ភ្នំពេញៈ កម្ពុជា​សម្រេច​មិន​ទទួលយក​អនុសាសន៍​ចំនួន ២៥ ក្នុងចំ​ណោម ១៩៨ ចំណុច ដែល​ទទួល​បាន​ពី​ប្រទេស​ចំនួន ៧៣ ដោយ​មន្ត្រី​បាន​សំអាង​ថា ដោយសារ​តែ​អនុសាសន៍​ទាំង​នេះ មាន​របៀប​វារៈ​នយោបាយ ពាក់ព័ន្ធ​នឹង​អតីត​គណបក្ស​សង្គ្រោះ​ជាតិ។

យោងតាម​សេចក្តីប្រកាស​ព័ត៌មាន របស់​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា កម្ពុជា​សម្រេច​មិន​ទទួល​យក ឬ​ភាសា​ការទូត​ថា «កត់​សម្គាល់» អនុសាសន៍​ចំនួន ២៥ ក្នុង​ចំណោម​អនុសាសន៍​ទាំង​ ១៩៨ ដែល​លើក​ឡើង​ដោយ​ប្រទេស​ចំនួន ​៧៣ ក្នុង​កិច្ច​ប្រជុំ​ពិនិត្យ​ជា​សកលតាម​កាល​កំណត់​ដែល​​ហៅ​កាត់​ថា UPR ធ្វើ​ឡើង​កា​ល​​ពី​ថ្ងៃទី​​ ៣០ ខែ​ មករា​ កន្លង​ទៅ។

ការ​សម្រេច​នេះ ​ធ្វើឡើង​ក្រោ​យ​ពេល​គណៈ​កម្មាធិការ​សិទ្ធិ​មនុ​ស្ស​ បាន​ប្រជុំ​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ​​ដើម្បី​ធ្វើ​ការ​ពិភាក្សា​ផ្ទៃ​ក្នុង​ ដើម្បី​សម្រេច។ គណៈ​កម្មាធិកា​រ​សិទ្ធិ​មនុស្ស​បញ្ជាក់​ថា ការទទួល​យក​អនុសាសន៍​រហូ​ត​ដ​ល់​ ១៧៣​ ចំណុច​ដោយ​សារ​តែ​អនុសាសន៍​ទាំង​នេះ​ ស្របទៅ​នឹង​ឆន្ទៈ​ក៏​ដូច​ជា​គោល​នយោ​បាយ​និ​ង​កម្មវិធី​កំណែ​ទម្រង់​រប​ស់​រាជ​រដ្ឋាភិបាល​លើ​គ្រប់​វិស័​​យ ក្នុង​ការ​ការ​ពារជាតិ​និង​លើក​ស្ទួ​យ​សិទ្ធិ​សេរីភាព​របស់​ពលរដ្ឋ។

គណៈ​កម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា​បន្ត​ថា៖ «ចំណែក​ឯ​អនុសាសន៍​ទាំង​ ២៥​ ដែល​ត្រូវ​ធ្វើ​ការ​កត់​សម្គាល់វិញ​ដោយ​ហេតុ​ថា​ អនុសាសន៍​ទាំង​នោះ ​មិន​បាន​ឆ្លើយ​តប​ ទៅ​នឹង​ស្ថាន​ភាពពិត​ជាក់​ស្ដែង​នៃ​ការ​អនុវ​ត្ត​​សិទ្ធិ​សេរីភាព​នៅ​កម្ពុជា ហើយ​ក៏​មិន​បាន​ឆ្លុះ​បញ្ចាំង​ ពី​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​របស់​រាជ​រដ្ឋា​ភិបា​ល​ ជា​ពិសេស​អនុសាសន៍​ទាំង​នោះ ​មិន​អាច​អនុវត្ត​បាន​ ដោយ​ផ្ទុយ​ទៅ​នឹង​ក្រប​ខ័ណ្ឌ​ច្បាប់​ រួមមាន​រដ្ឋ​ធម្មនុញ្ញនិង​បទដ្ឋាន​គតិ​យុ​ត្ត​ផ្សេងៗ​ទៀតដែល​មាន​ជា​ធរ​មា​ន​នៅ​កម្ពុជា ហើយ​ត្រូវ​បាន​លើកឡើង​ ក្រោម​រូបភាព​និង​របៀប​វារៈ​នយោបាយ​ជា​ជាង​ទិដ្ឋ​ភា​ព​​បច្ចេកទេស​និង​គោលការណ៍​គ្រឹះ​ នៃ​ការ​អនុវត្ត​សិទ្ធិ​សេរីភាព​ ក្នុង​សង្គម​ប្រជា​ធិបតេយ្យ»។

