ភ្នំពេញៈ កម្ពុជា​បង្ហាញ​ការព្រួយ​បារម្ភ​ ជុំវិញ​ផលប៉ះពាល់​​ដែល​បណ្តាលមកពី​សារធាតុ​អាស​បេ​ស្តុ​ស ដែលមាន​នៅ​ក្នុង​​ផលិត​ផល​នានា​ ក្នុង​វិស័យ​ឧស្សាហកម្ម​ខុសៗ​គ្នាជា​ពិសេ​ស​​វិស័យ​សំណង់ដែល​អ្នក​ជំនា​ញ​​អះអាងថា សម្ភារ​មានផ្ទុក​នូវ​សារធាតុ​ទាំងនោះ ភាគ​ច្រើន​បាន​នាំចូល​ពី​ក្រៅ​ប្រទេស។

កាលពី​ម្សិលមិញ មាន​មន្ត្រី​ជាន់ខ្ពស់​រាជរដ្ឋាភិបាល សង្គម​ស៊ីវិលសហជីព​ជាតិ និង​អន្តរ​​​ជាតិ អង្គទូត និង​អ្នក​ជំនាញ​ប្រមាណ ៣០០ នាក់​ បាន​ជួប​ពិភាក្សាគ្នា និង​ចែករំលែក​នូវ​ព័ត៌មាន​មួយចំនួន​ អំពី​សារធា​តុ​​អាស​បេ​ស្តុ​សដែល​ប្រមូល​បា​ន​ពី​កម្ពុជា ស្របពេល​ក្រសួង​ការងារ បណ្តុះបណ្តាល​វិជ្ជាជីវៈបា​ន​ដាក់​ផ្សព្វផ្សាយ ​នូវ​កម្រង់​ព័ត៌​មាន​ជាតិ​ស្តីពី​សារធាតុ​អាស​បេស្តុស​នៅ​កម្ពុជា។

តាម​អ្នកជំនាញ និយាយថា សារធាតុ​អាស​បេ​ស្តុ​ស​នេះ គឺ​បណ្តាលឱ្យមាន​ផលប៉ះពាល់​យ៉ាងច្រើន​ដល់​សុខភាព​មនុ​ស្ស តាមរយៈ​ការដកដង្ហើម ដែល​បណ្តាលឱ្យ​កើត​ជំងឺមហារីក​សួត មហារីក​ស្រោម​សួត មហា​រីក​ស្បូនដុំ​ក្នុង​សួត រលា​ក​សួត ស្រោម​សួត​ក្រាស់ ត្បៀត​ទងសួត ជំងឺ​ប្រព័ន្ធ​ផ្លូវដង្ហើម និង​រហូតដល់​កើត​ជំងឺមហារីក​បំពង់​អាហារ មហារីក​ក្រពះ និង​មហារីក​ពោះវៀន។

យោងតាម​សេចក្តី​សង្ខេប​កម្រ​ង់​ព័ត៌មាន​ជាតិ​ ស្តីពី​សារ​​ធាតុ​អាស​បេ​ស្តុ​ស​នៅ​កម្ពុជា ដែល​បាន​ផ្សព្វផ្សាយ​កាលពី​ម្សិល​មិញ ​បង្ហាញថា សារធាតុ​អាស​បេ​ស្តុ​ស គឺជា​ជាតិ​សរសៃ​តូចឆ្មារ ដែល​គេ​ជីក​បាន​ពី​រ៉ែ ហើយ​វា​ត្រូវបាន​គេ​ដាក់​បញ្ចូល​​ជា​ធាតុ​ផ្សំ​ក្នុង​ផលិតផល​មួយ​ចំនួន ដើម្បី​ឲ្យ​មាន​ភាព​ធន់ រឹង​មាំ ដែល​ធ្វើ​ឲ្យ​វា​មានតម្លៃ​ថោក​ជាង​សម្ភារ​ដទៃទៀត ដែល​មិន​ប្រើប្រាស់​នូវ​សារធាតុ​អាស​បេស្តុស​នេះ។

