ភ្នំពេញៈ ក្រសួងធនធានទឹក និងឧតុនិយមកាលពីម្សិលមិញបានចេញសេចក្ដីជូនដំណឹងមួយថាចាប់ពីថ្ងៃទី ២៤ ដល់ថ្ងៃទី ៣០ ខែ មីនា ឆ្នាំ ២០២១ កម្ពុជានឹងមានភ្លៀងលាយឡំខ្យល់កន្ត្រាក់ និងផ្គររន្ទះកើតឡើងក្នុងកម្រិតពីតិចទៅច្រើន ពិសេសក្នុងតំបន់វាលទំនាបកណ្ដាល។
ការព្រមានអំពីបាតុភូតធម្មជាតិខាងលើនេះបានធ្វើឡើង បន្ទាប់ពីក្រុមមន្ត្រីជំនាញផ្នែកអាកាសធាតុបានពិនិត្យអង្កេតអំពីការវិវត្តនៃទ្រនុងសម្ពាធខ្ពស់ប៉ាស៊ីហ្វិក និងជ្រលងសម្ពាធទាបពីប្រទេសឥណ្ដូនេស៊ីដែលកំពុងមានឥទ្ធិពលគ្របដណ្ដប់លើបណ្ដាខេត្តមួយចំនួននៅភាគឦសាន និង ភាគនិរតីនៃប្រទេសកម្ពុជា។
តាមរយៈការពិនិត្យអង្កេតនេះ ក្រុមព្យាការីផ្នែកអាកាសធាតុបានព្យាករថា តំបន់វាលទំនាបកណ្ដាល និងតំបន់មាត់សមុទ្រនឹងមានភ្លៀងធ្លាក់ដោយអន្លើក្នុងកម្រិតពីតិចទៅច្រើនព្រមទាំងមានខ្យល់កន្ត្រាក់ និងផ្គររន្ទះកើតឡើងផងដែរ។
ចំណែកតំបន់ជួរភ្នំដងរែក និងខ្ពង់រាបភាគឦសានមានភ្លៀងធ្លាក់តិចតួចប៉ុណ្ណោះ។
ទន្ទឹមជាមួយគ្នានេះក្រសួងក៏បានអំពាវនាវដល់ប្រជាពលរដ្ឋដែលរស់នៅតាមទីទំនាបដាច់ស្រយាលនៃតំបន់ខាងលើនេះ សូមបង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះបាតុភូតភ្លៀងលាយឡំខ្យល់កន្ត្រាក់ និងផ្គររន្ទះដែលអាចនឹងបង្កគ្រោះថ្នាក់ជាយថាហេតុ។
យ៉ាងណាក៏ដោយអាកាសធាតុនៅក្នុងតំបន់មាត់សមុទ្រកាលពីថ្ងៃអង្គារម្សិលមិញ គឺផ្ទៃមេឃស្រឡះល្អ និងមិនមានខ្យល់បក់បោកខ្លាំងគួរឱ្យកត់សម្គាល់នោះទេ។
លោក ហេង សុភណ្ឌរិទ្ធ ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រះសីហនុបានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា ស្ថានភាពអាកាសធាតុនៅក្នុងលម្ហសមុទ្រនាខេត្តព្រះសីហនុមានសភាពស្ងប់ជាធម្មតា។
លោកបានថ្លែងថា៖ «ទោះជាបែបណាក៏ដោយចាប់ពីថ្ងៃពុធនេះរហូតដល់ថ្ងៃអង្គារសប្ដាហ៍ក្រោយទៅប្រជានេសាទសមុទ្រនឹងមិនត្រូវបានអនុញ្ញាតឱ្យចេញទូកនេសាទនៅទីឆ្ងាយៗពីតំបន់ដែននេសាទសមុទ្រ ដែលស្ថិតនៅខ្សែទឹកខាងក្រៅក្នុងលម្ហសមុទ្រនោះទេ ព្រោះអាចប្រឈមចំពោះព្យុះភ្លៀង និងរលកសមុទ្រធំៗកើតឡើងជាយថាហេតុ»។
ជុំវិញករណីនេះ ប្រជានេសាទក្នុងភូមិកោះខ្យង ឃុំអូរជ្រៅ ស្រុកព្រៃនប់ លោក គឹម ឈុន បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា នៅពេលមានអាកាសធាតុអួអាប់ខ្លាំង ប្រជានេសាទមិនចេញទូកនោះទេ។ ប៉ុន្តែប្រសិនបើផ្ទៃមេឃស្រឡះហើយមានភ្លៀងធ្លាក់តិចតួច នោះអ្នកភូមិរបស់គាត់នៅតែចេញទូកនេសាទតាមធម្មតា ដោយគ្មានក្ដីបារម្ភខ្លាចនោះឡើយ។
លោកថ្លែងថា៖ «តាមធម្មតា នៅពេលផ្ទៃមេឃស្រឡះបែបនេះទោះមានភ្លៀងធ្លាក់តិចតួចក្ដី វាមិនបង្កគ្រោះថ្នាក់នោះទេ គឺគ្រាន់តែមិនអាចចាប់ត្រីបានច្រើនប៉ុណ្ណោះ ព្រោះត្រីវាអាចហែលទៅក្នុងដែនទឹកជ្រៅ»៕
វីដេអូ៖