ថៃៈ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ចាកចេញ​ពី​ប្រទេស​កម្ពុជា​ទៅ​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​ ៣៥ និង​កិច្ចប្រជុំ​កំពូល​ពាក់ព័ន្ធ​រយៈពេល​ ៤ ​ថ្ងៃ​ចាប់ពី​ថ្ងៃទី​ ២ ដល់​ថ្ងៃទី​ ៥ ខែ​វិច្ឆិកា នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ ក្រោម​មូលបទ «​ជំរុញ​ភាព​ជា​ដៃគូ​សម្រាប់​ចីរភាព​»​។

យោងតាម​ខ្លឹមសារ​នៃ​កិច្ចប្រជុំ​ដែល​បាន​សរសេរ​នៅលើ​ហ្វេសប៊ុក​របស់​លោក ហ៊ុន សែន កាលពី​ថ្ងៃ​អាទិត្យ​បាន​ឲ្យ​ដឹង​នៅក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន-ចិន ​លើក​ទី​ ២២ ថា កម្ពុជា​ផ្តល់​សារៈសំខាន់​ចំពោះ​ឯកសារ​ចក្ខុវិស័យ​ភាព​ជា​ដៃគូ​អាស៊ាន-ចិន ​ឆ្នាំ​ ២០៣០ ដែល​ថ្នាក់ដឹកនាំ​អាស៊ាន-ចិន​ បាន​ដាក់ចេញ​ ដើម្បី​ប្តេជ្ញាចិត្ត​រួមគ្នា​ក្នុង​ការធ្វើ​កិច្ចសហប្រតិបត្តិការ​ជំរុញ​ភាព​ជា​ដៃគូ​ឲ្យ​កាន់តែ​ស៊ីជម្រៅ​លើ​វិស័យ​សសរស្តម្ភ​ទាំង​ ៣ គឺ​នយោបាយ និង​សន្តិសុខ កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច និង​កិច្ចសហប្រតិបត្តិការ​សង្គម វប្បធម៌​។

តាម​ហ្វេសប៊ុក​ដដែល​នេះ​លោក ហ៊ុន សែន ថ្លែង​ថា​៖ «​អាស៊ាន និង​ចិន​គួរ​រួមគ្នា​ខិតខំ​ប្រែក្លាយ​ចក្ខុវិស័យ​រួម​ឆ្នាំ​ ២០៣០ ឲ្យ​ទៅជា​ការអនុវត្ត​ជាក់ស្តែង ដើម្បី​ប្រសិទ្ធភាព​នៃ​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​ដែលមាន​អនាគត​រួមគ្នា​»​។

ហ្វេសប៊ុក​លោក ហ៊ុន សែន បញ្ជាក់​ថា​មេដឹកនាំ​អាស៊ាន-ចិន ​បាន​ស្វាគមន៍​ការបន្ត​លើក​កម្ពស់​កិច្ចសហប្រតិបត្តិការ​រវាង​អាស៊ាន និង​ចិន​ឲ្យ​កាន់តែ​ប្រសើរ​ឡើង និង​បាន​ទទួល​នូវ​ការលើក​ទឹកចិត្ត​ចំពោះ​វឌ្ឍនភាព​នៃ​ការចរចា​ដើម្បី​ឆ្ពោះ​ទៅ​កាន់​ការបញ្ចប់​ក្រម​ប្រតិបត្តិ​សមុទ្រ​ចិន​ខាងត្បូង (COC) យ៉ាង​ឆាប់រហ័ស មាន​ប្រសិទ្ធភាព និង​ស្រប​តាម​ពេលវេលា​កំណត់​ដែល​បាន​ឯកភាព​ដោយ​បណ្តា​ភាគី​។

ហ្វេសប៊ុក​លោក ហ៊ុន សែន បាន​ឲ្យ​ដឹងថា មេដឹកនាំ​អាស៊ាន-ចិន​ បាន​សង្កត់ធ្ងន់​លើ​សារ:សំខាន់​នៃ​ការមិន​ធ្វើ​យោធូបនីយកម្ម និង​ការអត់ធ្មត់​ក្នុង​ការធ្វើ​សកម្មភាព​ដោយ​រដ្ឋ​ទាមទារ​អធិបតេយ្យ រដ្ឋ​ផ្សេងទៀត និង​ភាគី​នៃ​សេចក្តី​ថ្លែងការណ៍​ស្តីពី​ការប្រតិបត្តិ​របស់​បណ្តា​ភាគី​នៅ​សមុទ្រ​ចិន​ខាងត្បូង ដែល​អាច​បង្ក​ភាពស្មុគស្មាញ និង​បង្កើន​ភាពតានតឹង​នៅ​សមុទ្រ​ចិន​ខាងត្បូង​។

ហ្វេសប៊ុក​លោក ហ៊ុន សែន បន្ត​ទៀត​ថា​ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន-ឥណ្ឌា​លើក​ទី​ ១៦ កាលពី​ថ្ងៃ​អាទិត្យ​កម្ពុជា​គាំទ្រ​ដល់​ការពិភាក្សា​ដើម្បី​រៀបចំ​ផែនការ​សកម្មភាព​ថ្មី​ឆ្នាំ​ ២០២១-២០២៥ ដែល​ជា​ឯកសារ​សម្រាប់​អនុវត្ត​សកម្មភាព​កិច្ចសហប្រតិបត្តិការ​រួម​ដែល​នឹង​ផ្តល់​ផលប្រយោជន៍​ឲ្យ​អាស៊ាន និង​ឥណ្ឌា​។

