ភ្នំពេញៈ ប្រទេស​កម្ពុជា​ប្រារព្ធ​ទិវា​បរិស្ថាន​ជាតិ និង​បរិស្ថាន​ពិភពលោក​លើក​ទី​ ២៧ នៅ​ថ្ងៃទី​ ៥ ​មិថុនា ឆ្នាំ​ ២០២០ ដើម្បី​លើកកម្ពស់ ការយល់ដឹង​ជា​សាធារណៈ​អំពី​ការគ្រប់គ្រង និង​ការប្រើប្រាស់​ធនធាន​ធម្មជាតិ​ប្រកប​ដោយ​និរន្តរភាព ការប្រយុទ្ធ​ប្រឆាំង​នឹង​ការប្រែប្រួល​អាកាសធាតុ និង​ការគ្រប់គ្រង​គុណភាព​បរិស្ថាន​។ ឯ​មន្ត្រី​សង្គម​ស៊ីវិល​អំពាវនាវ​ឲ្យ​បញ្ឈប់​ការលុប​បឹង ក៏ដូចជា​ការ កាប់​បំផ្លាញ​ព្រៃឈើ​។

ប្រធានបទ​របស់​ទិវា​បរិស្ថាន​ជាតិ និង​បរិស្ថាន​ពិភពលោក​គឺ​ «​អភិរក្ស​ជីវចម្រុះ​ដើម្បី​យើង​ទាំងអស់​គ្នា​»​។ ដោយសារ​ការរីករាលដាល​ជំងឺ​កូវីដ​ ១៩ ក្រសួង បរិស្ថាន​រៀបចំ​យុទ្ធនាការ​ផ្សព្វផ្សាយ​តាម​អនឡាញ​ដែល​មាន​សិក្ខាសាលា​តាម​កម្មវិធី Zoom Meeting ការផលិត​កិច្ចពិភាក្សា ការផ្សព្វផ្សាយ​ឯកសារ​អប់រំ និង​ផ្ទាំង​បដា​រូបភាព​បរិស្ថាន និង​ការផ្សព្វផ្សាយ​តាម​វិទ្យុ និង​ទូរទស្សន៍​។

លោក​ នេត្រ ភក្ត្រា រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួង​បរិស្ថាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃ​ចន្ទ​ថា ក្រសួងបរិស្ថាន​ចាប់ផ្តើម​ផ្សព្វផ្សាយ​ពី​ទិវា​បរិស្ថាន​តាម​អនឡាញ​ចាប់ពី​ថ្ងៃទី​ ១ ដល់ទី​ ៥ ខែ​មិថុនា ដោយមាន​ការសម្ភាស​មន្ត្រី​ជំនាញ​បរិស្ថាន​អំពី​កិច្ចខិតខំ​ប្រឹងប្រែង​ក្នុង​ការអភិរក្ស និង​ការពារ​ជីវចម្រុះ​នៅ​កម្ពុជា​។ ក្រសួងបរិស្ថាន​រំពឹងថា សារ​ដែល​នឹង​ត្រូវ​បញ្ចេញ​ទៅនេះ​នឹង​បាន​ទៅ​ដល់ដៃ​ប្រជាពលរដ្ឋ ព្រោះ​ពួកគេ​ប្រើប្រាស់​ហ្វេសប៊ុក​ច្រើន​ក្នុងការ​ទទួល​បាន​ព័ត៌មាន​។

លោក​ថ្លែងថា​៖ «​សារ​ដែល​យើង​នឹង​ផ្សព្វផ្សាយ​នេះ​គឺជា​សារ​មួយ​ដែល​បណ្តុះ​ស្មារតី​ឱ្យ​ប្រជាពលរដ្ឋ ស្រឡាញ់​ជីវចម្រុះ​ចូលរួម​ការពារ អភិរក្ស​ធនធាន​ធម្មជាតិ និង​សត្វ​ព្រៃរបស់​យើង​។ ជាមួយ​គ្នា​នេះ​ក៏​សូម​ស្នើ​សុំឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​បន្ត​ចែករំលែក​នូវ​សារ​អប់រំ​នានា​ដើម្បី​ជូន​ដល់​ប្រជាពលរដ្ឋ​ផ្សេងៗ​ទៀត​ឱ្យ​បាន​ជ្រួតជ្រាប​ ដើម្បី​ចូលរួម​ហើយ​ចូលរួម​ទាំងអស់​គ្នា​ក្នុង​ការទប់ស្កាត់​ការបំផ្លាញ​ធនធាន​ធម្មជាតិ​។ ជាពិសេស​គឺ​ការ​បរបាញ់​សត្វព្រៃ ហើយ​និង​ការកាប់បំផ្លាញ​ព្រៃឈើ​គឺ​យើង​ត្រូវ​ចូលរួម​ទាំងអស់​គ្នា​»​។

