ភ្នំពេញៈ ​កម្ពុជា​បាន​បដិសេធ​សំណើ​របស់​វៀតណាម​ដែល​បាន​​ស្នើឱ្យ​ជួយផ្ដល់​សញ្ជាតិ​កម្ពុជា​ដល់​ពលរដ្ឋ​ខ្លួន​ដែល​កំពុង​រស់នៅ​ក្នុង​តំបន់​ត្រីកោណ​កម្ពុជា​មាន​ដូចជា ខេត្ត​ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី និង​ក្រចេះ​ជា​អ្វី​ដែល​មន្ត្រី​កម្ពុជា​ថា​ជាការ​អនុវត្ត​តាមច្បាប់ និង​ដើម្បី​កុំឱ្យ​មានការ​វាយប្រហារ​ពី​សំណាក់​អ្នកនយោបាយ​ប្រឆាំង ខណៈ​អ្នកវិភាគ​ថា​ជា​រឿង​ត្រឹមត្រូវ​។

លោក​ ឈាង វុន ប្រធាន​គណៈកម្មការ​កិច្ចការបរទេស សហប្រតិបត្តិការ​អន្តរជាតិ ឃោសនាការ និង​ព័ត៌មាន​នៃ​រដ្ឋសភា​បាន​ថ្លែងប្រាប់​អ្នក​សារព័ត៌មាន​កាលពី​ម្សិលមិញ​ថា នៅ​សន្និសីទ​លើក​ទី​៧ របស់​គណៈកម្មាធិការ​បរទេស​នៃ​ប្រទេស​ទាំង​ ៣ ​កម្ពុជា-ឡាវ-វៀតណាម ស្ដីពី​តួនាទី​របស់​សភា​ក្នុង​ការជំរុញ​ និង​អនុវត្ត​កិច្ចព្រមព្រៀង​កិច្ចសហប្រតិបត្តិ​ការអភិវឌ្ឍន៍​តំបន់​ត្រីកោណ​ដែល​ធ្វើឡើង​កាលពី​ថ្ងៃទី​ ១៧ ​ដល់​ថ្ងៃទី​ ១៨ ​ខែ​សីហា​​នៅ​ទីក្រុង​ខ្វាងនិញ ប្រទេស​វៀតណាម​គឺ​ភាគី​ទាំង​ ៣ ​បាន​ជជែក​គ្នា​យ៉ាង​តានតឹង​លើ​ប្រធានបទ​មួយចំនួន​ដូចជា បញ្ហា​ពាណិជ្ជកម្ម​ និង​វិនិយោគ បញ្ហា​ព្រំដែន បញ្ហា​គ្រឿងញៀន បញ្ហា​នាំចូល​ឈើ​ខុសច្បាប់ និង​បញ្ហា​ពលរដ្ឋ​វៀតណាម​រស់នៅ​កម្ពុជា​។

លោក​បន្ត​ថា​សន្និសីទ​នោះ​គឺ​វៀតណាម​បាន​ស្នើឲ្យ​កម្ពុជា​ជួយ​ផ្ដល់​សញ្ជាតិ​ដល់​ពលរដ្ឋ​ខ្លួន​​ដែល​កំពុង​រស់នៅក្នុង​ខេត្ត​ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី និង​ក្រចេះ ប៉ុន្តែ​លោក​បាន​ឆ្លើយតប​ថា​កម្ពុជា​មិន​អាច​ធ្វើ​តាម​បាន​​ឡើយ ព្រោះ​កម្ពុជា​ចាំបាច់​ត្រូវការពារ​ផលប្រយោជន៍​ខ្លួន​។

លោក​ថា​៖ «​វៀតណាម​បាន​ស្នើ​យើង​ពី​រឿង​ប្រជាពលរដ្ឋ​វៀតណាម​ដែល​មក​រស់នៅ​តំបន់​ហ្នឹង​យូរ​មកហើយ ម៉េច​ក៏​យើង​មិន​ផ្ដល់​សញ្ជាតិ​ឱ្យ​អ៊ីចឹង​។ ​ខ្ញុំ​ និង​គណៈប្រតិភូ​យើង​បាន​ឆ្លើយតប​យ៉ាងច្បាស់​លាស់​អំពី​រឿងនេះ​ថា យើង​មាន​ច្បាប់​ទម្លាប់​របស់​យើង ហើយ​ច្បាប់​ទម្លាប់​ទាំងនោះ​រួមមាន​ច្បាប់​សញ្ជាតិ​ផង និង​ច្បាប់​អន្តោប្រវេសន៍​ផង​។ យើង​មិន​អាច​ឱ្យ​សញ្ជាតិ​ដោយ​ស្វ័យប្រវត្តិ​ចំពោះ​បងប្អូន​វៀតណាម​ដែល​មក​រស់នៅ​ខុសច្បាប់​នៅក្នុង​ប្រទេស​យើង​បានទេ​» ។

