ភ្នំពេញៈ ប្រមុខ​ការទូត​កម្ពុជា​លោក​ ប្រាក់ សុខុន ថ្លែង​ថា​លោក​នឹង​ផ្តល់​កិច្ចសហប្រតិបត្តិការ​យ៉ាង​ពេញទំហឹង​ជាមួយ​ឯកអគ្គរាជទូត​ជប៉ុន​ថ្មី​ប្រចាំ​កម្ពុជា​លោក Mikami Masahiro ដើម្បី​ឱ្យ​លោក​សម្រេច​នូវ​បេសកកម្ម​ការទូត​នៅ​កម្ពុជា​ប្រកប​ដោយ​ភាពជោគជ័យ ខណៈ​លោក​ក៏​ប្រាប់​មន្ត្រី​ទូត​ជប៉ុន​ជាន់ខ្ពស់​រូបនេះ​ថា កម្ពុជា​នៅ​តែ​បន្ត​កិច្ចសន្ទនា​ជាមួយ​សហភាព​អឺរ៉ុប​លើ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA​។

ក្នុង​ជំនួប​ជាមួយ​លោក Mikami Masahiro កាលពី​ថ្ងៃ​ចន្ទ ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​លោក​ ប្រាក់ សុខុន បាន​ប្រាប់​មន្ត្រី​ទូត​ថ្មី​នេះ​ថា ប្រជាជន​កម្ពុជា​ទាំងមូល​កំពុង​ទទួល​បាន​សន្តិភាព​ពេញលេញ និង​ស្ថិរភាព​នយោបាយ ពីព្រោះ​ប្រជាជន​ប្រមាណ​ ៨៣ ​ភាគរយ​បាន​ចេញ​ទៅ​បោះឆ្នោត​កាលពី​ឆ្នាំមុន​។

ប្រជាជន​ប្រមាណ​ ៧៧ ​ភាគរយ​​ បាន​គាំទ្រ​កម្មវិធី​នយោបាយ​របស់​រាជរដ្ឋាភិបាល​ទៀតផង​។ នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការបរទេស​ដែល​ស្រង់​សម្តី​លោក​ ប្រាក់ សុខុន កាលពី​ថ្ងៃ​អង្គារ​។

តាម​សេចក្តី​ប្រកាស​ព័ត៌មាន​លោក​ ប្រាក់ សុខុន បាន​ថ្លែង​ទៀតថា​កម្ពុជា​តែងតែ​រក្សា​ជំហរ​គាំទ្រ​ជប៉ុន​ក្នុង​ក្របខ័ណ្ឌ​តំបន់ និង​អន្តរជាតិ​។ លោក បញ្ជាក់ថា​៖ «​អាស៊ាន​ក៏​មាន​ចក្ខុវិស័យ​ស្តីពី Indo-Pacific នេះ​ផងដែរ ដែល​ទាំង​កម្ពុជា និង​អាស៊ាន​ចង់ឃើញ​គំនិត​ផ្តួចផ្តើម​ទាំងនេះ បំពេញ​បន្ថែម​ឱ្យ​គ្នា​ទៅវិញ​ទៅមក និង​មិន​ប្រឆាំង​គ្នា​»​។

ប្រមុខ​ការទូត​រូបនេះ​ក៏​បាន​ប្រាប់​ទូត​ជប៉ុន​ដែរ​ថា កម្ពុជា​នៅ​បន្ត​កិច្ចសន្ទនា​ដៃគូ​ជាមួយ​សហភាព​អឺរ៉ុប​ពាក់ព័ន្ធ​នឹង​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​លើ​ទំនិញ​គ្រប់មុខ​លើកលែង​តែ​អាវុធ​ (EBA)​។ ប៉ុន្តែ​ថា​កម្ពុជា​ក៏​បាន​គូសបន្ទាត់​ក្រហម​ដែល​មិនអាច​ឆ្លង​បាន​ដែរ​គឺ​ «​ដែន​អធិបតេយ្យ​របស់​កម្ពុជា​»​។

លោក​ ប្រាក់ សុខុន បន្ត​ថា​កំណើន​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ ២ ​ក្នុង​រយៈពេល​ ៥ ​ខែ​ ដើម​ឆ្នាំ​ ២០១៩ មាន​ទំហំ​ជាង​ ២ ​ពាន់លាន​ដុល្លារ​អាមេរិក ក្រោយពី​ការតភ្ជាប់​ជើង​ហោះហើរ​ត្រង់​។ ជើងហោះហើរ​ត្រង់នេះ​បាន​ជំរុញ​ដល់​ការផ្លាស់ប្តូរ​រវាង​ប្រជាជន​ និង​ប្រជាជន និង​រួមចំណែក​ដល់​ការជំរុញ​ពាណិជ្ជកម្ម​ និង​វិនិយោគ​ផងដែរ​។

