ភ្នំពេញៈ ប្រមុខការទូតកម្ពុជា លោក ប្រាក់ សុខុន បានបញ្ជាក់ជំហរយ៉ាងច្បាស់ថា ប្រទេសកម្ពុជានឹងមិនដោះដូរអធិបតេយ្យជាតិ ដើម្បីជំនួយដាច់ខាត ព្រោះខ្លួនបានឆ្លងកាត់ភាពលំបាកពីអតីតកាលរួចមកហើយ ជាមួយគ្នានេះ លោកក៏បានបង្ហាញការសោកស្តាយទៅលើការសម្រេចរបស់គណៈកម្មការអឺរ៉ុបនាពេលថ្មីៗនេះ ដែលបានដាក់ចេញនូវវិធានការការពារចំពោះការនាំចូលអង្ករពីកម្ពុជា។
តាមសេចក្តីប្រកាសព័ត៌មាន ពីលទ្ធផលនៃកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ាន កាលពីថ្ងៃទី ១៧-១៨ មករា នៅខេត្តឈៀងម៉ៃ ប្រទេស ថៃ រដ្ឋមន្ត្រីការបរទេស និងសហប្រតិបតិ្តការអន្តរជាតិ លោក ប្រាក់ សុខុន បានបង្ហាញនូវការព្រួយបារម្ភ ចំពោះការប្រើប្រាស់វិធីសាស្ត្រស្តង់ដា ២ សម្រាប់ជ្រើសរើសយកតែចំណុចណាដែលសមស្រប និងផ្តល់ប្រយោជន៍ដល់ប្រទេសដែលខ្លាំងជាង។ ទន្ទឹមនឹងនេះ លោក ប្រាក់ សុខុន ក៏បានសង្កត់ធ្ងន់ថា៖ «ប្រទេស កម្ពុជា នឹងមិនដោះដូរអធិបតេយ្យជាតិ ដើម្បីជំនួយជាដាច់ខាត កម្ពុជាបានឆ្លងកាត់ភាពលំបាក ពីអតីតកាលរួចហើយ»។
លោកប្រមុខការទូត ក៏បានបង្ហាញការសោកស្តាយផងដែរទៅលើការសម្រេចចិត្តរបស់គណៈកម្មការអឺរ៉ុបនាពេលថ្មីៗ នេះ ចំពោះការដាក់ចេញនូវវិធានការការពារចំពោះការនាំចូលអង្ករពីប្រទេស កម្ពុជា និងមីយ៉ាន់ម៉ា កាលពីថ្ងៃទី ១៦ ខែមករា ឆ្នាំ ២០១៩។
សេចក្តីប្រកាសព័ត៌មាន បានឲ្យដឹងថា រដ្ឋមន្ត្រីការបរទេសអាស៊ាន បានគូសបញ្ជាក់ពីភាពចាំបាច់ ក្នុងការបន្តពង្រឹងមជ្ឈភាពអាស៊ាន និងតួនាទីនាំមុខអាស៊ាននៅក្នុងនិម្មាបនកម្មតំបន់ ដែលកំពុងវិវឌ្ឍ និងទំនាក់ទំនងជាមួយភាគីខាងក្រៅ។ រដ្ឋមន្ត្រីការបរទេសអាស៊ានបានទទួលស្គាល់ពីការប្រកួតប្រជែងដែលកើនឡើងរវាងមហាអំណាចធំៗនៅក្នុងតំបន់ និងផលប៉ះពាល់ ដែលអាចមានដល់មជ្ឈភាពអាស៊ាន។
លោក ប្រាក់ សុខុន ក៏បានសម្តែងការស្វាគមន៍ចំពោះគំនិតផ្តួចផ្តើមនានា ដែលរួមចំណែកដល់ការពង្រឹងការឯកភាព និងមជ្ឈភាពអាស៊ាននិងការប្រកាន់ខ្ជាប់នូវគោលការណ៍នៃភាពបើកចំហនវានុវត្តន៍ និងការបំពេញគ្នាទៅវិញទៅមក។
លោកបានចង្អុលបង្ហាញថា អាស៊ានគួរបង្កើនកិច្ចខិតខំប្រឹងប្រែងបន្ថែមក្នុងការកសាងសហគមន៍អាស៊ាន ជាមួយគ្នានេះដែរត្រូវបន្តទំនាក់ទំនងជិតស្និទ្ធជាមួយដៃគូខាងក្រៅរបស់អាស៊ាន ដើម្បីបម្រើផលប្រយោជន៍ដ៏ល្អប្រសើរនៃសន្តិភាព និងវិបុលភាពរួមនៅក្នុងតំបន់ និងអន្តរជាតិ។
