ភ្នំពេញៈ កម្ពុជា​បានដាក់​ឯកសារ​បច្ចុប្បន្នភាព​ស្ដីពី​វិធានការ​លើ​ការប្រែប្រួល​អាកាសធាតុ​ទៅ​អង្គការ​សហប្រជាជាតិ និង​ទទួល​បាន​ការសាទរ​ ខណៈ​ដែល​ប្រទេស​នៅលើ​ពិភពលោក​ជាង​ពាក់កណ្ដាល​បាន​ខកខាន​មិន​បាន​ដាក់​ឯកសារ​បែបនេះ​ឲ្យ​បាន​ទាន់​ពេលវេលា​កំណត់​នៅ​ចុងឆ្នាំ ២០២០​។

ប្រទេស​កម្ពុជា​កាលពី​មុន​ដំណាច់ឆ្នាំ​ ២០២០ បានដាក់​ដោយ​ជោគជ័យ​នូវ​ឯកសារ​មាន​ចំណងជើង​ថា​ «​ឯកសារ​បច្ចុប្បន្នភាព​នៃ​ការចូលរួមចំណែក​ថ្នាក់ជាតិ​ក្នុង​ការអនុវត្ត​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​» ស្ដីពី​ការប្រែប្រួល​អាកាសធាតុ​។ ឯកសារ​នេះ​មាន​កម្រាស់​ ១៥៨ ​ទំព័រ​ រៀបរាប់​ពី​ទិដ្ឋភាព​ទូទៅ​ពី​វិធានការ និង​គោលដៅ​នៃ​ការកាត់បន្ថយ​ផលប៉ះពាល់​​ពី​ការប្រែប្រួល​អាកាសធាតុ ការចូលរួម និង​ទិដ្ឋភាព​ជាច្រើន​ទៀត​។

លោក សាយ សំអាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន និង​ជា​ប្រធាន​ក្រុម​ប្រឹក្សាជាតិ​អភិវឌ្ឍន៍​ដោយ​ចីរភាព​បាន​ថ្លែង​ក្នុង​អារម្ភកថា​នៃ​ឯកសារ​នេះ​ថា ការដាក់​ឯកសារ​នេះ​បង្ហាញ​ពី​ការប្ដេជ្ញាចិត្ត​របស់​កម្ពុជា និង​សេចក្ដី​ត្រូវការ​នៅក្នុង​រយៈពេល​ ១ ​ទសវត្សរ៍​ទៀត​ ក្នុងការ​បង្ហាញ​ពី​ទស្សនវិស័យ​នៃ​សង្គម​ដែល​បញ្ចេញ​កាបោន​ទាប និង​មាន​ភាព​ធន់​។

លោក​ថ្លែងថា ឯកសារ​នេះ​ត្រូវ​បានរៀបចំ​ឡើង​ដោយមាន​ការប្រឹក្សា​យោបល់​អស់​រយៈពេល​ជាង​ ៩ ​ខែ តាមរយៈ​ការចូលរួម​ពី​ភាគី​ពាក់ព័ន្ធ​ក្នុងប្រទេស ដែល​រួមមាន​ក្រសួង និង​ទីភ្នាក់ងារ​ពាក់ព័ន្ធ អ្នកតំណាង​អង្គការ​សង្គម​ស៊ីវិល ដៃគូ​អភិវឌ្ឍន៍ អ្នកសិក្សា​ស្រាវជ្រាវ និង​វិស័យ​ឯកជន​។

លោក​ថ្លែង​ដូច្នេះ​ថា​៖ «​កម្ពុជា​តែងតែ​ជា​អ្នកគាំទ្រ​យ៉ាងខ្លាំង​មួយ​នៃ​សកម្មភាព​ជា​លក្ខណៈ​ពហុ​និយម​ទៅលើ​ការប្រែប្រួល​អាកាសធាតុ​។ ក្នុងនាម​ជា​ប្រទេស​ដែល​រង​ឥទ្ធិពល​ពី​ការប្រែប្រួល​អាកាសធាតុ យើង​យល់​ពី​ភាពបន្ទាន់​នៃ​សកម្មភាព​កាត់បន្ថយ​ការប្រែប្រួល​អាកាសធាតុ​ប្រកប​ដោយ​មហិច្ឆតា​ហើយ​យើង​តម្រង់​ឆ្ពោះទៅ​សកម្មភាព​ទាំងនោះ​ដោយ​ការបង្ហាញ​ឧទាហរណ៍​»​។ ទាំងនេះ​វា​ស្របតាម​សមត្ថភាព និង​ការទទួល​ខុសត្រូវ​របស់​កម្ពុជា​ស្ថិតក្រោម​អនុសញ្ញា​ក្របខ័ណ្ឌ​អង្គការ​សហប្រជាជាតិ​ស្ដីពី​ការប្រែប្រួល​អាកាសធាតុ​។

