កណ្តាលៈ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែង​ពី​ម្សិលមិញ​ថា កម្ពុជា​បាន​ផ្ញើ​កំណត់​ទូត​ទៅ​ស្ថានទូត​ប្រទេស​នានា បង្ហាញពី​ជំហរ​របស់​កម្ពុជា និង​បំភ្លឺ​លើ​ការចោទប្រកាន់​នានា​ដែល​ថា កម្ពុជា​រណប​ចិន និង​ថា​មូលដ្ឋានទ័ព​រាម​អនុញ្ញាត​ឲ្យ​ចិន​ប្រើប្រាស់​ផ្ដាច់មុខ​។

លោក ហ៊ុន សែន បាន​បញ្ជាក់​ពី​ជំហរ​នេះ​សាជាថ្មី បន្ទាប់ពី​មាន​ការរុះរើ​អគារ​ទីបញ្ជាការ​ជួរមុខ​ដែល​សាងសង់​ដោយ​សហរដ្ឋអាមេរិក​នៅ​មូលដ្ឋានទ័ព​រាម​ក្នុង​ខេត្ត​ព្រះសីហនុ និង​ការមន្ទិល​សង្ស័យថា កម្ពុជា​នឹង​អនុញ្ញាត​ឲ្យ​យោធា​ចិន​ប្រើប្រាស់​មូលដ្ឋានទ័ព​រាម​ផ្ដាច់មុខ​។

ថ្លែង​ក្នុង​ពិធី​សម្ពោធ​មជ្ឈមណ្ឌល​កម្សាន្ត ព្រីនស៍ម៉ាណ័រ នៅ​ស្រុក​កៀនស្វាយ​ខេត្តកណ្តាល​កាលពី​ម្សិលមិញ​លោក​ ហ៊ុន សែន បាន​ថ្លែងអំណរគុណ​ដល់​ចិន​ដែល​ចូលរួម​ក្នុង​ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ​ជាច្រើន​នៅ​ប្រទេស​កម្ពុជា​។

ប៉ុន្តែ​លោក​ថា មនុស្ស​មួយ​ចំនួន​បែរជា​ថា កម្ពុជា​រណប​ចិន​នៅពេល​ចិន​ផ្ដល់​ជំនួយ​សម្រាប់​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​។ ​

លោក​មានប្រសាសន៍​ដូច្នេះ​ថា​៖ «​អ្នកខ្លះ​ឃើញ​ចិន​មក​ធ្វើ​ផ្លូវ មក​ជួយ​ធ្វើ​ផ្លូវ ផ្ដល់​ជា​ជំនួយ​ឥតសំណង ផ្ដល់​ជា​ប្រាក់កម្ចី​ឱ្យ​កម្ពុជា​ធ្វើ​ផ្លូវ បែរ​ជា​ថា កម្ពុជា​រណប​ចិន ជ្រើសរើស​យក​ចិន​ចោល​មហាអំណាច​នេះ​មហាអំណាច​នោះ​។ ប៉ុន្តែ​ខ្ញុំ​ចង់​បញ្ជាក់ ខ្ញុំ​ចង់​សួរ​ត្រឡប់​ទៅវិញ បើ​ផ្លូវ​នេះ ស្ពាន​នេះ ចិន​មិន​បាន​ធ្វើ​ទេ តើ​អ្នកណា​មក​ធ្វើ​ជួស​? ខ្ញុំ​សួរ​ត្រឡប់​ទៅវិញ​»​។

លោក​បញ្ជាក់ថា បើសិន​មាន​អ្នក​ដែល​អាច​បញ្ជាក់ថា មាន​អ្នកផ្សេង​អាច​ធ្វើ​បាន​ជំនួស​ឱ្យ​ចិន លោក​សុខចិត្ត​ចុះចេញ​ពី​តំណែង​។ ទោះយ៉ាងណា លោក​ទទួល​ស្គាល់​ថា​ជា​ការពិតផ្លូវ ស្ពាន មួយ​ចំនួន​ត្រូវបាន​កសាង​ដោយ​ជប៉ុន​ និង​កូរ៉េ​ប៉ុន្តែ​ចិន​បាន​សាងសង់​រាប់ពាន់​គីឡូម៉ែត្រ​។

