ភ្នំពេញៈ រដ្ឋាភិបាល​នឹង​ផ្អាក​ជើងហោះហើរ​មកពី​ប្រទេស​ហ្វីលីពីន​មួយរយៈ ចាប់ពី​ថ្ងៃទី ១៣ ខែសីហា ស្អែក​នេះ​តទៅ ក្រោយពី​មាន​ករណី​នាំចូល​ជំងឺ​កូវីដ ១៩ ​ពី​ប្រទេស​នេះ​មក​កម្ពុជា​ចំនួន ១៣ ​នាក់​កាលពី​ថ្ងៃទី​ ៩ ​ខែ​សីហា​។

សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​សុខាភិបាល​ដែល​ចេញ​កាលពី​ម្សិលមិញ​បញ្ជាក់ថា លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​សម្រេច​ជា​ផ្លូវការ​នៅ​ថ្ងៃទី​ ១១ ខែ​សីហា ឱ្យ​ផ្អាក​ជើង​ហោះហើរ​មកពី​ប្រទេស​ហ្វីលីពីន​ជា​បណ្ដោះអាសន្ន​ដោយសារ​ប្រទេស​នេះ​កំពុង​មាន​អត្រា​ឆ្លង​ជំងឺ​កូវីដ​ ១៩​ យ៉ាង​គំហុក និង​ជា​ប្រទេស​មាន​ចំនួន​ឆ្លង​ខ្ពស់​ជាងគេ​បំផុត​នៅក្នុង​ចំណោម​ប្រទេស​សមាជិក​អាស៊ាន​។

សេចក្ដី​ប្រកាស​ព័ត៌មាន​បាន​បញ្ជាក់ថា​៖ «​អ្នកដំណើរ​មកពី​ប្រទេស​ហ្វីលីពីន​ក៏​ជាការ​ព្រួយបារម្ភ​ផងដែរ​។ ម្យ៉ាងទៀត​កាលពី​ថ្ងៃទី​ ៩ ​សីហា ​ជើងហោះហើរ មកពី​ប្រទេស​ហ្វីលីពីន​ មួយ​ដែល​មាន​អ្នកដំណើរ​សរុប​ចំនួន ១១៩ ​នាក់​ត្រូវ​បាន​ធ្វើតេស្ដ​រកឃើញ​អ្នក​វិជ្ជមាន​វីរុស​កូវីដ​ ១៩ ​រហូត​ដល់​ ១៣»​។

កាលពី​ថ្ងៃទី​ ១០ ​សីហា​ ក្រសួង​សុខាភិបាល ប្រទេស​ហ្វីលីពីន​បាន​រាយការណ៍​ថា មាន​ករណី​ឆ្លង​ថ្មី​ជំងឺ​កូវីដ​ ១៩ ​ចំនួន ៦ ៩៥៨ នាក់ និង​ជា​ករណី​ឆ្លង​ប្រចាំថ្ងៃ​កើនឡើង​ខ្ពស់បំផុត​ដែល​បាន​ធ្វើឱ្យ​ប្រទេស​នេះ​មាន​អ្នក​ឆ្លង​សរុប​កើន​ដល់​ ១៣៦ ៦៣៨ ​នាក់​។ ក្រសួង​ដដែល​បន្តថា ចំណែក​អ្នកស្លាប់​ថ្មី​មាន​ចំនួន​ ២៤ ​នាក់ ​ដែល​ធ្វើឱ្យ​ចំនួន​អ្នកស្លាប់​កើនឡើង​ដល់ ២ ២៩៣ នាក់​។

ហ្វីលីពីន ទើប​បាន​ប្រកាស​បិទ​រដ្ឋធានី​ម៉ានីល និង​តំបន់​ជុំវិញ​ទីក្រុង​នេះ​សាជាថ្មី ដើម្បី​ទប់ស្កាត់​ការឆ្លង​ជំងឺ​កូវីដ​ ១៩​។