លោក ជិន ម៉ាលីន អ្នក​នាំ​ពាក្យ​គណៈ​កម្មាធិការ​សិទ្ធិ​មនុ​ស្ស​កម្ពុជា បាន​ថ្លែង​ថា អនុសាសន៍​ទាំង​ ២៥​​ មិន​លើក​ឡើង​ពី​ទិដ្ឋ​ភា​ព​បច្ចេកទេស​ប៉ុន្តែ​បាន​លើ​ក​យក​ករណី​ជាក់​ស្ដែង ទាក់​ទង​នឹង​ស្ថាន​ភាព​នយោបាយ​ដូច​ជា​ការ​រំលាយ​គណបក្ស​សង្រ្គោះ​​ជាតិ​ ការ​ឃុំ​ខ្លួន​មេ​បក្សប្រឆាំង (កឹម សុខា) ការ​បិទ​សិទ្ធិ​ធ្វើ​នយោ​បាយ សាល​ដីកា​របស់​តុលាការ​កំពូល​ ពាក់​ព័ន្ធ​នឹង​សិទ្ធិ​ធ្វើ​នយោបាយ ​របស់​ថ្នាក់ដឹកនាំ​ ​១១៨ ​រូប​របស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ។

លោក​ថ្លែង​ថា៖ «អនុសាសន៍​ទាំង​អស់​នេះ ​យើង​ទទួល​អត់​បាន​ទេ​ដោយ​សា​រ​តែ​អ្វី​ដែល​កើត​ឡើងពាក់​ព័ន្ធ​នឹង​​អតីត​គណបក្ស​សង្គ្រោះ​ជា​តិ​ ថ្នាក់​ដឹកនាំ សមា​ជិក​នា​ពេល​កន្លង​មក​ជា​យន្តការ​នៃ​ការ​អនុវ​​ត្ត​ច្បាប់​ នៅ​ក្នុង​សង្គម​ប្រជា​ធិបតេយ្យ។ យើង​ទទួល​យក​អនុសាសន៍​ទាំង​នោះ​អត់​កើតហើ​យ​​​​យក​មក​អនុវត្ត​ក៏​អត់​កើត​ដែរ​ ព្រោះ​ផ្ទុយ​នឹង​ច្បាប់​កម្ពុជា និង​រំលោភ​បំពាន​លើ​អំណាច​តុលាការ។ អនុសាសន៍​ខ្លះ​ឲ្យ​ដោះ​លែង​មេ​បក្ស​ប្រឆាំងខ្លះ​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​រស់​ឡើង​វិញ ខ្លះ​ឲ្យ​ ១១៨​ នាក់​ចូល​ធ្វើ​នយោ​បាយ​ឡើង​វិញ​ជាដើម»។

លោក​បញ្ជាក់​ថា មាន​ប្រទេ​ស​​​តិច​តួច​ប៉ុណ្ណោះ ​ដែល​លើក​ឡើង​អនុសាសន៍​ទាំង​ ២៥​ ដែ​ល​នាំ​មុខ​ដោយ​សហរដ្ឋ​អាមេរិក និង​សម្ព័ន្ធមិត្ត​របស់​ខ្លួន ​រួម​មាន​អង់គ្លេស​ជា​ដើម។ លោក​ពន្យ​ល់​ថា អនុសាសន៍​ដែល​លើក​ឡើ​ង​​ពាក់​ព័ន្ធ​នឹង​គណបក្ស​សង្គ្រោះ​ជាតិ​មាន​ប្រមាណ​ ២០ អនុសា​​​សន៍ ​ដោយ​ប្រទេស​ទាំង​នោះ​ លើក​ឡើង​ប្រហាក់​ប្រហែល​គ្នា ប៉ុន្តែ​ទោះ​ជា​ដូច​គ្នា​ក៏​ដោយ​ ក៏​ត្រូវ​រាប់​បញ្ចូល​ដែរ។

លោក ជិន ម៉ាលីន​​ បន្ថែម​ថា​ ក្រៅ​ពី​ការ​លើ​ក​ឡើង​ពាក់​ព័ន្ធ​អតីត​បក្ស​សង្គ្រោះជាតិ មាន​អនុសាសន៍​មួយ​ចំនួ​ន​លើក​ឡើង​រឿង​ច្បាប់​ស្ដី​ពី​គណ​បក្ស​នយោបាយ​ដែល​​ជាប់​ពាក់ព័ន្ធ​ដល់​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ។

