ភ្នំពេញៈ ក្រសួង​ធនធាន​ទឹក​និង​ឧតុ​និយម នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ បាន​ចេញ​សេចក្ដី​ជូន​ដំណឹង​មួយឱ្យ​ថា ចាប់​ពីថ្ងៃទី​ ២៤ ដល់​ថ្ងៃទី ​៣០ ខែ​ មីនា ឆ្នាំ​ ២០២១​​​ នេះ នឹង​មាន​ភ្លៀង​លាយ​ឡំ​ខ្យល់​កន្ត្រាក់ និង​ផ្គររន្ទះ កើត​ឡើង​ក្នុង​កម្រិត​ពីតិច​ទៅ​ច្រើន ពិសេស​ក្នុង​តំបន់​វាល​ទំនាប​កណ្ដាល​។

ការ​ព្រមាន​អំពី​បាតុភូត​ធម្មជាតិ​ខាង​លើ​នេះបាន​ធ្វើ​ឡើង​បន្ទាប់​ពី​ក្រុម​មន្ត្រី​ជំនាញ​ផ្នែក​អាកាស​ធាតុបាន​ពិនិត្យ​អង្កេត​អំពីការ​វិវត្តនៃ​ទ្រនុង​សម្ពាធ​ខ្ពស់​ប៉ាស៊ី​ហ្វិក និង​ជ្រលង​សម្ពាធ​ទាបពីប្រទេស​ឥណ្ដូនេស៊ី ដែល​កំពុង​មាន​ឥទ្ធិពល​គ្រប​ដណ្ដប់​លើ​បណ្ដា​ខេត្ត​មួយ​ចំនួន នៅ​ភាគ​ឦសាន និងភាគ​និរតី​នៃ​ប្រទេស​កម្ពុជា​។

តាម​រយៈ​ការ​ពិនិត្យ​អង្កេត​នេះក្រុម​ព្យាការី​ ផ្នែក​អាកាស​ធាតុ បាន​ព្យាករ​​ថា តំបន់​វាល​ទំនាប​កណ្ដាល និង​តំបន់​មាត់​សមុទ្រ​នឹង​មាន​ភ្លៀង​ធ្លាក់​ដោយ​អន្លើ​ក្នុង​កម្រិត​ពីតិច​ទៅ​ច្រើន​ព្រម​ទាំង​មាន​ខ្យល់​កន្ត្រាក់​ និង​ផ្គរ​រន្ទះ ​កើត​ឡើង​ព្រម​ជាមួយ​គ្នា​ផង​ដែរ។ ចំណែក​តំបន់​ជួរ​ភ្នំ​ដង​រែក និង​ខ្ពង់​រាប​ឦសាន​មាន​ភ្លៀង​ធ្លាក់​តិច​តួច​ប៉ុណ្ណោះ៕​