ភ្នំពេញៈ កម្ពុជា​នឹង​ទទួលរង​នូវ​ជំនន់​ទឹកភ្លៀង​ញឹកញាប់​ចាប់ពី​ខែក្រោយ​នេះ​ទៅដល់​ចុងខែ​តុលា ឆ្នាំ​ ២០២០ ដែល​សភាពការណ៍​នេះ​ប្រហាក់ប្រហែល​នឹង​ស្ថានភាព​អាកាសធាតុ​នៅ​ប្រទេស​កម្ពុជា​អំឡុង​​ឆ្នាំ​ ១៩៨១ និង​ឆ្នាំ​ ២០១០​។ នេះ​បើតាម​ការឱ្យ​ដឹង​របស់​មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួង​ធនធានទឹក​ និង​ឧតុនិយម​។

លោក ចាន់ យុត្ថា អ្នក​នាំពាក្យ​នៃ​ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​លើកឡើង​ថា តាម​ការសង្កេត​របស់​ស្ថានីយឧតុនិយម​ធំៗ​នៅ​អាស៊ី អឺរ៉ុប អាមេរិក​បាន​បង្ហាញថា ចាប់ពី​ខែ​កញ្ញា ឆ្នាំ​ ២០២០ ​នេះ​តទៅ ប្រទេស​កម្ពុជា​ក៏ដូចជា​បណ្ដា​ប្រទេស​ក្នុង​តំបន់​មួយចំនួន​នឹង​ទទួលរង​ឥទ្ធិពល​ពី​បាតុភូត La Nina ៦០ ​ភាគរយ និង​ ៤០ ​ភាគរយ​ទៀត​ជា​បាតុភូត Enso​។

លោក ចាន់ យុត្ថា បាន​មាន​ប្រសាសន៍​ថា​៖ «​ចាប់ពី​ពាក់កណ្តាល​ខែ​កញ្ញា​ទៅ ពេល​ដែល​បាតុភូត​ La Nina គ្របដណ្តប់​ ៦០ ​ភាគរយ​ មកលើ​ប្រទេស​កម្ពុជា​ យើង​នឹង​ទទួល​ល្បាយ​ទឹកភ្លៀង​ច្រើន​ដែល​អាច​បណ្តាល​ឱ្យ​មាន​ជំនន់​ទឹកភ្លៀង ហើយ​ឥទ្ធិពល​ ៦០ ​ភាគរយ ​មិនមែន​ធ្លាក់​មកលើ​ប្រទេស​យើង​តែ​ ១ ​ទេ គឺ​ទៅលើ​ប្រទេស​ក្នុង​តំបន់​របស់​យើង​ក៏​ទទួលរង​ឥទ្ធិពល​នេះដែរ​»​។

លោក ចាន់ យុត្ថា បាន​លើកឡើង​ថា ក្រសួង​តែងតែ​រៀបចំ​ក្រុមការងារ​តាមដាន​ស្ថានភាព​គ្រប់​ទីកន្លែង​ក្នុង​ខេត្ត-ក្រុង​ទូទាំង​ប្រទេស​កម្ពុជា និង​ការត្រៀម​អន្តរាគមន៍​នូវ​គ្រឿងចក្រ​ក្នុង​ករណី​ដែល​ទឹកជំនន់​មាន​ការប៉ះពាល់​ទីប្រជុំជន​ ឬ​ភូមិឋាន​របស់​ប្រជាពលរដ្ឋ​គឺ​ក្រសួង​មាន​វិធានការ​កាយ​បង្វែរ​ទឹក​ចេញ​ដើម្បី​បញ្ចៀស​ការប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​។ លោក​ក៏​បាន​អំពាវនាវ​ទៅដល់​ប្រជាពលរដ្ឋ​ដែល​មាន​ទីលំនៅ​ ឬ​ធ្វើ​របរ​កសិកម្ម​នៅតាម​ទំនាប​អមសង​ខាង​ផ្លូវទឹក​ត្រូវ​បង្កើន​ការយក​ចិត្តទុកដាក់ និង​ប្រុងប្រយ័ត្ន​ខ្ពស់​ចាប់ពី​ពាក់កណ្តាល​ខែកញ្ញា​រហូត​ដល់​ចុងខែ​តុលា​៕

វីដេអូ៖