កណ្តាលៈ បើទោះបី​ជា​វ៉ាក់សាំង​ប្រឆាំង​កូវីដ ​១៩ មិនទាន់​ត្រូវ​បាន​ប្រកាស​ទទួលស្គាល់​ជា​ផ្លូវការ​ពី​អង្គការ​សុខភាព​ពិភពលោក​ក្តី ក៏​ប្រទេស​កម្ពុជា​បាន​បញ្ជា​ទិញ​វ៉ាក់សាំង​ប្រឆាំង​ជំងឺ​នេះ​រួច​ហើយ​ពី​មជ្ឈមណ្ឌល COVAX របស់​អង្គការ​សុខភាព​ពិភពលោក​។ នេះ​បើតាម​ការបញ្ជាក់​របស់​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែល​បាន​ថ្លែង​ទៅកាន់​ជនរួមជាតិ​កាលពី​ថ្ងៃទី​ ១៥ ធ្នូ ម្សិលមិញ​។

លោក ហ៊ុន សែន បាន​មាន​ប្រសាសន៍​ដូច្នេះ​ថា​៖ «​អ៊ីចឹង​ខ្ញុំ​អាច​បញ្ជាក់ជូន​បាន​ថា យើង​បាន​រៀបចំ​តាមរយៈ​យន្តការ COVAX សម្រាប់ ២០ ​ភាគរយ ​ធ្វើ​លិខិត​ស្នាម​រួច​អស់​ហើយ ទិញ​ថែម​តាមរយៈ COVAX ១ លានដូស​ក៏បាន​បញ្ជា​ទិញ​រួចហើយ​។ តែ​ត្រង់​ថា​មក​ដល់​ពេលណា​ខ្ញុំ​ឆ្លើយ​អត់​ទាន់​បាន​ព្រោះ​សុំ​បញ្ជាក់​ថា កម្ពុជា​ទទួល​ទិញ​តែ​វ៉ាក់សាំង​របស់​ប្រទេស​ណា​ដែលមាន​ការទទួលស្គាល់​ដោយ​អង្គការ​សុខភាព​ពិភពលោក​តែ​ប៉ុណ្ណោះ​។

លោក​សង្កត់ធ្ងន់​ថា​៖ «​កម្ពុជា​នឹង​មិន​យក​ពលរដ្ឋ​របស់​ខ្លួន​ធ្វើតេស្ត​វ៉ាក់សាំង​សម្រាប់​ក្រុមហ៊ុន ឬ​ប្រទេស​ណា​នោះទេ ហើយ​រឿងនេះ​ជា​គោលជំហរ​ដាច់ខាត​របស់​ ហ៊ុន សែន​»​។

លោក​នាយក​រដ្ឋមន្ត្រី​បញ្ជាក់ថា កម្ពុជា​មាន​តម្រូវការ​វ៉ាក់សាំង​ចំនួន​ ២៦ ​លាន​ដូស តែ​សម្រាប់​ដំណាក់កាល​ដំបូង កម្ពុជា​អាច​ទទួល​បាន​តែ​ ៦ ​លាន ៤ ​សែនដូស​ប៉ុណ្ណោះ​តាម​នីតិវិធី​របស់ COVAX​។ នៅពេល​ទទួល​បាន​វ៉ាក់សាំង​ទាំងនេះ​នឹង​ត្រូវ​រក្សាទុក​នៅក្នុង​ឃ្លាំង​ដែល​ពេលនេះ កំពុង​ស្ថិត​ក្រោម​ការរៀបចំ​ដែល​នឹង​មាន​កម្រិត​សីតុណ្ហភាព​រហូត​ដល់ ៨០ ​អង្សារក្រោម​សូន្យ​។ បន្ទាប់មក​វា​នឹង​ត្រូវ​ចាក់​ជូន​ពលរដ្ឋ​ដោយ​ឥតគិតថ្លៃ​។

តាម​គោលការណ៍​មជ្ឈមណ្ឌល COVAX ដែល​ជា​ផ្នែក​មួយ​គាំទ្រ​ដោយ​អង្គការ​សហប្រជាជាតិ​នឹង​ផ្ដល់​វ៉ាក់សាំង​សម្រាប់ ២០ ​ភាគរយ​នៃ​ប្រជាជន​សរុប ក្នុង​ប្រទេស​សមាជិក​មួយ​។ ប្រសិនបើ COVAX ផ្ដល់​ឲ្យ​កម្ពុជា​ ២០ ​ភាគរយ នោះ​កម្ពុជា​នឹង​មាន​វ៉ាក់សាំង​សម្រាប់​ពលរដ្ឋ ៣ ​លាន​ ២ ​សែន​នាក់​។ ទោះយ៉ាងណា COVAX អាច​ផ្ដល់​ឲ្យ​បានតែ​ ៣ ​ភាគរយ​ប៉ុណ្ណោះ​នៅ​ដំណាក់កាល​ដំបូង​។ ដូច្នេះហើយ​ទើប​កម្ពុជា​បញ្ជា​ទិញ​បន្ថែម ១ ​លានដូស​ទៀត​។ នេះ​បើតាម​លោក ហ៊ុន សែន​។

