
ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ ធ្នូ នៅមហោស្រពចតុមុខកាលពីឆ្នាំ ២០១៦។ ហេង ជីវ័ន
ភ្នំពេញៈ ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ ធ្នូ នឹងត្រូវប្រារព្ធធ្វើឡើងក្រោមប្រធានបទ «សាមគ្គីភាពជាសកល និងការទទួលខុសត្រូវរួមគ្នា» ក្នុងការប្រយុទ្ធប្រឆាំង និងការទប់ស្កាត់ការរីករាលដាលនៃជំងឺអេដស៍ ខណៈលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានកត់សម្គាល់ថា កម្ពុជាកំពុងបង្ហាញឱ្យឃើញនូវសញ្ញាវិជ្ជមានលើប្រសិទ្ធភាព និងគុណភាពខ្ពស់ ដើម្បីឈានទៅសម្រេចបានគោលដៅ បញ្ចប់ជំងឺអេដស៍នៅឆ្នាំ ២០២៥ មុនកាលកំណត់ ៥ ឆ្នាំ របស់អង្គការសហប្រជាជាតិ។
អង្គការសហប្រជាជាតិបានកំណត់យកឆ្នាំ ២០៣០ ជាឆ្នាំត្រូវបញ្ចប់ជំងឺអេដស៍ឱ្យអស់។
របាយការណ៍របស់អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍បានបង្ហាញថា អត្រាផ្ទុកមេរោគអេដស៍ក្នុងចំណោមមនុស្សពេញវ័យដែលមានអាយុចាប់ពី ១៥ ឆ្នាំដល់ ៤៩ ឆ្នាំបានថយចុះពី ០,៨% នៅឆ្នាំ ២០១០ មកនៅត្រឹម ០,៥% នៅឆ្នាំ ២០១៩។ ក្នុងនោះចំនួនអ្នកស្លាប់គ្រប់វ័យដោយសារជំងឺអេដស៍បានថយចុះពីប្រមាណ ២ ៣០០ នាក់ នៅឆ្នាំ ២០១០ មកនៅត្រឹមប្រមាណ ១ ៣០០ នាក់ ក្នុងឆ្នាំ ២០១៩។
បើតាមរបាយការណ៍ដដែលបច្ចុប្បន្នចំនួនអ្នកផ្ទុកមេរោគអេដស៍គ្រប់វ័យមានប្រមាណ ៧៣ ០០០ នាក់ក្នុងនោះ ៨៤% បានធ្វើតេស្តឈាមដឹងពិតប្រាកដថា បានផ្ទុកមេរោគអេដស៍ ១០០% បានទទួលសេវាព្យាបាលដោយឱសថប្រឆាំងមេរោគអេដស៍ និង ៩៦% ទទួលបានប្រសិទ្ធភាពនៃការព្យាបាលនាំឱ្យមានសុខភាពល្អ។ ចំនួនអ្នកឆ្លងថ្មីគ្រប់វ័យបានថយចុះពីប្រមាណ ១ ៩០០ នាក់ នៅឆ្នាំ ២០១០ មកនៅត្រឹមប្រមាណ ៧៨០ នាក់ នៅឆ្នាំ ២០១៩។
តាមរយៈសារលិខិតមួយនាឱកាសទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ ធ្នូ ២០២០ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៍ថា សមិទ្ធផលទាំងនេះកំពុងតែបង្ហាញឱ្យឃើញនូវសញ្ញាវិជ្ជមានលើប្រសិទ្ធភាព និងគុណភាពខ្ពស់នៃកិច្ចអន្តរាគមន៍របស់យើងក្នុងការទប់ស្កាត់ការរាលដាលមេរោគអេដស៍ និងជំងឺអេដស៍ ដើម្បីឈានទៅសម្រេចបានគោលដៅ ៩៥ ៩៥ ៩៥ ឬគោលដៅបញ្ចប់ជំងឺអេដស៍នៅឆ្នាំ ២០២៥ គឺមុនកាលកំណត់ ៥ ឆ្នាំរបស់អង្គការសហប្រជាជាតិ។
លោកថ្លែងថា៖ «យើងមិនត្រូវភ្លេចខ្លួន ស្កប់ស្កល់ជាមួយជោគជ័យដែលយើងទទួលបាននោះឡើយ ព្រោះចាប់តាំងពីមានការរាតត្បាតមេរោគអេដស៍ក្នុងទសវត្សរ៍ឆ្នាំ ១៩៨០ មករហូតដល់ពេលនេះពិភពលោកមិនទាន់រកឃើញវ៉ាក់សាំង ឬឱសថព្យាបាលជំងឺអេដស៍ឱ្យជាសះស្បើយជាស្ថាពរនៅឡើយទេ»។
