ភ្នំពេញៈ អនុលោម​តាម​ការណែនាំ​របស់​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​ក្នុង​ការចូលរួម​ទប់ស្កាត់ និង​ប្រយុទ្ធប្រឆាំង​ការឆ្លង​រីករាលដាល​នៃ​ជំងឺ​កូវីដ​ ១៩ ជា​លក្ខណៈ​សកល មជ្ឈមណ្ឌល​ជាតិ​រក្សា​សន្តិភាព​នៃ​កងកម្លាំង​មួក​ខៀវ​កម្ពុជា​បាន​ប្រកាស​ផ្អាក​ការផ្លាស់ប្តូរ​កងកម្លាំង​ជា​លក្ខណៈ​ប្តូរវេន​ជា​បណ្ដោះអាសន្ន​រហូត​ដល់​មាន​បទបញ្ជា​ថ្មី​ពី​អង្គការ​សហប្រជាជាតិ​នៅ​ចុងខែ​មិថុនា​។

លោកស្រី កុសល ម៉ាលីនដា អគ្គនាយករង និង​ជា​អ្នកនាំពាក្យ មជ្ឈមណ្ឌល​ជាតិ​រក្សា​សន្តិភាព​កម្ពុជា​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​នៅ​ថ្ងៃអាទិត្យ​ថា ដំណើរការ​ផ្លាស់ប្ដូរ​វេន កងកម្លាំង​រក្សា​សន្តិភាព​ត្រូវ​បាន​ធ្វើ​ឡើង​ជាប្រចាំ​តាម​ផែនការ​សម្រេច​របស់​អង្គការ​សហប្រជាជាតិ​ជា​រៀងរាល់​​ ១ ​ឆ្នាំ​ម្តង​។ ប៉ុន្តែ​សម្រាប់​ឆ្នាំនេះ​អាណត្តិ​នៃ​ការផ្លាស់ប្ដូរ​វេន​កងកម្លាំង​រក្សា​សន្តិភាព​ត្រូវបាន​ផ្អាក​ជា​បណ្ដោះអាសន្ន​ដើម្បី​កាត់បន្ថយ​ការឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូវីដ​ ១៩​។

លោកស្រី​បញ្ជាក់ថា​៖ «​ទន្ទឹមនឹងនេះ កងទ័ព​មួក​ខៀវ​កម្ពុជា​ដែល​កំពុង​បំពេញ​បេសកកម្ម​នៅក្រៅ​ប្រទេស​ក៏​ត្រូវ​បាន​ណែនាំ​ឲ្យ​បង្ការ និង​ការពារ​ពី​ការឆ្លង​នៃ​ជំងឺ​កូវីដ​១៩​ផងដែរ​»​។

បើ​តាម​លោកស្រី ម៉ាលីនដា បច្ចុប្បន្ន​កងទ័ព​មួក​ខៀវ​កម្ពុជា​ដែល​កំពុង​បំពេញ​បេសកកម្ម​ក្រោម​ឆត្រ​របស់​អង្គការ​សហប្រជាជាតិ​មាន​ចំនួន​ ៧៨៧ ​នាក់​ក្នុង​នោះ​រួមមាន​ស្ត្រី​ ៧៦ ​នាក់ និង​បាន​បែងចែក​ជា​ ៥ ​កង​នៃ​តំបន់​បេសកកម្ម ​ដែល​រួមមាន សាធារណរដ្ឋ​ស៊ូដង់​ខាងត្បូង​ចំនួន​ ១ ​កង​, លីបង់​ចំនួន​ ១ ​កង​, អាហ្វ្រិក​កណ្តាល​ចំនួន​ ១ ​កង និង​នៅ​ប្រទេស​ម៉ាលី​ចំនួន​ ២ ​កង​ (​កងវិស្វកម្ម​ ១ ​កង និង​កង​កម្ទេច​គ្រាប់​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​ ១ ​កង​)​។