លោក​មានប្រសាសន៍​បន្ត​ថា​៖ «​យកតែ​រឿង​អាក្រក់​មួយ​មក​និយាយថា កម្ពុជា​ទៅជា​មួយ​ចិន​ហើយ រហូត​ដល់​ប៉ុន្មាន​ថ្ងៃនេះ​ចោទថា កម្ពុជា​ប្រគល់​កំពង់ផែ​រាម ឱ្យ​ចិន​ប្រើប្រាស់​ផ្ដាច់មុខ​ទៀត​ដែល​បង្ខំចិត្ត​ត្រូវ​ចាក់​ឡើងវិញ​នូវ​អ្វីដែល​ខ្ញុំ​និយាយ​នៅ​ខេត្ត​ព្រះសីហនុ​តាំងពី​ខែ​ ៦ ចាក់ឱ្យ​ស្ដាប់ បក​ជា​ភាសា​អង់គ្លេស​ឱ្យមើល​ទៀត ហើយ​ឱ្យ​ក្រសួង​ការបរទេស​ធ្វើ​ណោត​ទូត​ផ្ញើ​ទៅគ្រប់​ស្ថានទូត​ថា លោក​ ហ៊ុន សែន និយាយ​អ៊ីចេះ ម៉េច​ក៏​ថា ចង់​ធ្វើ​កំពង់ផែ​យោធា​រាម​ឱ្យ​ទៅ​ជា​កំពង់ផែ​អន្តរជាតិ​»​។

លោកនាយក​រដ្ឋមន្ត្រី​បញ្ជាក់​ច្បាស់​ថា​កម្ពុជា​អនុញ្ញាត​ឱ្យ​នាវា​ប្រទេស​នានា​ចូលមក​កំពង់ផែ​យោធា​រាម​បាន ប៉ុន្តែ​ត្រូវ​សុំ​ការអនុញ្ញាត​ជាមុន ពីព្រោះ​កំពង់ផែ​នេះ​ជា​កំពង់ផែ​យោធា​ ឬ​កំពង់ផែ​ចម្បាំង​មិនមែន​កំពង់ផែ​ដឹក​ទំនិញ​ទេ​។ លោក​ថ្លែង​ដូច្នេះ​​ថា​៖ «​អ៊ីចឹង​ត្រូវសុំ​ការអនុញ្ញាត មិនមែន​គ្រាន់តែ​ចិន​មួយ​មាន​សិទ្ធិ​ប្រើប្រាស់​ទេ ប្រទេស​ដទៃ​សុំ​ការអនុញ្ញាត​មក​ចូល​ចត​ចាក់​ប្រេង ឬ​ឡើងគោក ដើម្បី​សមយុទ្ធ​ជាមួយ​កម្ពុជា​ ឬ​ធ្វើ​កិច្ចការ​អ្វីមួយ​ជាមួយ​កម្ពុជា​យើង​ស្វាគមន៍​»​។

លោក កុយ គួង អ្នកនាំពាក្យ​ក្រសួង​ការបរទេស​បាន​ថ្លែង​យ៉ាងខ្លី​ពី​ម្សិលមិញ​ថា ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​បាន​ផ្ញើ​កំណត់​ទូត​ដែលមាន​ប្រសាសន៍​របស់​លោក ហ៊ុន សែន ​ទៅ​ស្ថានទូត​ទាំងអស់​នៅ​កម្ពុជា​រួចហើយ​ពីថ្ងៃ​អង្គារ​។

