ភ្នំពេញៈ កម្ពុជា កាលម្សិលមិញបានបញ្ចប់ការងារស្តីអំពីគោលជំហររបស់ខ្លួនស្តីពីសំណើសាងសង់ទំនប់វារីអគ្គិសនី ដនសាហុង របស់ប្រទេសឡាវ ដោយជំទាស់នឹងសំណើនេះ។
លោក ណៅ ធួក ប្រធានរដ្ឋបាលជលផលបានថ្លែងថា៖ «អ្នករាល់គ្នាប្រឆាំងនឹងគម្រោងនេះយ៉ាងខ្លាំង»។
ដោយមានទីតាំងមិនដល់ ២ គីឡូម៉ែត្រ ភាគខាងជើងនៃព្រំដែន ឡាវ‑កម្ពុជា គម្រោងដែលអាចផលិតអគ្គិសនី ២៦០ មេហ្គាវ៉ាត់នេះអាចមានផលប៉ះពាល់ទៅលើផ្លូវទឹករួម និងធនធានជលផល។ នេះបើតាមក្រុមអ្នករិះគន់ដែលបានលើកឡើង។
ក្រុមអភិរក្សក៏បានអះអាងផងដែរថា ទំនប់វារីអគ្គិសនីនេះនឹងផ្តល់គ្រោះថ្នាក់ដល់ការរស់រានរបស់ត្រីផ្សោតរបស់កម្ពុជា។
នៅពេលមានការប្រឆាំងខ្លាំងឡើងក្រុមហ៊ុនម៉ាឡេស៊ីឈ្មោះ Mega First Berhad បានយល់ព្រមកាលខែមិថុនាថា នឹងដាក់គម្រោងនេះទៅក្នុងដំណើរការពិគ្រោះយោបល់ជាមុន ដើម្បីឲ្យប្រទេសតាមដងទន្លេមេគង្គក្រោមទាំងបួនអាចពិនិត្យនិងពិភាក្សាអំពីទំនប់វារីអគ្គិសនីដនសាហុងនេះ។
ខណៈដំណើរការពិគ្រោះយោបល់ខែទី ៦ ជិតបញ្ចប់ ប្រទេសទាំងបួនត្រូវបានស្នើឲ្យដាក់នូវការសន្និដ្ឋានអំពីគម្រោងនេះពីមុនសេចក្តីសម្រេចរបស់ គណៈកម្មាធិការចម្រុះ នាពេលខាងមុខក្នុងខែនេះ។
កម្ពុជា មិនបានបោះបង់ពីជំហររបស់ខ្លួនដែលថា ទំនប់វារីអគ្គិសនីនេះគួរផ្អាករហូតទាល់តែមានការសិក្សាអន្តរប្រទេសបន្ថែមទៀត។
ការពិនិត្យបច្ចេកទេសអំពីទំនប់វារីអគ្គិសនីនេះដោយក្រុមអ្នកជំនាញ ៥ ក្រុមក៏បានសន្និដ្ឋានកាលខែមុនផងដែរថា ទំនប់វារីអគ្គិសនី ដនសាហុង មិនបានពិចារណាអំពីផលប៉ះពាល់ទៅលើប្រទេសខ្សែទឹកក្រោមដូចជា កម្ពុជា ដែលប្រជាជនរាប់លាននាក់ពឹងផ្អែកលើធនធានជលផលសម្រាប់ចំណូលនិងអាហារទេ៕PS