ទាក់ទងនឹងការពង្រឹងការបំពេញបន្ថែមរវាងចក្ខុវិស័យអាស៊ានឆ្នាំ ២០២៥ និងរបៀបវារៈអង្គការសហប្រជាជាតិឆ្នាំ ២០៣០ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព លោក ប្រាក់ សុខុន យល់ឃើញថា ភាពរឹងមាំនៃការកសាងសហគមន៍អាស៊ាន គឺពឹងផ្អែកលើការពង្រឹងកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសសមាជិកអាស៊ានទាំងអស់ក្នុងការសម្របគោលនយោបាយអភិវឌ្ឍន៍ថ្នាក់ជាតិ ឲ្យស្របនឹងរបៀបវារៈនៃការអភិវឌ្ឍក្នុងតំបន់ និងពិភពលោក ដើម្បីទទួលបានអត្ថប្រយោជន៍ពីការបំពេញបន្ថែមឲ្យគ្នាទៅវិញទៅមក។
លោកក៏បានគូសបញ្ជាក់ផងដែរអំពីការគាំទ្ររបស់កម្ពុជាចំពោះគំនិតផ្តួចផ្តើមប្រកបដោយនវានុវត្តន៍របស់ថៃក្នុងការបង្កើតមជ្ឈមណ្ឌលអាស៊ានសម្រាប់ការសិក្សា និងកិច្ចសន្ទនាដើម្បីការអភិវឌ្ឍដោយចីរភាពនៅក្នុងឆ្នាំនេះ។
លទ្ធផលកិច្ចប្រជុំក៏បានបង្ហាញថា រដ្ឋមន្ត្រីអាស៊ានទទួលស្គាល់អំពីសារៈសំខាន់នៃការបង្កើតវិធីសាស្ត្ររួមអាស៊ានស្តីពីទស្សនទានឥណ្ឌូ-ប៉ាស៊ីហ្វិក ផ្អែកលើគោលការណ៍សំខាន់ៗរួមមានបរិយាប័ន្ន តម្លាភាព និងការបំពេញបន្ថែម។ រដ្ឋមន្ត្រីទាំងអស់សម្រេចឲ្យឧត្តមមន្ត្រីអាស៊ានពិភាក្សាបន្ថែមលើទស្សនទាននេះ។
ជាមួយគ្នានេះ រដ្ឋមន្ត្រីទាំងអស់ បានផ្លាស់ប្តូរយោបល់លើបញ្ហាតំបន់ និងអន្តរជាតិ រួមមានការប្រយុទ្ធប្រឆាំងភេរវកម្ម និងហិង្សាជ្រុលនិយម រដ្ឋរ៉ាក់ឃីន ឧបទ្វីបកូរ៉េ និងសមុទ្រចិនខាងត្បូង។
លោក សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជាថ្លែងថា នៅតំបន់អាស៊ានមានការប្រកួតប្រជែងចូលមករបស់ប្រទេសមហាអំណាចដូចជា សហរដ្ឋអាមេរិក ប្រទេស រុស្ស៊ី សហគមន៍អឺរ៉ុប និងប្រទេស ចិន ដោយសារប្រទេសអាស៊ានមិនមានឆ្អឹងខ្នង ដើម្បីដោះស្រាយបញ្ហានានា ហើយដោយសារអាស៊ានមានភាពទន់ខ្សោយ និងមិនមានឯកភាពផ្ទៃក្នុង ដែលធ្វើឲ្យប្រទេសមហាអំណាចងាយស្រួលក្នុងការជ្រៀតជ្រែក។
លោកបញ្ជាក់ថា៖ «យើងត្រូវរៀបចំគោលនយោបាយមុនជាស្រេច ដោយសារធម្មតាសេដ្ឋកិច្ចអែបនឹងនយោបាយ។ បើគេចង់បាននយោបាយអ្វីមួយ គេនឹងដាក់សម្ពាធហើយ។ យើងមិនដូរអធិបតេយ្យភាពនឹងជំនួយប៉ុន្តែយើងត្រូវត្រៀមខ្លួនថាបើយើង មិនដូរយើងត្រូវពឹងអី ហើយយើងត្រូវចាប់ប្រទេសណាដែលមានទិសដៅដូចគ្នាដូចជាប្រទេសជប៉ុន កូរ៉េខាងត្បូង ចិន រុស្ស៊ី និងសហព័ន្ធអារ៉ាប់»។
អ្នកវិភាគនយោបាយ លោក មាស នី ថ្លែងថា សហរដ្ឋអាមេរិក និងប្រទេស ចិន បាននិងកំពុងតែដណ្តើមឥទ្ធិពលគ្នានៅក្នុងតំបន់អាស៊ី។
លោកថា៖ «ពេលដែលយើងមានសម្ពាធពីក្រុមមួយហើយរត់ទៅរកក្រុមមួយទៀត វានឹងធ្វើឲ្យប៉ះពាល់ទំនាក់ទំនងរវាង ប្រទេសមួយទៀត»៕