ភ្នំពេញៈ មន្ត្រីរដ្ឋាភិបាលបានឲ្យដឹងថា កម្ពុជាជាប្រទេសមួយក្នុងចំណោមបណ្តាប្រទេសអាស៊ានដែលនៅខ្វះខាតយន្តការ និងវិធានការបង្ក្រាបបទល្មើសបច្ចេកវិទ្យាព្រោះតែកង្វះធនធាន និងអ្នកជំនាញស្របពេលដែលមិនទាន់មានច្បាប់គ្រប់គ្រងប្រព័ន្ធអ៊ីនធឺណិត។
ការអះអាងនេះធ្វើឡើងដោយផ្អែកតាមរបាយការណ៍ស្រាវជ្រាវ និងវាយតម្លៃរបស់អង្គការសហប្រជាជាតិទទួលបន្ទុកគ្រឿងញៀន និងឧក្រិដ្ឋកម្ម (UNODC) ក្នុងកិច្ចប្រជុំមួយ កាលពីម្សិលមិញ ដែលអគ្គស្នងការរងនគរបាលជាតិលោក ឆៃ ស៊ីណារិទ្ធិ អះអាងថា UNODC បានរកឃើញប្រទេសមួយចំនួនក្នុងតំបន់អាស៊ានក្នុងនោះក៏មានកម្ពុជាដែលនៅមិនទាន់មានយន្តការ វិធានការបង្ក្រាបក៏ដូចជាច្បាប់ផ្តន្ទាទោសលើបទល្មើសបច្ចេកវិទ្យានៅឡើយ។
លោក ស៊ីណារិទ្ធិ ឲ្យដឹងថា អាជ្ញាធរកំពុងប្រឈមបញ្ហាច្រើនក្នុងការទប់ស្កាត់ បង្ក្រាប និងចាត់វិធានការលើបទល្មើសបច្ចេកវិទ្យាតាមអ៊ីនធឺណិត និងទូរស័ព្ទទំនើបដោយសារបទល្មើសទាំងនោះមានលក្ខណៈស្មុគស្មាញគួបផ្សំនឹងកង្វះធនធាន និងអ្នកជំនាញដែលយល់លម្អិតពីបច្ចេកវិទ្យាព័ត៌មាន។
លោកថា៖ «បើយើងមិនមានវិធានការចាត់តាំងកម្លាំងបង្ក្រាបទេនោះពួកឧក្រិដ្ឋជននឹងប្រើប្រាស់មធ្យោបាយបច្ចេកវិទ្យានេះដើម្បីបន្តធ្វើសកម្មភាពល្មើសប៉ះពាល់ដល់សន្តិសុខប្រទេសជាតិតំបន់ និងអន្តរជាតិ»។
នាយការិយាល័យបទល្មើសបច្ចេកវិទ្យាព័ត៌មានលោក ហាយ មករា ឲ្យដឹងថា បច្ចុប្បន្ន បទល្មើសទាក់ទងនឹងបច្ចេកវិទ្យាព័ត៌មានមានត្រឹម ១០% ប៉ុណ្ណោះ ដែលសមត្ថកិច្ចមានលទ្ធភាពបង្ក្រាបបានហើយបទល្មើសធំៗគឺសមត្ថកិច្ចមិនអាចបង្ក្រាបបានទេលុះណាតែមានកិច្ចសហការរួមគ្នាពីគ្រប់បណ្តាក្រុមហ៊ុនទូរស័ព្ទ និងអ្នកពាក់ព័ន្ធ៕