ភ្នំពេញៈ ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ និង​ស្ថាន​បេសកកម្ម​អចិន្រៃ្តយ៍​កម្ពុជា ប្រចាំ​ការិយាល័យ​អង្គការ​សហប្រជាជាតិ​នៅ​ទីក្រុង​ហ្សឺណែវ​បាន​ប្រតិកម្ម​ទៅនឹង​សេចក្ដី​ថ្លែងការណ៍​របស់​អ្នករាយការណ៍​ពិសេស​អង្គការ​សហប្រជាជាតិ ៣ ​រូប​ដែល​ថា សវនាការ លោក កឹម សុខា «​មិនមាន​គុណភាព​ដែល​អាច​ទទួល​យក​បាន​»​។

ប្រតិកម្ម​របស់​ស្ថាប័ន​ទាំង​ ២ ​ធ្វើ​ឡើង​ភ្លាមៗ បន្ទាប់ពី​លោកស្រី រ៉ូណា ស្ម៊ីត អ្នករាយការណ៍​ពិសេស អ.ស.ប ស្តីពី​ស្ថានភាព​សិទ្ធិមនុស្ស​ប្រចាំ​នៅ​កម្ពុជា និង​អ្នក​ជំនាញ​ ២ ​រូប​ទៀត រួមមាន​លោក David Kaye អ្នក​រាយការណ៍​ពិសេស​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​ផ្នែក​ការការពារ និង​លើក​កម្ពស់​សិទ្ធិ​បញ្ចេញមតិ និង​លោក Diego García-Sayán អ្នក​រាយការណ៍​ពិសេស​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​ផ្នែក​ឯករាជភាព​នៃ​ចៅក្រម​ និង​មេធាវី​បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​ពីថ្ងៃ​សុក្រ បន្ទាប់ពី​សវនាការ​សំណុំរឿង​ក្បត់ជាតិ​លើ​លោក កឹម សុខា បាន​ប្រព្រឹត្ត​ទៅ​អស់​រយៈពេល​ ២ ​ថ្ងៃ​។

ស្ថាប័ន​ផ្នែក​ការទូត​កម្ពុជា​ទាំង​​ ២ បាន​ថ្លែងថា ខ្លួន​ត្រូវបាន​រំខាន និង​សូម​ច្រានចោល​នូវ​ការចេញផ្សាយ​ព័ត៌មាន​របស់​អ្នករាយការណ៍​ពិសេស​ទាំង​ ៣ ​រូប​ហើយ​ថា សេចក្ដី​ថ្លែងការណ៍​របស់​អ្នករាយការណ៍​ពិសេស​ធ្វើឡើង​ក្រោម​ហេតុផល​នយោបាយ និង​មានបំណង​បំភ័ន្ត​សាធារណជន​។

កាលពី​ថ្ងៃ​សុក្រ អ្នករាយការណ៍​ពិសេស​អង្គការ​សហប្រជាជាតិ ៣ រូប​បាន​ថ្លែង​ថា ដំណើរការ​ទាំងមូល​ចាប់ពី​ការចោទប្រកាន់​រហូត​ដល់​ការជំនុំជម្រះ​ក្តី​លើ​លោក​ កឹម សុខា គ្របដណ្តប់​ដោយ​ភាពមិន​ប្រក្រតី​ហើយ​ធ្វើឲ្យ​សំណុំ​រឿងនេះ​មិន​មាន​គុណភាព និង​មិន​គោរព​តាម​ច្បាប់​អន្តរជាតិ និង​ច្បាប់​កម្ពុជា​។ សេចក្ដី​ថ្លែងការណ៍​បន្ត​ថា លោក កឹម សុខា ត្រូវ​បាន​ចាប់​ខ្លួន​ដោយ​គ្មាន​ដីកា​ដោយ​មិន​គោរព​ទៅលើ​អភ័យ​ឯកសិទ្ធិ​សភា​របស់​លោក​មិន​មាន​វត្តមាន​មេធាវី​នៅ​ដំណាក់កាល​ដំបូង ហើយ​ការឃុំខ្លួន​ត្រូវ​បាន​ធ្វើឡើង​លើស​រយៈពេល​ ១៨ ​ខែ​។

