ភ្នំពេញៈ លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន ថ្លែងថា កម្ពុជានឹងផ្ញើសាលដីកាចាប់ខ្លួនលោក សម រង្ស៊ី ប្រធានស្តីទីនៃអតីតគណបក្សសង្គ្រោះជាតិទៅឲ្យប្រទេសជាសមាជិកអាស៊ាន ដើម្បីសហការចាប់ខ្លួនមេដឹកនាំអតីតបក្សប្រឆាំងរូបនេះ ខណៈដីកាចាប់ខ្លួននេះត្រូវបានផ្ញើទៅភាគីថៃ និងឡាវរួចរាល់ហើយ។
ការថ្លែងរបស់លោកធ្វើឡើងបន្ទាប់ពីលោក សម រង្ស៊ី ប្រធានស្ដីទីអតីតបក្សប្រឆាំងបានអំពាវនាវឲ្យពលរដ្ឋប្រើប្រាស់ «អំណាចពលរដ្ឋ» ក្នុងការចូលរួមទទួលដំណើរមាតុភូមិនិវត្តន៍របស់លោកនៅថ្ងៃទី ៩ វិច្ឆិកាខាងមុខនេះ។
លោក ហ៊ុន សែន ប្រាប់អ្នកសារព័ត៌មានក្នុងសន្និសីទសារព័ត៌មានរួមគ្នា ជាមួយនាយករដ្ឋមន្ដ្រីឡាវ លោក ថងលូន ស៊ីស៊ូលីត នៅវិមានសន្ដិភាពកាលពីថ្ងៃទី ១២ ខែកញ្ញា ថាមានអ្នកវិភាគម្នាក់ដែលបានអះអាងថា លោកសម រង្ស៊ី អាចនឹងប្រើប្រាស់ទឹកដីឡាវដើម្បីឆ្លងចូលកម្ពុជាហើយលោកបានស្នើឲ្យនាយករដ្ឋមន្ត្រីប្រទេសឡាវធ្វើការបញ្ជាក់ទៅលើការលើកឡើងរបស់អ្នកវិភាគរូបនោះ។
លោកបញ្ជាក់ថា៖ «គេនឹងចាត់ទុកថាក្រុមនោះ (សម រង្ស៊ី) នឹងអាចប្រើប្រាស់ដីឡាវ ដើម្បីចូលមកកម្ពុជា ខ្ញុំចង់ឲ្យឯកឧត្តមនាយករដ្ឋមន្ដ្រីបញ្ជាក់ទៅពួកគេអំពីគោលការណ៍អាស៊ានអំពីគោលការណ៍របស់ឡាវដែលមិនផ្ដល់មិនអនុញ្ញាតឲ្យប្រើប្រាស់ទឹកដីរបស់ខ្លួន ប្រឆាំងប្រទេសកម្ពុជា ឬប្រឆាំងជាមួយប្រទេសជិតខាង»។
លោកបន្ថែមថាកម្ពុជាបានផ្ញើសាលដីកាចាប់ខ្លួនលោក សម រង្ស៊ី ឲ្យប្រទេស ថៃ និងឡាវ រួចរាល់ហើយ។ កម្ពុជាក៏នឹងផ្ញើដីកាចាប់ខ្លួនទៅសមាជិកអាស៊ានផ្សេងទៀតផងដែរ។
លោកបញ្ជាក់ថា៖ «ខ្ញុំក៏សូមបញ្ជាក់ជូនផងដែរថា មិនមែនគ្រាន់តែឡាវទេ ទាំងថៃ រដ្ឋាភិបាលថៃបានទទួលរួចមកហើយនូវសាលដីកាតុលាការ ដើម្បីចាប់ខ្លួនជនណាដែលមានសាលដីកាតុលាការ។ យើងក៏នឹងបញ្ជូនសាលដីកាតុលាការនោះ ទៅកាន់ប្រទេសទាំងអស់នៅក្នុងក្របខ័ណ្ឌអាស៊ានរបស់យើង។ អ៊ីចឹងសូមអញ្ជើញធ្វើតាមចំណង់របស់ខ្លួនទៅចុះ» ។
