ភ្នំពេញៈ កម្ពុជា​នឹង​ធ្វើ​ជាម្ចា​ស់​​​​ផ្ទះ​ ក្នុង​ការ​រៀបចំ​កិច្ច​ប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​​បរិស្ថាន​មក​ពី​បណ្តា​ប្រទេស​អាស៊ាន ​លើកទី១៥ និង​កិច្ច​ប្រជុំ​ពាក់ព័ន្ធ​ផ្សេង​ទៀត​ ចាប់​ពី​ថ្ងៃទី​ ៧ ដល់ថ្ងៃ​ទី ១១ ខែ ​តុលា​ នៅ​ខេត្ត​សៀមរាប​ខណៈ​ដែល​បញ្ហា​បរិស្ថាន​កំពុង​តែ​ក្លា​យ​ទៅ​ជា​ក្តី​កង្វល់​ដ៏ធំ​មួយ​ទាំង​នៅ​ថ្នាក់​តំបន់​ និង​ពិភពលោក។

លោក នេត្រ ភក្ត្រា ​រដ្ឋ​​​​លេខា​ធិការ និង​ជា​អ្នក​នាំពាក្យ​ក្រសួង​បរិស្ថាន បាន​ប្រាប់​ភ្នំពេញប៉ុស្តិ៍​កាល​ពី​ថ្ងៃ​ពុធ​ថា ក្រសួង​បរិស្ថាន​ក៏​ដូចជា​អ្នក​ពាក់​ព័ន្ធ​នា​នា​ បាន​ត្រៀម​ខ្លួន​រួច​ជាស្រេច​ហើ​យ​ ចំពោះ​កិច្ច​ប្រជុំ​នេះ។

ប៉ុន្តែលោក ភក្ត្រា មិន​ទាន់​អាច​ប្រាប់​លម្អិ​ត​​បានទេថា ​តើ​កម្ពុជា​ត្រូវ​ត្រៀម​អ្វី​ខ្លះ​នោះ។ លោក​បញ្ជាក់​ថា៖ «​ខ្ញុំ​មិន​អាច​ជម្រាប​បាន​ទេ ពាក់​ព័ន្ធ​នឹង​ការ​ត្រៀម​រៀប​ចំព្រោះ​ខ្លះពាក់ព័ន្ធ​ជាមួយ​នឹង​សន្តិសុខ»។

កាល​ពីថ្ងៃ​អង្គារលោក​ សា​យ សំអាល់ រដ្ឋ​មន្រ្តី​ក្រសួង​បរិស្ថា​ន បាន​ដឹក​នាំ​កិច្ច​ប្រជុំ​មួយ​ ដើម្បី​ត្រៀម​រៀប​ចំ​កិច្ច​ប្រជុំ​ថ្នាក់​រដ្ឋមន្រ្តី​បរិស្ថាន​អាស៊ាន និង​កិច្ចប្រជុំ​ពាក់​ព័ន្ធ​នេះ។

សមាស​ភាពអ្នក​​ចូល​រួម​កិច្ច​ប្រជុំ​នៅ​ខែតុលា​​ខាង​មុខ​មាន រ​ដ្ឋ​មន្រ្តី និង​មន្ត្រី​បរិស្ថាន​អាស៊ា​ន​​​ទាំង ​១០ ​ប្រទេស អគ្គ​លេខាធិការ​អាស៊ាន និង​រដ្ឋ​មន្រ្តី​បរិស្ថា​ន ចិន ជប៉ុន ​កូរ៉េ និង​រដ្ឋ​មន្ត្រី​មក​ពី​បណ្តា​ប្រទេស ​​រុស្សី សហរដ្ឋ​អាមេ​រិក ឥណ្ឌា អូស្រ្តាលី និង​នូវែលសេឡង់។

លោក ស ម៉ូរី អនុ​ប្រធាន​បណ្តាញ​យុវជន​កម្ពុជា ដែល​តែង​តែ​ចូល​រួម​ចុះ​ល្បាត​ព្រៃ​ដើម្បី​ទប់​ស្កាត់​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍ កាល​ពី​ថ្ងៃ​ពុធ ថា នេះ​ជា​គំនិត​មួយ​ល្អ ដែល​រដ្ឋមន្ត្រី​អាស៊ាន ​មាន​គំនិត​ផ្តួច​ផ្តើម​ឱ្យ​មាន​ការជួប​ជជែក​គ្នា​ អំពី​កិច្ច​សហការ និង​ការ​ប្តេជ្ញា​ចិត្ត​ក្នុង​ការ​ចូលរួ​ម​​ការពារ​បរិស្ថាន ជាពិសេស​ការ​រៀបចំ​យន្តការ​ថ្នាក់តំបន់​ ដើម្បី​ចូលរួម​ដោះស្រាយ​បញ្ហា​បរិ​ស្ថា​​ន​។ លោក​ថា បញ្ហា​បរិស្ថាន​មិន​ត្រឹមតែ​ជា​បញ្ហា​នៅ​ក្នុង​កម្រិត​ជាតិ​នោះទេ តែ​ជា​បញ្ហា​ក្នុង​តំប​ន់ និង​សកល​លោក​​ផងដែរ។

