The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - កម្ពុជា​នឹង​ប្រើ​បទដ្ឋាន​បច្ចេកទេស​អគ្គិសនី​តាម​សិង្ហបុរី

កម្ពុជា​នឹង​ប្រើ​បទដ្ឋាន​បច្ចេកទេស​អគ្គិសនី​តាម​សិង្ហបុរី

ប្រអប់​ភ្លើង​រញ៉េរញ៉ៃ​នៅ​ជាប់​ជញ្ជាំង​អគារ​ប៊ុលឌីង​ក្នុង​សង្កាត់​ទន្លេ​បាសាក់​។
ប្រអប់​ភ្លើង​រញ៉េរញ៉ៃ​នៅ​ជាប់​ជញ្ជាំង​អគារ​ប៊ុលឌីង​ក្នុង​សង្កាត់​ទន្លេ​បាសាក់​។ ផា លីណា

កម្ពុជា​នឹង​ប្រើ​បទដ្ឋាន​បច្ចេកទេស​អគ្គិសនី​តាម​សិង្ហបុរី

ភ្នំពេញៈ កម្ពុជា​នឹង​ប្រើប្រាស់​បទដ្ឋាន​បច្ចេកទេស​អគ្គិសនី​ថ្មី​តាម​ស្តង់ដារ​របស់​ប្រទេស​សិង្ហបុរី​ក្នុង​ការ​រៀបចំ​បណ្តាញ​ដំឡើង និង​ប្រើប្រាស់​ប្រព័ន្ធ​អគ្គិសនី​ក្នុង​អគារ និង​លំនៅឋាន​តាម​លក្ខណៈ​បច្ចេកទេស​ដើម្បី​កាត់​បន្ថយ​គ្រោះថ្នាក់​អគ្គិសនី​ដែល​អាច​កើតឡើង​។

ការ​ប្រកាស​នេះ​ធ្វើ​ឡើង​ក្នុង​ពិធី​បញ្ចប់​គម្រោង​រៀបចំ «បទដ្ឋាន​បច្ចេកទេស​នៃ​ព្រះរាជណាចក្រ​កម្ពុជា​ដើម្បី​សុវត្ថិភាព​សម្រាប់​រៀបចំ​បណ្តាញ​អគ្គិសនី​ក្នុង​អគារ និង​លំនៅឋាន» ដែល​មាន​តម្លៃ​ជាង ២២ ម៉ឺន​ដុល្លារ​ដែល​ជា​ជំនួយ​របស់ Temasek Foundation នៃ​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី​លើ​វិស័យ​ថាមពល​​រវាង​កម្ពុជា និង​សិង្ហបុរី​កាលពី​ម្សិលមិញ​នៅ​សណ្ឋាគារ​ភ្នំពេញ។

រដ្ឋមន្ត្រី​ក្រសួង​រ៉ែ និង​ថាមពល លោក ស៊ុយ សែម បាន​ថ្លែង​ថា​រាជរដ្ឋាភិបាល​កម្ពុជា​បាន​និង​កំពុង​ពង្រីក​បណ្តាញ​បញ្ជូន និង​ចែកចាយ​ដើម្បី​ឆ្លើយតប​នឹង​សេចក្តី​ត្រូវ​ការ​អគ្គិសនី​ដែល​មាន​កំណើន​ប្រមាណ​ ២០ ភាគរយ​ក្នុង​មួយ​ឆ្នាំ​ហើយ​បណ្តាញ​ចែកចាយ​នឹង​ត្រូវ​ពង្រីក​បន្ថែម​ឲ្យ​ទៅ​ដល់​ទីប្រជុំជន តំបន់​ជនបទ និង​តំបន់​ដាច់​ស្រយាល​ថែម​ទៀត។ តាមរយៈ​ស្ថិតិ​លោក​ថា​ការ​ប្រើប្រាស់​ថាមពល​អគ្គិសនី​កើន​ពី​ជាង ៣ ពាន់ ៥ រយ​លាន​គីឡូវ៉ាត់​ម៉ោង​នៅ​ឆ្នាំ ២០១៣ ទៅ​ជាង​ ៤ ​ពាន់​ ១ រយ​សែសិប​លាន​គីឡូវ៉ាត់​ម៉ោង​នៅ​ឆ្នាំ ២០១៤ ពោល​គឺ​កើនឡើង​ប្រមាណ ១៧ %។