ជាការឆ្លើយតបលោក ថងលូន ស៊ីស៊ូលីត នាយករដ្ឋមន្ត្រីឡាវថ្លែងថាក្នុងនាមជាអ្នកភូមិផងរបងជាមួយគ្នាក៏ដូចជាស្ថិតនៅក្នុងប្រទេសជាសមាជិកអាស៊ាន ប្រទេសឡាវ មិនឲ្យបុគ្គល សម រង្ស៊ី ប្រើប្រាស់ទឹកដីឡាវ ឆ្លងចូលមកកម្ពុជាឡើយ។
ការដែលលើកឡើងថាលោក សម រង្ស៊ី អាចនឹងប្រើប្រាស់ទឹកដីឡាវ ដើម្បីឆ្លងចូលកម្ពុជាគឺជាព័ត៌មានក្លែងក្លាយ ជាព័ត៌មានមិនពិត ដែលមានបំណងបង្កើតការបែកបាក់រវាងប្រទេសទាំង ២ កម្ពុជា-ឡាវ ។
លោកថ្លែងតាមរយៈអ្នកបកប្រែថា៖ «ខ្ញុំទើបបានព័ត៌មានពីសម្ដេចតេជោ ហ៊ុន សែន មុននេះ។ ខ្ញុំសូមបញ្ជាក់ថា បុគ្គលណាដែលមានទោសមកឆ្លងប្រទេសឡាវ សញ្ជាតិណាក៏ដោយ ដើម្បីយកឡាវជាកន្លែងឆ្លងកាត់ ដើម្បីទៅបំផ្លាញប្រទេសផ្សេងនោះ យើងនឹងធ្វើការយ៉ាងហ្មត់ចត់ មិនឲ្យកើតបញ្ហានេះឡើយ» ។
ទន្ទឹមនឹងនេះនាយករដ្ឋមន្ត្រីឡាវក៏បានផ្តាំផ្ញើទៅអ្នកវិភាគដែលនិយាយថា លោក សម រង្ស៊ី ឆ្លងមកចូលឡាវនោះ កុំនិយាយបន្តទៀតដែលធ្វើឲ្យកម្ពុជា-ឡាវ មិនចុះសម្រុងនឹងគ្នា ។
អ្នកនាំពាក្យក្រសួងយុត្តិធម៌លោក ជិន ម៉ាលីន ថ្លែងថាកម្ពុជាបានផ្ញើសាលដីកាស្ថាពររបស់តុលាការដើម្បីចាប់ខ្លួនលោក សម រង្ស៊ី មួយចំនួនទៅកាន់ប្រទេសដែលជាដៃគូនៃកិច្ចសហប្រតិបត្តិការក្នុងតំបន់រួចទៅហើយ។ ប្រសិនបើប្រទេសទាំងនោះមានកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងល្អជាមួយប្រទេសកម្ពុជា ប្រទេសទាំងនោះនឹងចាប់ខ្លួនលោក សម រង្ស៊ី ហើយបញ្ជូនមកកម្ពុជាដើម្បីធ្វើការអនុវត្តច្បាប់ ។
លោកបញ្ជាក់ថា៖ «ការផ្ញើដីកាចាប់ខ្លួននេះគឺជាយន្តការនៃកិច្ចសហប្រតិបត្តិការក្នុងតំបន់ដែលមានកាតព្វកិច្ចជួយគ្នាទៅវិញទៅមកក្នុងការអវត្តច្បាប់ ទប់ស្កាត់បទល្មើសឧក្រិដ្ឋកម្មឆ្លងដែន។ ការជួយគ្នាទៅវិញទៅមកផ្នែកច្បាប់ ការធ្វើបត្យាប័ននេះជាកិច្ចសហប្រតិបត្តិការអន្តរជាតិ។ ផ្អែកលើស្មារតីនៃកិច្ចសហប្រតិបត្តិការ គេអាចចាប់បញ្ជូននូវទណ្ឌិតទាំងឡាយណាដែលបំពានច្បាប់នៅប្រទេសយើងដើម្បីបញ្ជូនមកអនុវត្តច្បាប់នៅប្រទេសយើង»។
