ភ្នំពេញៈ ​លោក​ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា​ថ្លែងថា កម្ពុជា​ប្តេជ្ញា​យ៉ាង​ពេញទំហឹង​ចូលរួម​ក្នុង​របៀបវារៈ​នៃ​ការអប់រំ​ ដើម្បី​ការអភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព ព្រមទាំង​បន្ត​ចូលរួម​ជា​វិជ្ជមាន​ក្នុង​កិច្ចខិតខំ​ប្រឹងប្រែង​របស់​សកលលោក ដោយ​មិន​បណ្ដោយ​ឱ្យ​អ្នកណាម្នាក់​ ឬ​ប្រទេស​ណាមួយ​ត្រូវបាន​ទុកចោល​ឡើយ​។

លោក​រដ្ឋមន្ដ្រី​បាន​ថ្លែង​នៅក្នុង​សុន្ទរកថា​តំណាងឱ្យ​ប្រតិភូ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នៃ​សន្និសីទ​សកល​អង្គការ​យូណេស្កូ​ស្ដីពី​ការអប់រំ​ ដើម្បី​ការអភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព​ «The UNESCO World Conference on Education for Sustainable Development (ESD)» នៅ​ថ្ងៃទី​ ១៨ ខែឧសភា​។

សន្និសីទ​នេះ​រៀបចំ​ដោយ អង្គការ​យូណេស្កូ​សហការ​ជាមួយ​ក្រសួង​អប់រំ និង​ស្រាវជ្រាវ​របស់​សហព័ន្ធ​អាល្លឺម៉ង់ និង​គណៈកម្មការ​អាល្លឺម៉ង់​សម្រាប់​យូណេស្កូ​ដែល​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃ​ទី​ ១៧-១៩ ឧសភា តាមរយៈ Video Conference​។

លោក ហង់ជួន ណារ៉ុន ថ្លែងថា​៖ «​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ប្តេជ្ញា​យ៉ាង​ពេញទំហឹង​ចូលរួម​ក្នុង​របៀបវារៈ​នៃ​ការអប់រំ ដើម្បី​ការអភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព ព្រមទាំង​បន្ត​ចូលរួម​ជា​វិជ្ជមាន​ក្នុង​កិច្ចខិតខំ​ប្រឹងប្រែង​របស់​សកលលោក​ដោយ​មិន​បណ្ដោយ​ឱ្យ​អ្នកណាម្នាក់ ឬ​ប្រទេស​ណាមួយ​ត្រូវបាន​ទុកចោល​ឡើយ ហើយ​បន្ត​ចូលរួម​ជាមួយ​បណ្ដា​ប្រទេស​ដទៃទៀត​ក្នុង​ការលើក​កម្ពស់ ESD»​។

បើតាម​ក្រសួង​អប់រំ សន្និសីទ​នេះ​នឹង​ជួយ​បង្កើន​សម្ទុះ​សម្រាប់​ក្របខ័ណ្ឌ​ថ្មី​នៃ​ ESD សម្រាប់​ឆ្នាំ​ ២០៣០ ដែលមាន​គោលបំណង​រួមគ្នា​កសាង​ពិភពលោក​ទាំងមូល​ដែលមាន​ភាពត្រឹមត្រូវ និង​ប្រកបដោយ​និរន្តរភាព​តាមរយៈ​ការពង្រឹង និង​ជា​កត្តា​មួយ​ដែល​អាច​ជំរុញ​ឱ្យ​មាន​ចូលរួម​ដល់​ភាពជោគជ័យ​របស់ SDGs ទាំង​ ១៧ (​ត្រូវបាន​គេ​ស្គាល់​ថា គោលដៅ​អភិវឌ្ឍន៍ ប្រកប​ដោយ​ចីរភាព​របស់​អង្គការ​សហប្រជាជាតិ ដោយ​មាន​គោលបំណង​ ដើម្បី​នាំទៅរក សកម្មភាព​នៅក្នុង​ផ្នែក​ដ៏សំខាន់​នា​ឆ្នាំ ២០៣០) និង​ដើម្បី​កសាង​ប្រព័ន្ធ​អប់រំ​ដែល​គាំទ្រ​ដល់​អ្នកសិក្សា​គ្រប់​វ័យ​ឱ្យមាន​ការទទួល​ខុសត្រូវ និង​ចូលរួមចំណែក​យ៉ាងសកម្ម​ដល់​សង្គម​ប្រកប​ដោយ​ចីរភាព និង​ភពផែនដី​ដែល​មាន​សុខុមាលភាព​។