លោក​ថ្លែង​ដូច្នេះ​ថា​៖ «​ខ្ញុំ​ចាត់ទុក​ថា នេះ​មិនមែន​ជា​ល្បែង​ទិញ​ត្រី​តាម​ផ្សារ​ទេ​។ តែ​ភាពហ្មត់ចត់​របស់​កម្ពុជា គឺ​វា​យ៉ាងដូច្នេះ​។ ឥឡូវនេះ យើង​អត់ទាន់​ដឹងថា តើ​វ៉ាក់សាំង​នៅ​ប្រទេស​ណាខ្លះ​ដែល​គេ​នឹង​ទទួលស្គាល់​។ ប្រហែលជា បើតាម​ព័ត៌មាន​អាច​ក្នុង​ខែមករា ទើប​មាន​ការទទួលស្គាល់​»​។

លោក ហ៊ុន សែន បញ្ជាក់ថា កម្ពុជា​ត្រូវការ​វ៉ាក់សាំង​ ១ ​លានដូស​ដំបូង សម្រាប់​មនុស្ស ៥០ ម៉ឺន​នាក់​។ ក្នុង​ចំណោម​មនុស្ស​ ៥០ ​ម៉ឺន​នាក់​មាន ៤១ ​ម៉ឺន​នាក់ ស្ថិត​ក្នុង​បញ្ជី​អាទិភាព​រួមមាន​អ្នកប្រមូល​សំរាម​អនាម័យ​ទីក្រុង អ្នក​បើកបរ​ដឹកជញ្ជូន ដូចជា​តាក់ស៊ីកង់​៣ បព្វជិត​សាសនា កីឡាករ-ការិនី កងទ័ព នគរបាល មន្ត្រី​អប់រំ សុខាភិបាល មន្ត្រីពន្ធដារ មន្ត្រី​គយ រដ្ឋាករ មន្ត្រី​ផ្នែក​តុលាការ មេធាវី​។

អ្នក​ដែល​ស្ថិតក្នុង​បញ្ជី​អាទិភាព​ផ្សេងទៀត​រួមមាន មន្ត្រី​ពន្ធនាគារ ឧទ្យានុរក្ស រដ្ឋបាល​ព្រៃឈើ រដ្ឋបាល​ជលផល មន្ត្រី​អគ្គនាយក​ការពារ​អ្នក​ប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង​ និង​ក្លែងបន្លំ មន្ត្រី​អគ្គិសនី ក្រុមប្រឹក្សា​ខេត្ត គណៈ​អភិបាលខេត្ត ក្រុមប្រឹក្សា​ក្រុង​ស្រុក​ខណ្ឌ ឃុំ-សង្កាត់ សមាជិក​ភូមិ វិទ្យាស្ថាន​និង​មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ និង​គ្រឹះស្ថាន​ឧត្តមសិក្សា​។

កម្ពុជា​មាន​តម្រូវ​ការចាក់​វ៉ាក់សាំង​លើ​ប្រជាជន​ពី​ ៨០ ​ភាគរយ​ឡើងទៅ ដើម្បី​ឲ្យ​ពលរដ្ឋ​ក្នុង​ប្រទេស​នេះ​មាន​ភាពស៊ាំ​នឹង​ជំងឺ​។ ដូច្នេះ​កម្ពុជា​ត្រូវ​ចាក់​វ៉ាក់សាំង​លើ​ពលរដ្ឋ​ប្រមាណ ១៣ ​លាន​នាក់​ ចាប់ពី​អាយុ​ ១៥ ឆ្នាំ​ឡើងទៅ​ដោយ​ពួកគេ​នឹង​ទទួល​បាន​វ៉ាក់សាំង​ដោយ​ឥត​គិតថ្លៃ​។

នៅពេល​និយាយ​ដល់​ថវិកា​សម្រាប់​ទិញ​វ៉ាក់សាំង​កូវីដ​ ១៩ លោក ហ៊ុន សែន ថ្លែងថា លោក​ព្រឺរោម​នៅពេល​ឃើញ​ប្រជាពលរដ្ឋ​គ្រប់​ស្រទាប់​វណ្ណៈ​ចូលរួម​បរិច្ចាគ​ថវិកា​សម្រាប់​ទិញ​វ៉ាក់សាំង​នេះ ដោយ​លោក​មិន​បាន​អំពាវនាវ​អ្វី​ឡើយ​។

លោក​មាន​ប្រសាសន៍​ដូច្នេះ​ថា​៖ «​ខ្ញុំ​អត់​ស្មានថា បញ្ហា​វ៉ាក់សាំង​បាន​ក្លាយ​ទៅ​ជា​ចលនា​ជាតិ​ដ៏ធំ ហើយ​បានក្លាយ​ទៅ​ជា​ខឿន​ការពារ​សុខភាព​របស់​ប្រជាជន​ដែល​ជា​យុទ្ធសាស្ត្រ​ដ៏ទូលំទូលាយ និង​ស៊ីជម្រៅ​នៅក្នុង​ជាតិសាសន៍​របស់​យើង​ច្រើន​យ៉ាង​ណាស់ ជាពិសេស​គឺ​ស្មារតី​សាមគ្គីភាព ឯកភាពជាតិ ក្នុង​ចំនួន​ដ៏ច្រើន​លើសលប់​»​។

