ភ្នំពេញៈ កម្ពុជា​នឹង​បញ្ជូន​កងវិស្វកម្ម​លេខ ៥៩៤ ចំនួន ២១៦ នាក់​ទៀត​ទៅ​ចូលរួម​បេសកកម្ម​រក្សា​សន្តិភាព​ក្រោម​ស្លាក​អង្គការ​សហប្រជាជាតិ​នៅ​សាធារណរដ្ឋ​អាហ្វ្រិក​កណ្តាល​នា​ព្រឹក​ថ្ងៃទី​ ២ ខែ​វិច្ឆិកា​ស្អែក​នេះ​។ នេះ​បើ​តាម​សេចក្តី​ប្រកាស​របស់​អ្នក​នាំពាក្យ​ក្រសួង​ការពារ​ជាតិ​កាលពី​ថ្ងៃ​ម្សិលមិញ​។

លោក ឈុំ សុជាតិ អ្នក​នាំពាក្យ​ក្រសួង​ការពារ​ជាតិ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ម្សិលមិញ​ថា ការបន្ដ​បញ្ជូន​កងវិស្វកម្ម​ទៅ​ចូលរួម​បេសកកម្ម​រក្សា​សន្តិភាព ក្រោម​ស្លាក​អង្គការ​សហប្រជាជាតិ​នៅ​សាធារណរដ្ឋ​អាហ្វ្រិក​កណ្តាល​នេះ​គឺ​តាមរយៈ​ការប្ដេជ្ញា​ចិត្ដ​របស់​លោក​នាយករដ្ឋមន្ដ្រី​ ហ៊ុន សែន ក្នុង​ការចូលរួម​រក្សា​សន្ដិសុខ និង​សន្ដិភាព​ជូន​ប្រជាពលរដ្ឋ​នៅ​លើ​សកលលោក ព្រោះ​ប្រទេស​កម្ពុជា​ធ្លាប់​ឆ្លង​កាត់​បទពិសោធ​ឈឺចាប់​ចំពោះ​ការរងគ្រោះ​ដោយ​សង្គ្រាម​ដែល​បាន​បន្សល់​ទុក​គ្រាប់មីន​រហូត​ដល់​បច្ចុប្បន្ន​។

លោក​បន្ដ​៖ «​នេះ​ជា​ការប្ដេជ្ញា​ចិត្ដ​របស់​សម្ដេច​តេជោ​ក្នុង​ការចូលរួម​រក្សា​សន្ដិសុខ និង​សន្ដិភាព​ដើម្បី​ស្វះស្វែងរក​សន្ដិភាព​ជូន​ប្រជាពលរដ្ឋ​ក្នុង​សកលលោក​ព្រោះ​យើង​មាន​បទពិសោធ​នាពេល​កន្លង​មក​ក្នុង​សង្គ្រាម​ស៊ីវិល​ដោយ​ជួប​ប្រទះ​បទពិសោធ​ជូរចត់​ដោយសារ​ប្រទេស​យើង​មាន​មីន​ច្រើន​»​។

សេចក្តី​ប្រកាស​ក្រសួង​ការពារ​ជាតិ​បាន​ឲ្យ​ដឹង​ថា ក្នុង​ចំណោម​កងវិស្វកម្ម​លេខ ៥៩៤ ចំនួន ២១៦ នាក់​ក្នុង​នោះ​មាន​កងនារី​ ១០ នាក់​ផង​ដែរ​នឹង​ត្រូវ​ទៅ​ចូលរួម​បេសកកម្ម​នៅ​សាធារណរដ្ឋ​អាហ្វ្រិក​កណ្តាល​នេះ ហើយ​ការជូន​ដំណើរ​កងវិស្វកម្ម​ទាំង ២១៦​ ​នាក់​នឹង​ប្រព្រឹត្ត​ដោយ​មាន​ការចូលរួម​ពី​លោក​ ប៉ុល សារឿន ​ទេសរដ្ឋមន្ត្រី​ទទួល​បន្ទុក​បេសកកម្ម​ពិសេស​នៅ​មូលដ្ឋាន​ទ័ពអាកាស​ពោធិ៍ចិនតុង រាជធានី​ភ្នំពេញ​។

សេចក្ដី​ប្រកាស​ដដែល​បាន​បន្ដ​ថា​ក្រៅពី​រៀបចំ​ជូន​ដំណើរ​កងវិស្វកម្ម​លេខ ៥៩៤ កម្ពុជា​ក៏​រៀបចំ​កម្មវិធី​មាតុភូមិ​និវត្តន៍​នៃ​កងវិស្វកម្ម​លេខ ៩៥៤ ចំនួន ២១៦ នាក់​ពី​សាធាណរដ្ឋ​អាហ្វ្រិក​កណ្តាល និង​កងរាជ​អាវុធហត្ថ​លេខ​ ៦១៨ ចំនួន ៧៣ នាក់​ពី​សាធារណរដ្ឋ​ស៊ូដង់​ខាង​ត្បូង​ផង​ដែរ​។