លោក គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជាយល់ស្របចំពោះការថ្លែងខាងលើនេះដោយលើកឡើងថា បន្ទាប់ពីប្រទេសសមាជិកអាស៊ានផ្សេងបានទទួលដីកាចាប់ខ្លួនពីភាគីកម្ពុជា ប្រទេសទាំងនោះនឹងធ្វើការឃាត់ខ្លួនលោក សម រង្ស៊ី តាមការស្នើសុំរបស់កម្ពុជាដោយសារប្រទេសនោះមានកិច្ចសហប្រតិបតិ្តការជិតស្និទ្ធជាមួយកម្ពុជាក្នុងការពង្រឹងសន្តិសុខក្នុងតំបន់ ។
លោកបញ្ជាក់ថា៖ «ទំហំនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសកម្ពុជាជាមួយបណ្តាប្រទេសក្នុងតំបន់អាស៊ានផ្សេងទៀតមានកិច្ចសហប្រតិបត្តិការល្អ។ ខ្ញុំជឿថាប្រទេសទាំងអស់នឹងផ្តល់កិច្ចសហប្រតិបត្តិការជាមួយកម្ពុជាក្នុងការអនុវត្តច្បាប់ ដោយសារតែយើងកំពុងតែរួមគ្នាពង្រឹងគោលការណ៍សន្តិសុខជាតិ»។
លោក កេត សោផាន់ អ្នកនាំពាក្យក្រសួងការបរទេសមិនអាចទាក់ទងសុំការអធិប្បាយពាក់ព័ន្ធករណីនេះបានទេពីម្សិលមិញ។
ជាមួយគ្នានេះលោកព្រះរាជអាជ្ញារង សេង ហៀង កាលពីថ្ងៃទី ៤ ខែកញ្ញា បានបង្គាប់ឲ្យឈ្មោះ សម រង្ស៊ី ឈ្មោះ ហូរ វ៉ាន់ និង ឈ្មោះ កាក់ កុម្ភារ ឱ្យចូលទៅកាន់សវនាការជំនុំជម្រះនៃសាលាដំបូងរាជធានីភ្នំពេញនៅព្រឹកថ្ងៃទី ២ តុលា ឆ្នាំ ២០១៩ ពាក់ព័ន្ធនឹងករណីប្រមាថ និងញុះញង់ឱ្យមានបទឧក្រិដ្ឋ ជាអាទិ៍ក្នុងអំឡុងខែមេសាដល់ខែតុលា ឆ្នាំ ២០១៨។
ដីកាបញ្ជាក់ថា៖ «បង្គាប់ឲ្យឈ្មោះ សម រស្ស៊ី ភេទប្រុស កើតឆ្នាំ ១៩៤៩ ជាជាតិខ្មែរ លំនៅបច្ចុប្បន្ន សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញចូលខ្លួនទៅចំពោះមុខសាលាដំបូងរាជធានីភ្នំពេញនៅថ្ងៃទី ២ ខែ តុលា ឆ្នាំ ២០១៩ វេលាម៉ោង ៨ ព្រឹក ទីកន្លែងជំនុំជម្រះ ដើម្បីឆ្លើយដោះសាពីការចោទប្រកាន់លើខ្លួន»។
