ភ្នំពេញៈ អ្នកនាំពាក្យក្រសួងធនធានទឹក និងឧតុនិយម លោក ចាន់ យុត្ថា បានប្រាប់ភ្នំពេញប៉ុស្តិ៍ កាលពីម្សិលមិញថា រដូវវស្សាឆ្នាំនេះ កម្ពុជានឹងមានព្យុះកើតឡើងរហូតដល់ ២៦ ព្យុះ ប៉ុន្តែព្យុះដែលមានឥទ្ធិពល និងបង្កឲ្យមានជាជំនន់ទឹកភ្លៀង និងជំនន់ទឹកទន្លេមេគង្គនៅកម្ពុជានោះ គឺមានតែពី ៥ ទៅ ៦ ព្យុះប៉ុណ្ណោះ។
លោក យុត្ថា បាននិយាយទៀតថា ជាទូទៅព្យុះទាំងនោះ ភាគច្រើន កើតឡើងនៅលើមហាសមុទ្រប៉ាស៊ីហ្វិក ហើយដំណើររបស់វាច្រើនឆ្លងចូលមកក្នុងសមុទ្រចិនខាងត្បូង មុនឆ្ពោះទៅកាន់តំបន់ផ្សេងទៀត។ ប៉ុន្តែព្យុះដែលអាចមានឥទ្ធិពល មកលើប្រទេសកម្ពុជា និងតំបន់អាងទន្លេមេគង្គ ភាគច្រើនកើតឡើងក្នុងតំបន់ភាគខាងត្បូងឈូងសមុទ្រចិន។
លោកបញ្ជាក់ថា៖ «ជាទូទៅព្យុះដែលកើតនៅក្នុងសមុទ្រចិនខាងត្បូង ច្រើនកើតមានចាប់ពីពាក់កណ្ដាលខែសីហាដល់ពាក់កណ្ដាលខែតុលា។ បើតាមការព្យាករអាកាសធាតុ ក្នុងអំឡុងខែសីហាដល់ខែតុលា ប្រទេស កម្ពុជា អាចនឹងប្រឈមគ្រោះជំនន់ទឹកភ្លៀង ឬជំនន់ទឹកទន្លេមេគង្គ ដោយសារឥទ្ធិពលនៃព្យុះចំនួន ៥-៦ ដែលនឹងកើតមាននៅក្នុងតំបន់ភាគខាងត្បូងឈូងសមុទ្រចិន»។
លោកបន្តថា យ៉ាងណាក៏ដោយ ក្នុងអំឡុងពេលនេះបាតុភូតអែលនីណូ ដែលមានឥទ្ធិពលខ្លាំងមកលើកម្ពុជា កាលពីក្នុងរដូវប្រាំងកន្លងមកនោះ បានចុះថមថយឥទ្ធិពលជាលំដាប់ ខណៈបាតុភូតធម្មជាតិនៃវស្សានរដូវ ដូចជាខ្យល់មូសុងនិរតីប្រព័ន្ធសម្ពាធទាបក៏បាននិងកំពុងកើតឡើង និងបង្កើនឥទ្ធិពលជាបន្តបន្ទាប់ បានធ្វើឲ្យមានភ្លៀងធ្លាក់រាយប៉ាយក្នុងក្របខ័ណ្ឌទូទាំងប្រទេសក្នុងកម្រិតពីមធ្យមទៅច្រើនដែលអនុគ្រោះដល់ការងារបង្កបង្កើនផលរបស់ប្រជាកសិករ។
ប៉ុន្តែបើយោងតាមសេចក្ដីជូនដំណឹង ស្តីពីការព្យាករអាកាសធាតុសម្រាប់រដូវវស្សាឆ្នាំ ២០១៩ របស់ក្រសួងធនធានទឹក និងឧតុនិយម ចុះថ្ងៃទី ១៧ ខែ មិថុនា ឆ្នាំ ២០១៩ ដែលភ្នំពេញប៉ុស្តិ៍ទទួលបានកាលពីម្សិលមិញ កូនរដូវប្រាំងអាចនឹងកើតមាននៅចន្លោះពីចុងខែកក្កដា ដល់ដើមខែសីហាដែលអាចបង្កឲ្យមានបញ្ហាប្រឈមតិចតួចផងដែរដល់ការងារដាំដុះ និងថែទាំដំណាំរបស់ប្រជាកសិករ។
ទាក់ទិនបញ្ហានេះ លោក យុត្ថា បាននិយាយថា ក្រសួងក៏ដូចជាមន្ទីរពាក់ព័ន្ធមួយចំនួនទៀត បានត្រៀមបម្រុងរួចជាស្រេចសម្រាប់កិច្ចអន្តរាគមន៍ជួយដល់ប្រជាកសិករ ក្នុងគ្រាដែលតំបន់ណាមួយជួបបញ្ហាប្រឈមទៅនឹងកង្វះទឹកស្រោចស្រព។
លោកបានបញ្ជាក់ថា៖ «កូនរដូវប្រាំងក្នុងរដូវវស្សាអាចមានក្នុងចន្លោះពី ១០ ថ្ងៃ ទៅ ១៥ ថ្ងៃ ប៉ុន្តែខ្យល់អាកាសមិនក្ដៅហួតហែងនោះទេ ដោយសារនៅដើមរដូវវស្សានេះមានភ្លៀងធ្លាក់ច្រើន ដែលធ្វើឲ្យបរិមាណទឹកមាននៅប្រព័ន្ធអាង ឬទំនប់បិទទឹកមួយចំនួន ដូចជា ស្ទឹង បឹង ព្រែក ទន្លេ មាននៅច្រើនបង្គួរ»។
លោកបន្តថា តាមការព្យាករ ភ្លៀងនឹងបន្តធ្លាក់ រហូតដល់ពាក់កណ្ដាលខែកក្កដា ខាងមុខនេះ៕