ភ្នំពេញៈ កម្ពុជា​ប្ដេជ្ញា​បោសសម្អាត​មីន​ប្រឆាំង​មនុស្ស​ឱ្យអស់​នៅ​ឆ្នាំ​ ២០២៥ បើទោះបី​ជាមាន​បញ្ហា​ប្រឈម​ខ្លះ​ក៏ដោយ ប៉ុន្តែ​គោលដៅ​នេះ​អាច​សម្រេច​ទៅបាន​អាស្រ័យ​លើ​ការចូលរួម​ពី​អាជ្ញាធរ​ពាក់ព័ន្ធ និង​ការ​ផ្ដល់ជំនួយ​ពី​ប្រទេស​ជា​មិត្ត​ និង​ដៃគូ​អភិវឌ្ឍន៍​។ នេះ​បើតាម​ការ​ឱ្យដឹងពី​អាជ្ញាធរ​មីន និង​អង្គការ​​ដៃគូ​អភិវឌ្ឍន៍ និង​ប្រតិបត្តិករ​សម្អាត​មីន​។

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែលជា​ប្រធាន​អាជ្ញាធរ​មីន​បាន​ចេញ​សារលិខិត​ ៣ ​ទំព័រ សម្រាប់​ទិវា​ជាតិ​យល់ដឹង​អំពី​មីន ២៤ ​កុម្ភៈ ដែល​ប្រារព្ធ​ធ្វើឡើង​អស់​រយៈពេល​ ២២ ​ឆ្នាំ​មកហើយ​។ ទិវា​នេះ​ប្រារព្ធ​ឡើង​ ដើម្បី​រំឭក​ដល់​ប្រជាពលរដ្ឋ​កម្ពុជា ជាពិសេស​ពលរដ្ឋ​ដែល​កំពុង​រស់នៅក្នុង​តំបន់​រង​ផលប៉ះពាល់​ដោយសារ​គ្រាប់មីន គ្រាប់បែក​ចង្កោម និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​ឱ្យ​មាន​ការប្រុងប្រយ័ត្ន​ខ្ពស់​ចំពោះ​គ្រោះថ្នាក់​បង្កដោយ​គ្រឿងផ្ទុះ​ទាំងនោះ​។

បើតាម​សារលិខិត​របស់​លោក​ចាប់ពី​ឆ្នាំ​ ១៩៩២ ដល់​ឆ្នាំ​ ២០២០ ផ្ទៃដី ២ ១៣៨ ​គីឡូម៉ែត្រក្រឡា​ ត្រូវបាន​បោសសម្អាត​សម្រាប់​យក​ទៅ​ប្រើប្រាស់ និង​បង្កបង្កើនផល​ដែល​ក្នុងនោះ​ ៥៨ ​ភាគរយ ​ត្រូវ​ប្រើប្រាស់​ក្នុង​វិស័យ​កសិកម្ម ១២ ​ភាគរយ​សម្រាប់​ហេដ្ឋារចនាសម្ព័ន្ធ និង​ ៣៨ ​ភាគរយ ​សម្រាប់​ប្រើប្រាស់​ផ្សេងៗ​ដូចជា​លំនៅឋាន សាលារៀន និង​មណ្ឌល​សុខភាព​ជាដើម ដោយ​មាន​ពលរដ្ឋ​ទទួលផល​ចំនួន ៦ ៣៥៧ ៨៥៣ ​នាក់​។

ក្នុង​រយៈពេល​ ២៨ ​ឆ្នាំ​នេះ គ្រាប់មីន​ប្រឆាំង​មនុស្ស​ចំនួន ១ ០៩៥ ៧៥០ ​គ្រាប់ មីន​ប្រឆាំង​រថក្រោះ​ចំនួន ២៥ ៤៨៨ ​គ្រាប់ និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​រាប់ទាំង​គ្រាប់បែក​ចង្កោម​ចំនួន ​២ ៨៨៥ ២៩៤ ​គ្រាប់​ ត្រូវបាន​រកឃើញ និង​បំផ្លាញចោល​។ លទ្ធផល​នៃ​ការបោសសម្អាត​នេះ​ធ្វើឱ្យ​ចំនួន​ជនរងគ្រោះ​បាន​ធ្លាក់ចុះ​ពី ៤ ៣២០ ​នាក់​ នៅ​ឆ្នាំ ១៩៩៦ មក​នៅត្រឹម​ ៦៥ ​នាក់​ ក្នុង​ឆ្នាំ​ ២០២០​។ អាជ្ញាធរ​មីន​ក៏បាន​បញ្ចប់​ការស្រាវជ្រាវ​ទិន្នន័យ​ចម្ការមីន​នៅ​មូលដ្ឋាន​ផងដែរ​។