លោក​ កេត សោផាន់ អ្នកនាំពាក្យ​ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ មិនអាច​ទាក់ទង​ដើម្បី​សុំ​ការបញ្ជាក់​បន្ថែម​បានទេ​កាលពី​ម្សិលមិញ​។

លោក​ គិន ភា ប្រធាន​វិទ្យាស្ថាន ទំនាក់ទំនង​អន្តរជាតិ​នៃ​រាជបណិ្ឌត្យ​សភា​កម្ពុជា​បាន​ថ្លែងថា ជប៉ុន​ជា​មិត្ត​ជិតស្និទ្ធ​របស់​កម្ពុជា​។ ក្រោយពី​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ឆ្នាំ​ ១៩៩១ បន្ទាប់ពី​កម្ពុជា​បាន​ធ្វើការ​បោះឆ្នោត​ក្នុង​ឆ្នាំ​ ១៩៩៣ មក​ជប៉ុន​ជា​ម្ចាស់ជំនួយ​ធំ​ទី​ ១​។ ការវិនិយោគ​ជប៉ុន​ក៏មាន​ទំហំ​មួយ​ធំ​គួរសម​ដែរ​នៅក្នុង​ប្រទេស​កម្ពុជា​។

លោក​ គិន ភា បាន​បន្ថែម​ថា​ជានិច្ចកាល​នយោបាយ​ការបរទេស​ជប៉ុន​ចំពោះ​កម្ពុជា ជា​នយោបាយ​ការបរទេស​អព្យាក្រឹត​ដែល​មិន​ព្យាយាម​ដាក់​សម្ពាធ ឬក៏​ប្រើប្រាស់​ឥទ្ធិពល​ការទូត ឬ​ក៏​ឥទ្ធិពល​នយោបាយ ឬ​សេដ្ឋកិច្ច​ណាមួយ​បង្ខំ​ឱ្យ​កម្ពុជា​ដើរ​តាម​របៀបវារៈ​របស់ខ្លួន​ទេ ជា​អ្វី ដែល​លោក​ គិន ភា ហៅថា​ជា​ «​ទំនាក់ទំនង​ដែលមាន​ភាពស្មោះត្រង់​»​។

លោក​ថ្លែង​ថា​៖ «​ការគាំទ្រ​របស់​កម្ពុជា​ចំពោះ​ជប៉ុន គឺ​យើង​អាច​ទទួល​បាន​នូវ​ផលប្រយោជន៍​ទាំង​នយោបាយ ទាំង​សេដ្ឋកិច្ច ហើយ​ជាពិសេស​គឺ​ជប៉ុន​តែងតែ​ផ្តល់​ការគាំទ្រ​កម្ពុជា​ក្នុង​កិច្ចការ​តំបន់ និង​អន្តរជាតិ​ដូចគ្នា​ដែរ​»​។

លោក Mikami Masahiro បាន​បង្ហាញ​ចំណាប់​អារម្មណ៍​ក្រោយពី​លោក​មកដល់​ប្រទេស​កម្ពុជា​​ ២ ​សប្តាហ៍ ​ដោយ​លោក​ថា កម្ពុជា​មាន​ការរីកចម្រើន​ខ្លាំង បើ​ប្រៀបធៀប​កាលពី​ ១៧ ​ឆ្នាំ​មុន​ ដែល​លោក​ធ្លាប់​មក​ដល់​ទឹកដី​កម្ពុជា​។ ​ផ្សារ​ទំនើប​អ៊ីអន​ (AEON) នៅ​កម្ពុជា​ធំ និង​មាន​ភ្ញៀវ​ច្រើនជាង​នៅ​ប្រទេស​ជប៉ុន​។ នេះ​បើតាម​ការ​ថ្លែង​របស់​លោក​ក្នុង​វីដេអូ​ដែល​បាន​បង្ហោះ​ក្នុង​ហ្វេសប៊ុក​ស្ថានទូត​ជប៉ុន​នៅ​កម្ពុជា​កាលពី​ថ្ងៃ​ ១៧ ខែ​កញ្ញា​៕