លោក​លើកឡើងថា ឯកសារ​បច្ចុប្បន្នភាព​នេះ​ត្រូវ​បាន​ធ្វើឲ្យ​កាន់តែ​ល្អប្រសើរ​ជាង​មុន​តាមរយៈ​វិធីសាស្ត្រ​ ៤ ​ចំណុច​ដែល​ទី​១ គឺ​ការបន្ថែម​គោលដៅ​នៃ​ការកាត់បន្ថយ​ការប្រែប្រួល​អាកាសធាតុ​នៅក្នុង​វិស័យ​កសិកម្ម និង​សំណល់ និង​ទី​២ គឺ​ការកំណត់​គោលដៅ​ប្រកប​ដោយ​មហិច្ឆតា​ក្នុង​វិស័យ​ព្រៃឈើ និង​ការប្រើប្រាស់​ដី​ដើម្បី​កាត់បន្ថយ​ការបំផ្លាញ​ព្រៃឈើ​ឲ្យ​បាន​ពាក់កណ្ដាល​នៅ​ឆ្នាំ ២០៣០​។

វិធីសាស្ត្រ​ទី​៣ គឺថា ឯកសារ​នេះ​ផ្ដោត​ការយកចិត្ត​ទុកដាក់​លើ​ក្រុម​យេនឌ័រ និង​ងាយ​រងគ្រោះ​ដើម្បី​ធានាថា សកម្មភាព​សម្រប​ខ្លួន និង​កាត់បន្ថយ​ការប្រែប្រួល​អាកាសធាតុ​រួមចំណែក​យ៉ាងច្រើន​ដល់​សង្គម និង​ប្រកប​ដោយ​បរិយាប័ន្ន​។ មួយវិញទៀត កិច្ចប្រឹងប្រែង​ជាពិសេស​ត្រូវបាន​យកចិត្ត​ទុកដាក់​លើ​ការបង្កើត​ក្របខ័ណ្ឌ​រឹងមាំ​សម្រាប់​វាស់វែង ធ្វើ​របាយការណ៍ និង​ផ្ទៀងផ្ទាត់​ដើម្បី​បង្កើត​បាន​នូវ​ភ័ស្តុតាង​ស្ដីពី​ការរីកចម្រើន​ និង​បញ្ហា​ប្រឈម​។

បើតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP គិត​ត្រឹម​ថ្ងៃទី​ ១ មករា ឆ្នាំ​ ២០២១ មួយថ្ងៃ​បន្ទាប់ពី​កាលបរិច្ឆេទ​កំណត់​បាន​ហួស​នៅ​ថ្ងៃទី​ ៣១ ធ្នូ ២០២០ មាន​ប្រទេស​ប្រមាណ ៧០ ប៉ុណ្ណោះ​ក្នុង​ចំណោម​ជិត ២០០ ដែល​បានដាក់​ឯកសារ​នេះ ដោយ​ប្រទេស​ខ្លះ​បន្ទោស​លើ​បញ្ហា​កូវីដ ​១៩​។ ប្រទេស​ទាំងអស់​កាលពី​ឆ្នាំ​ ២០១៥ បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​ស្ដីពី​ការប្រែប្រួល​អាកាសធាតុ ដោយ​ប្ដេជ្ញា​ធ្វើ​ឲ្យ​កម្ដៅ​ផែនដី​នៅក្រោម ២ អង្សាសេ​ធៀប​ទៅនឹង​កម្រិត​មុន​សម័យ​ឧស្សាហកម្ម​។