លោក ហ៊ុន សែន ថ្លែង​ដូច្នេះ​ថា​៖ «​ថ្វីបើ​វិស័យ​សកម្មភាព​មីន​បាននិង​កំពុង​ទទួលលទ្ធផល​ដ៏​ធំធេង​យ៉ាងណា​ក៏ដោយ កម្ពុជា​ត្រូវការ​ធ្វើការ​បោសសម្អាត​ផ្ទៃដី​ដែលមាន​មីន​ចំនួន​ ៨៣៥ ​គីឡូម៉ែត្រក្រឡា​ទៀត និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​គ្រាប់បែក​ចង្កោម​ចំនួន​ ១ ៣១៦ ​គីឡូម៉ែត្រ​ក្រឡា​ទៀត​ដើម្បី​សម្រេចបាន​ចក្ខុវិស័យ​តាម​ផែនការ​យុទ្ធសាស្ត្រ​ជាតិ កម្ពុ​ជាមួយ​គ្មាន​មីន​ឆ្នាំ​២០២៥»​។

លោក​បាន​អំពាវនាវ​ឱ្យ​អាជ្ញាធរ​ដែនដី​គ្រប់លំដាប់​ថ្នាក់ កងកម្លាំង​ប្រដាប់អាវុធ និង​ប្រតិបត្តិករ​ជាតិ និង​អន្តរជាតិ​ចូលរួម​ឱ្យ​បាន​កាន់តែខ្លាំង​ក្នុង​ការផ្សព្វផ្សាយ​ឱ្យ​ពលរដ្ឋ សិស្សានុសិស្ស និង​ជន​នៅ​ក្រៅ​សាលា​យល់ដឹង​ពី​គ្រោះថ្នាក់​បណ្ដាល​ពី​មីន គ្រាប់បែក​ចង្កោម និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​។ អាជ្ញាធរ​មីន​ត្រូវ​ធ្វើការ​ជាមួយ​ប្រតិបត្តិករ​ដោះមីន​ដើម្បី​កំណត់​ឱ្យបាន​ច្បាស់​នូវ​ទីតាំង​ដែល​ប្រឈម​នឹង​គ្រោះថ្នាក់​។

លោក​ក៏​បាន​អំពាវនាវ​ដែរ​ថា​៖ «​ប្រទេស​ម្ចាស់ជំនួយ និង​ដៃគូ​អភិវឌ្ឍន៍ សូម​បន្ត​គាំទ្រ​ដល់​សកម្មភាព​បោសសម្អាត​មីន គ្រាប់បែក​ចង្កោម និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម អប់រំ​កាត់បន្ថយ​គ្រោះថ្នាក់ និង​សង្គ្រោះ​ជនពិការ​ដោយសារ​គ្រឿងផ្ទុះ​ទាំងនេះ​»​។

លោក​ស្នើ​ដល់​ពលរដ្ឋ​កុំ​ប៉ះពាល់​ ឬ​លេង​មីន ឬ​សំណល់​ជាតិ​ផ្ទុះ និង​កុំ​លក់ដូរ​គ្រឿងផ្ទុះ​ទាំងនេះ​ព្រោះ​ជា​អំពើ​ខុសច្បាប់​។ ពលរដ្ឋ​ក៏​មិនត្រូវ​ចូលទៅក្នុង​តំបន់​ដែល​ខ្លួន​មិន​ស្គាល់​ច្បាស់ ឬ​សង្ស័យថា​មាន​មីន និង​សំណល់​គ្រឿងផ្ទុះ​។