លោក​បន្ថែម​ថា​៖ «​រឿង​ទឹកដី​ក៏​ដូចជា រឿង​សញ្ជាតិ​ដែរ ភាគី​ណាមួយ​ហ៊ាន​តែ​លះ​អាហ្នឹង សត្រូវ​នយោបាយ គេ​ចោទប្រកាន់​យើង​ថា​ក្បត់ជាតិ សំខាន់​ណាស់​យើង​មិន​អាច​បណ្ដោយ​បាន​ទេ អ៊ីចឹង​ហើយ​ជំហរ​របស់​រដ្ឋាភិបាល​គឺ​ការពារ​ដាច់ខាត​មិនឱ្យ​របេះ​ទឹកដី​ទៅ​ឱ្យ​គេ​ទេ ហើយ​សញ្ជាតិ​ហ្នឹង ក៏​មិន​ចេះតែ​ឱ្យ​ និង​ឱ្យគេ​បំពាន​យក​ស្រេច​តែ​ចិត្ត​បាន​ដែរ​»​។

កាលពី​ថ្ងៃទី​ ២៨ ដល់​ថ្ងៃទី​ ៣០ ខែ​ឧសភា​គឺ​នៅពេល​លោក ហេង សំរិន ប្រធាន​រដ្ឋសភា​កម្ពុជា​ទៅ​ទស្សនកិច្ច​នៅ​វៀតណាម ប្រធាន​រដ្ឋសភា​វៀតណាម​លោកស្រី ង្វៀន ធីគីមងិន ក៏​ធ្លាប់​ស្នើ​សុំឱ្យ​កម្ពុជា​យក​ចិត្ត​ទុកដាក់​បន្ថែម​ទៀត​ចំពោះ​ពលរដ្ឋ​វៀតណាម​ដែល​ត្រូវ​អាជ្ញាធរ​កម្ពុជា​ជម្លៀស​ចេញពី​ទន្លេសាប​ និង​ឲ្យ​ជួយ​សម្រួល​ផ្ដល់​ឯកសារ​ស្របច្បាប់​ដល់​ពួកគេ​ដែរ​។

ទោះ​ជា​យ៉ាងណា​លោក កែវ វណ្ណថន អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​បាន​បញ្ជាក់​កាលពី​ម្សិលមិញ​ថា កម្ពុជា​មាន​ជនអន្តោប្រវេសន៍​ស្របច្បាប់​ជាង​ ៨ ​ម៉ឺន​នាក់​ក្នុង​នោះ​មាន​ពលរដ្ឋ​វៀតណាម​ប្រហែល​ ៩០%​។ លោក​ថា​ចំពោះ​ជនអន្តោប្រវេសន៍​ដែល​រស់នៅ​កម្ពុជា​ខុសច្បាប់​នឹង​ត្រូវ​បណ្ដេញចេញ​ភ្លាម ប្រសិន​បើ​អាជ្ញាធរ​ស៊ើប​ដឹង​។

លោក​ថា​៖ «​អន្តោប្រវេសន៍​ខុសច្បាប់​អត់​មាន​ទេ​ (​នៅ​កម្ពុជា​) ​តែ​ខុស​មួយ​ដេញ​មួយ​ហើយ​»​។

លោក តុប នេត អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​អត្តសញ្ញាណកម្ម​បាន​លើកឡើង​ដែរ​ថា ចាប់ពី​ឆ្នាំ ១៩៩៩ មក គឺ​មាន​ជនបរទេស​ជិត​ ២ ​ពាន់​នាក់​ហើយ ​ត្រូវ​បានផ្ដល់​សញ្ជាតិ​កម្ពុជា ប៉ុន្តែ​លោក​មិន​ច្បាស់​អំពី​តួលេខ​​របស់​ពលរដ្ឋ​វៀតណាម​ដែល​ទទួលបាន​សញ្ជាតិ​កម្ពុជា​ទេ​។