លោកស្រី Patricia Espinosa លេខាធិការ​ប្រតិបត្តិ​នៃ​លេខាធិការដ្ឋាន​នៃ​អនុសញ្ញា​ក្របខ័ណ្ឌ​សហប្រជាជាតិ​ស្តីពី​ការប្រែប្រួល​អាកាសធាតុ​បាន​ថ្លែង​នៅលើ​ហ្វេសប៊ុក​របស់​លោកស្រី​ថា​៖ «​សូម​អបអរសាទរ​ចំពោះ​ប្រទេស​កម្ពុជា​ដែល​បាន​ដាក់ជូន​ឯកសារ​លើក​ទី​១ ​ស្ដីពី​ការចូលរួមចំណែក​ថ្នាក់ជាតិ​ដ៏លម្អិត​»​។

លោក Nick Beresford តំណាង​អង្គការ​យូអិនឌីភី​ប្រចាំ​កម្ពុជា​ប្រាប់ ​ភ្នំពេញ ​ប៉ុស្តិ៍​ កាលពី​ថ្ងៃទី​ ១០ ខែធ្នូ ថា ឯកសារ​ដែល​កម្ពុជា​បានដាក់​គឺជា​ឯកសារ​លម្អិត ដែល​រួមមាន​ធាតុ​ចូល​ពី​តួអង្គ​សំខាន់ៗ​ធ្វើការ​រឿង​ឆ្លើយតប​នឹង​ការប្រែប្រួល​អាកាសធាតុ​។

លោក​ថ្លែង​ដូច្នេះ​ថា​៖ «​នេះ​ជា​លើក​ទី​ ១ ​ហើយ ដែល​យើង​ឃើញ​នូវ​គោលដៅ​កាត់បន្ថយ​ការបំភាយ​ជា​ផ្លូវការ​ដែល​ផ្ដោតលើ​បញ្ហា​នានា​ដូចជា ថាមពល​កកើត​ឡើងវិញ ស័ក្ដិសិទ្ធិ​ភាព​នៃ​ថាមពល ឬ​ការគ្រប់គ្រង​សំណល់​។ គោលដៅ​ក្នុង​ការកាត់បន្ថយ​ឲ្យ​បាន​ពាក់កណ្ដាល​នៃ​ការបំផ្លាញ​ព្រៃឈើ​នៅ​ឆ្នាំ ២០៣០ គឺ​វា​ស្របទៅនឹង​យុទ្ធសាស្ត្រ REDD+ ថ្នាក់ជាតិ​ដែល​ត្រូវបាន​អនុម័ត​កាលពីពេល​ថ្មីៗ​នេះ​»​។

បើតាម​លោក Beresford ឯកសារ​ស្ដីពី​ការចូលរួម​ថ្នាក់ជាតិ​នេះ​បញ្ជាក់​ពី​គោលដៅ​ចម្បង​ដែល​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាស​នៅក្នុង​មហាសន្និបាត​អង្គការ​សហប្រជាជាតិ​កាលពី​ដើម​ខែធ្នូ​។ នេះ​ជា​ចំណុច​វិជ្ជមាន និង​បង្ហាញ​នូវ​ការទទួល​ស្គាល់​កាន់តែ​ខ្លាំង​ថា ថាមពល​បៃតង​នឹង​ក្លាយជា​កត្តា​ជំរុញ​ដ៏សំខាន់​ដល់​កំណើន​សេដ្ឋកិច្ច​នៅក្នុង​ទសវត្សរ៍​ខាងមុខ ហើយ​ក៏​បញ្ជាក់ថា កម្ពុជា​ត្រូវតែ​ចាប់យក​ឱកាស​នេះ​។

លោក​បញ្ជាក់ថា​៖ «​នៅក្នុង​វិស័យ​ថាមពល យើង​ជឿជាក់​ថា ស្រប​ជាមួយ​នឹង​និន្នាការ​បច្ចេកវិទ្យា និង​តម្លៃ​នាពេល​បច្ចុប្បន្ននេះ កម្ពុជា​នឹង​អាចធ្វើ​បាន​លើសពី​គោលដៅ​ដែល​ខ្លួន​បានកំណត់​នៅ​ឆ្នាំ ២០៣០​។ យើង​ទន្ទឹង​រង់ចាំ​ធ្វើការ​ជាមួយ​រដ្ឋាភិបាល និង​វិស័យ​ឯកជន​ដើម្បី​សម្រេចបាន​នូវ​មហិច្ឆតា​កម្រិត​ខ្ពស់​នេះ​»៕