ភ្នំពេញៈ ការធ្វើជំរឿននៅក្នុងឆ្នាំ ២០១៤ បានរកឃើញថាមានជនអន្តោប្រវេសន៍វៀតណាមខុសច្បាប់រស់នៅក្នុងប្រទេសកម្ពុជាប្រមាណ ១៦ ម៉ឺននាក់ ខណៈដែលក្នុងរយៈពេល ៦ ខែដើមឆ្នាំ ២០១៥ នេះក្រសួងមហាផ្ទៃបានបណ្តេញជនអន្តោប្រវេសន៍ខុសច្បាប់ចំនួន ១២០០ នាក់ចេញពីកម្ពុជាដែលក្នុងនោះ ៩៨ ភាគរយជាជនជាតិវៀតណាម។
ក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការអនុវត្តការគ្រប់គ្រងទៅលើជនអន្តោប្រវេសន៍ដែលធ្វើឡើងនៅទីស្តីការក្រសួងមហាផ្ទៃកាលពីម្សិលមិញអគ្គនាយកនៃអគ្គនាយកដ្ឋានជនអន្តោប្រវេសន៍ លោក សុខ ផល បានថ្លែងថាលំហូរចូលនៃជនបរទេសមករស់នៅកម្ពុជាដោយមិនមានលិខិតស្នាមត្រឹមត្រូវកើនឡើងគួរឲ្យកត់សម្គាល់ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះហើយក្នុងនោះជនជាតិវៀតណាមមានរហូតដល់ទៅ ៩៥ ភាគរយនៃជនអន្តោប្រវេសន៍ខុសច្បាប់សរុប។
លោក សុខ ផល បានឲ្យដឹងទៀតថាតួលេខនៃជំរឿនជនជាតិវៀតណាមដែលរស់នៅកម្ពុជាក្នុងឆ្នាំ ២០០២ មានចំនួន ៧ ម៉ឺននាក់ ឆ្នាំ ២០១០ មាន ១០ ម៉ឺននាក់ ហើយរហូតដល់ឆ្នាំ ២០១៤ បានកើនរហូតដល់ ១៦ ម៉ឺននាក់នៃការងារដែលទើបអនុវត្តបានប្រមាណ ៧០ ភាគរយ។
លោកថា៖ «បើគិតដល់ ១០០ ភាគរយ គឺមានច្រើនជាងនេះ អ៊ីចឹងការលោតផ្លោះនៃការកើនឡើងនៃជនបរទេសនេះ ជាពិសេសក្នុងរយៈពេល ៤ ទៅ ៥ ឆ្នាំចុងក្រោយនេះគឺច្រើនស្មើនឹង ១ គុណនឹង ៩ បើធៀបនឹងឆ្នាំ ៨០, ៩០ ទៅនឹងឆ្នាំ ២០០០ នេះ»។
បើតាមលោក សុខ ផល ក្នុងរយៈពេល ៨ ខែ ចុងឆ្នាំ ២០១៤ មន្ត្រីអន្តោប្រវេសន៍បានរកឃើញជនអន្តោប្រវេសន៍ដែលគ្មានលិខិតស្នាមត្រឹមត្រូវមានចំនួន ១៨០០ នាក់ ក្នុងនោះជនជាតិវៀតណាមមាន ១៥០០ នាក់ដែលត្រូវបានបណ្តេញចេញចំណែកដើមឆ្នាំ ២០១៥ វិញជនអន្តោប្រវេសន៍មិនស្របច្បាប់ដែលត្រូវបានបណ្តេញចេញមាន ១២០០ នាក់ក្នុងនោះ ៩៨ ភាគរយគឺជាជនជាតិវៀតណាម។
លោក សុខ ផល បានទទួលស្គាល់ថាជនជាតិវៀតណាមបានហូរចូលតាមប៉ុស្តិ៍ព្រំដែនប្រមាណ ២០ ទៅ ៣០ ភាគរយ ក្រៅពីនោះ គឺហូរចូលតាមច្រករបៀងផ្សេងៗ។
ថ្លែងប្រាប់អ្នកសារព័ត៌មានខណៈសម្រាកពីកិច្ចប្រជុំ លោក ខាត់ សារ៉ាត់ ប្រធានប៉ុស្តិ៍ច្រកព្រំដែនអន្តរជាតិបាវិតបានឲ្យដឹងថាតាមរយៈការអនុវត្តច្បាប់អន្តោប្រវេសន៍លោកបានបង្កើនវិធានការរឹតត្បិតសម្រាប់ជនបរទេសចូលក្នុងកម្ពុជាដោយមានប្រសិទ្ធភាពរហូតពី ៨០ ទៅ ៩០ ភាគរយ។
លោកថា៖ «ខ្ញុំបានទប់ស្កាត់ជាបន្តបន្ទាប់ទាល់តែមាន Passport និងលិខិតស្នាមត្រឹមត្រូវទើបឲ្យចូល ខ្ញុំមានកម្លាំងយាមកាម ២៤ ម៉ោងលើ ២៤ ម៉ោង។ ច្រកបាវិត គឺធំធេងប៉ុន្មានគីឡូដីក្រៅពីភូមិសាស្ត្ររបស់ខ្ញុំការពារ គឺខេត្តនីមួយៗដែលមានច្រករបៀងត្រូវគ្រប់គ្រង។ ពួកវៀតណាមហ្នឹងភាគច្រើនវាចូលតាមច្រករបៀងតាមខេត្តនានាវាលស្រែ ព្រៃជាដើម»។
ក្នុងកិច្ចប្រជុំនេះ លោក សុខ ផល ក៏បានរាយការណ៍ពីជំនួបជាមួយក្រសួងនគរបាលរបស់វៀតណាម កាលពីសប្តាហ៍មុនផងដែរ ដែលភាគីកម្ពុជា និងវៀតណាមបានឯកភាពគ្នាជាគោលការណ៍ពាក់ព័ន្ធនឹងជនអន្តោប្រវេសន៍វៀតណាមក្នុងនោះវៀតណាមសន្យាគោរពអធិបតេយ្យ និងឯករាជភាពរបស់កម្ពុជាក្នុងការពិនិត្យដោះស្រាយលើពលរដ្ឋវៀតណាមដែលបានកំពុងស្នាក់នៅកម្ពុជា វៀតណាមបានឯកភាពបែងចែកប្រភេទជនអន្តោប្រវេសន៍ និងបានស្នើឲ្យកម្ពុជាពិចារណាតាមសំណូមពររបស់ពលរដ្ឋវៀតណាមដែលមករស់នៅលើទឹកដីកម្ពុជា។
ក្នុងពិធីផ្សព្វផ្សាយផែនការការងារលើជនអន្តោប្រវេសន៍នេះ លោក សុខ ផល ឲ្យដឹងផងដែរថានៅក្នុងឆ្នាំ ២០១៤ ពលករបរទេសបានកើនដល់ប្រមាណ ២៤០០០ នាក់ ដែលបានទៅចុះឈ្មោះសុំប័ណ្ណការងារនៅក្រសួងការងារ។ ក្រៅពីនោះពលករបរទេសជិត ៥០០០ នាក់ផ្សេងទៀតដែលគ្មានប័ណ្ណការងារត្រូវបានផាកពិន័យយកថវិកាចូលរដ្ឋបានរាប់សែនដុល្លារ៕