ភ្នំពេញៈ ក្រសួង​ការពារ​ជាតិ​ នឹង​រៀបចំ​សមយុទ្ធ​ទ្រង់ទ្រាយ​ធំ​ផ្នែក​សង្គ្រោះ​មនុស្ស​ពី​គ្រោះ​មហន្តរាយ​ ដែល​អាចកើតឡើង​ជាយថា​ហេតុ​ណាមួយ ​ឬដោយគ្រោះ​​ធម្មជាតិ​ ជាមួយ​ប្រទេស​ជិតខាង​នាពេល​ខាងមុខ​នេះ។ នេះ​បើ​យោងតាម ​មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​ការពារ​ជាតិ។

នាយ​ឧត្តម​សេនីយ៍ ​ឈុំ ​សុជាត ​អនុរដ្ឋ​លេខាធិការ​ និង​ជា​អ្នកនាំពាក្យ​ក្រសួង​ការពារ​ជាតិ​ ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ កាលពី​ថ្ងៃអង្គារ​ថា​ ក្រសួង​ការពារ​ជាតិ​នឹង​រៀបចំ​សមយុទ្ធ​ជាមួយ​ប្រទេស​ជិតខាង ​មាន​ដូចជា​ប្រទេស ​ថៃ ​ឡាវ ​និង​វៀត​ណាម​ នាពេល​ខាងមុខ​ដែល​មាន​លក្ខណៈ​ជា​ទ្រង់ទ្រាយ​ធំ​លើ​ផ្នែក​សង្គ្រោះ​មនុស្ស​ពី​គ្រោះ​មហន្ត​រាយ​ដោយ​ធម្មជាតិ​ ឬគ្រោះ​មហន្ត​រាយ​ផ្សេងៗ ​ដែល​អាច​កើត​ឡើង​។ ប៉ុន្តែ​លោក​​មិនបាន​បញ្ជាក់​ច្បាស់​លាស់​ពី​ពេល​វេលា ​នៃការ​រៀបចំ​សមយុទ្ធ​ធំ​នេះ ​និង​មាន​ការចូល​រួម​ប៉ុន្មាន​នាក់​ពី​កង​កម្លាំង​យោធា​នោះ​ទេ។

លោក​ ឈុំ សុជាត ​បាន​ថ្លែង​ថា​៖ «​ហើយ​សមយុទ្ធ​នេះ​មិន​ពាក់​ព័ន្ធ​នឹង​ការងារ​ប្រយុទ្ធ​នោះ​ទេ។ នេះ​ជា​ការងារ​លក្ខណៈ​មនុស្ស​ធម៌»។

លោក​បញ្ជាក់ថា​៖ «យើង​មិនទាន់​បាន​ដឹង​កម្មវិធី​នៅ​ឡើយ​ទេ​ ហើយ​ខាង​បញ្ជាការ​ហ្វឹក​ហ្វឺន​ត្រូវធ្វើ​របាយការណ៍​ឆ្លង​រដ្ឋមន្ត្រី​ដោយសារ​វា​ពាក់ព័ន្ធ​នឹង​​ចំណូល​ និង​ចំណាយ ​ហើយ​ត្រូវធ្វើ​ផែនការ​ទៀត។ វា​ត្រូវ​ការចំណាយ​ច្រើន​ដូចជា​សាំង ​ប្រេង​ និង​ឡាន»។

បើ​យោងតាម​សារព័ត៌មាន​ AKP ដែល​បាន​ដកស្រង់​សម្តី លោក​នាយ​ឧត្តម​សេនីយ៍​ ម៉ឹង សំផន ​រដ្ឋលេ​ខា​ធិការ​ក្រសួង​ការពារ​ជាតិ​ លើកឡើង​ក្នុង​កិច្ចប្រជុំ​ក្រុមការងារ​សម្របសម្រួល​ការត្រៀម​រៀបចំ​ឆ្លើយតប​សង្គ្រោះ​បន្ទាន់​ និង​ស្តារ​ឡើងវិញ ​នៅ​សាលប្រជុំ​ថ្មី​ក្រសួង​ការពារជាតិ​ កាលពី​ព្រឹក​ថ្ងៃទី ៥​ ខែ សីហា នោះ​ថា កងកម្លាំង​គ្រប់​អង្គភាព​ទាំងអស់​ បាន​ត្រៀមខ្លួន​រួច​ជាស្រេច ​ដើម្បី​ធ្វើ​សមយុទ្ធ​ទ្រង់ទ្រាយ​ធំ​ជាមួយ​​ប្រទេស​ជិតខាង​ លើ​ផ្នែក​សង្គ្រោះ ​គ្រោះ​មហន្តរាយ ​ដោយ​ធម្មជាតិ ​នាពេល​ខាង​មុខ​នេះ។

លោក​អះអាងថា​កម្លាំង​ទាំងអស់​បាន​ត្រៀមលក្ខណៈ​សព្វបែប​យ៉ាង ​មាន​សម្ភារ​សម្រាប់​ហ្វឹកហ្វឺន​និង​ជួយ​សង្គ្រោះ​គ្រោះ​មហន្តរាយ ​ដែល​អាច​កើត​មាន​ឡើង​ជាយថាហេតុ​។ លោក​ថា ​ការធ្វើ​សមយុទ្ធ​សង្គ្រោះ​គ្រោះ​មហន្ត​រាយ​នេះ​នឹងធ្វើ​ឡើង​លើ​របៀបវារៈ​ដូចជា​ ការ​សង្គ្រោះ​ការ​លិច​នាវា ​ធ្លាក់​យន្តហោះ​ រលំ​បាក់​អគារ ​និង​គ្រោះ​ធម្មជាតិ​នានា​ដែល​អាច​កើត​ឡើង​គ្រប់​វិនាទី ​ដែល​គ្មាន​នរណា​ស្មាន​ដល់​ជាដើម​នោះ។