ការសម្រេច​បែ​ប​នេះគណៈ​កម្មាធិការ​សិទ្ធិ​មនុ​ស្ស​កម្ពុជា​​ បាន​បញ្ជូន​ចម្លើយ​តប​ទៅ​កាន់​អង្គការ​សហប្រជាជាតិ​រួច​ហើយ​ ដើម្បី​អនុម័ត​ជា​ផ្លូ​ការ​ ក្នុង​សម័យ​ប្រជុំ​ពេញ​អង្គ​លើ​ទី​៤១ ​របស់​ខ្លួនដែល​នឹង​ធ្វើ​ឡើ​ង​​នៅ​ខែ​កក្កដា​ខាង​មុខ​នេះ។​ ដោ​យ​​​ឡែក​នៅ​កម្ពុជា​វិញ ​ការ​​រៀប​ចំ​ផ្សព្វផ្សាយ​ ពិភាក្សា និង​ពិគ្រោះ​​​យោបល់ ​​អំពី​ការ​អនុវត្ត​អនុសា​​សន៍​ទាំង​ ១៧៣ ដែល​ទទួល​យក​នឹង​ត្រូវ​ធ្វើ​ឡើង ​ជាមួយ​ដៃ​គូ​​អភិវឌ្ឍន៍​ អង្គការ​សង្គម​ស៊ីវិល​ជាតិ​ និង​អន្តរជាតិ។

លោក​ស្រី ចក់ សុភាព នាយិ​​កាមជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា បាន​ថ្លែង​កាល​ពី​ម្សិល​មិ​ញ​ថា លោក​ស្រី​បាន​ដឹង​ថា អនុ​សា​​សន៍ ​២៥ ចំណុច​​ត្រូវ​បាន​កត់​សម្គាល់ ប៉ុន្តែ​លោក​ស្រី​មិន​បាន​ដឹង​ថា តើ​អនុសាសន៍​ទាំង​នោះ ​រួម​មាន​លើ​បញ្ហា​សិទ្ធិ​មនុស្ស​អ្វីខ្លះ​ទេ។

ទោះ​យ៉ាងណា​ លោក​ស្រី​ថ្លែង​ថា​ មជ្ឈ​មណ្ឌ​ល​សិទ្ធិ​មនុស្ស​កម្ពុជា​ លើក​​ទឹក​ចិត្ត​ដល់​រាជរដ្ឋា​ភិបា​ល​ ឲ្យ​ពិចារណា​លើ​អនុសាសន៍​ដែល​ធ្វើ​ការ​កត់​សម្គាល់ ហើយ​អាច​ចាត់​វិធានការ​អនុវត្ត​ ដើម្បី​ធ្វើ​ឲ្យ​ស្ថានការណ៍​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​មាន​ភាព​ប្រសើរ​ឡើង។

លោក​ស្រី​ថ្លែង​ថា៖ «យើង​លើក​ទឹក​ចិត្ត​ដល់​រាជរដ្ឋា​ភិបា​ល​កម្ពុជា ​ឲ្យ​ធានា​នូវ​ការ​អនុវត្ត​ប្រកប​ដោយ​ប្រសិទ្ធភាព​ នៃ​អនុ​សាសន៍​ទាំង​នោះ នៅ​ក្នុង​អំឡុង​ឆ្នាំ​ខាង​មុខ ដើម្បី​ធានា​បាន​នូវ​ការ​ការពារ​សិទ្ធិ​មនុស្ស​ពេញ​លេញ​នៅ​ទូទាំង​ប្រទេស​កម្ពុជា»។

លោក​ស្រី​បន្ត​ថា៖ «នៅ​ដំណាក់​កាល​នេះ​នៃ​កិច្ច​ប្រជុំ​ពិនិត្យ​ជា​សកល​តាម​កា​ល​​កំណត់​ដែល​ហៅ​កាត់​ថា UPR សង្គម​ស៊ីវិល​អាចចូល​រួម​ដើ​ម្បី​ពិគ្រោះ​យោបល់ និង​សហការ​ជាមួយ​អ្នក​ពាក់​ព័ន្ធ​ ដើម្បី​ធានា​នូវ​ការ​អនុវត្ត​អនុសាសន៍​ទាំង​នោះ ក៏​ដូច​ជា​ការ​ឃ្លាំ​មើល​ការ​អនុវត្ត​អនុសាសន៍​ទាំង​នោះ»៕