កប៉ាល់​ចត​នៅ​មូលដ្ឋានទ័ព​រាម​កាលពី​ខែកក្កដា​ឆ្នាំមុន​។ រូបថត សហការី

អ្នកវិភាគ​នយោបាយ​លោក ឡៅ ម៉ុងហៃ បាន​និយាយ​កាលពី​ម្សិលមិញ​ថា កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​ឆ្នាំ​ ១៩៩១ និង​រដ្ឋធម្មនុញ្ញ​កម្ពុជា​មាន​ចែង​ពី​អព្យាក្រឹតភាព​របស់​កម្ពុជា​ដែល​ក្នុងនោះ​មាន​ទាំង​ការហាម​មិនឱ្យ​មាន​វត្តមាន​មូលដ្ឋានទ័ព​ ឬ​កម្លាំង​ទ័ព​បរទេស​នៅលើ​ទឹកដី​របស់ខ្លួន​។ ដូច្នេះ​វា​ជា​រឿង​សមរម្យ​សម្រាប់​រដ្ឋាភិបាល​ក្នុង​ការហៅ​សហប្រធាន​នៃ​សន្និសីទ​អន្តរជាតិ​ទីក្រុង​ប៉ារីស​ស្ដីពី​កម្ពុជា ដែល​រួមមាន​ប្រទេស​បារាំង និង​ឥណ្ឌូនេស៊ី​ឱ្យ​បង្កើត​គណៈកម្មាធិការ​អព្យាក្រឹត​កម្ពុជា​។ គណៈកម្មាធិការ​នេះ​មាន​ភារកិច្ច​ត្រួតពិនិត្យ​លើ​ការអនុវត្ត​លក្ខខណ្ឌ​នៃ​កិច្ចព្រមព្រៀង​អំពី​អព្យាក្រឹតភាព ដោយ​ផ្ដោត​សំខាន់​លើ​ការហាមឃាត់​វត្តមាន​មូលដ្ឋាន​យោធា និង​ទ័ព​បរទេស​នៅលើ​ទឹកដី​កម្ពុជា​។

លោក​ថ្លែង​ដូច្នេះ​ថា​៖ «​ខ្ញុំ​ជឿជាក់​ថា គំនិត​ផ្ដួចផ្ដើម​នេះ​នឹង​មាន​ប្រសិទ្ធភាព​ដើម្បី​នឹង​បញ្ចប់​រាល់​ការសង្ស័យ​នានា​អំពី​បញ្ហា​មួយ​នេះ​»​។

ក៏ប៉ុន្តែ​លោក គិន ភា ប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​រាជបណ្ឌិត្យ​សភា​កម្ពុជា​យល់ឃើញ​ថា ការចោទប្រកាន់​លើ​កម្ពុជា​ថា​ផ្ដល់​មូលដ្ឋាន​ឱ្យ​យោធា​ចិន​នឹង​នៅមាន​បន្តទៀត ព្រោះ​ការចោទប្រកាន់​បែប​នេះ ធ្វើឡើង​ដោយ​បង្កប់​នូវ​នយោបាយ បើ​ទោះបី​រាជរដ្ឋាភិបាល​ឆ្លើយតប​ដោយ​លាយលក្ខណ៍អក្សរ​ក្ដី ឆ្លើយតប​ដោយផ្ទាល់​មាត់​ក្ដី​ក៏ដោយ​។

លោក​ថ្លែងថា​៖ «​អ៊ីចឹង​ទេ ខ្ញុំ​យល់​ថា វា​មាន​ភាពច្បាស់លាស់ គ្រប់គ្រាន់​ហើយ​ការបញ្ជាក់​របស់​រដ្ឋាភិបាល​។ ប៉ុន្តែ​ដោយសារតែ​ការចោទប្រកាន់​នោះ​វា​មាន​លក្ខណៈ​នយោបាយ ទោះ​ជា​យើង​មាន​ភាពច្បាស់លាស់ និង​បញ្ជាក់​បែបណា​ក៏ដោយ ក៏​មិនអាច​លុបលាង​ការសង្ស័យ ដែល​គេ​មាន​នោះទេ​។ អ្វីដែល​គេ​ចង់ឃើញ​គឺ កម្ពុជា​មិន​មាន​ទំនាក់ទំនង​អ្វី​សោះ​ជាមួយ​ចិន​។ អាហ្នឹង​ទើប​គេ​បាត់​ការសង្ស័យ​។ អ្វីដែល​យើង​អាចធ្វើ​បាន គឺ​នៅ​តែ​បន្ត​បញ្ជាក់​ពី​ជំហរ​របស់​យើង​ដដែល​»​។

