ភ្នំពេញ: កម្ពុជា​បាន​ប្តេជ្ញា​ដោះមីន​ឲ្យ​អស់​នៅត្រឹម​ឆ្នាំ ២០២៥ ​នៅលើ​ផ្ទៃដី​ដែល​មាន​ការគំរាម​ដោយសារ​មីន​នៅ​សល់​ចំនួន​ ៨៩០ ​គីឡូម៉ែត្រ​ក្រឡា​ទៀត ខណៈ​អាជ្ញាធរ​មីន​បាន​ដាក់​ផែនការ​សម្រាប់​រយៈពេល ២ ឆ្នាំ​ខាងមុខ​ក្នុង​ការចុះ​ស្រាវជ្រាវ​នៅ​ ៧៣ ​ស្រុក​ ដែល​នៅ​សេសសល់​ដោយ​នឹង​ត្រូវការ​ថវិកា​ចំនួន​ ៣៧៧ ​លាន​ដុល្លារ​ សម្រាប់​ប្រើប្រាស់​ក្នុង​ការបោសសម្អាត​មីន​។ នេះ​បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​អាជ្ញាធរ​មីន​។

សេចក្តី​ប្រកាស​ព័ត៌មាន​ពី​លទ្ធផល​នៃ​ការចូលរួម​សន្និសីទ​ពិនិត្យ​ឡើង​វិញ​លើក​ទី ៤ នៃ​រដ្ឋ​ភាគី​អនុសញ្ញា​អូតាវ៉ា​ចាប់ពី​ថ្ងៃទី​ ២៥ ដល់​ថ្ងៃទី​ ២៩ ខែ​វិច្ឆិកា របស់​អាជ្ញាធរ​កម្ពុជា​គ្រប់គ្រង​សកម្មភាព​កំចាត់មីន​ និង​សង្គ្រោះ​ជនពិការ​ដោយសារ​មីន​ហៅ​កាត់​ថា អាជ្ញាធរ​មីន​ឲ្យ​ដឹង​ពី​ម្សិលមិញ​ថា កម្ពុជា​នៅសល់​ផ្ទៃដី​ចំនួន ៨៩០ ​គីឡូម៉ែត្រ​ក្រឡា ​ដែល​មាន​ការគំរាម​ដោយសារ​មីន និង​ត្រូវ​បោសសម្អាត​ឲ្យ​អស់​នៅ​ត្រឹម​ឆ្នាំ​ ២០២៥​។

អាជ្ញាធរ​មីន​បន្តថា ​កម្ពុជា​មាន​ផែនការ​ជាក់លាក់​សម្រាប់​រយៈពេល​ ២ ​ឆ្នាំ​ខាងមុខ​គឺ​ស្រាវជ្រាវ​នៅ​ ៧៣ ​ស្រុក​ដែល​នៅ​សេសសល់​ដោយ​ជំរុញ​ឲ្យ​កងយោធពល​ខេមរភូមិន្ទ​ចូលរួម​ក្នុង​ការងារ​បោសសម្អាត​មីន​មនុស្សធម៌ និង​បន្ត​ស្វែងរក​នូវ​វិធីសាស្ត្រ​ថ្មីៗ ដើម្បី​ដាក់​ឲ្យ​ប្រតិបត្តិករ​អនុវត្ត​ឈាន​ទៅ​កាត់បន្ថយ​ផ្ទៃដី​ដែល​មាន​ការគំរាម​បាន​កាន់តែ​ឆាប់​ទាក់ទាញ​ម្ចាស់ជំនួយ​ពី​ប្រភព​ផ្សេងៗ​ និង​បន្ត​បោសសម្អាត​ផ្ទៃដី​ដែល​មាន​ការគំរាម​ដោយសារ​មីន​ ៨០៦ ​គីឡូម៉ែត្រ​ក្រឡា​។