លោកស្រី​បញ្ជាក់ទៀត​ថា​៖ «​ដោយសារ​កងទ័ព​មួក​ខៀវ​កម្ពុជា​យើង​មាន​វិន័យ​ល្អ និង​បាន​អនុវត្ត​នូវ​គោលការ​អនាម័យ​សុខភាព​បានល្អ​ជាប្រចាំ​ស្រប​តាម​ការណែនាំ​របស់​អង្គការ​សុខភាព​ពិភពលោក​រហូត​មក​ដល់​ពេលនេះ គ្មាន​កងទ័ព​មួកខៀវ​កម្ពុជា​ណា​ម្នាក់​ត្រូវ​បាន​គេ​រាយការណ៍​ថា មាន​ករណី​ឆ្លង​ជំងឺ​កូវីដ ​១៩ ​នោះទេ​»​។

កាលពី​ថ្ងៃទី​ ២៧ ខែ មីនា ឆ្នាំ ២០២០ ប្រមុខ​អង្គការ​សហប្រជាជាតិ​លោក Antonio Guterres បាន​ជូនដំណឹង​ដល់​បណ្តា​ប្រទេស​ជា​សមាជិក​ដែល​កំពុង​ចូលរួមចំណែក​កងទ័ព ដើម្បី​គ្រប់គ្រង​ការវិលជុំ​ក្នុង​កិច្ចប្រឹងប្រែង​មួយ ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល​នៃ​វីរុស​កូរ៉ូណា​។

លោក​អគ្គលេខាធិការ​បាន​ថ្លែងថា ដោយសារ​តែ​ការផ្លាស់ប្តូរ​វេន កងទ័ព​នៅក្នុង និង​ក្រៅ​ប្រទេស​ក្នុង​អំឡុងពេល​មាន​ជំងឺ​រាតត្បាត​ពិភពលោក​គឺ​ «​ជា​បញ្ហា​ប្រឈម​ខ្លាំង​» ដូច្នេះ​អង្គការ​សហប្រជាជាតិ​បាន​សម្រេច​ពន្យារពេល​ការវិលជុំ​ ឬ​ផ្លាស់ប្ដូរ​វេន​នេះ​ជា​បណ្ដោះអាសន្ន​។

លោក Antonio Guterres ពន្យល់ថា​៖ «​លក្ខណវិនិច្ឆ័យ​កំពុង​ត្រូវបាន​បង្កើតឡើង ដើម្បី​កំណត់​ថា​តើ​ក្នុង​កាលៈទេសៈ​បច្ចុប្បន្ននេះ​ការផ្លាស់ប្ដូរ​វេន​នឹង​ត្រូវ​ធ្វើឡើង​នៅពេលណា​។ យើង​កំពុង​ពិភាក្សា​យ៉ាង​ជិតស្និទ្ធ​ជាមួយ​នឹង​ប្រទេស​ម្ចាស់ផ្ទះ និង​ប្រទេស​ដែល​ចូលរួម​វិភាគទាន​កងទ័ព និង​ប្រទេស​ដែល​ចូលរួម​វិភាគទាន​កងកម្លាំង​នគរបាល ដើម្បី​ចូលរួម​ជម្នះ​រាល់​ការលំបាក​ដែលមាន​សព្វថ្ងៃនេះ​»​។

ទោះបីជា​កងកម្លាំង​ថែរក្សា​សន្តិភាព​របស់​អង្គការ​សហប្រជាជាតិ​សម្រប​ខ្លួន​ទៅនឹង​បញ្ហា​ប្រឈម​ដែល​បង្កឡើង​ដោយ​វីរុស​កូរ៉ូណា​ក៏ដោយ ក៏​ពួកគេ​នៅតែ​បន្ត​បំពេញភារកិច្ច​ថែរក្សា​ការពារ​សន្តិភាព និង​សន្តិសុខ​សំខាន់ៗ​របស់​ពួកគេ ដែល​ក្នុង​ខណៈ​ពេលនេះ ពួកគេ​ជួយ​ទប់ស្កាត់​ការរីករាលដាល​នៃ​ជំងឺ​រាតត្បាត​កូវីដ​ ១៩ ថែម​ទៀត​៕