ភ្នំពេញៈ ក្រសួងមហាផ្ទៃនឹងបញ្ជូនក្រុមអ្នកជំនាញទៅត្រួតពិនិត្យ និងសម្ភាសន៍រកឆន្ទៈពិតរបស់ជនភៀសខ្លួនពីកោះ Nauru ៤ រូបទៀតដែលថាស្ម័គ្រចិត្តមករស់នៅកម្ពុជាមុននឹងទទួលយក។
ថ្លែងប្រាប់អ្នកសារព័ត៌មានក្រោយសិក្ខាសាលាមួយនៅសណ្ឋាគារ អ៊ីនធើរខន ភ្នំពេញ កាលពីម្សិលមិញ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង បានឲ្យដឹងថា ក្រុមអ្នកជំនាញដែលត្រូវបានចាត់តាំងទៅត្រួតពិនិត្យ និងប្រមូលព័ត៌មានពីជនភៀសខ្លួនដែលគ្រោងចង់មករស់នៅកម្ពុជានឹងធ្វើដំណើរទៅកាន់កោះ Nauru ប្រទេសអូស្ត្រាលីនៅចុងខែកញ្ញា ឬដើមខែតុលាខាងមុខនេះ។
លោកបន្តថា៖ «ខ្ញុំបានដំណឹងថាមានជនភៀសខ្លួន ៤ នាក់ចង់មកកម្ពុជាអ៊ីចឹងយើងនឹងបញ្ជូនអ្នកជំនាញទៅសម្ភាសន៍ដើម្បីសួរព័ត៌មានថាពួកគេជាជនភៀសខ្លួនមែន ឬមិនមែន? បើគេជាជនភៀសខ្លួនមែនគឺយើងនឹងទទួលពួកគេយកមកកម្ពុជា»។
លោកឧបនាយករដ្ឋមន្ត្រីក៏បានបញ្ជាក់ដែរថាការធ្លាក់តំណែងរបស់អតីតនាយករដ្ឋមន្ត្រីអូស្ត្រាលី Tony Abbott គឺមិនប៉ះពាល់ដល់ចំណងការទូត ឬកិច្ចព្រមព្រៀងជនភៀសខ្លួនរវាងប្រទេសទាំងពីរនោះឡើយ។
កាលពីខែកញ្ញា ឆ្នាំ ២០១៤ កម្ពុជាបានព្រមព្រៀងទទួលយកជនភៀសខ្លួនពីជំរំឃុំឃាំងនៅលើកោះ Nauru ជាថ្នូរនឹងប្រាក់ជំនួយ ៤០ លានដុល្លារអាមេរិកប៉ុន្តែរហូតមកដល់ពេលនេះទើបតែមាន ៤ នាក់ ក្នុងចំណោមជនភៀសខ្លួន ៦៧៧ នាក់ដែលយល់ព្រមមកកម្ពុជានៅខែមិថុនាឆ្នាំ ២០១៥ នេះក្នុងនោះមាន ៣ នាក់ជាជនជាតិអ៊ីរ៉ង់ និងម្នាក់ជាជនជាតិ Rohingya។
បើតាមអ្នកនាំពាក្យក្រសួងមហាផ្ទៃលោក ខៀវ សុភ័គ បុរសជនជាតិ Rohingya បានសម្រេចចិត្តចាកចេញពីកម្ពុជាទៅរស់នៅមីយ៉ាន់ម៉ាវិញព្រោះនឹកស្រុកកំណើត៕