ភ្នំពេញៈ រាជរដ្ឋាភិបាល​កម្ពុ​ជាតា​មរយៈ​ក្រសួង​ការពារ​ជាតិ​នឹង​បញ្ជូន​កងទ័ព​មួក​ខៀវ​ប្តូរវេន​ចំនួន ១៨៤ នាក់​ទៅ​កាន់​សាធា​រណរដ្ឋ​លីបង់ ដើម្បី​ចូលរួម​ក្នុង​បេសកកម្ម​ថែរក្សា​សន្តិភាព​ជាមួយ​អង្គការ​សហ​ប្រជាជាតិ​នៅ​ចុង​ខែ​មករា​នេះ។ នេះ​បើតាម កញ្ញា កុសល ម៉ាលីនដា អ្នក​នាំពាក្យ​មជ្ឈមណ្ឌល​ជាតិ​គ្រប់គ្រង​កង​កម្លាំង​រក្សា​សន្តិភាព​បោស​សម្អាត​គ្រាប់​មីន និង​គ្រាប់​មិន​ទាន់​ផ្ទុះ។

កញ្ញា កុសល ម៉ា​លីន​ដា បាន​ប្រាប់កាសែត​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ម្សិលមិញ​ថា កម្លាំង​ទ័ព​មួក​ខៀវ​ដែល​ត្រូវ​បន្ដវេន​នៅ​សាធា​រណរដ្ឋ​លីបង់​ទាំង ១៨៤ នាក់​នោះ​គឺមាន​មក​ពី​ក្រសួង​ការពារ​ជាតិ អគ្គ​មេ​បញ្ជាកា​រដ្ឋាន ​មជ្ឈមណ្ឌល​ជាតិ​គ្រប់គ្រង​កងកម្លាំង​រក្សា​សន្តិភាព​បោស​សម្អាត​គ្រាប់​មីន​និង​គ្រាប់​មិន​ទាន់​ផ្ទុះ កងពល​ធំ​អន្តរា​គមន៍​លេខ ២ សាកល​វិទ្យាល័យ​ការពារ​ជាតិ បញ្ជាកា​រដ្ឋាន​កងទ័ព​ជើង​គោក យោធ​ភូមិភាគ​ផ្សេងៗ និង​ពី​អង្គភាព​មួយ​ចំនួន​ទៀត។

កញ្ញា​បាន​បន្តថា បេសកកម្ម​ថែរក្សា​សន្តិភាព​ជាមួយ​អង្គការ​សហ​ប្រជាជាតិ​នេះ ទាក់ទង​នឹង​ផ្នែក​បោស​សម្អាត​មីន បោះ​បង្គោល​ព្រំដែន និង​សាង​សង់​សំណង់​ដេក​សំណង់​បញ្ឈរ ជា​ច្រើន​ទៀត។

យ៉ាងណាក៏ដោយ កញ្ញា ម៉ា​លីន​ដា​មិន​បាន​បញ្ជាក់​ពី​កាលបរិច្ឆេទ​នៃ​ការ​ចេញ​ដំណើរ​ច្បាស់​លាស់​ទេ ដោយ​គ្រាន់​តែ​ថា នៅ​ចុង​ខែ​មករា​ឆ្នាំ ២០១៩។

កញ្ញា​បាន​បញ្ជាក់ថា៖ «តាម​ព័ត៌មានបឋម​ហ្នឹង​ក្នុង​ថ្ងៃ ១៥ ឬ១៧ នេះ ប៉ុន្តែ​ប្រហែល​ជា​អាច​មាន​ការ​លើក​ថ្ងៃ​ដោយ​សារ UN សុំ​លើក​ថ្ងៃ​ទៅ​ចុង​ខែ​មករា​វិញ។ យើង​បញ្ជូន​នៅ​ចុង​ខែ​មករា។

យើង​ប្តូរ​វេន​រាល់​ឆ្នាំ យើង​បញ្ជូន ១៨៤ នាក់​ទៅ និង ១៨៤ នាក់​ត្រឡប់​មក​វិញ។ កញ្ញា បាន​រំឭក​ថា ប្រទេស​កម្ពុជា​បាន​ទទួល​ការ​កោត​សរសើរ​ពី​ការ​បោស​សម្អាត​មីន​ដោយសារ​កម្លាំង​មួក​ខៀវ​របស់​កម្ពុជា​គឺជា​ប្រទេស​ទី ១ ដែល​បាន​ប្រើ​គ្រឿង​ចក្រ​ដើម្បី​បោស​សម្អាត​មីន​នៅ​សាធា​រណរដ្ឋ​លីបង់។ មុន​ពេល​បញ្ជូន​ទៅ​សាធា​រណរដ្ឋ លីបង់​កងកម្លាំង​មួក​ខៀវ​កម្ពុជា​សុទ្ធ​តែ​ត្រូវ​បាន​ហ្វឹកហ្វឺន​តាម​ស្តង់ដារ​និង​មេរៀន​របស់​អង្គការ​សហ​ប្រជាជាតិ ជាពិសេស​គឺ​ហ្វឹកហ្វឺន​ឲ្យ​គាត់​ស្គាល់​ពី​ស្តង់ដារ​នៃ​ការ​បោស​សម្អាត​មីន ហើយ​ពួកគាត់​ក៏ត្រូវ​បាន​បង្រៀន​អំពី​ភូមិ​សាស្ត្រ​និង​ការពារ​សុខភាព​ផង​ដែរ។

បើតាម​កញ្ញា កុសល ម៉ា​លីន​ដា ប្រទេស​កម្ពុជា​បាន​ចាប់ផ្តើម​បញ្ជូន​កម្លាំង​មួក​ខៀវ​ទៅ​កាន់​សាធា​រណរដ្ឋ​លីបង់​ក្នុង​ក្របខ័ណ្ឌ​បំពេញ​បេសកកម្ម​ថែរក្សា​សន្តិភាព​ជាមួយ​អង្គការ​សហ​ប្រជាជាតិ​តាំង​ពី​ឆ្នាំ ២០១០ មក​ហើយ។

សូមបញ្ជាក់ថា ចាប់តាំងពី​ឆ្នាំ ២០០៦ មក កម្ពុជា​បាន​បញ្ជូន​កម្លាំង​មួក​ខៀវ​របស់​ខ្លួន ទៅ​ចូលរួម​បេសកកម្ម​របស់​អង្គការ​សហ​ប្រជាជាតិ​សរុប​ប្រមាណ​ជាង ៥ ៧៨៣ នាក់​ហើយ ក្នុង​នោះ មាន​ស្ត្រី​ចំនួន ២៧៧ នាក់ ខណៈ​បច្ចុប្បន្ន​កម្ពុជា មាន​កម្លាំង​ប្រមាណ ១០០០ នាក់ កំពុង​បំពេញ​បេសក​កម្ម​នៅ​ក្នុង​ប្រទេស​ចំនួន ៤ រួម​មាន៖ សាធា​រណរដ្ឋ​ស៊ូដង់, ស៊ូដង់​ខាងត្បូង,អាហ្រ្វិកកណ្តាល,លីបង់ និង​ម៉ាលី។ កម្លាំង​មួក​ខៀវ​ទាំង​អស់​នេះ​ហើយ​ដែល​បាន​ធ្វើ​ឱ្យ​កម្ពុជា​ក្លាយជា​ប្រទេស​បរិច្ចាគ​កម្លាំង​រក្សា​សន្តិភាព លេខ​រៀង​ទី ៣ នៃ​ប្រទេស​អាស៊ាន៕