លោក អុិត សំហេង រដ្ឋ​មន្ត្រី​ក្រសួង​ការងារនិង​បណ្តុះ​បណ្តា​ល​វិជ្ជាជីវៈ ​ថ្លែង​ក្នុង​ឱកាស​នោះ​ថា ប្រទេស​កម្ពុជាមិន​ទាន់​មាន​ច្បាប់​គ្រប់គ្រងការប្រើប្រាស់​សារធាតុ​អាស​បេ​ស្តុ​ស​នេះ ឲ្យ​បាន​ពេញលេញ​នោះទេ គឺ​មា​ន​តែ​ការទទួលស្គាល់​ពី​កាក​សំណ​ល់​ដែលមាន​សមា​សធា​តុ​​អាស​បេ​ស្តុ​ស​ថា​ ជា​ប្រភេទ​មា​ន​គ្រោះថ្នាក់​ប៉ុណ្ណោះ ស្រប​ពេល​កម្ពុជា​មានច្បាប់​តិច​ណាស់ដែ​ល​​បានចែង​បញ្ញត្តិ​អំពី​ផល​ប៉ះ​ពាល់​ពី​សារធាតុ​នេះ។ «ក្រុម​ការងារ​កសាង​កម្រង​ព័ត៌មានជាតិ​ស្តីពី​សារធាតុ​អាស​បេ​ស្តុ​ស​កម្ពុជា ដែល​​បាន​ខិតខំ​ប្រឹង​ប្រែ​ង​ប្រមែប្រមូល​ផ្តល់​ទិន្នន័យ​ព័ត៌មា​ន និងរបាយការណ៍​ហើ​យ​នឹ​ង​ត្រូវធ្វើ​បច្ចុប្បន្នភាព​ញឹក​ញា​​​ប់ ដើម្បី​ជូន​ព័ត៌មាន​ពី​ការអភិវឌ្ឍ​គោលនយោ​បាយការកំណត់​បញ្ហា​​​ប្រឈម​នៅ​កន្លែ​ង​ធ្វើការជួយ​រៀបចំ​ផែន​​​ការ និង​កំណ​ត់​​សកម្ម​​​​​​​​​ភាព​អាទិភាព​សំដៅ​កាត់​បន្ថយ​ការប៉ះ​​ពាល់​នៃ​សរសៃ​អាស​បេ​ស្តុ​ស»​​។

យោងតាម​សេចក្តី​សង្ខេប​កម្រ​ងព័ត៌មាន​ជាតិ​ស្តីពី​សារ​​ធា​តុ​អាស​បេ​ស្តុ​ស​នៅ​កម្ពុជា ​បង្ហាញថា តាម​លទ្ធផល​វិភាគ​លើ​គំរូ​សំណាកក្នុងចំណោម ១១៧ ដែល​បានធ្វើ​តេស្ត​ក្នុង​ឆ្នាំ ២០១៨ បង្ហាញថា សម្ភារ​ដែលមាន​សារធាតុ​អាស​បេ​ស្តុ​ស​មាន ៥៣ % លើ​ផលិតផល​ហ្វី​ប្រូ​ស៊ីម៉ងត៍ អំបោះឆៅ វាយន​ភណ្ឌ ស្បែក​ ហ្រ្វាំង រ៉ង​ទ្រនា​​ប់​ម៉ាស៊ីន និង​សម្ភារ​អុីសូ​ឡង់។

លោក ឡេង តុង ប្រធាន​នាយកដ្ឋាន​ពេទ្យ​ការងារ​ថ្លែង​ថា ​មកដល់​ពេលនេះ កម្ពុជា មិនទាន់មាន​ឧបករណ៍​ធ្វើតេស្ត​សំណាកដើម្បី​ពិនិត្យមើល​សារ​ធាតុ​អាស​បេ​ស្តុ​ស​នេះ​នៅឡើ​យ​​ទេហេតុ​ដូច្នេះហើយទើប​កម្ពុ​ជា ត្រូវ​សិក្សា​បន្ថែមទៀតដើម្បី​ឈា​ន​ទៅ​​រក​​ការគ្រប់គ្រង​នូវ​សារ​ធាតុ​នេះ​ឲ្យ​មាន​ប្រសិទ្ធ​​​​ភាព។

លោក​ថ្លែង​ថា​៖​ «បច្ចុ​ប្បន្នវា​មានការ​ប៉ះ​ពាល់​ច្រើន​ព្រោះ​វិស័យ​សំណ​ង់​យើង​មាន​ការ​រីកចម្រើ​ន​​ខ្លាំងអ៊ីចឹង​ការ​ប្រើប្រាស់​នូវ​សម្ភារ​សំណង់​វា​ច្រើ​នបើ​​សិនជា​ប្រើ​ប្រាស់​អត់​មា​នការការពារ​ត្រឹម​ត្រូវ​ឲ្យ​ល្អ​ទេគឺ​ប៉ះពាល់​សុខភាព​​របស់​កម្មករ»​។

លោក សុខ គីន ប្រធាន​ស​ហ​​ព័ន្ធ​សហជីព​កម្មករ​សំ​ណ​ង់ និង​​ព្រៃឈើ​កម្ពុជា ថ្លែង​​ថា ក្នុង​ពេល​បច្ចុប្បន្ន រាជ​រដ្ឋា​ភិបាលហាក់​មិនសូវ​យកចិត្តទុកដាក់​ នឹង​វិស័យ​សំណង់​នោះទេ បូករួមទាំង​អត្ថ​ប្រយោជន៍ និង​ការគិតគូរ​ពី​សុខភាព​កម្មករ។ «អ​ត់​សូវ​យក​ចិត្ត​ទុក​ដាក់ ជា​​មួយ​កម្មករ​សំណង់​ទេ បើ​គាត់​មិន​ចេះ​ថែរក្សា​សុខភាព​ខ្លួន​គាត់​​ទេ​​គឺជា​រឿង​របស់​ពួកគា​ត់»​៕