លោក​បន្ត​ថា​ជនបរទេស​ដែល​អាចដាក់​ពាក្យស្នើសុំ​ចូល​សញ្ជាតិ​បាន គឺ​ទាល់​តែមាន​លក្ខខណ្ឌ​ដូចជា មាន​ប្ដី​ ឬ​ប្រពន្ធ​ជា​ជនជាតិខ្មែរ និង​ត្រូវ​រស់នៅ​ជាមួយ​គ្នា​យ៉ាងតិច​ ៣ ​ឆ្នាំ​ហើយ​ត្រូវ​រស់នៅ​កម្ពុជា​ចាប់ពី​ ១២ ​ខែ​ឡើង ជនបរទេស​ដែល​រស់នៅ​កម្ពុជា​ស្របច្បាប់​រយៈពេល​ ៧ ​ឆ្នាំ​ជាប់​គ្នា ជនបរទេស​ដែល​វិនិយោគ​ចាប់ពី​ទឹកប្រាក់​ប្រហែល​ ១ ​លាន​ដុល្លារ​​ និង​ស្នាក់នៅ​កម្ពុជា​យ៉ាងតិច​ ១២ ​ខែ និង​ជនបរទេស​ដែល​ធ្វើ​អំណោយ​ជា​សាច់ប្រាក់​ចាប់ពី​ ៣ ​លាន​ដុល្លារ​ឡើងទៅ​។

លោក​ថា​៖ «​ច្បាប់​ស្ដីពី​ចូលសញ្ជាតិ​របស់​យើង​គឺ​មាន​លក្ខណៈ​​តឹងតែង​គួរសម ហើយ​មាន​ការរឹតត្បិត​ក្នុងការ​ចូលសញ្ជាតិ​។ យើង​គិត​មើល ប្រសិន​បើ​ជនបរទេស​ស្នាក់​នៅ​ជាប់​រយៈពេល​ ៧ ​ឆ្នាំ​ទើប​អាច​មាន​សិទ្ធិ​ដាក់ពាក្យ ហើយ​ត្រូវ​រស់នៅ​ស្របច្បាប់​ទៅ​ទៀត ហើយ​ប្រសិន​បើ​មិន​រស់នៅ​ស្រប​ច្បាប់​ទេ គាត់​ក៏​អត់​ទទួល​បាន​ការពិនិត្យ និង​ពិចារណា​ក្នុង​ការផ្ដល់​សញ្ជាតិ​ជា​ខ្មែរ​ដែរ​»​។

លោក មាស នី អ្នកវិភាគ​នយោបាយ​បាន​ថ្លែង​ថា​ប្រសិន​​បើ​វៀតណាម​ពិតជា​បាន​ស្នើសុំ​ឱ្យ​កម្ពុជា​ផ្ដល់​សញ្ជាតិ​ឱ្យ​ពលរដ្ឋ​វៀតណាម​មែន​នោះ​គឺជា​ការប៉ុនប៉ង​រំលោភ​លើ​ដែនអធិបតេយ្យ​កម្ពុជា​ និង​ប្រហែល​ជា​វៀតណាម​គិតថា កម្ពុជា​គឺជា​ប្រទេស​រណប​ខ្លួន​។ លោក​បន្ត​ថា​ប្រសិន​បើ​កម្ពុជា​ធ្វើ​តាម​ការស្នើសុំ​របស់​វៀតណាម​គឺ​កម្ពុជា​​នឹង​ត្រូវ​បាត់បង់​អធិបតេយ្យ​។

លោក​ថា​៖ «​ការបដិសេធ​របស់​​រដ្ឋាភិបាល​គឺ​ត្រឹមត្រូវ ហើយ​ប្រសិន​បើ​ហ៊ាន​ទទួល​យល់​ព្រម​ជាមួយ​គេ អាហ្នឹង​បាន​ន័យ​ថា​លក់​អធិបតេយ្យ និង​ជា​ប្រទេស​​រណប​របស់​វៀតណាម​»​។

កាលពី​ម្សិលមិញ​ភ្នំពេញ​ប៉ុស្ដិ៍​មិន​អាច​ទាក់ទង​សុំ​ការ​អត្ថាធិប្បាយ​ពី​លោក គិន ភា ប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​រាជបណ្ឌិត្យ​សភា​កម្ពុជា​​បានទេ ដោយសារ​មិន​មាន​អ្នក​ទទួល​ទូរស័ព្ទ​៕

វីដេអូ៖