លោក ស៊ុយ សែម បន្ត​ថា៖ «ប្រព័ន្ធ​អគ្គិសនី​មាន​សារៈ​សំខាន់​ណាស់​ក្នុង​ជីវភាព​ប្រចាំ​ថ្ងៃ​ប៉ុន្តែ​អគ្គិសនី​ក៏​អាច​ឲ្យ​​មាន​​គ្រោះថ្នាក់​ខ្លាំង​ណាស់​ដែរ​បើ​សិន​ជា​យើង​មិន​ចេះ​ប្រើ​វា។ យ៉ាង​ណា​មិញ​ប្រព័ន្ធ​ចែកចាយ​អគ្គិសនី​នៅ​ទីសាធារណៈ​ក្នុង​បរិវេណ​ក្នុង​អគារ និង​ក្នុង​លំនៅឋាន​អាច​ឲ្យ​កើត​មាន​នូវ​គ្រោះថ្នាក់​ផ្សេងៗ​ដែល​បណ្តាល​មកពី​ការ​រៀបចំ ការ​ដំឡើង ការ​ប្រើប្រាស់​ប្រព័ន្ធ​អគ្គិសនី​ទាំង​នេះ​ខុស​បច្ចេកទេស ឬ​ខ្វះ​គោលការណ៍​សុវត្ថិភាព​ ឬ​ពុំ​មាន​វិធានការ​ការពារ​គ្រោះថ្នាក់​»​។

លោក Bernard Nee ជំនួយការ​អគ្គនាយក EMA (Energy Market Authority of Singapore) បាន​ឲ្យ​ដឹង​ថា​បទដ្ឋាន​បច្ចេកទេស​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ដើម្បី​សុវត្ថិភាព​សម្រាប់​រៀបចំ​បណ្តាញ​អគ្គិសនី​ក្នុង​អគារ និង​លំនៅឋាន​ក្រោម​គម្រោង​រយៈ ១៦ ​ខែ​នេះ​ត្រូវ​បាន​រៀបចំ​ឡើង​ដោយ​អនុលោម​ទៅ​តាម​ស្តង់ដារ​អនុវត្ត​របស់​សិង្ហបុរី​ដែល​ស្រប​នឹង​ស្តង់ដារ​អន្តរជាតិ។

លោក​ថា៖ «ប្រទេស​សិង្ហបុរី​ក្រោយ​ពេល​អនុវត្ត​តាម​ស្តង់ដារ​នេះ​យើង​បាន​សង្កេត​ឃើញ​មាន​ការ​ថយ​ចុះ​​នៃ​គ្រោះថ្នាក់​ក្នុង​លំនៅឋាន​គួរ​ឲ្យ​កត់សម្គាល់​គ្រោះថ្នាក់​បាន​ថយ​ចុះ​ពី ៥ ករណី​ជា​មធ្យម​ក្នុង​ ១ ​ឆ្នាំ​ទៅ​តិច​ជាង ៥ ករណី​ក្នុង​រយៈពេល ៣០ ​ឆ្នាំ​។

បើ​តាម​លោក Bernard Nee ជាច្រើន​ឆ្នាំ​កន្លងមក​សិង្ហបុរី​តែងតែ​ពិនិត្យ​ឡើង​វិញ និង​កែសម្រួល​ច្បាប់​បណ្តាញ​អគ្គិសនី​របស់​ខ្លួន​ស្រប​តាម​ការ​អភិវឌ្ឍ​នៃ​បច្ចេកវិទ្យា និង​ដើម្បី​ធានា​ថា​ស្តង់ដារ​របស់​ខ្លួន​មិន​មាន​ចន្លោះ​ប្រហោង​។

កាលពី​ថ្ងៃ​ទី ៨ ខែ​ឧសភា ឆ្នាំ​ ២០១៥ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​លើក​ឡើង​ថា​គ្រោះថ្នាក់​អគ្គិភ័យ​ភាគច្រើន​គឺ​បណ្តាល​មកពី​ឆ្លង​ចរន្តអគ្គិសនី ឬ​ទុស្សេ​ខ្សែ​ភ្លើង។ លោក​បាន​ប្រកាស​ឲ្យ​ស្ថាប័ន​ជំនាញ​យក​ចិត្ត​ទុកដាក់ និង​ត្រួតពិនិត្យ​ឡើង​វិញ​ជា​បន្ទាន់​នូវ​បណ្តាញ​អគ្គិសនី​ដើម្បី​ចៀសវាង​កុំ​ឲ្យ​មាន​ហេតុការណ៍ (គ្រោះថ្នាក់) ដដែលៗ​កើតឡើង​។

លោក​ថា៖ «នៅពេល​ដែល​​ខ្សែ​វា​ចាស់​ពេក កុង​តាក់​វា​ចាស់​ពេក ទាមទារ​ឲ្យ​មាន​ការ​ផ្លាស់ប្តូរ»។

គិត​ចាប់ពី​ខែ​មករា​ដល់​ខែ​ឧសភា ឆ្នាំ ២០១៥ គ្រោះថ្នាក់​អគ្គិភ័យ​បាន​កើតឡើង​​ក្នុង​រាជធានី​ភ្នំពេញ​ចំនួន ៦២ លើក បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​ម្នាក់ និង​របួស​ម្នាក់។ តួលេខ​នេះ​បាន​កើនឡើង​ជាង ២០ លើក​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ ២០១៤ ដែល​មាន​ត្រឹម​តែ ៤០ ករណី​ប៉ុណ្ណោះ​៕

អត្ថបទគួរចាប់អារម្មណ៍