការ​នេះ​នឹង​ត្រឡប់​ទៅ​រក​ភាព​ល្អ​ប្រសើរ​វិញ​ជាពិសេស​ បន្ទាប់ពី​ការបោះឆ្នោត​»​។

លោក​បន្ត​ថា​៖ «​ប៉ុន្តែ ប្រសិន​បើ​ពួកគេ​ដាក់​កំហិត​ទៅ​លើ​សេរីភាព​សារព័ត៌មាន​ទាំង​ស្រុង​ពួកគេ​នឹង​បិទ​សារព័ត៌មាន​ដទៃៗ​ទៀត​ដូចជា​កាសែត​ភ្នំពេញ​ប៉ុស្តិ៍ និង​វិទ្យុ​បារាំង​អន្តរជាតិ​»​។

ប៉ុន្តែ​លោក​ថ្លែង​ថា​កម្ពុជា​មិន​ទាន់​លិចលង់​ដូច​ប្រទេស​ដទៃៗ​ទេ​ហើយ​លោក​មិន​យល់​ស្រប​នឹង​ការ​លើកឡើង​ថា កម្ពុជា​កំពុង​ស្ថិត​នៅក្នុង​ផ្លូវ​ស្រដៀង​គ្នា​នឹង​ចិន​នោះ​ទេ​។ លោក​បន្ត​ថា​៖ «​ប្រទេស​ចិន​មិន​មាន​សារព័ត៌មាន​ឯកជន​ណា​មួយ​ទេ ដូច្នេះ​យើង​មិនអាច​និយាយ​ថា កម្ពុជា​កំពុង​ចម្លង​តាម​គំរូ​ចិន សម្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​សេរីភាព​សារព័ត៌មាន​នោះ​ទេ​»​។

លោក ហ៊ុយ វណ្ណៈ ប្រធាន​សហភាព​សហព័ន្ធ​អ្នក​សារព័ត៌មាន​កម្ពុជា និង​ជា​អនុរដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ​បាន​ថ្លែង​ថា​លោក​មិន​មាន​ក្តីបារម្ភ អំពី​ការដាក់​ចំណាត់​ថ្នាក់​នេះ​ទេ​។ លោក​បាន​ថ្លែង​បន្ត​ថា​៖ «​ខ្ញុំ​មិន​ខ្វល់​»​។ «​បញ្ហា​មួយ​ចំនួន​កើតឡើង [​មាន​] ​ឧបសគ្គ​សម្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​ប្រទេស​កម្ពុជា​... យើង​ចាំបាច់​ទទួល​ស្គាល់​បញ្ហា​នោះ ប៉ុន្តែ​ខ្ញុំ​មិន​ដឹង​ថា​វា​ប្រសើរ​ ឬ​អាក្រក់​ទេ​។ ខ្ញុំ​មិន​ចង់​ប្រៀបធៀប​ប្រទេស​របស់​ខ្ញុំ​ទៅ​ប្រទេស​ដទៃៗ​​ទេ​»​។ នៅពេល​សួរ​អំពី​ឥទ្ធិពល​របស់​ចិន លោក​ វណ្ណៈ បាន​សើច​។ លោក​បាន​សួរថា​៖ «​ហេតុអ្វី​ជនជាតិ​ស្បែក​ស​មាន​ទស្សនៈ​អវិជ្ជមាន​ចំពោះ​ចិន​? ខ្ញុំ​មិន​យល់​ស្រប​ចំពោះ​ការយល់ឃើញ​របស់​លោក​ខាងលិច ចំពោះ​ចិន និង​ការយល់ឃើញ​មក​លើ​កម្ពុជា​។ ប្រសិនបើ​អ្នក​គោរព​សេរីភាព អ្នក​ត្រូវ​គោរព​សេរីភាព​នៃ​ការជ្រើសរើស​»​។

ក្នុង​រយៈកាល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​គេ​ឃើញ​មាន​ការ​ប្រែប្រួល​ចុះ​ឡើង​ចំពោះ​ការ​ដាក់​ចំណាត់ថ្នាក់​សេរីភាព​សារព័ត៌មាន​របស់​កម្ពុជា​ដែល​បាន​ធ្លាក់​ចុះ​ពី​ចំណាត់ថ្នាក់ ១៣៩ ក្នុង​ឆ្នាំ​ ២០១៥ និង​ឡើង​រហូត​ដល់​ ១២៨ ក្នុង​ឆ្នាំ​ ២០១៦ និង​ធ្លាក់​ចុះ​វិញ​ដល់ ១៣២ កាលពី​ឆ្នាំ​មុន​៕ PS