បើតាមលោកនាយករដ្ឋមន្ត្រីនៅកម្ពុជាមានអ្នកផ្ទុកមេរោគអេដស៍ប្រមាណ ១២ ០០០ នាក់ នៅមិនទាន់បានត្រឡប់មកធ្វើតេស្តឈាម ដើម្បីបញ្ជាក់ពិតប្រាកដអំពីស្ថានភាពមេរោគអេដស៍នៅក្នុងខ្លួននោះទេ ខណៈអ្នកជំងឺអេដស៍មួយចំនួនទៀតបាននិងកំពុងលះបង់ការព្យាបាលឡើងវិញ។
រាជរដ្ឋាភិបាលកម្ពុជានៅតែចាត់ទុកការប្រយុទ្ធប្រឆាំងនឹងមេរោគអេដស៍ និងជំងឺអេដស៍ជាអាទិភាពខ្ពស់ព្រោះមេរោគអេដស៍ជាការគំរាមកំហែងដល់សុខភាពសាធារណៈដែលជាគ្រោះថ្នាក់ដល់អាយុជីវិតរបស់ប្រជាពលរដ្ឋ និងធ្វើឱ្យមានផលប៉ះពាល់ធ្ងន់ធ្ងរដល់ការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច។
លោកនាយករដ្ឋមន្ត្រីបានលើកឡើងថា រាជរដ្ឋាភិបាលបាននិងកំពុងបន្តកិច្ចសហការយ៉ាងជិតស្និទ្ធ និងដោយប្រសិទ្ធភាពជាមួយដៃគូទាំងអស់រួមមាន ប្រទេសផ្តល់ជំនួយអង្គការអន្តរជាតិមានជាអាទិ៍អង្គការសុខភាពពិភពលោក (WHO) កម្មវិធីរួមអង្គការសហប្រជាជាតិទទួលបន្ទុកការងារអេដស៍ (UNAIDS) មូលនិធិសកល (Global Fund) និងអង្គការក្រៅរដ្ឋាភិបាលជាតិ និងអន្តរជាតិ ដែលបានចូលរួមយ៉ាងសកម្មក្នុងការទប់ស្កាត់ការរីករាលដាលនៃមេរោគអេដស៍នៅកម្ពុជា។
ពីឆ្នាំ ២០២១ ដល់ឆ្នាំ ២០២៣ រាជរដ្ឋាភិបាលកម្ពុជាគ្រោងចំណាយថវិកាបដិភាគចំនួន ១៩,៦៥ លានដុល្លារ ដែលក្នុងនោះមានថវិកាចំនួន ១១ លានដុល្លារ សម្រាប់ទិញឱសថព្យាបាលអ្នកជំងឺអេដស៍។
ជាមួយគ្នានេះដែរលោកស្រី ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិនៃវេទិកាភាពជាអ្នកដឹកនាំតំបន់អាស៊ីប៉ាស៊ីហ្វិកឆ្លើយតបមេរោគអេដស៍ ជំងឺអេដស៍ និងការអភិវឌ្ឍនៅកម្ពុជាក៏បានអំពាវនាវផងដែរក្នុងទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ ធ្នូ ២០២០ នេះដោយលោកស្រីជំរុញឱ្យមានការយកចិត្តទុកដាក់លើការងារជាអាទិភាពចំនួន ៣ គឺការចូលរួមទប់ស្កាត់មិនឱ្យមានការឆ្លងថ្មីជាពិសេសក្នុងចំណោមយុវវ័យ និងទប់ស្កាត់ការចម្លងពីម្តាយទៅកូន។
លោកស្រីបានបន្ថែមថា៖ «ការងារអាទិភាពទី ២ គឺផ្តល់សេវាគាំទ្រចិត្តសាស្ត្រសង្គមដល់អ្នកផ្ទុកមេរោគអេដស៍ជំងឺអេដស៍ និងទី៣ គឺបន្តពង្រឹង និងពង្រីកការអប់រំផ្សព្វផ្សាយលើកកម្ពស់លុបបំបាត់រាល់ទម្រង់នៃការមាក់ងាយ និងរើសអើងចំពោះអ្នកផ្ទុកមេរោគអេដស៍ និងអ្នកជំងឺអេដស៍»។
លោកស្រីបានសង្កត់ធ្ងន់ថា ថ្វីដ្បិតតែប្រទេសកម្ពុជាសម្រេចបាននូវជោគជ័យជាបន្តបន្ទាប់យ៉ាងណាក៏ដោយ ក៏ស្ថានភាពជោគជ័យនេះនៅតែផុយស្រួយនៅឡើយដោយសារ «យើងអាចភ្លេចអេដស៍ តែអេដស៍ពុំភ្លេចយើងឡើយ» ហើយបើមានការភ្លេចខ្លួនបន្តិចនោះ ការរីករាលដាលមេរោគអេដស៍នឹងអាចផ្ទុះឡើងជាមិនខានឡើយ៕