លោក ស ម៉ូរី បញ្ជាក់​ថា៖ «ខ្ញុំគិតថា ជំនួប​របស់​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​ ដែល​ជា​អ្នកបច្ចេក​ទេស​នេះ វា​ជា​រឿង​មួយ​ល្អ ដែល​អ្នក​ជំនាញ​ផ្នែក​បរិ​ស្ថាន​ ឬក៏​រដ្ឋមន្ត្រី​ផ្នែក​បរិ​ស្ថាន​ពី​ប្រទេ​ស​នីមួយៗ​នឹង​ផ្តួច​ផ្តើម​ក្នុង​ការ​បង្កើត​ក្របខ័ណ្ឌ​ច្បាប់ ហើយ​និង​គោល​នយោ​បាយ​ដើម្បី​តាមដាន​ ត្រួត​ពិនិត្យ​ ហើយ​និង​ដោះស្រាយ​បញ្ហា​បរិស្ថាន»។

លោកបញ្ជាក់​ថា កន្លង​មក​ឃើញ​មាន​យន្តការ​ជាច្រើន​ រប​ស់​គណៈ​កម្មការ​ទន្លេ​មេគង្គ (MR​C) តែមិន​ត្រូវ​បាន​យក​អនុវត្ត​ឱ្យ​មាន​ប្រសិទ្ធភាពទេ។ លោក ស ម៉ូរី ​បន្តថា រដ្ឋ​មន្ត្រី​នៃ​ក្រសួង​បរិស្ថាន​ក្នុង​បណ្តា​ប្រទេស​អាស៊ាន​ និង​អ្នក​ជំនាញ​បរិស្ថា​ន​អាស៊ាន​ មក​ពី​តំណាង​រដ្ឋ​នីមួយ​ៗ គួរ​​មាន​យន្តការ​ឱ្យ​បាន​ច្បាស់​លាស់ ហើយ​យន្ត​​ការ​​នេះ​ត្រូវធានា​ឱ្យ​មាន​ការចូលរួម​ពេញលេញ​ពី​ប្រជា​ពល​​រដ្ឋ​មូលដ្ឋាន និង​ពង្រឹង​ភាព​ជា​ដៃ​គូជា​មួយ​សង្គមស៊ីវិល និង​សហគមន៍​ឱ្យ​បាន​ប្រសើរ​ ដើម្បី​ចូលរួម​ដោះស្រាយ​បញ្ហា​បរិស្ថាន​ក្នុង​តំបន់​។

កាលពី​រសៀល​ថ្ងៃទី ១៦ ខែ កក្កដា ឆ្នាំ ២០១៩ សមត្ថ​កិច្ច​ពាក់​ព័ន្ធ​បាន​គាស់​ទូ​កុងតឺន័រ​ ចំនួន ៨៣ ដែល​ត្រូវ​បាន​គេនាំ​ចូល​មក​ពី​សហដ្ឋ​អាមេរិក និង​កាណាដា ​មក​​ដាក់​តម្រៀប​នៅ​ក្នុង​​បរិវេណ​កំពង់ផែ​ក្រុង​ព្រះ​​សីហនុ ដើម្បី​ពិនិត្យ​ជាក់ស្ដែង។ នៅ​ពេល​ធ្វើ​ការ​ពិនិត្យ​ទូ​កុង​តឺន័រ​​ទាំង​នោះ ក៏​​រក​ឃើញ​​សុទ្ធ​​តែ​សំរាមប្លាស្ទិក​ ​ដែល​មាន​ទម្ងន់​ប្រមា​ណ​ជិត ១ ៦០០ តោន​ ដែល​បញ្ហា​នេះ​បាន​ធ្វើ​ឲ្យ​មាន​កង្វល់​អំពី​បញ្ហា​បរិស្ថាន​ ខណៈ​ដែល​ខេត្ត​ព្រះ​សីហនុ​កំពុងជួប​បញ្ហា​ប្រឈម​ជា​ច្រើន​ ដែល​បាន​បង្ក​ឲ្យ​មាន​ផល​ប៉ះពាល់​ដល់​បរិស្ថាន​នេះ៕