ភ្នំពេញៈ កម្ពុជានឹងសហការចាប់ដៃគូជាមួយបណ្តាប្រទេសអភិវឌ្ឍន៍ចំនួន ១៧ ផ្សេងទៀតនៅលើពិភពលោក ដើម្បីអភិវឌ្ឍ និងបណ្តុះបណ្តាលធនធានមនុស្សផ្នែក STEM ឬ 0.៤ នៅតាមអនឡាញ ដើម្បីផ្ដល់ដល់យុវជនកម្ពុជាជំនាន់ថ្មី ខណៈដែលវិស័យនេះកំពុងមានការរីកចម្រើន និងមានភាពចាំបាច់។
លោក សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជាប្រាប់ ភ្នំពេញ ប៉ុស្ដិ៍ ពីថ្ងៃទី ២១ ធ្នូ ថា កម្ពុជាបានចូលរួមកិច្ចប្រជុំជាមួយបណ្តាប្រទេស ១៧ នៅលើពិភពលោករួមមាន ប្រទេសអាមេរិក សិង្ហបុរី កូរ៉េខាងត្បូង ជប៉ុន ថៃ វៀតណាម អាហ្វ្រិក អាមេរិកឡាទីន ប្រេស៊ីល អាហ្សង់ទីន និងម៉ិកស៊ិក ជាដើមដើម្បីពិភាក្សាអំពីបណ្តុះបណ្តាល STEM ឬ ០.៤ ដែលជាតម្រូវការចាំបាច់សម្រាប់មនុស្សជំនាន់ថ្មី។
លោក សុខ ទូច បន្ថែមថាកម្ពុជាត្រូវតែរៀនបន្ថែមទៀត ព្រោះកម្ពុជាមិនមែនជាប្រទេសនៅតំបន់ជនបទទេ គឺជាប្រទេសមួយនៅលើពិភពលោក ដែលចាំបាច់ចាប់ដៃគូជាមួយប្រទេសដែលមានការរីកចម្រើនផ្នែកបច្ចេកវិទ្យា និងធនធានមនុស្ស។ នេះជាលើកទី ១ សម្រាប់កម្ពុជាដែលបានចូលរួមសហការជាមួយនឹងបណ្តាប្រទេសអភិវឌ្ឍន៍សម្រាប់វិស័យអប់រំលើអនឡាញនេះ។
លោកបានបញ្ជាក់ថា៖ «គ្រាន់តែជំងឺកូវីដ១៩កើតឡើងភ្លាម យើងអាចចូលរួមប្រជុំតាមអនឡាញបានដែលទាំងអស់នេះគឺជាអ្វីដែលកើតឡើងពី STEM និង ០.៤។ កម្ពុជាចាំបាច់ត្រូវមានមនុស្សដែលមានជំនាញ និងចំណេះដើម្បីប្រកួតប្រជែងនៅក្នុងទីផ្សារនាពេលខាងមុខនេះ»។
បើតាមលោក សុខ ទូច ដើម្បីសម្រេចនូវគោលដៅនេះកម្ពុជាចាំបាច់ត្រូវបណ្តុះបណ្តាលគ្រូបង្រៀនឱ្យបានច្រើនស្របពេលដែលក្រសួងអប់រំបាននិងកំពុងខិតខំប្រឹងប្រែងបណ្តុះធនធានមនុស្សផ្នែក STEM នេះ ដើម្បីជំរុញ STEM នេះឈានដល់ដំណាក់កាលមួយដែលអាចប្រកួតប្រជែងជាមួយនឹងបណ្តាប្រទេសនៅលើពិភពលោកបាន។
លោកបានបន្ថែមថា៖ «នៅក្នុងដំណាក់កាលនេះយើងកំពុងពិភាក្សាគ្នា មិនទាន់ជាមានលទ្ធផលអ្វីនោះទេ ដោយរង់ចាំមើលនៅថ្ងៃទី ២៣ ធ្នូ ខាងមុខនេះ យើងនឹងចាប់ផ្តើមថាសហការគ្នា ឬដោះដូរកម្មវិធីសិក្សាតាមអនឡាញ ហើយយើងនឹងឈានទៅរកកម្មវិធីរួមគ្នារវាងប្រទេសទាំង ១៧ នេះ»។
លោក ហ៊ាន សំបឿន ប្រធានមជ្ឈមណ្ឌលពហុព័ត៌មាននៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាបានថ្លែងថា វាគឺជាការល្អមួយបន្ថែមទៀត សម្រាប់ប្រទេសកម្ពុជាក្នុងការចូលរួមជាមួយនឹងបណ្តាប្រទេសអភិវឌ្ឍន៍លើមុខវិជ្ជាផ្នែក STEM ដែលត្រូវធ្វើតាមអនឡាញនេះ។ ប៉ុន្តែលោកថា មានមុខវិជ្ជាមួយចំនួនក៏មានភាពងាយស្រួល និងមួយចំនួនក៏ពិបាកផងដែរ ព្រោះត្រូវការអនុវត្តផ្ទាល់ជាមួយនឹងការប្រើប្រាស់សម្ភារ។
លោកថ្លែងថា៖ «មុខវិជ្ជាផ្នែក STEM មានច្រើន ហើយមុខវិជ្ជាមួយចំនួនអាចធ្វើទៅរួច ហើយមួយចំនួនទៀតក៏អាចនឹងមានបញ្ហាប្រឈមខ្លះដែរពាក់ព័ន្ធនឹងបច្ចេកវិទ្យា។ នៅក្នុងដំណាក់កាលនេះ អាចថាមានការបណ្តុះបណ្តាលគ្រូ ហើយបន្ទាប់មកយើងបណ្តុះបណ្តាលសិស្សបន្តទៀត»។
លោក អ៊ឹម សុធី នាយកប្រតិបត្តិក្រុមប្រឹក្សាយុវជនកម្ពុជាបានស្វាគមន៍ចំពោះកម្ពុជាដែលបានចូលរួមក្នុងការបណ្តុះបណ្តាលមុខវិជ្ជា STEM សម្រាប់យុវជនជំនាន់ថ្មីជាមួយបណ្តាប្រទេសនៅលើពិភពលោកដែលមានការរីកចម្រើនលើវិស័យបច្ចេកវិទ្យា។
ក៏ប៉ុន្តែលោកថា បើជ្រើសរើសយុវជនឱ្យចូលរួមសិក្សាតាមអនឡាញនេះ គួរតែធ្វើឡើងដោយតម្លាភាព គណនេយ្យភាព និងសមភាពឱ្យយុវជនគ្រប់រូបបញ្ចេញនូវសមត្ថភាពខ្លួនដើម្បីមានលទ្ធភាពក្នុងការទទួលបានបណ្តុះបណ្តាល ព្រោះថា ចាប់តាំងពីមានការផ្ទុះឡើងនូវជំងឺកូវីដ ១៩ យុវជនភាគច្រើនមិនទាន់បានយល់ និងប្រើប្រាស់បច្ចេកវិទ្យាអនឡាញនេះ។
លោកថ្លែងថា៖ «ខ្ញុំគិតថានៅពេលដែលមានឱកាសបែបនេះហើយមានការប្រកួតប្រជែងរវាងកូនអ្នកមាន និងកូនអ្នកក្រឱ្យមានភាពស្មើគ្នាក្នុងការទទួលបានបណ្តុះបណ្តាលនោះ វាពិតជាការល្អមួយ និងធ្វើឱ្យសង្គមមានការរីកចម្រើនផងដែរ»៕