ក្រសួង​បញ្ជាក់ថា ផ្អែក​តាម​ភាពជាក់ស្តែង​នៃ​សកលលោក​នាពេល​ថ្មីៗ​នេះ​គឺមាន​ការអភិវឌ្ឍ​លើ​គន្លង​ថ្មី​ក្នុង​អំឡុងពេល​ជំងឺ​រាតត្បាត​កូវីដ​១៩ ដោយមាន​ការលើកកម្ពស់​ការយល់ដឹង​អំពី​បញ្ហា​ប្រឈម​នៃ​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​ និង​តួនាទី​សំខាន់​របស់ ESD ដែលជា​កម្លាំង​រុញច្រាន​ឱ្យ​ទទួលបាន​ជោគជ័យ​នៃ SDGs ទាំងអស់​។

លោក​បានឱ្យ​ដឹងថា ក្នុងន័យ​បង្កើន​សម្ទុះ​សម្រាប់​ក្របខ័ណ្ឌ​សកល​ថ្មី ESD សម្រាប់​ឆ្នាំ ២០៣០ និង​សម្រាប់​អំឡុង​ឆ្នាំ​ ២០២០-២០៣០ ​រួមជាមួយ​ផែនទី​បង្ហាញ​ផ្លូវ​សម្រាប់​ការអនុវត្ត​រួមមាន ១- ​ធានា​ឱ្យ​មាន​ការប្តេជ្ញាចិត្ត​កម្រិត​គោលនយោបាយ​ឱ្យដល់​ការអប់រំ​ប្រកប​ដោយ​ចីរភាព តាមរយៈ​សេចក្តីប្រកាស​ប៊ែរឡាំង​ដែល​ត្រូវបាន​គេ​រំពឹងថា​នឹង​រួមបញ្ចូល​ការអំពាវនាវ​ឱ្យមាន​សកម្មភាព​ជាបន្ទាន់​ ដើម្បី​ពន្លឿន​និរន្តរភាព និង​សកម្មភាព​យកចិត្ត​ទុកដាក់​ចំពោះ​ការប្រែប្រួល​អាកាសធាតុ​តាមរយៈ​ការអប់រំ​។

ចំណែក​ចំណុច​ទី២- ​ជំរុញ​ការប្តេជ្ញាចិត្ត​របស់​ភាគី​ពាក់ព័ន្ធ​ដល់​ការអប់រំ​ប្រកបដោយ​ចីរភាព​សម្រាប់​ឆ្នាំ​ ២០៣០ រួមទាំង​គំនិត​ផ្តួចផ្តើម​របស់​ប្រទេស​។

ចំណុច​ទី​៣- ​គឺ​ពង្រីក និង​ពង្រឹងភាព​ជា​ដៃគូ និង​ឱកាស​នៃ​បណ្តាញ​ទំនាក់ទំនង​សម្រាប់​ការអប់រំ​ប្រកបដោយ​ចីរភាព​។

អង្គការ UNESCO ក៏បាន​លើកឡើង តាមរយៈ​សន្និសីទ​នេះ​ផងដែរ​ថា វិបត្ដិ​នៃ​ការរីករាលដាល​ជំងឺ​កូវីដ​​ ១៩ បាននិង​កំពុង​បង្ក​គ្រោះថ្នាក់​ដល់​អាយុជីវិត​បុគ្គល និង​សង្គម​ទាំងមូល​រួមទាំង​ប្រព័ន្ធ​អប់រំ​នៅ​ទូទាំង​ពិភពលោក​។

UNESCO បានបញ្ជាក់​​ថា​៖ «​វិបត្តិ​កូវីដ​នេះ បានដាក់​សម្ពាធ​លើ​យើង​ឱ្យ​ឆ្លុះបញ្ចាំង​ពី​របៀប​ដែល​យើង​ដឹកនាំ​ជីវិត​របស់​យើង​របៀប​រស់នៅ​ជាមួយ​គ្នា របៀប​ដែល​យើង​ចិញ្ចឹមជីវិត​ និង​របៀប​ដែល​យើង​រស់នៅក្នុង​ភព​តែមួយ​ដែល​យើង​ចែករំលែក​»៕