លោក​ថា​៖ «កង​កម្លាំង​នៃ​ក្រសួង​ការ​ពារ​ជាតិ​យើង​មិន​ត្រឹមតែ​សង្គ្រោះ​ក្នុង​ប្រទេស​យើង​ទេ​ក៏បាន​ត្រៀម​សហការ​គ្នា​ជាមួយ​ប្រទេស​ភូមិ​ផង​របង​ជាមួយ​ មាន​ដូចជា​ប្រទេស ​វៀតណាម ​ឡាវ​ ​ថៃ។ ពិសេស​ចុង​ឆ្នាំនេះ ​យើង​ត្រៀម​រៀបចំ​សម​យុទ្ធ​សង្គ្រោះ​ គ្រោះ​មហន្តរាយ​មួយ​នៅ​តំបន់​ព្រំដែន​ខេត្ត​ស្វាយរៀង ​មាន​លក្ខណៈ​ទ្រង់ទ្រាយ​ធំ​មិន​ធ្លាប់​ដែល​មាន​ក្នុង​ពេល​កន្លងមក​ទេ»។

ជាមួយ​គ្នានេះ​ផងដែរ​លោក​ក៏បាន​ជំរុញ​ដល់​ថ្នាក់ដឹកនាំ​តាម​អង្គភាព​ពាក់​ព័ន្ធ​នានា​ទាំងអស់​ត្រូវ​បង្កើន​សកម្មភាព​របស់​ខ្លួន​បន្ថែម​ទៀត ​ក្នុង​ការជួយ​ដល់​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ដោយ​ធម្មជាតិ​ផ្សេងៗ​ឱ្យទាន់ពេល​វេលា ​ខណៈ​សព្វថ្ងៃ​តំបន់​ខ្លះ​ជួបនឹង​គ្រោះ​រាំងស្ងួត ​តំបន់​ខ្លះ​ជួបនឹង​បញ្ហា​ជំនន់​ទឹកភ្លៀង និង​កន្លែង​ខ្លះទៀត​ជួបប្រទះ​បញ្ហា​ខ្យល់​កន្ត្រាក់​។

ទ​ន្ទឹ​មនឹង​នេះដែរ ​បើ​យោងតាម ​សេច​ក្តី​​ណែនាំ​របស់​ក្រសួង​សុខាភិបាល​ដែល​បាន​ផ្សព្វផ្សាយ​ពី​ថ្ងៃទី ៦​ សីហា ​បានធ្វើ​ការណែនាំ​ដល់​សាធារណជន​ទាំងអស់​ថា​ដោយសារតែ​មានការ​ផ្លាស់​ប្តូរ​រដូវ​កាល ​វា​បង្ក​ឱ្យ​កើតមាន ជា​ញឹកញាប់​នូវ​គ្រោះ​ធម្ម​ជាតិ ​ដូចជា ​រលក​កម្តៅ​ ផ្គរ​រន្ទះ ​ខ្យល់​ព្យុះ ​ខ្យល់​កន្ត្រាក់ ​និង​គ្រោះ​រាំង​ស្ងួត។ សេចក្តី​ណែនាំ​បន្តថា​គ្រោះ​មហន្ត​រាយ​ ទាំងនេះ​ បង្ក​នូវ​ផល​ប៉ះពាល់​ខូចខាត​ដល់​ហេដ្ឋា​រចនាសម្ព័ន្ធ ​ទ្រព្យ​​សម្បត្តិ​ លំនៅឋាន ​ប៉ះពាល់​សុខភាព ​និង​បាត់បង់​អាយុ​ជីវិត​ប្រជាជន។

សេចក្តី​ណែនាំ​បញ្ជាក់​ថា​៖ « ​(អំ​ឡុងពេល​មាន​ទឹកជំនន់​) មិនត្រូវ​ចូល​ទៅ​ក្នុងផ្ទះ​ចាស់ឬ​អគារ​ទ្រុឌទ្រោម ​ព្រោះ​អាច​ស្រុត​បាក់បែក​បង្ក​គ្រោះ​ថ្នាក់។ មិនត្រូវ​ប៉ះពាល់​គ្រឿង​ប្រើប្រាស់​អគ្គិសនី​ ដោយដៃ​សើម ​ឬ​កំពុង​ឈរនៅក្នុង​ទឹក។ នៅពេល​ធ្វើ​ដំណើរ​ដោយ​ជិះ​ទូក​ឬ​កា​ណូត​នៅពេល​យប់​ត្រូវមាន​ភ្លើង​បំភ្លឺ។ ត្រូវ​សម្រាន្ត​ក្នុង​មុង​គ្រប់ពេល​ដើម្បី​ការពារ​ជំងឺ​គ្រុន​ឈាម​គ្រុនចាញ់​និង​ជំងឺ​ផ្សេង»។

សេចក្តី​ណែនាំ​ក៏​ស្នើឲ្យ​ប្រជាជន​ត្រូវ​ប្រុងប្រយ័ត្ន​ចៀសវាង​នូវ​គ្រោះថ្នាក់​លង់ទឹក​ ត្រូវការពារ​កុមារតូចៗ​មិនឱ្យចុះ​ទឹក។ ពន្យល់​កុមារ​ពី​គ្រោះថ្នាក់​នៃ​ការ​លង់ទឹក។ ​នាំ​កុមារ​ទៅ​កន្លែង​ខ្ពស់ ​និង​មាន​អ្នក​ថែទាំ​ ប្រើ​អាវ​ពោង​ឬ​ប៊ីដុង​ជ័រ ​គ្រប់ពេល​កុមារ​ចេញ​ពី​ផ្ទះ៕