អាជ្ញាធរ​មីន​បន្តថា​៖ «​ចាប់ពី​ឆ្នាំ ២០២០ រហូត​ដល់​ឆ្នាំ​ ២០២៥ ក្នុង​ ១ ​ឆ្នាំ​កម្ពុជា ត្រូវ​បោសសម្អាត​តំបន់​ដែល​មាន​គ្រាប់មីន​ ១១០ គីឡូម៉ែត្រ​ក្រឡា​តំបន់​ដែល​មាន​គ្រាប់បែក​ចង្កោម​ ៦២ ​គីឡូម៉ែត្រ​ក្រឡា និង​តំបន់​ដែល​មាន​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​ ៤២ ​គីឡូម៉ែត្រ​ក្រឡា​ដែល​នឹង​ត្រូវការ​ថវិកា​សម្រាប់​បោសសម្អាត​ចំនួន ៣៧៧ លាន​ដុល្លារ​ក្នុង​នោះ ១៦៥ លាន​សម្រាប់​តំបន់​មីន ១២១ ​លាន​សម្រាប់​តំបន់​គ្រាប់បែក​ចង្កោម ៣៩ លាន​សម្រាប់​ដោះស្រាយ​លើ​តំបន់​ដែល​មាន​យុទ្ធភណ្ឌ​មិនទាន់​ផ្ទះ និង ៥២ លាន​សម្រាប់​ការងារ​គ្រប់គ្រង​»​។

លោក លី ធុជ ទេសរដ្ឋមន្ត្រី​ទទួល​បន្ទុក​បេសកកម្ម​ពិសេស និង​ជា​អគ្គលេខាធិការ​អាជ្ញាធរ​មីន​បាន​ថ្លែង​ក្នុង​សន្និសីទ​នៅ​ទីក្រុង​អូស្លូ ប្រទេស​ន័រវែស ​នោះ​ថា គិត​ចាប់ពី​ឆ្នាំ​ ១៩៩២ ដល់​ខែ​តុលា ឆ្នាំ​ ២០១៩ ​នេះ​មាន​ជនរងគ្រោះ​ស្លាប់​ និង​ពិការ ដោយសារ​មីន និង​យុទ្ធភណ្ឌ​មិនទាន់​ផ្ទះ​នៅ​កម្ពុជា​មាន​ចំនួន ៦៤៨៤៩ នាក់​។

លោក​បន្តថា កម្ពុជា​បាន​រៀបចំ​វេទិការ​ជាច្រើន​ពាក់ព័ន្ធ​នឹង​ការងារ​ជួយ​ជនរងគ្រោះ​ និង​បាន​ចងក្រង​ច្បាប់​​សេចក្តី​ណែនាំ និង​គោលនយោបាយ​ស្តីពី​ការការពារ​សិទ្ធិ​ជនពិការ​ដោយ​បាន​ផ្សព្វផ្សាយ​ក្នុង​លក្ខណៈ​ទូលំទូលាយ​។ ជាក់ស្ដែង​លោក​បាន​រាយការណ៍​ជូន​កិច្ចប្រជុំពេញអង្គ​ពី​វឌ្ឍនភាព​ការងារ​ចំនួន ៣ គឺ​ទី១- ​សំណើសុំ​ពន្យារពេល​បោស​សម្អាត​មីន​លើក​ទី ​២ (២០២០-២០២៥) ទី​២- ​សកម្មភាព​ការងារ​ជួយសង្គ្រោះ​ជនរងគ្រោះ ដោយសារ​មីន និង​ទី​៣- ​កិច្ចសហប្រតិបត្តិការ​ និង​ការ​ផ្តល់ជំនួយ​។

លោក​ ហេង រតនា អគ្គនាយក​មជ្ឈមណ្ឌល​សកម្មភាព​កំចាត់មីន​កម្ពុជា (CMAC) កាលពី​ម្សិលមិញ​ថ្លែង​ថា​ផ្ទៃដី​ដែល​នៅ​សង្ស័យ​មាន​បញ្ហា​គ្រាប់មីន និង​ដី​មាន​គ្រាប់​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​ដែល​គេ​បានដឹង​មាន​ប្រមាណ​ជាង​ ១៨០០ គីឡូម៉ែត្រ​ក្រឡា​។ CMAC បាន​ដាក់​គម្រោង​នឹង​ចូលរួម​បោសសម្អាត​ដីចម្ការ​គ្រាប់មីន​ឲ្យ​បាន​ប្រមាណ ៧០ ភាគរយ ​នៃ​ចំនួន​ដែល​នៅ​សេសសល់​នេះ​រហូត​ដល់​ឆ្នាំ ២០២៥ ខាងមុខ​។

