ភ្នំពេញៈ អ្នកនាំពាក្យមជ្ឈមណ្ឌលជាតិរក្សាសន្តិភាពនៃក្រសួងការពារជាតិ បានប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃពុធថាកម្ពុជានឹងបញ្ជូនកងកម្លាំងវិស្វកម្មមួកខៀវ ២០៤ នាក់ ទៅចូលរួមបំពេញបេសកកម្មរយៈពេល ១ ឆ្នាំនៅសាធារណរដ្ឋអាហ្វ្រិកកណ្តាលក្រោមឆត្ររបស់អង្គការសហប្រជាជាតិនៅចុងខែតុលានេះ។
មន្ត្រីនាំពាក្យមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព អ្នកស្រី កុសល ម៉ាលីនដា ថ្លែងថាក្នុងចំណោមកងកម្លាំងវិស្វកម្មមួកខៀវទាំង ២០៤ នាក់នោះមាន ១០ នាក់ជាស្ត្រី។ បេសកកម្មរយៈពេល ១ ឆ្នាំនេះ ពួកគេនឹងត្រូវចូលរួមជាមួយកងកម្លាំងរក្សាសន្តិភាពដែលមកពីបណ្តាប្រទេសផ្សេងៗមួយចំនួនទៀតក្នុងការស្ថាបនាផ្លូវ និងទីបញ្ជាការកងកម្លាំងរក្សាសន្តិភាព ព្រមទាំងការងារបោសសម្អាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ។
អ្នកស្រីបានបន្តថា៖ «យោងតាមគម្រោងផែនការដែលយើងទទួលបាននៅក្នុងបេសកកម្មនេះ កងកម្លាំងមួកខៀវរបស់យើងនឹងត្រូវឈរជើងនៅក្នុងទីតាំងចំនួន ២ ក្នុងនោះនៅទីក្រុងប្រៀ (Bria) មានមួយទីតាំង និងនៅទីក្រុងបាំបារី (Bambari) មានមួយទីតាំង»។
អ្នកស្រីឲ្យដឹងដែរថា គិតចាប់តាំងពីឆ្នាំ ២០០៦ រហូតដល់បច្ចុប្បន្នកម្ពុជាបានបញ្ជូនកងកម្លាំងសរុបចំនួន ៦ ៣០០ នាក់។ ក្នុងនោះមានកម្លាំងនារីជិត ៣០០ នាក់ លើជំនាញបោសសម្អាតមីន វិស្វកម្មសំណង់ផ្តេក-បញ្ឈរ តម្រួតសណ្តាប់ធ្នាប់ មន្ទីរពេទ្យកម្រិត ២ វិស្វកម្មព្រលានយន្តហោះ និងកងកម្ទេចគ្រាប់មិនទាន់ផ្ទុះទៅចូលរួមក្នុងបេសកកម្មរបស់អង្គការសហប្រជាជាតិចំនួន ១០ លើក ក្នុងប្រទេសចំនួន ៨ រួមមានប្រទេស ស៊ូដង់ ស៊ូដង់ខាងត្បូង ឆាដ ស៊ីរី ស៊ីប អាហ្វ្រិកកណ្តាល លីបង់ និងប្រទេស ម៉ាលី។
អ្នកស្រីបន្ថែមថា៖ «បច្ចុប្បន្នកម្លាំងមួកខៀវកម្ពុជាកំពុងបំពេញបេសកកម្ម នៅក្រោមឆត្ររបស់អង្គការសហប្រជាជាតិក្នុងប្រទេសចំនួន ៥ រួមមានប្រទេស អាហ្វ្រិកកណ្តាល លីបង់ ម៉ាលី ស៊ូដង់ខាងត្បូង និងប្រទេស ស៊ូដង់ ដែលមានកម្លាំងចំនួនជាង ៨០០ នាក់ ក្នុងនោះកម្លាំងនារីមានជាង ៦០ នាក់»។
បើតាមអ្នកស្រី ម៉ាលីនដា ការបញ្ជូនកងកម្លាំងមួកខៀវកម្ពុជាចូលទៅក្នុងបេសកកម្មនេះគឺបង្ហាញថាកម្ពុជាអនុវត្តបាន ១០០% តាមអ្វីដែលកម្ពុជាបានចុះអនុស្សរណៈយោគយល់គ្នាជាមួយអង្គការសហប្រជាជាតិ ហើយក៏បង្ហាញឲ្យឃើញផងដែរថា កម្ពុជាជាប្រទេសមួយដែលមានសន្តិភាពពេញលេញ។
កាលពីពេលកន្លងទៅថ្មីៗនេះលោកស្រី Paulin Tamesis អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំកម្ពុជាថ្លែងថាបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ គឺជាគំរូជាក់ស្តែងមួយដែលបង្ហាញពីសកម្មភាពក្នុងលក្ខណៈពហុភាគី ហើយរដ្ឋាភិបាលនៃសហគមន៍អាស៊ានក៏បានផ្តល់នូវការគាំទ្រយ៉ាងខ្លាំងក្លាផងដែរ។
សមាជិកអាស៊ានទាំង ១០ ប្រទេស បានចុះហត្ថលេខាលើគំនិតផ្តួចផ្តើមសកម្មភាពដើម្បីសន្តិភាពនេះ។ ជាពិសេសប្រទេសកម្ពុជាបានទទួលភាពល្បីល្បាញលើឆាកអន្តរជាតិ។ ក្នុងចំណោម ១២២ ប្រទេស ដែលបានបរិច្ឆាគ កងកម្លាំងក្នុងបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ កម្ពុជាទទួលបានចំណាត់ថ្នាក់លេខ ២៩។
លោកស្រី Paulin Tamesis បានបញ្ជាក់ថា៖ «ក្នុងវិស័យរក្សាសន្តិភាព រាជរដ្ឋាភិបាលកម្ពុជាបានបង្ហាញពីចក្ខុវិស័យក្នុងគោលដៅធានានិរន្តរភាពនៃការបញ្ជូនកងកម្លាំងរក្សាសន្តិភាព ដោយប្តេជ្ញាបន្តវិភាគទានចូលរួមបេសកកម្មរបស់អង្គការសហប្រជាជាតិ ដើម្បីរួមចំណែកជាមួយសហគមន៍អន្តរជាតិក្នុងកិច្ចប្រឹងប្រែងស្វែងរកសន្តិភាពជូនប្រទេសដទៃនៅលើសកលលោកតាមសំណើរបស់អង្គការសហប្រជាជាតិ»៕