លោក ហ៊ុន សែន បន្ត​ថា​៖ «​ទឹកចិត្ត​របស់​បងប្អូន​ធំ​ទូលាយ​មហាសាល់ ហើយ​មាន​តាំងពី​គ្រប់​ស្រទាប់វណ្ណៈ កម្មករ កសិករ បងប្អូន​ជនពិការ អាជីវករ សិល្បករ សិល្បការិនី គ្រប់មជ្ឈដ្ឋាន​ទាំងអស់​»​។

បើ​តាម​លោក ហ៊ុន សែន គិត​ត្រឹម​ថ្ងៃទី​ ១៤ ​ធ្នូ សប្បុរសជន​ចំនួន​ ៣៨ ៤១១ ​នាក់​ បាន​បរិច្ចាគ​ថវិកា​សរុប​ជាង ៤៨ ​លាន​ដុល្លារ និង​ប្រាក់រៀល​ជាង ៣ ៩០០ ​លាន​រៀល​ (​ជិត​ ១ ​លាន​ដុល្លារ​) ​សម្រាប់​ទិញ​វ៉ាក់សាំង​កូវីដ ​១៩​។ ថវិកា​នេះ​ត្រូវ​រក្សាទុក​ដោយឡែក​ដោយ​ក្រសួង​សុខាភិបាល មិន​ស្ថិតក្រោម​ការគ្រប់គ្រង​របស់​ក្រសួង​សេដ្ឋកិច្ច​ទេ​។

លោក​បន្តថា កម្ពុជា​នឹង​បញ្ចេញ​ថវិការដ្ឋ​ពី ១០០ ​លាន ទៅ ២០០ ​លាន​ដុល្លារ​ រួមទាំង​ថវិកា​របស់​សប្បុរសជន ៤៨ ​លាន​ដុល្លារ​នេះ ដើម្បី​បញ្ជា​ទិញ​វ៉ាក់សាំង ដោយ​មិន​រង់ចាំ​ជំនួយ​ពី COVAX នោះ​ទេ​។

បើតាម​លោក ហ៊ុន សែន ​កម្ពុជា​មាន​សាច់ប្រាក់​នៅក្នុង​ដៃ​ចំនួន ៥៣៨ ​លាន​ដុល្លារ សម្រាប់​ប្រើប្រាស់​ក្នុង​ក្របខ័ណ្ឌ​ប្រយុទ្ធ​ប្រឆាំង​នឹង​កូវីដ​ ១៩ ក៏ដូចជា​ការស្ដារ​ឡើងវិញ​នូវ​សេដ្ឋកិច្ច​។ ថវិកា​ទាំងនេះ​បាន​ពី​កម្ចី​ធនាគារ​អភិវឌ្ឍន៍​អាស៊ី (ADB) ចំនួន ២៥០ ​លានដុល្លារ​ពី​ទីភ្នាក់ងារ​សហប្រតិបត្តិការ​អន្តរជាតិ​ជប៉ុន​ (JICA) ២៣៨ ​លាន​ដុល្លារ និង​ថវិកា​ពី​មូលនិធិ​សហប្រតិបត្តិការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច (EDCF) របស់​កូរ៉េ​ខាងត្បូង​ចំនួន ៥០ ​លាន​ដុល្លារ​។ ចំនួន​នេះ​មិនទាន់​គិតពី​ប្រាក់​បម្រុង​ទុក​ ឬ​ប្រាក់​សន្សំ​របស់​រដ្ឋាភិបាល​នៅឡើយ​ទេ​។

លោក ឡៅ ម៉ុងហៃ អ្នកវិភាគ​នយោបាយ​ថ្លែងថា លោក​ជឿជាក់​លើ​អ្នកជំនាញ​សុខាភិបាល ហើយ​លោក​ធ្វើតាម​ការណែនាំ​យ៉ាង​ហ្មត់ចត់ ដើម្បី​ការពារ​ខ្លួន​ពី​មេរោគ​នេះ​។

លោក​បាន​ថ្លែងថា​៖ «​ខ្ញុំ​ក៏​ជឿ​លើ​ពួកគាត់ (​អ្នកជំនាញ​សុខាភិបាល​) ជាជាង​ជឿ​លើ​អ្នក​មិនមាន​ជំនាញ​នៅពេល​និយាយ​ពី​ផែនការ​យុទ្ធសាស្ត្រ​វ៉ាក់សាំង​។ ខ្ញុំ​នឹងមាន​ទំនុកចិត្ត​ប្រសិនបើ​អ្នកជំនាញ​ទាំងនោះ​ធ្វើ​សេចក្ដី​សម្រេច​អំពី​រឿង​វ៉ាក់សាំង​នេះ ហើយ​ប្រកាស​ឲ្យ​ដឹង​ជា​សាធារណៈ​»៕