លោក ឡៅ ម៉ុងហៃ អ្នកវិភាគនយោបាយថ្លែងថានគរបាលថៃ និងនគរបាលខ្មែរធ្លាប់បានសហការគ្នានៅខែ កុម្ភៈ ឆ្នាំ ២០១៨ ក្នុងការអនុវត្តតាមសំណើរបស់ភាគីកម្ពុជា។ កាលនោះ ថៃបានចាប់ពលរដ្ឋខ្មែរម្នាក់ឈ្មោះ សម សុខា ដែលបានរត់ទៅថៃ បញ្ជូនឲ្យមកកម្ពុជាយកទៅផ្តន្ទាទោសតាមច្បាប់ ក្រោយពីបុគ្គលរូបនេះបានយកស្បែកជើងគប់រូបមេដឹកនាំគណបក្សប្រជាជន។
លោក ឡៅ ម៉ុងហៃ បញ្ជាក់ថា៖ «ក្នុងករណី សម រង្ស៊ី ថៃអាចចាប់បញ្ជូនតាមការស្នើសុំរបស់រដ្ឋាភិបាលខ្មែរ។ ថៃអាចឃាឃាំង សម រង្ស៊ី មិនឲ្យចូល ឬឆ្លងកាត់ប្រទេសគេក៏បានដែរដើម្បីបញ្ចៀសការទិតៀនការចាប់បញ្ជូន សម រង្ស៊ី មកឲ្យអាជ្ញាធរខ្មែរ»។
លោក គង់ ម៉ាស់ អតីតសកម្មជនក្រុមប្រឆាំងរស់នៅភូមិខ្លាលោត ឃុំកំពង់ត្រាច ស្រុករមាសហែក ខេត្តស្វាយរៀងដែលជាជនត្រូវចោទម្នាក់ក្នុងចំណោម ៤ នាក់ត្រូវបានសមត្ថកិច្ចចាប់ខ្លួននៅថ្ងៃទី ១៦ ខែមករា ឆ្នាំ ២០១៩ ហើយត្រូវបានតុលាការឃុំខ្លួននៅពន្ធនាគារព្រៃសកាលពីថ្ងៃទី ១៩ ខែ មករា ឆ្នាំ ២០១៩ ក្រោមការចោទប្រកាន់ពីបទប្រមាថ និងបទញុះញង់ឲ្យបង្កចលាចល ខណៈដែលជនត្រូវចោទ ៣ នាក់ផ្សេងទៀត លោក សម រង្ស៊ី លោក ហូរ វ៉ាន់ និង កាក់ កុម្ភារ កំពុងគេចខ្លួននៅឡើយ។
កាលពីខែ ឧសភា ឆ្នាំ ២០១៩ ក្នុងសវនាការនៅតុលាការកំពូលលោក គង់ ម៉ាស់ បានសន្យាឈប់ប្រឆាំងរាជរដ្ឋាភិបាល។
លោកថ្លែងថា៖ «ខ្ញុំសន្យាថា បើបាននៅក្រៅឃុំ ខ្ញុំមិនធ្វើអ្វីឲ្យប៉ះពាល់ដល់រាជរដ្ឋាភិបាលទៀតទេ។ កាលពីខ្ញុំសរសេររិះគន់លោកនាយករដ្ឋមន្ត្រី ព្រោះកាលនោះគណបក្សសង្គ្រោះជាតិទើបត្រូវបានរំលាយថ្មីៗ ណាមួយខ្ញុំនៅក្មេងមានគំនិតឆេវឆាវ។ ខ្ញុំសន្យាថា ខ្ញុំនឹងមិនគេចខ្លួនពីប្រទេសកម្ពុជារបស់ខ្ញុំទេ»។
បទចោទប្រកាន់ពីបទប្រមាថតាមបញ្ញត្តិមាត្រា ៥០២ នៃក្រមព្រហ្មទណ្ឌមាត្រានេះត្រូវផ្តន្ទាទោសពី ១ ថ្ងៃ ទៅ ៦ ថ្ងៃ និងពិន័យជាប្រាក់ពី ១ ពាន់រៀលទៅ ១ សែនរៀល។ រីឯ ១ ករណីទៀតចោទពីបទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍តាមបញ្ញតិ្តមាត្រា ៤៩៥ នៃក្រមព្រហ្មទណ្ឌដែលប្រឈមនឹងការផ្តន្ទាទោសពី ៦ ខែ ទៅ ២ ឆ្នាំ និងពិន័យជាប្រាក់ពី ១ លានរៀលទៅ ៤ លានរៀល៕