ខេត្ត/ភ្នំពេញៈ ការរាំ និង​ពិធី​បួងសួង​ត្រូវ​បាន​ប្រារព្ធ​ឡើង​កាលពី​ម្សិលមិញ​ដោយ​មាន​ការចូលរួម​ពី​កងកម្លាំង​ប្រដាប់​អាវុធ មន្ត្រីរាជការ និង​ប្រជាពលរដ្ឋ​បាន​ប្រមូល​ផ្ដុំ​គ្នា​នៅក្នុង​បណ្ដា​ខេត្ត​មួយ​ចំនួន ជាពិសេស​ខេត្ត​ព្រះវិហារ និង​ខេត្ត​កំពង់ធំ ដើម្បី​ប្រារព្ធ​ខួប​ ១០ ​ឆ្នាំ​នៃ​ប្រាសាទ​ព្រះវិហារ​ដែល​បាន​ចុះ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក និង​ខួប​ ១ ​ឆ្នាំ​នៃ​ការដាក់​បញ្ចូល​ប្រាសាទ​សំបូរ​ព្រៃគុក​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​ជា​ប្រាសាទ​លេចធ្លោ​ជា​សកល​។

មាន​ប្រជាពលរដ្ឋ និង​មន្ត្រី​រដ្ឋាភិបាល​ជាច្រើន​ពាន់​នាក់​បាន​ប្រមូល​ផ្ដុំ​គ្នា​នៅ​ពហុកីឡដ្ឋាន​ជាតិ​អូឡាំពិក​ពី​ម្សិលមិញ​ដែល​មាន​លោក​នាយក​រដ្ឋមន្ត្រី​ចូលរួម​ជា​អធិបតី​ក្នុង​ពិធី​ប្រារព្ធ​ខួប​ ១០ ​ឆ្នាំ​នេះ ដោយ​លោក​ ហ៊ុន សែន បាន​ថ្លែង​សារ​ដោយ​អំពាវនាវ​ឲ្យ​ចូលរួម​ការពារ​ប្រាសាទ​ ខណៈ​ពេល​ដែល​កម្ពុជា​បាន​បញ្ចប់​សង្គ្រាម​ ២០ ​ឆ្នាំ​រហូត​មក​ដល់​ពេល​បច្ចុប្បន្ន ដែល​ជា​គោលនយោបាយ​អាទិភាព​របស់​លោក​គឺ​ប្រែក្លាយ​​តំបន់​អតីត​សមរភូមិ​ទាំងអស់​ឲ្យ​ក្លាយ​ជា​ទីផ្សារ និង​ការអភិវឌ្ឍ និង​ប្រែ​ក្លាយ​តំបន់​ព្រំដែន​ជាមួយ​ប្រទេស​ជិត​ខាង​ឲ្យ​ទៅ​ជា​ព្រំដែន​សន្តិភាព មិត្តភាព សហប្រតិបត្តិការ និង​ការ​អភិវឌ្ឍ​។

នៅ​ចំពោះ​មុខ​អ្នកចូលរួម​លោក ហ៊ុន សែន បាន​ថ្លែង​ថា​៖ «​ការប្រយុទ្ធ​មិនមែន​ជា​ជម្រើស​ល្អ​ទេ តែ​វិធី​ដោះស្រាយ​ដោយ​សន្តិវិធី​ទើប​ជា​ជម្រើស​ដ៏ល្អ ខ្ញុំ​គិត​ថា​រឿង​នេះ​មិត្ត​ថៃ​ពិត​ជា​មិន​ប្រកាន់​ខឹង​នឹង​ខ្ញុំ​និយាយ​ទេ​ព្រោះ​នេះ​ជា​ការពិត​បាន​ផ្ដល់​មេរៀន​ឲ្យ​ប្រទេស​យើង​ទាំង​ ២ ​កសាង​ព្រំដែន​សន្តិភាព យើង​មាន​បទពិសោធ​រួម​គ្នា​ដោះស្រាយ​ជាមួយ​ព្រះរាជាណាចក្រ​ថៃ​ និង​ព្រះរាជាណាចក្រ​កម្ពុជា​ដែល​ជា​ប្រទេស​ជិត​ខាង​ធ្វើឲ្យ​ចំណង​មិត្តភាព​កាន់តែ​រឹងមាំ​»​។