ហ្វេសប៊ុក​ក្រសួងបរិស្ថាន​កាលពី​ថ្ងៃ​ចន្ទ​បញ្ជាក់ថា ការ​ប្រារព្ធ​ទិវា​នេះ​គឺ «​សំដៅ​លើកកម្ពស់​សុខភាព​សាធារណៈ កិច្ច​គាំពារ​បរិស្ថាន ការគ្រប់គ្រង​ធនធាន​ធម្មជាតិ ការអភិរក្ស​ជីវចម្រុះ និង​ការរស់នៅ​ដោយ​ចីរភាព​»​។

កម្មវិធី​អភិវឌ្ឍន៍​អង្គការ​សហប្រជាជាតិ​ប្រចាំ​កម្ពុជា​ (UNDP Cambodia) ​បាន​បង្ហោះ​សារ​ក្នុង​ហ្វេសប៊ុក​ផ្លូវការ​របស់ខ្លួន​កាលពី​ថ្ងៃទី​ ២៩ ខែ​ឧសភា​ថា អាហារ​ដែល​មនុស្ស​បរិភោគ ខ្យល់​ដែល​មនុស្ស​ដកដង្ហើម ទឹក​ដែល​មនុស្ស​ទទួលទាន និង​អាកាសធាតុ​ដែល​ធ្វើឱ្យ​ភពផែនដី​មាន​បរិយាកាស​សមស្រប​ដែល​មនុស្ស​អាច​រស់នៅ​បាន​ទាំងអស់​សុទ្ធតែ​មកពី​ធម្មជាតិ​។

UNDP សរសេរ​ថា​៖ «​ប៉ុន្តែ​នេះ​គឺជា​ពេលវេលា​មួយ​ដែល​ធម្មជាតិ​កំពុង​រំឭក​យើង​គឺថា ដើម្បី​ថែរក្សា​ខ្លួន​យើង យើង​ចាំបាច់​ត្រូវ​ថែរក្សា​ធម្មជាតិ​ផងដែរ​។ នេះ​ជា​ពេលវេលា​ដែល​យើង​ត្រូវ​ចាប់ផ្តើម​សកម្មភាព ធ្វើការ​កត់សម្គាល់ និង​បញ្ចេញ​មតិយោបល់ ហើយ​វា​ក៏​ជា​ពេលវេលា​ដែល​ត្រូវ​ធ្វើឱ្យ​កាន់តែ​ប្រសើរឡើង​សម្រាប់​ប្រជាជន និង​ភពផែនដី​។ ទិវា​បរិស្ថាន​ពិភពលោក​គឺជា​ពេលវេលា​សម្រាប់​ធម្មជាតិ​»​។

លោកស្រី​ ចក់ សុភាព នាយិកាប្រតិបត្តិ​នៃ​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា សរសេរ​ក្នុង​ហ្វេសប៊ុក​លោកស្រី​នៅ​ថ្ងៃ​ចន្ទ​ថា ទឹក​ជា​ធនធាន​មួយ​ចាំបាច់​សម្រាប់​ជីវិត មនុស្ស សត្វ រុក្ខជាតិ​ជាដើម ហើយ​ក៏​ជា​ធនធាន​ដ៏កម្រ​ផងដែរ​។

លោកស្រី​បន្ថែមថា​៖ «​អាស្រ័យ​ហេតុនេះ​យើង​គួរ​ចូលរួម​ប្រើប្រាស់​ទឹក​ដោយ​សន្សំសំចៃ ទប់ស្កាត់​ការបំផ្លាញ រួមទាំង​ការលុប​បឹង ទន្លេ ស្ទឹងព្រែក អូរ ប្រឡាយ អាងទឹក បឹងបួ សមុទ្រ​...»​។

លោក​ ហេង ស្រស់ ​សកម្មជន​ការពារ​ព្រៃឈើ​ក៏​បាន​សរសេរ​សារ​ក្នុង​ហ្វេសប៊ុក​របស់​លោក​កាលពី​ថ្ងៃ​ចន្ទ​ដែរ​ថា​៖ «​អបអរ​ទិវា​បរិស្ថាន​ពិភពលោក ៥ ​មិថុនា ឆ្នាំ​ ២០២០​។ សូម​បញ្ឈប់​ជាបន្ទាន់​នូវ​ការកាប់​បំផ្លាញ​ព្រៃឈើ​នៅ​កម្ពុជា ដោយ​ប្រើ​រូបភាព​ជា​ដីសម្បទាន​សេដ្ឋកិច្ច​ជា​លេស តែ​បែរ​ជា​លួច​កាប់​ព្រៃឈើ​ដែល​ការការពារ​ទៅវិញ​។ ចូលរួម​ការពារ​ព្រៃឈើ​ទាំងអស់​គ្នា​»៕