ចំពោះ​ការទទួល​មាតុភូមិនិវត្តន៍​នឹង​ត្រូវ​បាន​រៀបចំ​ឡើង​ក្រោម​អធិបតីភាព​លោក ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​នៅ​ម៉ោង​ ៣ និង​ ៣០ ​នាទី​រសៀល​ថ្ងៃទី ​៣ ខែ​វិច្ឆិកា ឆ្នាំ​ ២០១៨ នៅ​មូលដ្ឋានទ័ព​អាកាស​ពោធិ៍ចិនតុង​។

សេចក្តី​ប្រកាស​ដដែល​ឲ្យ​ដឹង​ថា​កងវិស្វកម្ម​លេខ ៥៩៤ គឺជា​កងវិស្វកម្ម​លើក​ទី​ ៥ ​ហើយ​ដែល​កម្ពុជា​បាន​បញ្ជូន​ទៅ​ចូលរួម​បេសកកម្ម​រក្សា​សន្តិភាព​នៅ​សាធារណរដ្ឋ​អាហ្វ្រិក​កណ្តាល ហើយ​កង​នេះ​នឹង​ត្រូវ​ទៅ​ប្តូរ​វេន​ជំនួស​កងវិស្វកម្ម​លេខ ៩៥៤ ដែល​បាន​សម្រេច​ភារកិច្ច​ដោយ​ជោគជ័យ​ក្នុង​បេសកកម្ម​រក្សា​សន្តិភាព​អាណត្តិ​​ ១ ​ឆ្នាំ​របស់​ខ្លួន​នៅ​សាធាណរដ្ឋ​អាហ្វ្រិក​កណ្តាល​។

លោក ហ៊ុន សែន បាន​ថ្លែង​នៅក្នុង​ឱកាស​ជួប​សំណេះ​សំណាល​ជាមួយ​កម្មករ​ជាង ៦ ​ពាន់​នាក់​នៅ​ស្រុក​មុខកំពូល ខេត្ត​កណ្តាល​កាលពី​ម្សិលមិញ​ថា លទ្ធផល​ជោគជ័យ​នៅ​ក្នុង​ដំណើរ​បេសកកម្ម​នៅ​ក្រៅ​ប្រទេស​កាលពី​ពេល​ថ្មីៗ​កន្លង​មក​នេះ​លោក​បាន​សម្រេច​នូវ​កិច្ចការងារ​សំខាន់ៗ​ជាច្រើន​សម្រាប់​ប្រទេសជាតិ និង​ប្រជាពលរដ្ឋ​កម្ពុជា​។

លោក​បាន​បញ្ជាក់​ថា​៖ «​ជាក់ស្តែង​ដូចជា​ភាពជោគជ័យ​នៅ​អង្គការ​សហប្រជាជាតិ​ដែល​ខ្ញុំ​បាន​ថ្លែង​សារ​សំខាន់ៗ​ទៅ​កាន់​ពិភពលោក​រួម​ទាំង​បំណង​ល្អ​របស់​កម្ពុជា​ក្នុង​ការបន្ត​បញ្ជូន​កងកម្លាំង​រក្សា​សន្តិភាព​ជាមួយ​អង្គការ​សហប្រជាជាតិ ការបង្កើន​កិច្ចទំនាក់ទំនង​ការទូត និង​សហប្រតិបត្តិការ​ល្អ​ជាមួយ​ប្រទេស​ជាច្រើន​លើ​ឆាក​អន្តរជាតិ​»​។

គួរ​បញ្ជាក់​ថា​ចាប់​តាំងពី​ឆ្នាំ​ ២០០៦ មក​កម្ពុជា​បាន​បញ្ជូន​កងកម្លាំង​រក្សា​សន្តិភាព​ចំនួន ៥ ២៥៧ នាក់​ហើយ​ឲ្យ​ទៅ​បំពេញ​បេសកកម្ម​រក្សា​សន្តិភាព​នៅ​បណ្តា​ប្រទេស​មួយ​ចំនួន​ក្រោម​ស្លាក​អង្គការ​សហប្រជាជាតិ ប៉ុន្តែ​មិនមែន​ទាំងអស់​ទេ​ដែល​មាន​សំណាង​បាន​វិល​ត្រឡប់​មក​កាន់​ស្រុក​កំណើត​វិញ​ដោយ​មាន​ជីវិត​នោះ​។ បន្ទាប់ពី​មាន​ការ​វាយប្រហារ​នៅក្នុង​សាធារណរដ្ឋ​អាហ្វ្រិក​កណ្តាល​ដែល​បាន​សម្លាប់​មន្ត្រី​រក្សា​សន្តិភាព​កម្ពុជា​ចំនួន ៤ ​នាក់ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​បង្កើន​ការប្តេជ្ញាចិត្ត​របស់​កម្ពុជា​ទ្វេដង ដោយ​សន្យា​ថា​នឹង​បង្កើន​ចំនួន​មន្ត្រី​រក្សា​សន្តិភាព​៕