លោក លី ធុជ អនុប្រធានទី១ ​អាជ្ញាធរ​មីន​បាន​ថ្លែងថា កម្ពុជា​ក៏បាន​ដាក់​គោលដៅ​កម្ពុជា​គ្មាន​មីន​ឆ្នាំ​ ២០២៥ ​តាមរយៈ​ផែនការ​យុទ្ធសាស្ត្រ​ជាតិ​សកម្មភាព​មីន ២០១៨-២០២៥ ដែល​ផែនការ​នេះ​តម្រូវឱ្យ​កម្ពុជា​បោសសម្អាត​គ្រាប់មីន​លើ​ផ្ទៃដី​ជាង​ ១៦០ ​គីឡូម៉ែត្រ​ការ៉េ​ក្នុង​ ១ ​ឆ្នាំ​។ ប៉ុន្តែ​គោលដៅ​នេះ​សម្រាប់តែ​មីន​ប្រឆាំង​មនុស្ស​ប៉ុណ្ណោះ មិន​រាប់បញ្ចូល​គ្រាប់បែក​ចង្កោម ឬ​សំណល់​ជាតិ​ផ្ទុះ​ផ្សេង​ទេ​។

បច្ចុប្បន្ននេះ​មាន​ប្រតិបត្តិករ​សម្អាត​មីន​ជាច្រើន​ដែល​កំពុង​បំពេញបេសកកម្ម ដូចជា​ស្ថាប័នជាតិ​គឺ CMAC អង្គការ​ Halo Trust អង្គការ Norwegian People''s Aid អង្គការ MAG កងយោធពល​ខេមរភូមិន្ទ និង​ទាហាន​មួក​ខៀវ​នៅក្នុង​ស្រុក អង្គការ​អាគីរ៉ា អង្គការ​ដោះមីន​ជប៉ុន JMAS សមាគម Peace Land របស់​ចិន និង​អង្គការ​មួយចំនួន​ទៀត​។ សរុប​រួម​កម្លាំង​ដោះមីន​មាន​ចំនួន​ប្រមាណ ២ ៦០០ ​នាក់​។

យ៉ាងណាក៏ដោយ លោក លី ធុជ បញ្ជាក់ថា មាន​បញ្ហា​ប្រឈម​មួយចំនួន​នៅ​ចំពោះ​មុខ​ការឈាន​សម្រេច​គោលដៅ​នេះ​។ បញ្ហា​ប្រឈម​មួយ​នោះ​គឺ​ផ្ទៃដី​ដែលមាន​គ្រាប់មីន​អាចមាន​ធំ​ជាង​អ្វី​ដែលមាន​ក្នុង​ផែនការ​។ គ្រោះធម្មជាតិ​ដូចជា​ទឹកជំនន់​ក៏ជា​កត្តា​ធ្វើឱ្យ​គ្រាប់មីន​អណ្ដែត ចល័ត ឬ​លិចទៅ​ក្នុង​ដី​កាន់តែ​ជ្រៅ ដែល​ជា​ការប្រឈម​មួយ​ដែរ​។

លោក​ថ្លែងថា​៖ «​បញ្ហា​មួយទៀត​គឺ​អ្នក​បោសសម្អាត​មីន​របស់​យើង​ក៏​នៅមាន​កំណត់ ហើយ​ខ្លះ​គាត់​ចាស់ជរា​ដែល​ត្រូវ​ចូលនិវត្តន៍​។ អ្នកដោះមីន​ត្រូវមាន​សុខភាព​ល្អ ដើម្បី​ធ្វើ​ការងារ​នេះ​បាន ព្រោះ​វា​ជា​ការងារ​មាន​ហានិភ័យ​ខ្ពស់បំផុត​ហើយ ដែល​យើង​ចាត់ទុក​គាត់​ជា​វីរបុរស​»​។

លោក​បន្តថា កត្តា​ថវិកា​គឺជា​កត្តា​សំខាន់ ព្រោះ​ដើម្បី​មាន​អ្នកដោះមីន​បន្ថែម និង​សម្ភារ​ទំនើប​ត្រូវ​មាន​ថវិកា​។

លោក​បន្តថា​៖ «​អ៊ីចឹង​សួរថា ពី​ពេលនេះ​រហូតដល់​ឆ្នាំ​ ២០២៥ យ៉ាងម៉េច​ដែរ​? យើង​នៅតែមាន​ក្ដីសង្ឃឹម និង​ការប្ដេជ្ញា​ខ្ពស់​ដដែល ដោយ​មិន​ថមថយ​។ យើង​សង្ឃឹម​មុតមាំ​ថា ការខិតខំ​ប្រឹងប្រែង​របស់​យើង និង​ភាគី​ពាក់ព័ន្ធ​ទាំងអស់​នៅតែ​បន្ត​រក្សា និង​លើកកម្ពស់​ឱ្យ​កាន់តែ​ខ្ពស់​ថែមទៀត​។ តែ​យើង​ត្រូវ​ដោះស្រាយ​បញ្ហា​ប្រឈម​ខាងលើនេះ​ដើម្បីឱ្យ​យើង​បាន​ជោគជ័យ​»​។