លោក​បន្តថា​៖ «​យើង​មិនបាន​កំណត់​ចំពោះ​តំបន់​ណាមួយ​ជាក់លាក់​ទេ ប៉ុន្ដែ​បេសកកម្ម​យើង​ភាគច្រើន​ត្រូវ​បាន​ផ្ដោតលើ​ភូមិសាស្ត្រ​តាម​បណ្ដា​ខេត្ត​មួយចំនួន​នៃ​តំបន់​ព្រំដែន​កម្ពុជា​ថៃ​។ ដោយ​យើង​មាន​ការលំបាក​ច្រើន ព្រោះ​តំបន់​គោលដៅ​ទាំងអស់​នោះ​សុទ្ធតែ​ជា​កន្លែង​ដាច់ស្រយាល​មាន​មីន​ច្រើន និង​មាន​ភ្នំ ព្រៃឈើ​ច្រើន​ដែល​ធ្វើឲ្យ​គ្រឿងចក្រ​មួយ​ចំនួន​មិនអាច​ចូល​ទៅ​ដល់ ដែល​ធ្វើឲ្យ​យើង​ប្រើ​កម្លាំង​មនុស្ស​ផ្ទាល់​តែម្ដង​»​។

លោក​ថា ចំពោះ​ថវិកា​សម្រាប់​ប្រើប្រាស់​ក្នុង​សកម្មភាព​កម្ចាត់មីន​របស់​អង្គភាព CMAC ក៏​កំពុង​ខ្វះខាត​ដែរ ប៉ុន្ដែ​ក៏​មាន​ដៃគូ​អភិវឌ្ឍន៍​មួយ​ចំនួន​នៅ​បន្ត​ប្ដេជ្ញា​​ចិត្ត​ជួយ​គ្រាំទ្រ​ដូចជា ប្រទេស​ជប៉ុន​, UNDP, អូស្ត្រាលី​, សហរដ្ឋអាមេរិក និង​កូរ៉េ​ខាងត្បូង​ជាដើម​ដែល​ពួកគាត់​កំពុង​សហការ​ជាមួយ CMAC យ៉ាងសកម្ម​។

លោក ឈុន បូរ៉ា មន្ត្រី​ត្រួតពិនិត្យ​សកម្មភាព​បោសសម្អាត​មីន និង​កម្ទេច​យុទ្ធភណ្ឌ​នៃ​អង្គការ​ដោះមីន​កម្ពុជា​បាន​ថ្លែងថា កិច្ចការងារ​ក្នុង​វិស័យ​បោសសម្អាត​មីន និង​គ្រាប់​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​កំពុង​មាន​បញ្ហា​​ប្រឈម​ធំជាងគេ​គឺ​បញ្ហា​ថវិកា​សម្រាប់​គាំទ្រ​សកម្មភាព​រុករក និង​បោសសម្អាត​គ្រាប់មីន​ឲ្យ​សម្រេច​តាម​ផែនការ​។

លោក បូរ៉ា ថ្លែង​បន្ត​ថា​ចំពោះ​បញ្ហា​បច្ចេកទេស និង​ធនធាន​មនុស្ស​ក៏ដូចជា​សម្ភារ​ប្រើប្រាស់​នានា​ដែល​បម្រើ​ឲ្យ​ការបោសសម្អាត​មីន គឺ​មិនសូវ​ចោទ​ជា​បញ្ហា​ធំ​ទេ​។

លោក​បញ្ជាក់ថា​៖ «​គឺ​យើង​ខ្វះ​តែ​លុយ​ទេ ប្រសិន​យើង​ខ្វះ​លុយ​មក​គាំទ្រ​សកម្មភាព​យើង គឺ​ការងារ​យើង​នឹង​មិន​អាច​ឈាន​ទៅ​សម្រេច​តាម​ផែនការ​នៅ​ឆ្នាំ ២០២៥ បាន​ទេ ប៉ុន្ដែ​បើ​យើង​មាន​លុយ​ការងារ​នេះ​នឹង​រលូន​ទៅមុខ ហើយ​អាច​សម្រេច​មុន​ផែនការ​ទៀតផង​។ ដូច្នេះ ខ្ញុំ​សូម​អំពាវនាវ​ឲ្យ​ម្ចាស់ជំនួយ​បន្ត​គាំទ្រ​លើ​វិស័យ​បោសសម្អាត​មីន​ទៀត​ជាក់ស្ដែង​ដូច​សហរដ្ឋ​អាមេរិក​ក៏ដោយ គឺ​សូម​បន្ត​ជួយ​កម្ពុជា​បន្ថែម​ទៀត​»៕

វីដេអូ៖