ចំណែក​លោក​ ជេម សុខ អ្នកវិភាគ​មួយរូប​ដែល​ស្ថិតនៅ​សហរដ្ឋអាមេរិក យល់ឃើញ​ថា បញ្ហា​ភូមិសាស្ត្រ​នយោបាយ​នៅ​តំបន់​អាស៊ី​ពាក់ព័ន្ធ​នឹង​ផែនការ​សេដ្ឋកិច្ច «​ខ្សែក្រវាត់ និង​ផ្លូវ​» របស់​ចិន​។ ចិន​ចង់យក​តំបន់​នៅ​ឈូង​សមុទ្រ​ថៃ​ធ្វើជា​មូលដ្ឋាន​គាំទ្រ​ផ្នែក​ឡូជីស្ទីក​នៃ​នាវា​រំដោះ​ប្រជាជន​ចិន​។ ចំណែក​អាមេរិកាំង​វិញ​មើលឃើញ​ថា នៅ​តំបន់​នៅ​ភាគខាងត្បូង​នៃ​ប្រទេស​វៀតណាម​ចាប់ពី​ដៃសមុទ្រ​រហូត​ដល់​ឈូង​សមុទ្រ​ថៃ មាន​តែ​ប្រទេស​កម្ពុជា​មួយ​ទេ ដែល​អាច​ក្លាយជា​កំពង់ផែ​យោធា​សម្រាប់​កង​នាវា​រំដោះប្រជាជន​ចិន​ចូល​ចត និង​ជួសជុល​។

លោក​បាន​ថ្លែង​ដូច្នេះ​ថា​៖ «​អាមេរិកាំង​មិន​សប្បាយ​ចិត្តនឹង​ឱ្យ​ចិន​បង្កើត ឬ​ជួសជុល​អគារ​អី​ឱ្យ​កម្ពុជា​ទេ ដោយ​មើលឃើញ​ថា វា​អាចជា​មូលដ្ឋាន​គាំទ្រ​ផ្នែក​ឡូជីស្ទីក​សម្រាប់​កងទ័ព​រំដោះប្រជាជន​ចិន​។ ហួស​ពី​កម្ពុជា​ទៅ​នៅក្នុង​ឈូង​សមុទ្រ​ថៃ​នៅ​ភាគ​ខាងលិច​ប្រទេស​ថៃ គឺ​សមុទ្រ​អាដាម៉ាន់ អាមេរិកាំង​ខំប្រឹង​គាបសង្កត់​កុំឱ្យ​មាន​មូលដ្ឋាន​ឡូជីស្ទីក​ដែល​មាន​លទ្ធភាព​ប្រើប្រាស់​ដោយ​កងនាវា​រំដោះប្រជាជន​ចិន​។ ចាប់ពី​ភាគ​ខាងលិច​ប្រទេស​ថៃ​រហូតដល់​ភូមា អាមេរិកាំង​មិន​ចង់​ឱ្យ​មាន​ទេ​»​។

លោក ជេម សុខ បានបញ្ជាក់​ទៀតថា ការលើកឡើង​របស់​លោក ហ៊ុន សែន អំពី​ការអនុញ្ញាត​ឱ្យ​នាវា​បរទេស​ចូល​ចត​នៅ​កំពង់ផែ​យោធារាម​ដោយ​ការមានការ​ស្នើសុំ​នោះ គឺជា​សម្ដី​ប្រកប​ដោយ​យុទ្ធសាស្ត្រ ប៉ុន្តែ​លោក​មិន​អត្ថាធិប្បាយ​លើ​សម្ដី​នេះ​ទេ​៕