សេចក្ដី​ថ្លែងការណ៍​ដដែល​សរសេរ​ថា​៖ «​យើង​មាន​មូលដ្ឋាន​រឹងមាំ​ក្នុង​ការជឿជាក់ថា បទ​ចោទ «​ក្បត់ជាតិ​» ​លើ​លោក​ កឹម សុខា គឺជា​រឿង​នយោបាយ និង​បង្កើត​​ជា​ផ្នែក​មួយ​នៃ​ការអនុវត្ត​មិន​ត្រឹមត្រូវ​នៃ​ច្បាប់ ដើម្បី​ផ្ដោត​គោលដៅ​លើ​អ្នកប្រឆាំង​ផ្នែក​នយោបាយ និង​អ្នក​រិះគន់​រដ្ឋាភិបាល​»​។

សេចក្ដីថ្លែងការណ៍​របស់​អ្នក​រាយការណ៍​ពិសេស​បាន​ថ្លែងថា​៖ «​ក្រុម​អ្នកជំនាញ​អំពាវនាវ​ម្តង​ហើយ​ម្តងទៀត​ដល់​អាជ្ញាធរ​ធានា​ឲ្យ​មាន​យុត្តិធម៌​សម្រាប់​លោក សុខា ដកចេញ​ជាបន្ទាន់​នូវ​លក្ខខណ្ឌ​ធានា​នៅ​ក្រៅ​ឃុំ​ដែល​មានការ​រឹតត្បិត ផ្តល់​សិទ្ធិ​​នយោបាយ​របស់​លោក​ឡើង​វិញ និង​ធានា​សិទ្ធិ​របស់លោក​ក្នុង​ការទទួល​បាន​សំណង និង​ជួសជុល​ការខូចខាត​ផ្សេងទៀត​»​។

អ្នករាយការណ៍​ពិសេស​ក៏បាន​លើកឡើង​ពី​ការធ្វើឲ្យ​ប៉ះពាល់​ដល់​យុត្តិធម៌​សម្រាប់​លោក កឹម សុខា ដោយសារ​តែ​ការថ្លែង​របស់​មន្ត្រី​ជាន់ខ្ពស់​មួយ​ចំនួន និង​ការដែល​សាធារណជន​មិន​អាច​ចូលរួម​ស្ដាប់​សវនាការ​បាន​។

ក្រសួង​ការបរទេស​បាន​សរសេរ​ថា​៖ «​ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​សូម​សម្ដែង​ការសោកស្ដាយ​ជា​ពន់ពេក ចំពោះ​ការប្រព្រឹត្ត​មិន​ស្រប​តាម​វិជ្ជាជីវៈ​របស់​អ្នកជំនាញ​ខាងលើ​ដែល​មិនមែន​ជា​មន្ត្រី​អង្គការសហប្រជាជាតិ និង​គ្រាន់តែ​បំពេញ​ការងារ​ក្នុង​ឋានៈ​ផ្ទាល់ខ្លួន ប៉ុន្តែ​តាំងខ្លួន​ជា​ចៅក្រម​នៅក្នុង​កិច្ចការ​តុលាការ និង​ផ្ទៃក្នុង​របស់​រដ្ឋ​អធិបតេយ្យ​មួយ​»​។

