ភ្នំពេញៈ រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសកាលពីម្សិលមិញថា បានពន្យាពេល ការចាកចេញពីកម្ពុជា សម្រាប់ជនភៀសខ្លួន ម៉ុងតាញ៉ា និងអ្នកស្វែងរកសិទ្ធិជ្រកកោនទាំងអស់ដែលមិនបានចុះបញ្ជីរផងដែរ។
សេចក្តីថ្លែងការណ៍មួយដែលបានចេញដោយក្រសួងការបរទេស បន្ទាប់ពីមានកិច្ចប្រជុំ ២ ថ្ងៃនៅប្រទេសវៀតណាម បានឲ្យដឹងថា ទីភ្នាក់ងារជនភៀសខ្លួននៃអង្គការសហប្រជាជាតិ (UNCHR) នឹងត្រូវបានគេផ្តល់ឲ្យរយៈពេល ៣ ខែទៀត ដើម្បីស្វែងរក ការតាំងទីលំនៅថ្មីដល់ម៉ុងតាញ៉ាទាំង ១៣ នាក់ ដែលជាជនជាតិភាគតិចមកពីតំបន់កណ្តាលប្រទេសវៀតណាម ខណៈដែលពួកគេត្រូវបានទទួលស្គាល់ជាជនភៀសខ្លួន កាលពីខែមីនា។
សេចក្តីថ្លែងការណ៍បន្តថា «រយៈពេល ៥ ខែ ក្នុងស្វែងរកការតាំងទីលំនៅថ្មី ត្រូវបានបញ្ចប់ កាលពីថ្ងៃទី ១០ ខែតុលា ឆ្នាំ ២០១៥ ហើយ UNCHR មិនអាចស្វែងរកសិទ្ធិជ្រកកោនពីប្រទេសទី ៣ បានទេ ប៉ុន្តែដើម្បីបន្តកិច្ចសហប្រតិបត្តិការ ដ៏ល្អជាមួយ UNCHR រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចពន្យាពេលកំណត់ បន្ថែមរយៈពេល ៣ ខែទៀត មកដល់ត្រឹមថ្ងៃទី ១០ ខែមករា ឆ្នាំ ២០១៦»។
សេចក្តីថ្លែងការណ៍បន្ថែមទៀតថា ជនម៉ុងតាញ៉ា ដែលមិនបានចុះឈ្មោះចំនួន ២០០ នាក់ទៀត ដែលរាជរដ្ឋាភិបាលអះអាងថា UNHCR បានបញ្ជូនពួកគេដោយសង្ងាត់មកកាន់កម្ពុជា ដែលជាការរំលោភបំពានលើអធិបតេយ្យភាពរបស់ប្រទេសកម្ពុជានោះ ត្រូវបញ្ជូនពួកគេត្រឡប់ទៅវៀតណាមវិញ ត្រឹមថ្ងៃទី ៦ ខែកុម្ភៈ។ នេះជាការពន្យាពេលបន្ថែម ៣ ខែ បន្ទាប់ពី ដល់ពេលកំណត់ ដែលត្រូវបានប្រកាសដោយក្រសួងមហាផ្ទៃកាលពីខែមុនថា អ្នកដែលស្វែងរកសិទ្ធិជ្រកកោនទាំងនោះ ត្រូវត្រឡប់ទៅផ្ទះសំបែងវិញ ឬ ត្រូវបណ្តេញចេញដោយបង្ខំ។
ក្នុងសេចក្តីថ្លែងការណ៍ថា «UNHCR ត្រូវធ្វើមាតុភូមិនិវត្តន៍ម៉ុងតាញ៉ាទាំងនោះទៅវៀតណាមរហូតដល់អស់»។
លោក Vivian Tan អ្នកនាំពាក្យ UNHCR បានឲ្យដឹងដែរថា ភ្នាក់ងារយើង ត្រូវបានគេជូនដំណឹង ពីកាលកំណត់ថ្មីហើយ ដែលនឹងផ្តល់ពេលវេលាបន្ថែមទៀតឲ្យពួកយើង ស្វែងរកដំណោះស្រាយទាំងនេះ៕