កាលពី​ថ្ងៃ​ម្សិលមិញ ក្រសួងសុខាភិបាល​កម្ពុជា​បាន​រាយការណ៍​ថា​មាន​ករណី​នាំចូល​ជំងឺ​កូវីដ​ពី​ក្រៅប្រទេស​ចំនួន ១៥ ​ករណី​បន្ថែម​ទៀត ដែល​ធ្វើឱ្យ​ករណី​ឆ្លង​សរុប​កើន​ដល់​ ២៦៦ ​នាក់ និង​ករណី​ជាសះស្បើយ​ថ្មី​ម្នាក់​ទៀត​ដែល​ធ្វើឱ្យ​អ្នក​ជាសះស្បើយ​ទាំងអស់​កើន​ដល់ ២២០ ​នាក់​។

ករណី​ថ្មី​ទាំង​ ១៥ ​នាក់​ក្នុងនោះ​មាន​ ១៣ ​នាក់​ ស្ថិត​ក្នុង​ចំណោម​អ្នកដំណើរ​ជនជាតិ​ចិន​ចំនួន ១១៩ ​នាក់ ​ដែល​បានធ្វើ​ដំណើរ​មកពី​ប្រទេស​ហ្វីលីពីន និង​ ២​ នាក់​ទៀត​ជា​ស្ដ្រី​ជនជាតិ​ខ្មែរ​ក្នុងនោះ​ជា​កុមារី​អាយុ​ ១៣ ​ឆ្នាំ​ម្នាក់​ស្ថិត​ក្នុង​ចំណោម​អ្នកដំណើរ​ទាំង​ ៧២ ​នាក់​ផ្សេងទៀត​មកពី​សហរដ្ឋ​អាមេរិក​ហើយ​តជើង​ហោះហើរ​នៅ​កោះ​តៃវ៉ាន់​។ ជើង​ហោះហើរ​ទាំង​ ២ ​ដែល​ដឹក​អ្នកដំណើរ​មកពី​សហរដ្ឋអាមេរិក​ និង​ហ្វីលីពីន​នេះ​បាន​មក​ដល់​កម្ពុជា​កាលពី​ថ្ងៃទី​ ៩ ​សីហា​។

រដ្ឋាភិបាល​កម្ពុជា​ទើបតែ​បាន​ផ្អាក​ជើងហោះហើរ មកពី​ប្រទេស​ឥណ្ឌូនេស៊ី​ និង​ម៉ាឡេស៊ី ​ក្រោយពី​ប្រទេស​ទាំង​ ២ ​នេះ​បាន​នាំចូល​ជំងឺ​កូវីដ​ ១៩​ ច្រើន​បំផុត ចូល​មក​កាន់​ប្រទេស​កម្ពុជា​។

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាស​កាលពី​ថ្ងៃទី​ ៩ ​ខែ​សីហា​ ថា ជំងឺ​កូវីដ​ ១៩ កំពុង​គំរាមកំហែង​ការរស់នៅ​អាយុជីវិត​ និង​សេដ្ឋកិច្ច​នៅ​ទូទាំង​សកលលោក ប៉ុន្តែ​លោក​បញ្ជាក់​ថា ស្ថានភាព​ជំងឺ​កូវីដ​ ១៩​ នៅ​កម្ពុជា​គឺ​មិន​មាន​ភាព​ធ្ងន់ធ្ងរ​ទេ ដោយសារ​មិនមាន​ការឆ្លង​នៅក្នុង​ប្រទេស​ និង​មាន​តែ​ករណី​នាំចូល​ពី​ក្រៅ​ប្រទេស​។

ក្រសួង​សុខាភិបាល​បាន​បន្ត​អំពាវនាវ​ឱ្យ​ពលរដ្ឋ​ត្រូវ​អនុវត្ត​វិធានការ​ការពារ​ខ្លួន​ជា​ចាំបាច់ ដើម្បី​ទប់ស្កាត់​ការចម្លង​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់ ខណៈ​ថ្ងៃ​ឈប់សម្រាក​សង​ចូល​ឆ្នាំ​មាន​រយៈពេល​យូរ​រហូត​ ៩ ​ថ្ងៃ ​នៅក្នុង​ខែសីហា​នេះ កាន់តែ​ខិតជិត​មក​ដល់​៕