ក្រសួង​បន្ត​ថា បុគ្គល​បំពាន​ច្បាប់​ត្រូវ​រង​ការកាត់ទោស​ដោយ​ឈរលើ​មូលដ្ឋាន​នៃ​បទល្មើស​ដែល​បាន​ប្រព្រឹត្ត និង​មិន​ផ្អែកលើ​ឋានៈ​នយោបាយ​ឡើយ​។ ឋានៈ​ជា​អ្នកនយោបាយ មិន​ថា​ស្ថិត​នៅ​ក្រោម​ស្លាក​បក្សប្រឆាំង ពុំបាន​ផ្តល់​សិទ្ធិ​ឱ្យ​បុគ្គល​នោះ​ធ្វើ​សកម្មភាព​ដោយ​និទណ្ឌភាព​ទេ​។ ហេតុផល​បុគ្គល ឬ​នយោបាយ​មិនអាច​ប្រើប្រាស់​ជា​ទឡ្ហីករណ៍​សម្រាប់​ការប្រពឹត្ត​បទល្មើស​ទ្បើយ​។

ក្រសួង​ក៏បាន​បញ្ជាក់ដែរថា លោក​ សុខា មិន​ត្រូវបាន​ឃុំខ្លួន​លើស​រយៈពេល​កំណត់​ ១៨ ​ខែ​ទេ ពោល​គឺ​លោក​ត្រូវបាន​ដោះលែង​កាលពី​ថ្ងៃទី​ ៩ ខែ​កញ្ញា ឆ្នាំ ២០១៨ ក្រោម​ការត្រួតពិនិត្យ​របស់​តុលាការ​ដោយ​មាន​លក្ខខណ្ឌ​ជាក់លាក់ ហើយ​ការដោះលែង​នោះ​ក៏​មិនមែន​ជា​ការឃុំឃាំង​ក្នុង​ផ្ទះ​ឡើយ​។ ពាក់ព័ន្ធ​នឹង​ការចូលរួម​ក្នុង​សវនាការ​លោក កឹម សុខា ពី​សំណាក់​សាធារណជន​ក្រសួង​លើក​ឡើង​ថា វា​ជា​ឆន្ទានុសិទ្ធិ​របស់​តុលាការ​ដោយ​ពិចារណា​លើ​កន្លែង​ទំនេរ​។

លោក​ គិន ភា ​ប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​រាជបណ្ឌិត្យ​សភា​កម្ពុជា​បាន​ថ្លែង​ថា ការចេញ​សេចក្ដី​ថ្លែងការណ៍​របស់​អ្នកស្រី ស្ម៊ីត និង​អ្នក​រាយការណ៍​ពិសេស​ផ្សេង​ទៀត​នោះ​គឺជា​សិទ្ធិ​របស់​ពួកគេ​ក្នុង​ការធ្វើ​សេចក្ដី​ថ្លែងការណ៍​ពី​មជ្ឈដ្ឋាន​ខាងក្រៅ​ ប៉ុន្តែ​វា​ជ្រៀតជ្រែក​ទៅ​ដល់​ដំណើរ​ក្ដី​ដល់​តុលាការ​នៃ​រដ្ឋ​អធិបតេយ្យ​មួយ​។

លោក​ថ្លែងថា​៖ «​អ្នករាយការណ៍​ពិសេស អង្គការសហប្រជាជាតិ ១ ​ឆ្នាំ​មាន​ ៣៦៥ ​ថ្ងៃ​គាត់​មក​ស្រុក​ខ្មែរ​ ៤-១០ ​ថ្ងៃ តើ​គាត់​អាច​រាយការណ៍​ពី​ស្ថានភាព​ជាក់ស្ដែង​កម្រិត​ណា អាហ្នឹង​យើង​ត្រូវ​សួរ​ទៅ​គាត់​វិញ​។ ខ្ញុំ​មើល​ទៅ​គាត់​រាយការណ៍​មាន​ភាពលម្អៀង​ក្នុង​ការធ្វើ​របាយការណ៍​ជុំវិញ​បញ្ហា​សិទ្ធិមនុស្ស និង​បញ្ហា​នយោបាយ​នៅ​កម្ពុជា​។ ដូច្នេះ​គាត់​គួរតែ​គោរព​លើ​អធិបតេយ្យ​នៃ​រដ្ឋ​មួយទៀត​»៕