រតនគិរី៖ កម្ពុជាបានរកឃើញសត្វពស់ខ្សែគោ ពណ៌ស ដ៏កម្រមួយប្រភេទថ្មីទៀត នៅក្នុងតំបន់ភូមិភាគឦសាន។ នេះបើតាមលោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន។
កាលពីថ្ងៃទី ១១ ខែ ឧសភា ឆ្នាំ ២០២១ លោក សាយ សំអាល់ បានបង្ហោះរូបពស់ជាច្រើនសន្លឹកនៅលើទំព័រហ្វេសប៊ុករបស់លោក ជាមួយនឹងសំណេរយ៉ាងខ្លីថា «កំណត់ត្រាថ្មីសម្រាប់កម្ពុជាប្រភេទពស់ខ្សែគោដែលរកឃើញនៅឧទ្យានជាតិវើនសៃ» ។
តាមរយៈរូបភាព ដែលបានបង្ហាញនៅលើហ្វេសប៊ុកនោះ ពស់ខ្សែគោដែលរកឃើញនៅឧទ្យានជាតិវើនសៃនេះ មានស្រកាពណ៌ស ភ្នែកធំ មើលទៅមិនគួរឱ្យខ្លាចដូចប្រភេទពស់ដទៃផ្សេងទៀតនោះទេ។
រូបភាពនៃសត្វពស់ដ៏កម្រនេះ ត្រូវបានប្រជាពលរដ្ឋខ្មែរជាច្រើនពាន់នាក់ បានចុច Like និង Share តៗគ្នាជាមួយនឹងការបញ្ចេញមតិគាំទ្រលើកទឹកចិត្តដល់ក្រុមជំនាញការសត្វព្រៃ និងជីវចម្រុះនៃក្រសួងបរិស្ថានដែលបានរកឃើញនូវប្រភេទសត្វល្មូនដ៏កម្រនេះ។
លោក កែន សេរីរដ្ឋា ប្រធានអង្គការ WCS-Cambodia បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា ការរកឃើញនូវប្រភេទសត្វពស់ខ្សែគោពណ៌ស នៅក្នុងដែនជម្រកសត្វព្រៃវើនសៃនាពេលថ្មីៗនេះ បានបង្ហាញថា ដែនជម្រកសត្វព្រៃក្នុងប្រទេសកម្ពុជា ជាដែនជម្រកដ៏មានសុវត្ថិភាពសម្រាប់ប្រភេទសត្វកម្រជាច្រើនទៀតរស់នៅ។
លោកថ្លែងថា៖ «ខ្ញុំពិតជារីករាយ និងសាទរចំពោះរបកគំហើញថ្មីនេះ។ ពស់ខ្សែគោពណ៌ស ដែលរកឃើញនៅឧទ្យានជាតិវើនសៃនេះ គឺជាកំណត់ត្រាថ្មីមួយទៀតសម្រាប់កម្ពុជា។ ទន្ទឹមនឹងនេះ យើងត្រូវសិក្សាបន្ថែមទៀតពីលក្ខណៈជីវសាស្ត្ររបស់វាឲ្យបានច្បាស់លាស់ ដោយមានកិច្ចសហការពីជំនាញការផ្នែកសត្វល្មូនអន្តរជាតិ ដើម្បីជាប្រយោជន៍ឲ្យមានការទទួលស្គាល់ជាអន្តរជាតិនូវប្រភេទសត្វល្មូន ឬពស់ខ្សែគោនេះ ជាសម្បត្តិធម្មជាតិក្នុងប្រទេសកម្ពុជា និងបានប្រើឈ្មោះវាជាភាសាខ្មែរផងដែរ»៕
វីដេអូ៖