ភ្នំពេញៈ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលនឹងដឹកម៉ាស់ជាង ២ លាន ១០ ម៉ឺនម៉ាស់ និងសម្ភារវេជ្ជសាស្ត្រផ្សេងទៀតទៅជួយមីយ៉ាន់ម៉ានៅថ្ងៃទី ២៦ វិច្ឆិកា ស្អែកនេះ បន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសម្រេចបរិច្ចាគម៉ាស់ និងសម្ភារទាំងនេះទៅប្រទេសមីយ៉ាន់ម៉ា ជាអ្វីដែលមន្ត្រីរដ្ឋាភិបាលថា ជាទឹកចិត្តក្នុងការជួយគ្នាទៅវិញទៅមក។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី ២៤ វិច្ឆិកា បានសរសេរក្នុងលិខិតមួយដោយសម្រេចបរិច្ចាគម៉ាស់ជាង ២ លាន ១០ ម៉ឺន និងសម្ភារវេជ្ជសាស្ត្រចំនួន ១០ ប្រភេទផ្សេងទៀតទៅឱ្យមីយ៉ាន់ម៉ា ដើម្បីចូលរួមទប់ស្កាត់ជំងឺកូវីដ ១៩។
នៅក្នុងលិខិតនោះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់ថា៖ «ក្នុងស្មារតីមិត្តភាព និងសាមគ្គីភាពដ៏យូរអង្វែងក៏ដូចជាការរួមដៃគ្នាជាមួយលោកជំទាវក្នុងកិច្ចខិតខំប្រឹងប្រែងបង្ការការរីករាលដាលជំងឺកូវីដ ១៩ តាងនាមរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ខ្ញុំសូមធ្វើការបរិច្ចាគនូវម៉ាស់ចំនួន ២ ០០០ ០០០ (ពីរលាន) និងសម្ភារវេជ្ជសាស្ត្រមួយចំនួនទៀតដូចមានក្នុងបញ្ជីរាយនាមជូនដល់រដ្ឋាភិបាល និងប្រជាជនមីយ៉ាន់ម៉ា»។
លោក ហ៊ុន សែន បន្តថា លោកបានចាត់តាំងលោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលនាំយកអំណោយទាំងនេះទៅរដ្ឋធានីណៃពិដោរនៅថ្ងៃទី ២៦ ខែវិច្ឆិកា តាមយន្តហោះពិសេស។ លោកមានជំនឿថា កិច្ចខិតខំប្រឹងប្រែងរួមនេះអាចនាំមកនូវជោគជ័យក្នុងការប្រយុទ្ធនឹងជំងឺកូវីដ ១៩ និងការងើបឡើងវិញយ៉ាងរឹងមាំជាមួយគ្នា។
លោកនាយករដ្ឋមន្ត្រីក៏បានអបអរសារទរចំពោះលោកស្រី អ៊ុងសាន ស៊ូជី ដែលបានទទួលជ័យជម្នះរបស់គណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យក្នុងការបោះឆ្នោតសកលនៅមីយ៉ាន់ម៉ាកាលពីពេលថ្មីៗនេះ។ លោកថា ជ័យជម្នះនេះ ឆ្លុះបញ្ចាំងពីភាពជាអ្នកដឹកនាំពោរពេញដោយសមត្ថភាពក្នុងការដឹកនាំមីយ៉ាន់ម៉ាឆ្ពោះទៅរកភាពរីកចម្រើនដ៏ប្រសើរក្នុងកិច្ចផ្សះផ្សា និងកសាងជាតិ។
លោកមានប្រសាសន៍ដូច្នេះថា៖ «ខ្ញុំក៏សូមអះអាងជាថ្មីនូវការប្តេជ្ញាចិត្តធ្វើការយ៉ាងជិតស្និទ្ធជាមួយលោកជំទាវក្នុងក្របខ័ណ្ឌទ្វេភាគី និងតំបន់ ដើម្បីនាំមកនូវផលប្រយោជន៍ជាក់ស្តែងកាន់តែច្រើនថែមទៀតសម្រាប់ប្រទេសយើងទាំង ២ និងវិបុលភាពដ៏ធំធេងសម្រាប់សហគមន៍អាស៊ាន»។
កាលពីសប្ដាហ៍មុន កម្ពុជាបានបរិច្ចាគម៉ាស់ ២ លាន ១០ ម៉ឺនម៉ាស់ និងសម្ភារវេជ្ជសាស្ត្រ ១២ មុខផ្សេងទៀតដល់ប្រទេសឡាវដែលនៅជិតខាងផងដែរ។
ភ្នំពេញ ប៉ុស្តិ៍ មិនអាចទាក់ទងលោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាលដើម្បីបញ្ជាក់ពីចំនួនម៉ាស់ដែលកម្ពុជាកំពុងមានក្នុងស្តុកបានទេ កាលពីម្សិលមិញ។
ប៉ុន្តែអ្នកនាំពាក្យរាជរដ្ឋាភិបាលលោក ផៃ ស៊ីផាន បានថ្លែងថា ការបរិច្ចាគម៉ាស់ទៅប្រទេសជិតខាងគឺបង្ហាញពីទឹកចិត្ត និងបេះដូងរបស់កម្ពុជាក្នុងការជួយគ្នាទៅវិញទៅមកក្នុងគ្រាមានអាសន្ន។ ការជួយគ្នានេះបង្ហាញពីភាពល្អូកល្អិនជាមួយគ្នា និងការសហប្រតិបត្តិការជាមួយគ្នាទៅវិញទៅមក។
លោកថា៖ «ជាមួយនេះកម្ពុជាបានបង្ហាញពីវប្បធម៌មនុស្សធម៌មិនមែនសម្រាប់តែអ្នកជិតខាងទេ សូម្បីពិភពលោកក៏កម្ពុជាបានបង្ហាញបេះដូងមនុស្សរបស់កម្ពុជាផងដែរ...»។
បើតាមលោក ផៃ ស៊ីផាន កម្ពុជាមានម៉ាស់គ្រប់គ្រាន់ក្នុងការត្រៀមប្រើប្រាស់ ដោយសារតែរដ្ឋាភិបាលអនុវត្តគោលការណ៍មួយគឺដក ១ លានម៉ាស់ពីស្តុក ដាក់ចូលវិញ ១ លានម៉ាស់។
បើតាមអង្គការសុខភាពពិភពលោកប្រទេសមីយ៉ាន់ម៉ា មានអ្នកឆ្លងជំងឺកូវីដ ១៩ ជិត ១ ម៉ឺននាក់ និងស្លាប់ ១ ៧៣៩ នាក់ គិតត្រឹមថ្ងៃទី ២៣ វិច្ឆិកា៕