ហ្វេសប៊ុក​លោក ហ៊ុន សែន បញ្ជាក់​ថា​៖ «​កម្ពុជា​សូម​លើក​ទឹកចិត្ត​អាស៊ាន និង​ឥណ្ឌា ផ្តល់​អាទិភាព​ខ្ពស់​ដល់​ការពង្រឹង និង​ពង្រីក​ពាណិជ្ជកម្ម និង​ការវិនិយោគ​រវាង​អាស៊ាន និង​ឥណ្ឌា​បន្ថែម​ទៀត​ដើម្បី​សម្រេច​ឲ្យ​បាន​នូវ​គោលដៅ​ពាណិជ្ជកម្ម ២០០ ​ពាន់​លាន​ដុល្លារ​ នៅ​ឆ្នាំ​ ២០២២​។ ពិសេស​ទៅទៀត​នោះ កម្ពុជា​សូម​លើក​ទឹកចិត្ត​ជំរុញ​កិច្ចសហប្រតិបត្តិការ​បន្ថែម​លើ​ការតភ្ជាប់​ជា​រូបវ័ន្ត និង​ឌីជីថល​រវាង​អាស៊ាន និង​ឥណ្ឌា ជាពិសេស​សម្រាប់​ប្រទេស​ កម្ពុជា ឡាវ មីយ៉ាន់ម៉ា និង​វៀតណាម​តាមរយៈ​ការ​ផ្តល់ជំនួយ​ហិរញ្ញប្បទាន និង​ជំនួយ​បច្ចេកទេស​ផ្សេងៗ​»​។

លោក ផៃ ស៊ីផាន អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃអាទិត្យ​ថា ចំពោះ​ប្រជាជាតិ​អាស៊ាន​មិន​ថា​តូច​មិន​ថា​ធំ និង​មិន​ថា​ផល​សរុប​ក្នុង​ស្រុក (GDP) ​ប៉ុនណា​នោះទេ ប្រជាជាតិ​អាស៊ាន​ត្រូវការ​ភាពជិតស្និទ្ធ និង​សាមគ្គីភាព​ជាមួយ​គ្នា​ដែលមាន​ចែង​ក្នុង​របៀបវារៈ​ក្នុងការ​ជជែក​គ្នា​។

លោក​ថ្លែងថា​៖ «​យើង​ជា​សមាជិក​របស់​អាស៊ាន​។ អាហ្នឹង​សារៈសំខាន់​ធំ​បំផុត ចូលរួម​ហ្នឹង អាហ្នឹង​ជា​ការងារ​របស់​អាស៊ាន​...​។ យើង​នឹង​ចែករំលែក​អនាគត​មួយ​ជាមួយ​គ្នា​​រវាង​សមាជិក​អាស៊ាន​ទាំងអស់​។ ការប្រជុំ​ជា​ទៀងទាត់​ហ្នឹង អាហ្នឹង​បង្ហាញ​អំពី​សាមគ្គីភាព​រវាង​ប្រជាជាតិ​អាស៊ាន​»​។

លោក គិន ភា ប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​រាជបណិ្ឌត្យ​សភា​កម្ពុជា​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃអាទិត្យ​ថា ដូច​រាល់​ឆ្នាំ ការ​ដែល​លោក ហ៊ុន សែន ចូលរួម​កិច្ចប្រជុំ​នេះ​គឺជា​កាតព្វកិច្ច​របស់​រដ្ឋ​ជា​សមាជិក​អាស៊ាន​។ យ៉ាងណា​ក៏ដោយ វា​គឺជា​ឱកាស​ដែល​កម្ពុជា​អាច​ថ្លែង​នូវ​អ្វី​ដែល​ជា​កង្វល់ បញ្ហា ឬ​គំនិត​ផ្តួចផ្តើម​ក្នុង​កិច្ចការ​តំបន់ និង​អន្តរជាតិ​ផ្សេងទៀត​។

លោក គិន ភា ថ្លែង​ថា​៖ «​អាហ្នឹង​ក៏​វា​បង្ហាញ​ពី​នយោបាយ​ការបរទេស​របស់​យើង ការពង្រីក​នូវ​ក្របខ័ណ្ឌ​កិច្ច​សហប្រតិបត្តិការ​អន្តរជាតិ​របស់​កម្ពុជា​ជាមួយ​បណ្តា​ប្រទេស​នៅក្នុង​តំបន់​ជាពិសេស​ក្នុង​ក្របខ័ណ្ឌ​អាស៊ាន​​តែម្តង ព្រោះ​គោលការណ៍​អាស៊ាន​ជា​គោលការណ៍​កុងសង់ស៊ីស ដូច្នេះ​ការសម្រេចចិត្ត​របស់​អាស៊ាន​ក៏​ឆ្លុះបញ្ចាំង​ពី​ការសម្រេចចិត្ត​នៃ​រដ្ឋ​ជា​សមាជិក​ទាំងអស់​ដូចគ្នា​»៕