តំណាង UNDP ប្រចាំ​នៅ​កម្ពុជា​លោក Nick Beresford បានឱ្យដឹងថា អង្គការ​សហប្រជាជាតិ និង​ UNDP ប្ដេជ្ញា​ជួយ​ដល់​រដ្ឋាភិបាល​កម្ពុជា​ក្នុង​ការសម្រេច​បាន​កម្ពុ​ជាមួយ​គ្មាន​មីន​ឆ្នាំ​ ២០២៥​។ UNDP បាន​គាំទ្រ​ដល់​អាជ្ញាធរ​មីន​ក្នុង​ការសម្អាត​ផ្ទៃដី​មាន​មីន​ ២៥៥,៦ ​គីឡូម៉ែត្រ​ក្រឡា​ចាប់ពី​ឆ្នាំ​ ២០០៦​។ ​

ដើម្បី​សម្រេច​គោលដៅ​នេះ​បាន​ត្រូវ​មាន​ធនធាន​បន្ថែម​ទៀត ហើយ​ល្បឿន​នៃ​ការបោសសម្អាត​មីន​ត្រូវតែ​ពន្លឿន​ឱ្យបាន​លឿន​ជាង​នេះ​។ រដ្ឋាភិបាល​បាន​ប្ដេជ្ញា​ប្រើប្រាស់​កងយោធពល​ខេមរភូមិន្ទ ដែលមាន​បទពិសោធ​ពី​ការបោសសម្អាត​មីន​ក្នុង​បេសកកម្ម​ការពារ​សន្តិភាព​របស់​អង្គការសហប្រជាជាតិ​។ កងទ័ព​ចំនួន ​២ ០០០ ​នាក់ ​ត្រូវបាន​ស្នើឱ្យ​ដាក់ពង្រាយ​ដើម្បី​សម្រេច​គោលដៅ​នេះ​។ នេះ​ជាការ​លើកឡើង​របស់លោក Beresford​។

លោក​បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា​៖ «​ដោយមាន​កិច្ចប្រឹងប្រែង​សម្របសម្រួល​យ៉ាង​ល្អ​ដោយ​រាជរដ្ឋាភិបាល​កម្ពុជា កងយោធពល​ខេមរភូមិន្ទ ដៃគូ​អភិវឌ្ឍន៍ ប្រតិបត្តិករ​ជាតិ និង​អន្តរជាតិ វា​អាច​ទៅ​រួច​ក្នុង​ការសម្រេច​បាន​នូវ​កម្ពុជា​មួយ​ដែល​គ្មាន​មីន​នៅ​ឆ្នាំ​ ២០២៥»​។

តំណាង​អង្គការ Halo Trust បាន​ថ្លែង​ដោយ​សុំ​មិន​បញ្ចេញ​ឈ្មោះថា ផែនការ​នេះ​អាច​សម្រេចបាន​បើសិន​ជាមាន​ធនធាន​គ្រប់គ្រាន់​។ លោក​ថ្លែងថា​៖ «​ទីតាំង​ដែលមាន​មីន​ភាគច្រើន​ត្រូវបាន​កត់ត្រា និង​កំពុង​ត្រូវបាន​សម្អាត​។

ប៉ុន្តែ​ការប្រយុទ្ធ​គ្នា​យ៉ាងខ្លាំង​ក្នុង​សង្គ្រាម​ជាង​ ៣ ​ទសវត្សរ៍​ បង្កើតបាន​ជា​រូបភាព​ស្មុគស្មាញ​មួយ​ដែល​ប្រែប្រួល​ទៅតាម​ការប្រើប្រាស់​ដី កំណើនប្រជាជន និង​ការធ្វើ​ទេ​សន្តរប្រវេសន៍​ក្នុងស្រុក ជាពិសេស​ពាក់ព័ន្ធ​នឹង​សំណល់​មិនទាន់​ផ្ទុះ​ដែល​ពិបាក​នឹង​ព្យាករ និង​គូស​ព្រាង​»៕