លោក​ថ្លែង​បន្ត​ថា​៖ «​កាលពី​ ១០ ​ឆ្នាំ​មុន​ថ្ងៃ​នេះ​គឺជា​ថ្ងៃ​ដែល​ខ្ញុំ​លំបាក​ជាង​គេ​ក្នុង​ការធ្វើ​សេចក្ដី​សម្រេច​ចិត្ត​មួយ ខ្ញុំ​សុំ​អភ័យទោស​ចំពោះ​សមភាគី​ថៃ​ដែល​ខ្ញុំ​មិន​គួរ​រំឭក តែ​យើង​មិន​អាច​មើល​រំលង ព្រោះ​នេះ​ជា​បទពិសោធ​យើង​ត្រូវ​ចងចាំ​ទាំងអស់​គ្នា ហើយ​យើង​ត្រូវ​ខិតខំ​រួម​គ្នា​បង្កើត​ខ្សែ​ព្រំដែន​របស់​យើង ឲ្យ​ទៅ​ជា​ខ្សែ​ព្រំដែន​សន្តិភាព មិត្តភាព សហប្រតិបត្តិការ និង​ការអភិវឌ្ឍ​»​។

កាលពី​ឆ្នាំ​ ១៩៦២ តុលាការ​យុត្តិធម៌​អន្តរជាតិ (ICJ) បាន​សម្រេច​ឲ្យ​កម្ពុជា ឈ្នះ​ក្ដី​លើ​ភាគី​ថៃ​ក្នុង​បណ្ដឹង​ប្រាសាទ​ព្រះវិហារ​ដោយ​បញ្ជា​ឲ្យ​ប្រទេស​ថៃ​ដកទ័ព​ចេញ​ពី​តំបន់​ប្រាសាទ​ព្រះវិហារ​។ តែ​នៅ​ថ្ងៃទី​ ៧ ខែ​កក្កដា ឆ្នាំ ២០០៨ នៅពេល​អង្គការ​យូណេស្កូ (UNESCO) ដាក់​ប្រាសាទ​ព្រះវិហារ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​តាម​ការស្នើសុំ​របស់​កម្ពុជា ប្រទេស​ថៃ​បាន​លើក​ទ័ព​ចូល​តំបន់​ប្រាសាទ​ព្រះវិហារ​រហូត​ឈាន​ដល់​ការផ្ទុះ​អាវុធ​ដាក់​គ្នា​រវាង​កងទ័ព​ប្រទេស​ទាំង​ ២ នៅ​ថ្ងៃទី​ ១៥ ខែ​កក្កដា​។ ដើម្បី​បញ្ចប់​ជម្លោះ​នេះ​កម្ពុជា​បាន​ស្នើ​ឲ្យ​តុលាការ​យុត្តិធម៌​អន្តរជាតិ​បកស្រាយ​ឡើង​វិញ​នូវ​ការសម្រេច​ឆ្នាំ​ ១៩៦២​។

អាជ្ញាធរ​ខេត្ត​ព្រះវិហារ​ប្រារព្ធ​ពិធី​រំឭក​ខួប​នៅ​ប្រាសាទ​។ រូបថត ហ្វេសប៊ុក

នៅ​ថ្ងៃទី​ ១១ វិច្ឆិកា ឆ្នាំ​ ២០១៣ តុលាការ​បាន​សម្រេច​ឲ្យ​កម្ពុជា​ឈ្នះ​ក្តី​ជាថ្មី​។ នៅ​ថ្ងៃទី​ ៧ ខែ​កក្កដា ឆ្នាំ​ ២០០៨ កម្ពុជា​ត្រូវ​បាន​ដាក់​បញ្ចូល​ប្រាសាទ​ព្រះវិហារ នៅក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក (៧ កក្កដា ២០០៨-៧ កក្កដា ២០១៨) និង​ខួប​ ១ ​ឆ្នាំ​នៃ​ការដាក់​បញ្ចូល​ប្រាសាទ​សំបូរ​ព្រៃគុក​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក (៨ កក្កដា ២០១៧-៨​កក្កដា ២០១៨)​។

លោកស្រី Mechtild Rossler នាយិកា​មជ្ឈមណ្ឌល​បេតិកភណ្ឌ​ពិភពលោក​នៃ​អង្គការ​យូណេស្កូ​ដែល​បាន​ផ្ញើ​សារ​ចូលរួម​អបអរ​ក្នុង​ពិធី​រំឭក​ខួប​នេះ​ដែរ​ថ្លែង​ថា​រយៈពេល​ ១០ ​ឆ្នាំ​មក​នេះ​ហាក់​ដូចជា​ពេលវេលា​មួយ​យ៉ាង​យូរ​ ក៏​ប៉ុន្តែ​ជាមួយ​នឹង​ឯកសិទ្ធិ​ក្នុង​ការ​មើលឃើញ​ផ្ទាល់​នូវ​អារ្យធម៌​ពី​អតីតកាល និង​ដំណើរ​ទស្សនកិច្ច​ទៅ​ប្រាសាទ​ផ្ទាល់ គេ​អាច​យល់​ច្បាស់​ថា​សកម្មភាព​នៅ​ថ្ងៃ​នេះ​នឹង​ត្រូវ​បាន​ចារ​ទៅក្នុង​ពេលវេលា​ដ៏យូរ​អង្វែង​នា​គ្រាក្រោយ​ទៀត​៕